សាស្រ្តាចារ្យ បណ្ឌិត Furuta Motoo៖ ពីអ្នកវៀតណាមវិទ្យា ក្លាយជាអ្នកឈានមុខ សម្រាប់សាកលវិទ្យាល័យសកល
បានផ្សារភ្ជាប់ជាមួយប្រទេសវៀតណាមអស់រយៈពេលជាងកន្លះសតវត្សរ៍ សាស្រ្តាចារ្យ បណ្ឌិត Furuta Motoo សាកលវិទ្យាធិការនៃសាលាសាកលវិទ្យាល័យវៀតណាម - ជប៉ុន (VJU) សាកលវិទ្យាល័យជាតិហាណូយ មិនត្រឹមតែបានស្គាល់ជាអ្នកវៀតណាមវិទ្យាដ៏ចំណានម្នាកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអ្នកត្រួសត្រាយផ្លូវក្នុងការកសាងគំរូសាកលវិទ្យាល័យលំដាប់អន្តរជាតិ។ ផ្តើមពីក្តីស្រឡាញ់ចំពោះមនុស្ស និងវប្បធម៌វៀតណាម លោកបានរួមចំណែកតំណភ្ជាប់ចំណេះដឹងរបស់ប្រជាជាតិទាំងពីរ បើកទិសដៅថ្មីសម្រាប់ការអប់រំបរិញ្ញាវៀតណាមក្នុងយុគសម័យសមាហរណកម្មសកលលោក។
អ្នកសារព័ត៌មាន៖ ក្នុងនាមជាជនបរទេសដំបូង ដែលកាន់តំណែងជាសាកលវិទ្យាធិការនៃសាលាសាកលវិទ្យាល័យសាធារណៈរបស់វៀតណាម តើលោកចាប់ផ្តើមការងារ នៅ VJU យ៉ាងដូចម្តេច?
សាស្រ្តាចារ្យ បណ្ឌិត Furuta Motoo៖ ក្នុងនាមជាអ្នកដែលបានផ្សារភ្ជាប់នឹងប្រទេសវៀតណាមអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំយល់ថាការអប់រំកម្រិតបរិញ្ញាបត្រនៅ វៀតណាម មានភាពខ្លាំងក្លា ក្នុងការបណ្តុះបណ្តាលជំនាញឯកទេស ប៉ុន្តែនៅមានកម្រិតក្នុងការជួយនិស្សិតអភិវឌ្ឍការគិតជាសកល និងសមត្ថភាពសម្របខ្លួន។ ដូច្នេះ VJU ជ្រើសរើសទ្រឹស្តីអប់រំសេរី (liberal education) ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពគិត បំណិនសហប្រតិបត្តិការអន្តរជាតិ និងស្មារតីច្នៃប្រតិដ្ឋរបស់និស្សិត។
សាស្រ្តាចារ្យបណ្ឌិត Furuta Motoo កើតនៅឆ្នាំ១៩៤៩ បានបញ្ចប់បរិញ្ញាបត្រនៅសាកលវិទ្យាល័យតូក្យូ (Tokyo University) ក្នុងឆ្នាំ១៩៧៤ ទទួលសញ្ញាបត្របណ្ឌិត នៅឆ្នាំ១៩៩០ បច្ចុប្បន្នជាសាកលវិទ្យាធិការ នៃសាលាសកលវិទ្យាល័យវៀតណាម - ជប៉ុន (សាកលវិទ្យាល័យជាតិហាណូយ) ប្រធានសមាគមមិត្តភាពវៀតណាម - ជប៉ុន និងប្រធានសមាគមជប៉ុនសិក្សាស្រាវជ្រាវវៀតណាម។
ក្នុងនាមជា អ្នកវៀតណាមវិទ្យា លោកមានស្នាដៃស្រាវជ្រាវជាច្រើនទាក់ទងនឹងប្រវត្តិសាស្រ្ត និងនយោបាយវៀតណាមសម័យទំនើប។ លោកធ្លាប់កាន់តំណែងជា នាយកវិទ្យាស្ថានបរិញ្ញាបត្រជាន់ខ្ពស់វប្បធម៌ទូទៅ សាកលវិទ្យាធិការនៃសាលាវិជ្ជាទូទៅ និងជានាយករងអចិន្ត្រៃយ៍ នៃសាកលវិទ្យាល័យតូក្យូ (ប្រទេសជប៉ុន)។
លោកគឺជាជនបរទេសដំបូងគេ ដែលបានទទួលពានរង្វាន់រដ្ឋ ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានិងថ្មីៗនេះ គឺពានរង្វាន់បាវសឺន (Bao Son) ឆ្នាំ២០២៥ដែលជាការកត់សម្គាល់ការផ្សារភ្ជាប់ អស់រយៈពេលជាងកន្លះសតវត្សរ៍ជាមួយប្រទេសវៀតណាម។
អ្នកសារព័ត៌មាន៖ តើលោកវាយតម្លៃយ៉ាងដូចម្តេច ចំពោះការអប់រំនៅវៀតណាម នាពេលបច្ចុប្បន្ន ក្នុងបរិបទនៃការធ្វើសមាហរណកម្មសកល?
សាស្រ្តាចារ្យបណ្ឌិត Furuta Motoo៖ ប្រជាជនវៀតណាមចូលចិត្តរៀនសូត្រ និងមានមូលដ្ឋានអប់រំយូរអង្វែង។ បច្ចុប្បន្ន ការអប់រំកម្រិតបរិញ្ញាបត្រកំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ជាមួយនឹងស្មារតីកំណែទម្រង់ និងនវានុវត្តន៍។ ក្នុងទិដ្ឋភាពមួយចំនួន សាលាសាកលវិទ្យាល័យវៀតណាមបានឈានមុខទាំងប្រទេសជប៉ុនទៅទៀត ក្នុងការសម្របខ្លួនយ៉ាងឆាប់រហ័សទៅនឹងនិន្នាការសកល។ ខ្ញុំជឿថា វៀតណាមនឹងឆាប់ក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់និស្សិតអន្តរជាតិ។
អ្នកសារព័ត៌មាន៖ ឯកទេសជប៉ុនវិទ្យាបានចាត់ទុកជា “កូនស្មារតី” របស់លោក នៅ VJU។ តើកម្មវិធីនេះ បានសម្រេចលទ្ធផលគួរឱ្យកត់សម្គាល់អ្វីខ្លះ?
សាស្រ្តាចារ្យ បណ្ឌិត Furuta Motoo៖ បច្ចុប្បន្ន ឯកទេសជប៉ុនវិទ្យា គឺជាកម្មវិធីដែលមាននិស្សិតច្រើនបំផុត ក្នុងចំណោមកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រទាំង៩ របស់ VJU។ យើងខ្ញុំអនុវត្តការបណ្តុះបណ្តាលពេញលេញទាំងបីកម្រិតគឺ បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ជាមួយនឹងទិសដៅស្រាវជ្រាវ អំពីប្រទេសជប៉ុនសម័យទំនើប ក្នុងទំនាក់ទំនងជាមួយវៀតណាម ព្រមទាំងយកចិត្តទុកដាក់ពិសេសទៅលើសមត្ថភាពភាសាជប៉ុន និងការយល់ដឹងអំពីវប្បធម៌ទ្វេភាគី។ គុណភាពនៃការបណ្តុះបណ្តាលរបស់កម្មវិធីនេះ បច្ចុប្បន្នគឺប្រហាក់ប្រហែលនឹងអង្គភាព ដែលមានប្រពៃណីរាប់សិបឆ្នាំនៅក្នុងវិស័យនេះ។
អ្នកសារព័ត៌មាន៖ តើលោកបានតម្រង់ទិសអ្វីខ្លះ ដើម្បីឱ្យ VJU ក្លាយជាគោលដៅរបស់ និស្សិតអន្តរជាតិ?
សាស្រ្តាចារ្យ បណ្ឌិត Furuta Motoo៖ បេសកកម្មរបស់ VJU គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្សសកល តាមរយៈកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន។ ក្នុងរយៈពេល ១០ឆ្នាំកន្លងមក ប្រហែល ១៥%នៃនិស្សិតថ្នាក់អនុបណ្ឌិតរបស់សាលាបានមកពីជាង ១០ប្រទេសនៅអាស៊ី និងអាហ្វ្រិក។ យើងនឹងបន្តពង្រីកបណ្តាញកិច្ចសហប្រតិបត្តិការអន្តរជាតិ ធ្វើឱ្យ VJU ក្លាយជាបរិយាកាសសិក្សាពហុវប្បធម៌នៃតំបន់។
អ្នកសារព័ត៌មាន៖ ក្នុងថ្ងៃបើកវគ្គឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ លោកចង់ផ្ញើសារអ្វី ទៅកាន់និស្សិតវៀតណាម?
សាស្រ្តាចារ្យ បណ្ឌិត Furuta Motoo៖ ខ្ញុំតែងតែមានមោទនភាពចំពោះនិស្សិតវៀតណាម - ដែលជាមនុស្សឆ្លាត ឧស្សាហ៍ព្យាយាម និងពោរពេញដោយមហិច្ឆតា។ ខ្ញុំសូមជូនពរឱ្យប្អូនៗទាំងអស់ បន្តរៀនសូត្រ ច្នៃប្រតិដ្ឋ និងត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាពលរដ្ឋសកល រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ និងតំបន់។
រួមជាមួយនឹងបេសកកម្មនៃសកលវិទ្យាល័យវៀតណាម - ជប៉ុន ខ្ញុំមានបំណងរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សសកល តាមរយៈកិច្ចសហប្រតិបត្តិការ រវាងវៀតណាម និងជប៉ុន - អ្នកដែលមិនត្រឹមតែមានចំណេះដឹង និងជំនាញប៉ុណ្ណោះទេ ថែមទាំងមានស្មារតីបើកចំហ គោរពពហុវប្បធម៌ និងមានមហិច្ឆតា ក្នុងការឈានទៅរកអនាគតរួមនៃមនុស្សជាតិ។
អ្នកសារព័ត៌មាន៖ សូមថ្លែងអំណរគុណលោកយ៉ាងជ្រាលជ្រៅ!
អនុវត្ត៖ ប៊ីចវឹន រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង














