សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិអេដេ (E De)
ជនជាតិ អេដេ (E De) គឺជាសហគមន៍មួយក្នុងចំណោមសហគមន៍ ៥៤ ជនជាតិបងប្អូនរបស់ប្រទេសវៀតណាម។ ក្រៅពីទេវកថា វីរកថា និងឧបករណ៍តន្ត្រីល្បីៗ សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិអេដេ (E De) ក៏ជាលក្ខណៈពិសេសមួយរបស់ប្រជាជននៅទីនេះផងដែរ។
នៅក្នុងវប្បធម៌របស់ជនជាតិអេដេ (E De) បុរស និងស្ត្រីមានសម្លៀកបំពាក់ប្រពៃណីរៀងៗខ្លួន ប៉ុន្តែនៅតែរក្សាបាននូវភាពស្រស់ស្អាតរួមរបស់ជនជាតិ។ តាមប្រពៃណី សម្លៀកបំពាក់របស់ជនជាតិអេដេ (E De) ភាគច្រើនមានពណ៌ខ្មៅ ឬពណ៌ក្រនៀវ។
សម្លៀកបំពាក់ប្រពៃណីរបស់ស្ត្រី អេដេ (E De) គឺសំពត់បត់ និងអាវពាក់ពីក្បាល។ អាវរបស់ស្ត្រី អេដេ (E De) មានការរចនាពិសេសណាស់ ត្រូវបានកាត់ទទឹងពីស្មាឆ្វេងទៅស្មាស្តាំ ហើយត្រូវបានពាក់ពីក្បាលចុះ។ នៅពេលពាក់ អាវនេះរឹបទៅនឹងដងខ្លួនរបស់នារីៗ ហើយមានប្រវែងដល់ចង្កេះ។ ដៃអាវខ្លី និងតូចចង្អៀតបន្តិច កអាវខ្ពស់ និងធំ ដើម្បីងាយស្រួលពាក់។ នៅលើផ្ទៃ មានពណ៌ក្រនៀវ អាវត្រូវបានតុបតែងដោយគែម រួមផ្សំជាមួយនឹងក្បាច់លំនាំតូចៗ ដោយសរសៃពណ៌ក្រហម ស និងលឿងនៅកអាវ ស្មា ដៃ គែមដៃអាវ និងជាយអាវ។
ស្ត្រី អេដេ (E De) ពាក់សំពត់បត់ ដែលផ្ទាំងក្រណាត់រុំព័ទ្ធជុំវិញចង្កេះជាច្រើនជាន់ ហើយត្រូវបានចងភ្ជាប់គ្នាដោយខ្សែ។ នៅពេលស្លៀក ជាយសំពត់អាចវែងដល់កែងជើង បង្កើតបានជាភាពថ្លៃថ្នូរ។ ក្បាច់រចនាលើសំពត់របស់ស្ត្រី អេដេ (E De) ក៏ជាគែមរួមផ្សំជាមួយនឹងសរសៃអំបោះពណ៌ក្រហម លឿង ខៀវ និងស បង្កើតជាចំណុចលេចធ្លោ។
ចំណែកឯសម្លៀកបំពាក់របស់បុរសអេដេ (E De) ស្លៀកវ័ណ្ឌកន្ទប និងអាវក្រណាត់។ អាវរបស់បុរសធំ និងវែងជាងអាវរបស់ស្ត្រី។ កអាវត្រូវបានកាត់ជារាងមូល ហើយមាននិន្នាការធ្លាក់ទៅមុខបន្តិច បានកាត់តាមបន្ទាត់មួយនៅខាងមុខទ្រូង។ អាវដៃវែង ផាយអាវខាងក្រោយវែងជាផាយអាវខាងមុខ
នៅលើផ្ទៃតួអាវ មានពណ៌ងងឹត ដៃអាវ កអាវ កន្លែងកាត់ជាយអាវបានតុបតែងដោយគែមពណ៌ក្រហម ស។ ជាពិសេស កណ្ដាលអាវមានបន្ទះឆ្នូតទទឹងខាងក្នុងរាងចតុកោណកែង។ នេះគឺជាប្រភេទអាវ ដែលពេញនិយមបំផុតរបស់បុរសជនជាតិ អេដេ (E De)។ ក្រៅពីនេះ ក៏មានអាវដៃខ្លីដល់កែងដៃ ឬគ្មានដៃ។
បុរស ជនជាតិ អេដេ (E De) ស្លៀកវ័ណ្ឌកន្ទប ដើម្បីបិទបាំងពាក់កណ្តាលផ្នែកខាងក្រោមនៃរាងកាយរបស់ពួកគេ។ ជាធម្មតា វ័ណ្ឌកន្ទបមានទទឹងប្រហែល ៣០ សង់ទីម៉ែត្រ។ អាស្រ័យលើពិធីបុណ្យ វ័ណ្ឌកន្ទប មានប្រវែងខុសៗគ្នា។
រហូតមកដល់បច្ចុប្បន្ន ជនជាតិ អេដេ (E De) មានគ្រប់សមាសភាព ប្រភេទសម្លៀកបំពាក់ និងរចនាបថសោភ័ណភាព ដែលជាគំរូដ៏លេចធ្លោសម្រាប់ជនជាតិភាគតិចនៅតំបន់ តីង្វៀន (Tay Nguyen) ៕
អត្ថបទ៖ ង៉ឹនហា រូបថត៖កុងដាត / VNP ប្រែសម្រួលដោយង្វៀនយ៉ាង