សន្លឹកឆ្នោតនៅលើកំពូលភ្នំ ស៊ីឡឺឡូវ (Si Lo Lau)
នាថ្ងៃទី១៥ ខែមីនា បរិយាកាសនៃទិវាបោះឆ្នោតបានរីករាលដាលពាសពេញបណ្តាភូមិស្រុកនៃឃុំព្រំដែន ស៊ីឡឺឡូវ ដែលជាទីតាំងឆ្ងាយដាច់ស្រយាល និងជួបលំបាកបំផុត នៃខេត្ត ឡាយចូវ (Lai Chau)។ ទីនេះ គឺជាកន្លែងរស់នៅរបស់បងប្អូនជនជាតិភាគតិច យ៉ាវ (Dao) ហាញី (Ha Nhi) ម៉ុង (Mong)។ល។ តាមភាសារបស់ជនជាតិយ៉ាវ "ស៊ីឡឺឡូវ" មានន័យថា "ជម្រាល ១២ជាន់" នាំឱ្យនឹកដល់រូបភាពនៃការដំណើរឆ្លងកាត់ផ្លូវជម្រាលដ៏បត់បែន និងខ្ពស់ត្រដែត ដើម្បីទៅដល់ទឹកដីមួយ ដែលសូម្បីតែអ្នកស្រុកភូមិភាគច្រើនក៏មិនសូវបានស្គាល់ដែរ។
លើភូមិសាស្ត្រដ៏លំបាកគ្រោះថ្នាក់នោះ ម្ចាស់បោះឆ្នោតចំនួន ៨.៦៦៧នាក់ នៅតាមមណ្ឌលបោះឆ្នោតទាំង ២៩ទីតាំង នៅតែចូលរួមបោះឆ្នោតយ៉ាងកុះករ។ ចាប់តាំងពីព្រលឹមស្រាងៗ បងប្អូនប្រជាពលរដ្ឋក្នុងសម្លៀកបំពាក់ប្រពៃណី បានមកជួបជុំគ្នា ដែលបង្ហាញយ៉ាងច្បាស់នូវស្មារតីទទួលខុសត្រូវ និងសិទ្ធិជាម្ចាស់របស់ខ្លួន។ លោកកាវ វ៉ាន់ទ្រិញ (Cao Van Trinh) អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ស៊ីឡឺឡូវ បានឱ្យដឹងថា ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅតាមលក្ខណៈប្រជាធិបតេយ្យ និងស្របច្បាប់ មូលដ្ឋានបានបង្កើតអង្គការទទួលបន្ទុកបោះឆ្នោតពេញលេញ ព្រមទាំងអនុវត្តតាមនីតិវិធីពិគ្រោះយោបល់ និងឧទ្ទេសនាមបេក្ខជនជាសាធារណៈយ៉ាងហ្មត់ចត់ ដើម្បីជ្រើសរើសបុគ្គលឆ្នើមៗ តំណាងឱ្យឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាជន។
ដោយសារបង្កើនការផ្សព្វផ្សាយ ការយល់ដឹងរបស់ប្រជាជនកាន់តែបានលើកកម្ពស់។ អ្នកទៅធ្វើការនៅឆ្ងាយជាច្រើននាក់ ក៏បានវិលត្រឡប់មកវិញ ដើម្បីចូលរួមបោះឆ្នោត ដោយផ្ញើទំនុកចិត្តលើបេក្ខជនដែលមានសមត្ថភាព និងជិតស្និទ្ធជាមួយសហគមន៍។ វត្តមានរបស់បេក្ខជនជាស្ត្រីជនជាតិភាគតិច កាន់តែធ្វើឱ្យមានក្ដីសង្ឃឹមខ្ពស់ អំពីគោលនយោបាយជាក់ស្តែងបន្ថែមទៀត សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន។
នៅលើកំពូលភ្នំ ស៊ីឡឺឡូវ សន្លឹកឆ្នោតនីមួយៗបានលើកតម្កើង មិនត្រឹមតែជាសិទ្ធិពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃជំនឿ និងសេចក្តីប្រាថ្នាចង់អភិវឌ្ឍ រួមចំណែកកសាងអនាគតដ៏សុខសាន្ត និងចីរភាព នៅតំបន់ព្រំដែននៃមាតុភូមិ៕
- អត្ថបទ៖ ង៉ឹនហា - រូបថត៖ ត្រឹន ថាញយ៉ាង
- ប្រែសម្រួល៖ រីកើង












