វៀតណាម - ក្តីប្រាថ្នាឆ្ពោះទៅមុខ

វៀតណាម - ក្តីប្រាថ្នាឆ្ពោះទៅមុខ


ក្នុងបរិបទពិភពលោក​មាន​បម្រែបម្រួលខ្លាំងដោយជំងឺរាតត្បាត ជម្លោះ និងអតិផរណាសកល វៀតណាមមិនត្រឹមតែរក្សាស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងបង្កើតរបកគំហើញគួរឱ្យចាប់អារម្មណ៍ផងដែរ​។ ក្នុង​ដំណាក់កាលពីឆ្នាំ២០២១ ដល់ ២០២៦ គឺជារយៈពេល ដែលកត់សម្គាល់នូវខឿនសេដ្ឋកិច្ចដ៏រឹងមាំមួយ សម្របខ្លួនយ៉ាងបត់បែន និងចិញ្ចឹមក្ដីប្រាថ្នាឆ្ពោះទៅមុខយ៉ាង​ខ្លាំង​ក្លា ក្នុងយុគសម័យការអភិវឌ្ឍថ្មី...

 
ដំណាក់កាលពីឆ្នាំ២០២១ដល់ ២០២៦ ការអនុវត្តពីសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សលើកទី១៣ ដល់សន្និបាត​​លើកទី ​១៤ របស់បក្ស ត្រូវបានចាត់ទុកថា ជាដំណាក់កាលមួយក្នុងចំណោមបណ្តាដំណាក់កាល ដែល​មានបញ្ហាប្រឈមបំផុត សម្រាប់សេដ្ឋកិច្ចវៀតណាម​​។ ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យជាប់គាំងខ្សែ​សង្វាក់​ផ្គត់ផ្គង់​សកល គ្រោះមហន្តរាយធម្មជាតិបន្ត​វិវត្តដ៏ស្មុគស្មាញ ជម្លោះភូមិសាស្ត្រនយោបាយ និងអតិផរណាកើនឡើងនៅក្នុងខឿនសេដ្ឋកិច្ចធំៗ បានបង្កើតនូវបរិយាកាសខាងក្រៅប្រែប្រួលដោយឥតឈប់ ឈរ។
គណៈកម្មាធិការមជ្ឈិមបក្ស និតីកាល ទី១៤ បានឯកភាពបោះឆ្នោតជ្រើសតាំងសមមិត្ត តូឡឹម (To Lam) អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស និតីកាលទី១៣ បន្តកាន់តំណែងជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្ស និតីកាលទី១៤ ដោយទទួលបានសំឡេងគាំទ្រ ១០០% ។ រូបថត៖ VNA
មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស (ខែមករា ឆ្នាំ២០២៦) គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលមានការសម្រេចចិត្តសំខាន់ៗ នឹងនាំប្រទេសឈានចូលយុគសម័យថ្មីមួយ។ រូបថត៖ VNA
គណៈកម្មាធិការមជ្ឈិមបក្ស និតីកាល ទី១៤ បានបង្ហាញមុខក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស។ រូបថត៖ VNA

ក្នុងបរិបទនោះ សមត្ថភាពរក្សាស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូ និងការធានានូវតុល្យភាពសំខាន់ៗ បានក្លាយជារង្វាស់នៃសមត្ថភាពគ្រប់គ្រង។ អត្រាកំណើនជាមធ្យមក្នុងដំណាក់កាលឆ្នាំ ២០២១-២០២៥ សម្រេចបាន ៦,៣% ក្នុងមួយឆ្នាំ។ ជាពិសេស នៅឆ្នាំ២០២៥ កំណើនសេដ្ឋកិច្ចត្រូវបានកត់សម្គាល់ក្នុងកម្រិត ៨,០២% បាននាំឱ្យវៀតណាម ស្ថិតក្នុងក្រុមប្រទេស ដែលមានអត្រាកំណើនខ្ពស់បំផុត នៅលើពិភពលោក។

ទំហំសេដ្ឋកិច្ចកើនឡើងពី ៣៤៦ ពាន់លាន USD នៅឆ្នាំ២០២០ ឡើងដល់ ៥១៤ ពាន់លាន USD នៅឆ្នាំ២០២៥ ស្មើនឹងការកើនឡើងជិត ១,៥ដង ដែលធ្វើឱ្យវៀតណាម ជាប់​លំដាប់ទី ៣២ លើទូទាំងពិភពលោក និងលំដាប់ទី ៤ នៅតំបន់អាស៊ាន។ ទំហំ​នៃការនាំចូល និងការនាំចេញសរុបលើសពី ៩៣០ ពាន់លាន USD នៅឆ្នាំ២០២៥ នាំឱ្យវៀតណាមចូលទៅក្នុងក្រុមសេដ្ឋកិច្ចទាំង ២០ ដែលមានទំហំពាណិជ្ជកម្មធំជាងគេ នៅលើពិភពលោក។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP) នៅឆ្នាំ២០២៥ សម្រេចបានប្រហែល ៥.០២៦ USD កើនឡើង ១,៤ដង បើប្រៀបធៀបទៅនឹងឆ្នាំ២០២០ ហើយឈានចូលក្នុងចំណោមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
 
ប្រព័ន្ធគមនាគមន៍របស់ទីក្រុងហាយផុង (Hai Phong) កំពុងត្រូវបានវិនិយោគយព្រមៗ គ្នា និងទំនើប។ រូបថត៖ វូ វ៉ឹនឡឹម
ខ្សែរថភ្លើង Metro លេខ១ លើកកម្ពស់ការដឹកជញ្ជូនរបស់ទីក្រុងហូជីមិញ។ រូបថត៖ ត្រឹន ឡេ ហ៊ុយ

តួលេខទាំងនេះឆ្លុះបញ្ចាំងពីសមត្ថភាពប្រឆាំងរបស់ខឿន​សេដ្ឋកិច្ច ខ្យល់បញ្ច្រាសទិសដែលមិនធ្លាប់មានពីមុនមក។ លោកបណ្ឌិត ហូ ក្វុកតួន (Ho Quoc Tuan) គ្រូបង្រៀនជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Bristol (ចក្រភពអង់គ្លេស) ជឿជាក់ថា ឆ្នាំ២០២៥ គឺជាសក្ខីភាពច្បាស់លាស់នៃសមត្ថភាពបត់បែនរបស់វៀតណាម។ ខណៈពេលដែលប្រទេសជាច្រើនប្រឈមមុខនឹងការធ្លាក់ចុះនៃកំណើន និងភាពតានតឹងពាណិជ្ជកម្មស្មុគស្មាញ វៀតណាមនៅតែរក្សាបានសន្ទុះនាំចេញ និងទាក់ទាញ FDI ដែលមានស្ថិរភាព។ ក្រៅពីការឆ្លើយតបទៅនឹងវិបត្តិ ខឿនសេដ្ឋកិច្ចកំពុងបង្កើតគំរូកំណើនជាបណ្តើរ​ៗ ដោយ​ផ្អែកលើនវានុវត្រន៍។


សមិទ្ធផលលេចធ្លោទាំងពីរក្នុងដំណាក់កាលនេះ គឺអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិ។ ផ្លូវល្បឿនលឿន​ប្រវែងជាង ៣.០០០ គីឡូម៉ែត្រ និងផ្លូវឆ្នេរសមុទ្រប្រវែង ១.៧១១ គីឡូម៉ែត្រ ត្រូវបានសាងសង់រួចរាល់ រួមជាមួយនឹងគម្រោងសំខាន់ៗ ជាច្រើន ដូចជា ខ្សែបណ្តាញអគ្គិសនី ៥០០kV (សៀគ្វីទី ៣) គម្រោងថាមពល ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ល្បឿនអ៊ីនធឺណិត​​ចល័តរបស់វៀតណាមបច្ចុប្បន្ន ស្ថិតក្នុងចំណោម Top ២០ នៅលើពិភពលោក ដែលបង្កើតជាមូលដ្ឋានសំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថល។ ទោះបី​លំហូរដើមទុន FDI សកលត្រូវផ្អាកក៏ដោយ ប៉ុន្តែវៀតណាមនៅតែរក្សាអត្រាបញ្ចេញ​ដើមទុន​វិនិយោគខ្ពស់ បញ្ជាក់ភាពទាក់ទាញនៃបរិយាកាសវិនិយោគ និងក្ដីសង្ឃឹមក្នុងរយៈពេលវែង​។
មជ្ឈមណ្ឌលតាំងពិព័រណ៍វៀតណាម (រដ្ឋធានីហាណូយ) ត្រូវបានកសាងឡើង ដើម្បីក្លាយជាគោលដៅសម្រាប់ព្រឹត្តិការណ៍នយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ជាតិ និងអន្តរជាតិ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចតាំងពិព័រណ៍ទំនើប នៅក្នុងប្រទេសវៀតណាម។ រូបថត៖ ឌិញ ហាយ ង៉ុក

រួមដំណើរជាមួយនឹងកំណើនសេដ្ឋកិច្ច គឺជាវឌ្ឍនភាពសង្គមច្បាស់លាស់។ នៅឆ្នាំ២០២៥ សន្ទស្សន៍សុភមង្គលរបស់ វៀតណាម ត្រូវបានជាប់ចំណាត់ថ្នាក់ទី ៤៦ ទូទាំងពិភពលោក កើនឡើង ៣៧ ថ្នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០។ ផ្ទះដែលទ្រុឌទ្រោម និងបណ្តោះអាសន្នជាង ៣៣៤.០០០ ខ្នង ត្រូវបានលុបបំបាត់។ កម្មវិធីផ្ទះសង្គម និងការគាំទ្រដល់កម្មករ និងក្រុមងាយរងគ្រោះត្រូវបានជំរុញ។ កម្មវិធីគោលដៅជាតិចំនួនបីស្តីពី ការកសាងតំបន់ជនបទថ្មី ការកាត់បន្ថយភាពក្រីក្រចីរភាព និងការអភិវឌ្ឍតំបន់ជនជាតិភាគតិច ត្រូវបានសម្រេចជាមូលដ្ឋាន មុនកាលកំណត់ អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹម ១,៣% ដែលជាកម្រិតទាបបំផុត ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។


សរុបមកក្នុង​ដំណាក់កាលពីឆ្នាំ២០២១ ដល់ ២០២៦ បង្ហាញឱ្យ​ឃើញថា វៀតណាមមិនត្រឹមតែយកឈ្នះ លើវិបត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច បង្កើនឋានៈអន្តរជាតិរបស់ខ្លួន និងពង្រឹងសមត្ថភាពទប់ទល់ផ្ទាល់ខ្លួន បង្កើតមូលដ្ឋានគ្រឹះ សម្រាប់ក្តីប្រាថ្នាឆ្ពោះទៅមុខក្នុង​យុគសម័យអភិវឌ្ឍថ្មី។

ឈានចូលមហាសន្និបាតបក្សលើកទី ១៤ វៀតណាមបានកំណត់នូវគោលដៅអភិវឌ្ឍខ្ពស់ជាងមុន ដែលបង្ហាញពីក្តីប្រាថ្នានូវការលើកកម្ពស់ឋានៈជាតិ​ក្នុងទសវត្សរ៍ខាងមុខ។ ក្នុងដំណាក់កាលពីឆ្នាំ ២០២៦ - ២០៣០ គោលដៅកំណើន GDP ជាមធ្យម ចាប់ពី ១០% ឡើងទៅ ក្នុងមួយឆ្នាំ និងចំណូលមធ្យមសម្រាប់មនុស្សម្នាក់ សម្រេចបានប្រមាណ ៨.៥០០ USD ក្នុងឆ្នាំ ២០៣០ ត្រូវបានកំណត់ដូចជាចំណុចសំខាន់។

បណ្ដាទិសដៅយុទ្ធសាស្ត្រ បានសង្កត់ធ្ងន់លើការអភិវឌ្ឍ ប្រកបដោយចីរភាព សេដ្ឋកិច្ចឌីជីថល នវានុវត្តន៍ និងលើកកម្ពស់គុណភាពធនធាន​មនុស្ស។ ចំណុចស្នូលមិនត្រឹមតែពង្រីកទ្រង់ទ្រាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់គុណភាពនៃកំណើន កែលម្អទិ​ន្នផលពលកម្ម និងបន្តធ្វើសម្រេចការសម្រួលស្ថាប័ន។

 
ស្ថិតនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មី របស់រដ្ឋធានីហាណូយ ទីស្នាក់ការរបស់ក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា (Viettel) គឺជាសំណង់ស្ថាបត្យកម្មពិសេសមួយ លេចឡើងក្នុងទេសភាពទីក្រុង។ រូបថត៖ ង្វៀន ហុងញ៉ុង
ក្រុមហ៊ុន ទ្រឿង​ហាយ (Truong Hai) (Thaco Group) បាន​ដាក់​ចេញ​គោលដៅអំពីការទទួលប្រាក់ចំណូលសរុបប្រមាណ ១៨០.០០០ ពាន់លានដុងនៅឆ្នាំ២០២៧ ដោយការផលិតរថយន្តជាផលិតផលសំខាន់។ រូបថត៖ ហ័ង ទ្រុងហៀវ
នៅក្នុងតំបន់បុរី  Vinhomes Ocean Park (រដ្ឋធានី ហាណូយ) កំពុងដាក់ឱ្យដំណើរការសេវាកម្មដឹកជញ្ជូនទំនិញដោយមនុស្សយន្ត (Robot)។ រូបថត៖ ង្វៀន ដាំង វៀត

ចាប់តាំងពីប៉ុន្មានថ្ងៃដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតលើកទី១៤ របស់បក្ស សហគមន៍អាជីវកម្ម មានអារម្មណ៍ច្បាស់លាស់នូវបណ្ដាចលនាវិជ្ជមាន។ លោក ង្វៀន ដាំងហៀន (Nguyen Dang Hien) អគ្គនាយកក្រុមហ៊ុនទទួល​ខុសត្រូវ​មាន​កម្រិត​ផលិតកម្ម និងពាណិជ្ជកម្ម តឹន​ ក្វាង​មិញ (Tan Quang Minh) (Bidrico) បានលើកឡើងថា៖ បណ្តាគោលនយោបាយគាំទ្រ នាពេលបច្ចុប្បន្ន កំពុងរៀបចំឡើងវិញនូវគំរូកំណើនតាមបែបស៊ីជម្រៅ ដោយមានការធ្វើ​បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាពជាអ័ក្សចម្បង។ យោងតាមលោកហៀន (Hien) នៅពេលដែលតំបន់ឯកជន ត្រូវបានផ្តល់លំហអភិវឌ្ឍបន្ថែមទៀត អាជីវកម្មវៀតណាមមានឱកាសបង្កើនតម្លៃបន្ថែម ពង្រឹងកម្លាំងផ្ទៃក្នុង និងរួមចំណែកកសាងមូលដ្ឋានគ្រឹះក្នុងរយៈពេលវែងសម្រាប់អនាគតប្រទេសជាតិ។

លោក ត្រឹន វ៉ាន់ មិញ (Tran Van Minh) អនុប្រធាន និងជាអគ្គលេខាធិការនៃសមាគមអាជីវកម្មវ័យក្មេងហាណូយ បានសង្កត់ធ្ងន់ថា៖ «ដំណោះស្រាយ ដើម្បីដោះស្រាយការលំបាក សម្រាប់អាជីវកម្មធុនតូច និងមធ្យម កែលម្អបរិយាកាសធ្វើអាជីវកម្ម និងកាត់បន្ថយរបាំងរដ្ឋបាល នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណាក់កាលខាងមុខ។ ភាពស៊ីសង្វាក់គ្នា ចាប់ពីគោលនយោបាយទៅដល់ការអនុវត្តគឺ ជាកត្តាសម្រេចចិត្តក្នុងការរក្សាសន្ទុះកំណើន»

 
រោងចក្រអគ្គីសនីពន្លឺព្រះអាទិត្យ យូវ ទៀង (Dau Tieng)  (ខេត្ត តី និញ (Tay Ninh)) មានការវិនិយោគសរុបជិត ១៣.០០០ពាន់លានដុង ក្លាយជាគម្រោងថាមពលព្រះអាទិត្យធំជាងគេនៅវៀតណាម។ រោងចក្រនេះគឺជានិមិត្តរូបនៃការអភិវឌ្ឍចីរភាពនៃថាមពលកែច្នៃឡើងវិញ នៅវៀតណាម។
រូបថត៖ ឡេ តឹនផាត់

ពីទស្សនៈអន្តរជាតិ លោកស្រីបណ្ឌិត Valeria Vershinina នាយិការងមជ្ឈមណ្ឌលអាស៊ាន នៃសាកលវិទ្យាល័យទំនាក់ទំនងអន្តរជាតិ Moskva (សហព័ន្ធរុស្ស៊ី) បានសន្និដ្ឋានថា ដំណើរការផ្លាស់ប្តូរថ្មីគ្រប់ជ្រុង​ជ្រោយ បាន​ជួយ​វៀតណាមលើកកម្ពស់ឋានៈអន្តរជាតិរបស់ខ្លួន និងក្លាយជាគោលដៅដ៏ទាក់ទាញ សម្រាប់ដើមទុនវិនិយោគសកល។ យោង​តាមលោកស្រីរូបនេះ តម្រង់ទិសអភិវឌ្ឍ ដែលយកមនុស្ស​ជា​ស្នូល និងផ្តោតទៅលើការកែលម្អគុណភាពធនធានមនុស្ស កំពុងបង្កើតមូលដ្ឋានគ្រឹះយុទ្ធសាស្ត្រ​ ដើម្បីវៀតណាមបង្កើនកម្លាំងប្រកួតប្រជែង និងឈានចូលជិតគោលដៅក្លាយជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។

ឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA) លោកសាស្ត្រាចារ្យ Carl Thayer អ្នកជំនាញសិក្សាស្រាវជ្រាវអំពីវៀតណាម នៅបណ្ឌិតសភាការពារប្រទេអូស្ត្រាលី នៃសាកលវិទ្យាល័យ New South Wales បានសង្កត់ធ្ងន់នូវការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ រវាងបណ្តាសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ត្រូវបានកសាង ដើម្បីអនុវត្តប្រកបដោយស៊ីសង្វាក់គ្នា និងគាំទ្រគ្នាទៅវិញទៅមក។ លោកបានវាយតម្លៃខ្ពស់ ជាពិសេសចំពោះសេចក្តីសម្រេចចិត្តលេខ ៥៩ -NQ/TW ស្តីពី "សមាហរណកម្មអន្តរជាតិក្នុងស្ថានភាពថ្មី" ដោយចាត់ទុកថា នេះគឺជាការសម្រេចចិត្តមាន​លក្ខណៈយុទ្ធសាស្ត្រ ដែលកំណត់យកសមាហរណកម្មអន្តរជាតិ ជាកម្លាំងចលករដ៏សំខាន់ ដើម្បីនាំវៀតណាមឈានចូលដំណាក់កាល​អភិវឌ្ឍថ្មី។
បន្ទាប់ពីរយៈពេល ១១ ឆ្នាំ  សាងសង់ និងការអភិវឌ្ឍ នាយកដ្ឋានរក្សាសន្តិភាពវៀតណាម សម្រេចបានសមិទ្ធផលជាច្រើន ដោយ​បំពេញតួនាទីសំខាន់​ ក្នុងការកសាងកងកម្លាំងវៀតណាមចូលរួមរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ រូបថត៖ ង្វៀន ទ្រុង ទ្រឹក
 
ពិធីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាននាក់ មកកាន់វៀតណាម។ រូបថត៖ ង្វៀន អាញយុង

ការវាយតម្លៃទាំងនេះឆ្លុះបញ្ចាំងពី​ការ​យក​ចិត្តទុក​ដាក់យ៉ាង​ខ្លាំងក្លា របស់​សហគមន៍អន្តរជាតិ ចំពោះគន្លងនៃការអភិវឌ្ឍរបស់វៀតណាម។ នៅក្នុងបរិបទនៃការប្រកួតប្រជែងយុទ្ធសាស្ត្រ និងការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់សកលឡើងវិញ ខឿនសេដ្ឋកិច្ចមួយដែលមានស្ថិរភាព បត់បែន និងឆ្ពោះទៅរកនវានុវត្តន៍ នឹងមានអត្ថប្រយោជន៍ក្នុង​រយៈពេលវែង​។

ក្តីប្រាថ្នាឆ្ពោះទៅមុខ ​នៅក្នុងយុគសម័យអភិវឌ្ឍថ្មី មិនត្រឹមតែជាគោលដៅនៃកំណើនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចក្ខុវិស័យនៃឋានៈជាតិផងដែរ។ នេះគឺជាដំណើរការមួយ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងទំនុកចិត្តរបស់វិនិយោគិន បង្កើនសមត្ថភាពខ្លួនទីពឹងខ្លួន និងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយសេដ្ឋកិច្ចពិភពលោក​។
ពិធីបុណ្យ ថ្ងៃទី១៥ កើត ខែទី១ នៃប្រតិទិនចន្ទគតិ (ពិធីបុណ្យបង្ហោះគោម) នៅទីក្រុងហូជីមិញ។ រូបថត៖ ង៉ូ ក្វាង ភុក

ទោះបីខាងមុខមានបញ្ហាប្រឈមជាច្រើនក៏ដោយ បណ្ដាគ្រឹះដែលបានកសាងឡើង ក្នុងរយៈពេលកន្លងមក ចាប់ពីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រចនាសម្ព័ន្ធតំណភ្ជាប់ កំណែទម្រង់ស្ថាប័ន​ រហូតដល់ការអភិវឌ្ឍធនធានមនុស្ស កំពុងបង្កើតមូលដ្ឋានគ្រឹះ ដើម្បីវៀតណាមជឿកជាក់ឈានចូលដំណាក់កាលអភិវឌ្ឍថ្មីមួយ។


ក្នុងលំហូរនេះ ក្តីប្រាថ្នាមិនអាចកាត់ផ្តាច់ចេញពីការពិត ប៉ុន្តែត្រូវបានដាក់លើសមិទ្ធផលជាក់ស្តែង​ និងការសម្រេចចិត្តជាយុទ្ធសាស្ត្រ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមនៃប្រព័ន្ធនយោបាយ សហគមន៍អាជីវកម្ម និងប្រជាជន វៀតណាមកំពុងកំពុងបញ្ជាក់ជាបណ្តើរៗនូវឋានៈរបស់ប្រទេស ដែលមានភាពរស់រវើក ស្ថិរភាព និងពោរពេញដោយសក្តានុពល ក្នុងតំបន់ និងលើពិភពលោក។

អត្ថបទ៖ ថុងធៀន - រូបថត៖ VNP VNA និង​សហការី ប្រែសម្រួលដោយង្វៀនយ៉ាង



top