វៀតណាមឆ្ពោះទៅរកកសិកម្មបៃតង ឆ្លាតវៃ និងចីរភាព
ជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល កំពុងបើកកម្លាំងចលករថ្មី សម្រាប់វិស័យកសិកម្មវៀតណាម។ ចាប់ពីការប្តូរថ្មីនូវគំនិតផលិត ការបង្កើតកងជួរកម្លាំង "កសិករ ឌីជីថល" រហូតដល់ការលើកកម្ពស់តម្លាភាពខ្សែសង្វាក់តម្លៃ វៀតណាមកំពុងឈានទៅមុខជាបណ្ដើរៗ ដើម្បីសម្រេចបាននូវគោលដៅកសិកម្មបៃតង ឆ្លាតវៃ និងចីរភាព។
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ការិយាល័យនយោបាយបានចេញផ្សាយសេចក្តីសម្រេចលេខ 57-NQ/TW ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ ដែលបង្កើតជាកម្លាំងចលករដ៏សំខាន់ សម្រាប់កសិកម្មវៀតណាមបម្រាស់ខ្លួនឆ្ពោះទៅរកភាពទំនើប បៃតង ឆ្លាតវៃ និងចីរភាព។
បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេលជាច្រើនទសវត្សរ៍ វៀតណាមចាប់ពីប្រទេសដែលធ្លាប់ខ្វះស្បៀងអាហារ បានបានឈានឡើងក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសនាំចេញនូវកសិ - រុក្ខ- ជលផលឈានមុខលើពិភពលោក។ វិស័យកសិកម្ម ដើរ តួនាទីជា "សសរទម្រ" នៃសេដ្ឋកិច្ច ដោយឈរនៅលំដាប់លេខ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលេខ ១៥ លើពិភពលោកអំពី ការនាំចេញ។
ទោះជាយ៉ាងណាក៏ដោយ ពីខាងក្រោយតួលេខដ៏គួរចាប់អារម្មណ៍ទាំងនោះ នៅតែជាបញ្ហាអំពី "តម្លៃបន្ថែម"។ តម្លៃផលិតកម្មរបស់កសិករវៀតណាមម្នាក់ៗ នៅមានកម្រិតទាប ពោលគឺតិចជាង ១០០០ USD។ មូលហេតុចម្បង ស្ថិតនៅគំនិតផលិតបែកខ្ញែក ពឹងផ្អែកលើបទពិសោធន៍ និងគម្លាតរវាងការស្រាវជ្រាវវិទ្យាសាស្ត្រ និងការអនុវត្តជាក់ស្តែងនៅតាមវាលស្រែ។
សេចក្តីសម្រេចលេខ 57 ត្រូវបានចាត់ទុកថា នេះជាដំណោះស្រាយសម្រាប់ "ចំណុចកកស្ទះ" នោះបានដាក់ចេញតម្រូវការផ្លាស់ប្តូរខ្លាំងក្លា នៃរបៀបដែល “ចេញពីការស្រាវជ្រាវ" ទៅជា "ចេញពីតម្រូវការជាក់ស្តែង" ដោយយកសហគ្រាស និងកសិករជាស្នូលនៃនវានុវត្តន៍។
ស្មារតីនេះត្រូវបានអគ្គលេខាបក្សលោក តូ ឡឹម (To Lam) (បច្ចុប្បន្នជាអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម (To Lam)) បញ្ជាក់យ៉ាងច្បាស់ក្នុងពិធីរំលឹកខួប ៨០ ឆ្នាំ នៃវិស័យកសិកម្ម និងបរិស្ថាន (ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥) ថា៖ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បរិវត្តកម្មឌីជីថល និងទិន្នន័យ ត្រូវតែក្លាយជាកម្លាំងចលករសំខាន់។ បញ្ជូនវិទ្យាសាស្ត្រ -បច្ចេកវិទ្យា ឱ្យស្ថិតនៅចំណុចកណ្តាល នៃការផលិតកសិកម្ម ចាប់ពីពូជរុក្ខជាតិ - សត្វចិញ្ចឹម បច្ចេកវិទ្យាជីវសាស្ត្រ ស្វ័យប្រវត្តិកម្ម រហូតដល់ការតាមដានប្រភពដើម ឡូជីស្ទីក និងពាណិជ្ជកម្មឌីជីថល។ លើកទឹកចិត្តដល់គំរូ “អ្នកវិទ្យាសាស្ត្រ - សហគ្រាស - សហករណ៍ - កសិករ” ចូលរួមក្នុងខ្សែសង្វាក់តម្លៃ ជំរុញកសិកម្ម ត្រូវតែផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវាលស្រែ និងមូលដ្ឋានផលិតកម្ម ដោយមិនបញ្ឈប់នៅត្រឹមការឃោសនាចលនាឡើយ។"
តាមពិតទៅ ដំណើរការផ្លាស់ប្តូរកំពុងបង្កើតនូវជំនាន់ "កសិករឌីជីថល"។ គំរូជាច្រើន ដែលបានបង្ហាញអំពី អានុភាពនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការផលិតកសិកម្ម ដូចជា លោក ហូក្វាងកួ (Ho Quang Cua) នៅទីក្រុង កឹនធើ ( Can Tho) ជាមួយនឹងពូជស្រូវ ST24 និង ST25; លោក ជូ វ៉ាន់សឹម (Chu Van Sam) នៅខេត្ត ភូថ (Phu Tho) ជាមួយនឹងគំរូចិញ្ចឹមគោយកទឹកដោះ ដែលទទួលបានចំណូល ១,២ ពាន់លានដុងក្នុងមួយឆ្នាំ ឬលោក ង្វៀន ជីលីញ (Nguyen Chi Linh) នៅខេត្ត កាម៉ៅ (Ca Mau) ជាមួយនឹងគំរូចិញ្ចឹមបង្គាជើងស ដែលទទួលបានចំណូល ៩០ ពាន់លានដុងក្នុងមួយឆ្នាំ។
ទន្ទឹមនឹងនោះ គឺរលកផ្ដើមធុរកិច្ច (Startup) របស់ជំនាន់យុវវ័យ។ ឆ្នាំ២០២៥ បានកត់សម្គាល់នូវគម្រោងជាច្រើន ដែលអនុវត្ត AI ដើម្បីព្យាករណ៍ពីសត្វល្អិត គ្រប់គ្រងកសិដ្ឋាន ដោយប្រើឧបករណ៍ចាប់សញ្ញា (Sensor) ការចិញ្ចឹមសត្វវដ្ត និងវិភាគទិន្នន័យធំ (Big Data)។ កសិករសព្វថ្ងៃនេះ មិនត្រឹមតែផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើសេចក្ដីសម្រេចចិត្ត ដោយផ្អែកលើកម្រិតសំណើម សីតុណ្ហភាព និងសារធាតុចិញ្ចឹមដែលបង្ហាញនៅលើទូរស័ព្ទឆ្លាតវៃ។ "វប្បធម៌ទិន្នន័យ" មួយ កំពុងត្រូវបានបង្កើតឡើងជាបណ្តើរៗ នៅលើវាលស្រែ។
ជំហានមួយនៃរបកគំហើញផ្សេងទៀត គឺការតាមដានប្រភពដើម។ ការធ្វើឌីជីថលកម្មទិន្នន័យដីធ្លី ព្រៃឈើ និងលេខកូដតំបន់ដាំដុះ បានជួយឱ្យអ្នកប្រើប្រាស់អន្តរជាតិ អាចតាមដាននូវដំណើរទាំងមូលនៃកសិផលវៀតណាម ចាប់ពីដំណាក់កាលផលិតរហូតដល់ការកែច្នៃ។ តម្លាភាពនេះ គឺជាលក្ខខណ្ឌដ៏សំខាន់ សម្រាប់កសិផលវៀតណាម ឆ្លងកាត់របាំងបច្ចេកទេសនៃបណ្ដាទីផ្សារលំបាក។
សេចក្តីសម្រេចលេខ 57-NQ/TW ត្រូវបានគេរំពឹងថា នឹងបង្កើតនូវរបត់ថ្មី សម្រាប់កសិកម្មវៀតណាមក្នុងយុគសម័យ ឌីជីថល។ ចាប់ពីការផ្លាស់ប្តូរផ្នត់គំនិត ជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា រហូតដល់ការកសាងកងជួរ "កសិករឌីជីថល" សេចក្តីសម្រេចនេះបានបើកទិសដៅអភិវឌ្ឍន៍បៃតង ឆ្លាតវៃ និងចីរភាពសម្រាប់វិស័យកសិកម្ម។
ដើម្បីឱ្យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាពិតជាជ្រាបចូលក្នុងផ្ទៃដីនីមួយៗ សេចក្តីសម្រេចលេខ 57 ជំរុញតំណភ្ជាប់យ៉ាងជិតស្និទ្ធរវាង រដ្ឋ - អ្នកវិទ្យាសាស្ត្រ - និងសហគ្រិន។ រដ្ឋដើរតួនាទីក្នុងការបង្កើតគោលនយោបាយ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល សហគ្រាសវិនិយោគលើធនធាន ចំណែកឯផ្នែកវិទ្យាសាស្ត្រវិញ គឺដោះស្រាយបញ្ហាជាក់ស្តែងតាមស្ថានភាពពិត។
នៅវិទ្យាស្ថានស្រាវជ្រាវកប្បាស និងអភិវឌ្ឍន៍កសិកម្ម ញ៉ាហូ (Nha Ho) បណ្តាអ្នកវិទ្យាសាស្ត្របានធ្វើឱ្យសេចក្តីសម្រេចលេខ 57 ក្លាយជាការពិត តាមរយៈការអនុវត្ត IoT ដើម្បីគ្រប់គ្រង បញ្ជាអាកាសធាតុក្នុងផ្ទះសំណាញ់។ ប្រព័ន្ធស្រោចស្រពត្រឹមត្រូវ រួមផ្សំនឹងការផ្តល់សារធាតុចិញ្ចឹមដោយស្វ័យប្រវត្តិ បានជួយឱ្យដំណាំ "ស៊ីត្រូវ ស៊ីគ្រប់" កាត់បន្ថយការខ្ជះខ្ជាយ និងការបំពុលបរិស្ថាន។
តាមរយៈស្មារតីនៃសេចក្តីសម្រេចលេខ 57 អាចមើលឃើញថា នៅពេលដែលផ្នត់គំនិតត្រូវបានផ្លាស់ប្តូរថ្មី “ចំណុចកកស្ទៈ” ត្រូវបានដោះស្រាយ ហើយបច្ចេកវិទ្យាត្រូវបានប្រគល់ដល់ដៃកសិករ កសិកម្មវៀតណាមកំពុងមានឱកាសទម្លាយយ៉ាងខ្លាំងក្លា ដើម្បីក្លាយជាវិស័យកសិកម្មមួយទំនើប បៃតង និងចីរភាព៕
អត្ថបទ៖ ថាញ់ហ័្វរ - រូបថត៖ VNA












