វប្បធម៌ប្រជាប្រិយតាមរយៈនវានុវត្តន៍នៃជំនាន់ Gen Z
ការតាំងពិព័រណ៍“ប្រជាប្រិយក្នុង Gen Z”បាននាំយកគំនូរចំនួន ៣៩ផ្ទាំងរបស់វិចិត្រករ វិចិត្រការិនីនៃជំនាន់ Gen Z ក្នុងទូទាំងប្រទេស ដែលរៀបចំដោយ Tired City សហការជាមួយ មជ្ឈមណ្ឌលសកម្មភាពវប្បធម៌ វិទ្យាសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) បានបំផុសប្រភពគំនិតផ្តួចផ្តើមជាច្រើនសម្រាប់ទស្សនិកជន ដែលជាអ្នកស្រលាញ់សិល្បៈ ក្នុងដំណើរការស្វែងយល់អំពីវប្បធម៌ប្រពៃណីវៀតណាម។
មកទស្សនាការតាំងពិព័រណ៍ ទស្សនិកជនអាចគយគន់ភាពស្រស់ស្អាតនៃវប្បធម៌ប្រជាប្រិយវៀតណាម តាមរយៈគំនូរប្លែកៗ របស់វិចិត្រករ វិចិត្រការិនីវ័យក្មេង។ ក្នុងដំណើរការស្វែងយល់នូវវប្បធម៌នេះ ទស្សនៈពិសេសលើផ្ទាំងគំនូរ ដុងហូ (Dong Ho) សិល្បៈ ច្រៀងប៊ុយ (Boi) និង វ៉ែ (Ve) គន្លាស់ ត្រូវបានបង្ហាញភាពពិសេសជាច្រើន។
ចាប់ពីការគូរគំនូរ ការសម្តែងសិល្បៈ រហូតដល់អក្សរសាស្ត្រ ការតាំងពិព័រណ៍នេះនាំមកនូវទិដ្ឋភាពចម្រុះនៃវប្បធម៌ប្រជាប្រិយ ដែលជាប្រភេទវប្បធម៌ត្រូវបានទទួលយកតាមរយៈរឿងរ៉ាវ និងការរៀបរាប់របស់បុព្វបុរសរបស់យើង។ ឥឡូវនេះ តាមទស្សនៈរបស់វិចិត្រករ gen Z វប្បធម៌ប្រជាប្រិយត្រូវបានបន្លាស់ប្តូរជាថ្មីម្តងទៀត សម្របខ្លួនដោយភាពបត់បែន និងរួមផ្សំយ៉ាងប៉ិនប្រសប់ជាមួយនឹងរឿងរ៉ាវនៃសម័យបច្ចុប្បន្ន។
ល្ខោន ឬ ច្រៀងប៊ុយ (Boi) គឺជាទម្រង់សិល្បៈសំដែងមួយប្រភេទរបស់វៀតណាម ដែលគួបផ្សំជាមួយកត្តាសិល្បៈជាច្រើន ដូចជា ឆាកសម្តែង តន្ត្រី សិល្បៈ អក្សរសិល្ប៍ ចម្រៀង របាំ និងក្បាច់គុន។ ចំណាប់អារម្មណ៍ និងទាក់ទាញដោយកត្តាវិចិត្រសិល្បៈ ច្រៀងប៊ុយ (Boi) នាំមក តាំងពីការតុបតែងមុខមាត់ រហូតដល់សម្លៀកបំពាក់ និងមួក មកុដ... គំនូរ "ប៊ុយទឺ" (Boi Tu) និង "ប៊ុយគី" (Boi Ky) បានបង្កើតដោយវិចិត្រករ វៃ វៃ (Vei Vei) ដែលស្រាវជ្រាវអំពីទម្រង់នេះ។
វ៉ែ (Ve) គន្លាស់ ជាសោភណ្ឌនៃអក្សរសិល្ប៍ប្រជាប្រិយវៀតណាម និងជាសំឡេងច្រៀងសម្រាប់កុមារដែលបានបុពការីជននិពន្ធ ចងក្រង និងផ្សាយបន្តាជាច្រើនជំនាន់។ អត្តសញ្ញាណរបស់ វ៉ែ (Ve) គន្លាស់ គឺជិតស្និទ្ធនឹងល្បើក មានលក្ខណៈរបស់កំណាព្យទិះតៀន រួមផ្សំនឹងលក្ខណៈមនោសញ្ចេតនាផ្អែមល្ហែមមានស្រាប់នៃចម្រៀងប្រជាប្រិយ សមស្របនឹងភាពស្មោះសរ និងការចង់ដឹង ចង់ឃើញរបស់កុមារ។ វ៉ែ (Ve) គន្លាស់មានប្រធានបទចម្រុះ ចាប់ពីរុក្ខជាតិ សត្វ រហូតដល់សកម្មភាពសង្គម និងល្បែងកុមារ។
ការជ្រើសរើសស្នាដៃ "ពេលណារហូតដល់ខែមីនា" វិចិត្រករ PAO បាននាំមកជូនទស្សនិកជននូវបទពិសោធន៍ថ្មីជាមួយនឹងប្រភេទអក្សរសិល្ប៍ប្រជាប្រិយនេះ។ តាមរយៈបណ្តាផ្ទាំងគំនូរ បាតុភូតចំណាប់អារម្មណ៍ «បញ្ច្រាស់ទិស» ក្នុងអត្ថបទវ៉ែ (Ve) កាន់តែក្រមិចក្រមើម និងគួរជាទីចាប់ចិត្ត។
គំនូរដុងហូ (Dong Ho) គឺជាគំនូរប្រជាប្រិយមួយប្រភេទដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរបស់ប្រជាជនវៀតណាមអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ផ្តើមចេញពីសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជន គំនូរដុងហូ (Dong Ho) មានលក្ខណៈពិសេស ជិតស្និទ្ធ និងឆ្លុះបញ្ចាំងពីជីវិត ទំនៀមទម្លាប់ និងជំនឿសាសនាពិសេសរបស់ប្រជាជន នៅតំបន់ដីសណ្ដខាងជើង។
ការបំផុសគំនិតពីសោភណភាពទាំងនោះ កម្រងគំនូរ "ដុងមែវ” (Dong Meo - មានន័យថាឆ្មាភាគខាងកើត) របស់វិចិត្រការិនី Meaptopia ពិពណ៌នាអំពីខណៈពេលសប្បាយរីករាយ និងគួរឲ្យស្រឡាញ់របស់ " boss " ឆ្មា។ ការរួមផ្សំយ៉ាងល្អិតល្អន់ រវាងសិល្បៈប្រជាប្រិយប្រពៃណី និងទស្សនៈទំនើបរបស់យុវវ័យ ដែលបង្កើតទំនាក់ទំនងថ្មី នាំមកនូវតម្លៃប្រពៃណីកាន់តែខិតជិតស្និទ្ធនឹងទស្សនិកជន។
លោក ឡេ ស្វឹនគៀវ (Le Xuan Kieu) នាយកមជ្ឈមណ្ឌលសកម្មភាពវប្បធម៌ វិទ្យាសាស្ត្រ វ៉ាន់មៀវ - គ្វឹកទឺយ៉ាម (Van Mieu - Quoc Tu Giam) បានឲ្យដឹងថា គំនូរទាំងអស់ បានបង្ហាញពីកម្លាំងរស់នៅនៃវប្បធម៌ជាតិ ដូចជាប្រភពទឹកហូរជារៀងរហូត ក្រោមការច្នៃប្រឌិតរបស់វិចិត្រករវ័យក្មេងជំនាន់ gen Z។ តាមរយៈនោះ គូសបញ្ជាក់ការបន្តវេន និងអភិវឌ្ឍវប្បធម៌ជាតិ លើកកម្ពស់តម្លៃបេតិកភណ្ឌគ្រប់ៗជំនាន់ រួមចំណែកដល់ភាពសម្បូរបែប និងចម្រុះសោភណភាពនៃវប្បធម៌វៀតណាម៕
អត្ថបទ៖ ង៉ឹនហា - រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម ប្រែសម្រួលដោយង្វៀនយ៉ាង