លោកស្រី តូ ធ្វីយីមក្វៀន - ពីបទពិសោធន៍ក្លាយជាបេសកកម្មអប់រំ
ក្នុងចំណោមរឿងរ៉ាវស្ដីពីការផ្លាស់ប្ដូរថ្មី កាលៈទេសៈនៃការភ្ញាក់រលឹក ពេលខ្លះកើតចេញពីរឿងរ៉ាវតូចតាច។ ចំពោះអ្នកជំនាញអប់រំ លោកស្រី តូ ធ្វីយីមក្វៀន (To Thuy Diem Quyen) នោះមិនមែនជាពានរង្វាន់ ឬកិត្តិយសឡើយ តែជាគំនូរដែលកូនប្រុសរបស់លោកស្រីបានគូរ - ក្មេងប្រុសមានជំងឺអូទីស្សឹម (Autism) ម្នាក់គូររូបខ្លួនឯងត្រៀមចាកចេញពីលោកនេះ។ រូបភាពនោះបានដាស់ស្មារតីអ្នកម្ដាយរូបនេះ និងបានដុតបញ្ឆេះបេសកកម្មមួយក្នុងចិត្តលោកស្រី៖ ផ្លាស់ប្ដូរការអប់រំ ដើម្បីកុំឱ្យក្មេងម្នាក់ណាត្រូវរងទុក្ខវេទនាដូចកូនប្រុសរបស់លោកស្រីឡើយ។
លោកស្រី តូ ធ្វីយីមក្វៀន បានដឹងថា ឫសគល់នៃបញ្ហាមិនត្រឹមតែស្ថិតនៅលើសិស្សប៉ុណ្ណោះទេ តែក៏ស្ថិតនៅលើរបៀបដែលគ្រូបង្រៀនកៀកនឹងការងារបង្រៀនដែរ។ «មិនបង្ខំត្រីឱ្យឡើងដើមឈើ» - ទ្រឹស្ដីអប់រំដែលលោកស្រីប្រកាន់ខ្ជាប់បានអះអាងថា កុមារម្នាក់ៗសុទ្ធតែមានសមត្ថភាព និងវិធីសាស្ត្ររៀនសូត្រខុសៗគ្នា ហើយតួនាទីរបស់គ្រូគឺជួយពួកគាត់ឱ្យរីកចម្រើនទៅតាមភាពប្រៀបរៀងៗខ្លួន។ ដោយឆ្លងកាត់ការចំណាយពេលជាច្រើនឆ្នាំជាមួយកូនប្រុស ដើម្បីជំនះជំងឺអូទីស្សឹម និងពិបាកអំណាន លោកស្រីយល់យ៉ាងច្បាស់ថា ការអប់រំត្រូវចាប់ផ្ដើមពីការយល់ចិត្តគ្នា មិនមែនត្រឹមតែពីចំណេះដឹងនោះទេ។
ផ្តើមពីបទពិសោធន៍ផ្ទាល់ខ្លួន លោកស្រីបានបង្វែរភាពឈឺចាប់ទៅជាកម្លាំងជំរុញសង្គម។ នៅឆ្នាំ ២០១២ លោកស្រីបានបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត ប្រឹក្សា និងអភិវឌ្ឍការអប់រំ InnEdu ដែលបើកដំណើរការនៃការចាប់ផ្ដើមអាជីវកម្មពោរពេញទៅដោយឧបសគ្គ ប៉ុន្តែក៏ពោរពេញដោយជំនឿទៅលើការផ្លាស់ប្ដូរថ្មីដែរ។ InnEdu ផ្ដោតលើការបណ្ដុះបណ្ដាលដល់គ្រូបង្រៀន និងថ្នាក់ដឹកនាំការអប់រំក្នុងវិស័យ STEAM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស សិល្បៈ គណិតវិទ្យា) និងអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការបង្រៀន។ ក្រោមការដឹកនាំរបស់លោកស្រី គ្រូបង្រៀនរាប់ម៉ឺននាក់នៅទូទាំងប្រទេសវៀតណាមបានបំផុសគំនិត និងទទួលបានវិធីសាស្ត្របង្រៀនបែបទំនើប។ លោកស្រីក៏ជាអ្នកសហនិពន្ធសៀវភៅ «ការរៀនសូត្រតាមរយៈគម្រោង» ដែលបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពអប់រំវៀតណាម រួមចំណែកផ្សព្វផ្សាយស្មារតីនៃការរៀនសូត្រប្រកបដោយភាពច្នៃប្រតិដ្ឋ។
ឥទ្ធិពលរបស់លោកស្រីបានរីករាលដាលយ៉ាងឆាប់រហ័សហួសពីព្រំដែនវៀតណាម។ លោកស្រីជាជនជាតិវៀតណាមដំបូងគេដែលបាន Microsoft ទទួលស្គាល់ជាអ្នកជំនាញអប់រំច្នៃប្រឌិតឆ្នើម (Microsoft Innovative Educator Expert Fellow) - ជាសក្ខីភាពបញ្ជាក់ពីសមត្ថភាពក្នុងការធ្វើសមាហរណកម្ម និងសមត្ថភាពដឹកនាំការផ្លាស់ប្ដូរថ្មី។ នៅឆ្នាំ២០២០ InnEdu បានក្លាយជាដៃគូបណ្ដុះបណ្ដាលសកលដំបូងរបស់ Microsoft នៅវៀតណាម ដែលជាចំណុចរបត់សំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងវិស័យសាធារណៈ និងឯកជនស្ដីពីការអប់រំ។ លោកស្រីបានអញ្ជើញឱ្យធ្វើជាគណៈមេប្រយោគនៅវេទិកាអប់រំសកលឆ្នាំ២០១៥ នៅសហរដ្ឋអាមេរិក ជាតំណាងតែម្នាក់គត់មកពីទ្វីបអាស៊ីក្នុងព្រឹត្តិការណ៍នេះ។
ការរួមចំណែកជាប់លាប់បានជួយលោកស្រីបាន Forbes វៀតណាម ផ្ដល់កិត្តិយសក្នុងបញ្ជី «ស្ត្រីវៀតណាមទាំង ២០ រូបដែលបំផុសគំនិត» ឆ្នាំ២០២១។ ក៏ប៉ុន្តែ ចំពោះលោកស្រី រង្វាន់ធំបំផុតមិនមែនជាកិត្តិយសឡើយ តែជាពេលដែលឃើញពន្លឺកែវភ្នែកដ៏មានទំនុកចិត្ត របស់សិស្សដែលធ្លាប់ខ្លាចសាលារៀន។ «រៀនដើម្បីទទួលបានសេរីភាព» - ជាពាក្យដែលលោកស្រីតែងនិយាយ។ ចំពោះលោកស្រី ការរៀនសូត្រមិនមែនគ្រាន់តែដើម្បីទទួលបានពិន្ទុខ្ពស់នោះទេ តែដើម្បីឱ្យមនុស្សមានសមត្ថភាពក្នុងការជ្រើសរើស និងរស់នៅក្នុងជីវិតសុភមង្គល។
លោកស្រីជឿថា បណ្ដា «ស្នាមរបួស» ក្នុងជីវិតមិនមែនជាបរាជ័យទេ តែជាធាតុផ្សំដែលជួយមនុស្សឲ្យពេញវ័យ។ ដោយសារជម្នះនូវការបាត់បង់ផ្ទាល់ខ្លួន លោកស្រីយល់កាន់តែច្បាស់ពីតម្លៃនៃការតស៊ូអត់ធ្មត់ និងមេត្តាធម៌ - ជាកត្តាពីរដែលលោកស្រីតែងតែបង្ហាត់បង្រៀនដល់សិស្ស និងសហការី។

សព្វថ្ងៃនេះស្ថិតក្នុងវ័យជាង៥០ឆ្នាំ អ្នកជំនាញអប់រំ លោកស្រី តូ ធ្វីយីមក្វៀន នៅតែខិតខំប្រឹងប្រែងលើដំណើរការផ្លាស់ប្ដូរថ្មី។ លោកស្រីបន្តកាន់តួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន InnEdu ទន្ទឹមនឹងនោះក៏ជាវាគ្មិន និងអ្នកជំនាញសម្រាប់កម្មវិធីកំណែទម្រង់របស់ក្រសួងអប់រំ និងបណ្ដុះបណ្ដាល បន្ត «សាបព្រោះគ្រាប់ពូជ» នៃការផ្លាស់ប្ដូរថ្មីក្នុងថ្នាក់រៀននីមួយៗ គ្រូបង្រៀនម្នាក់ៗ។ កេរដំណែលរបស់លោកស្រីមិនត្រឹមតែស្ថិតនៅលើសមិទ្ធផលប៉ុណ្ណោះទេ តែស្ថិតនៅលើផ្នត់គំនិតផងដែរ៖ ការអប់រំមិនមែនជាការប្រណាំងនោះទេ តែជាដំណើរការនៃការស្វែងរក និងរំដោះមនុស្សជាតិ៕
អត្ថបទ៖ ថាវវី រូបថត៖ ថុងហាយ & ឯកសារផ្ទាល់ខ្លួន
ប្រែសម្រួល៖ រីកើង













