លើកកម្ពស់បញ្ញា និងឆន្ទៈមោះមុត របស់វៀតណាម ដើម្បីឈានទៅមុខយ៉ាងរឹងមាំ នៅក្នុងយុគសម័យអភិវឌ្ឍថ្មី

លើកកម្ពស់បញ្ញា និងឆន្ទៈមោះមុត របស់វៀតណាម ដើម្បីឈានទៅមុខយ៉ាងរឹងមាំ នៅក្នុងយុគសម័យអភិវឌ្ឍថ្មី


នៅមុនថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២៦ - ឆ្នាំដំបូងនៃអាណិត្ត​ថ្មីរបស់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស - លោកអគ្គលេខាបក្ស តូឡឹម(To Lam) បានទុក​ពេលវេលា ដើម្បីធ្វើបទសម្ភាសន៍ជាមួយអ្នក​យកព័ត៌មាន​នៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (VNA)។ ខាងក្រោមនេះជាខ្លឹមសារនៃបទសម្ភាសន៍នោះ៖

អ្នកយកព័ត៌មាន៖ លោកអគ្គលេខាបក្សជាទីគោរព ក្នុងអាណត្តិឆ្នាំ២០២០-២០២៥ ប្រទេសជាតិបានប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែក្រោមការដឹកនាំរបស់បក្ស និងការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល យើងសម្រេចបានលទ្ធផលសំខាន់ៗ និងគ្រប់វិស័យជាច្រើន ក្នុងការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៣ របស់បក្ស។ តើលោកអាចចែករំលែកអំពីសមិទ្ធផលលេចធ្លោមួយចំនួន ក្នុងរយៈពេលកន្លងមកបានទេ?

លោក អគ្គលេខាបក្ស តូឡឹម (To Lam)៖ ជាដំបូង ចាំបាច់ត្រូវបញ្ជាក់ថា សមិទ្ធផលដែលប្រទេស​ជាតិសម្រេចបានក្នុងអាណត្តិកន្លងមក គឺជាការរួមផ្សំ​ដ៏អស្ចារ្យនៃភាពជាអ្នកដឹកនាំដ៏ឆ្នើមរបស់បក្ស ការចូលរួម យ៉ាងសកម្មនៃប្រព័ន្ធនយោបាយទាំងមូល និងលើសពីនេះទៅទៀត គឺភាពឯកភាពគ្នា ការតាំងចិត្ត ឆន្ទៈមោះ​មុត និងការអាណិតអាសូររបស់ប្រជាជនយើងក្នុងគ្រាដ៏លំបាកបំផុត។ អាណត្តិនៃមហាសន្និបាតលើកទី១៣ របស់បក្ស គឺជាសម័យកាលដ៏លំបាកមួយ ។ ជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិ ការប្រែប្រួលអាកាសធាតុ ស្ថានភាពពិភពលោកប្រែប្រួល ការលំបាកផ្នែកសេដ្ឋកិច្ច ការរអាក់រអួលខ្សែសង្វាក់ផ្គត់ផ្គង់ ការងារ សម្ពាធហិរញ្ញវត្ថុ និងធនាគារ... បានកើតឡើងជាបន្តបន្ទាប់ ដែលបង្កបញ្ហាដ៏ស្មុគស្មាញ តម្រូវឱ្យមានដំណោះស្រាយតាមរយៈ​គោលនយោបាយ វិធានការដោះស្រាយរហ័ស ច្បាស់លាស់ និងម៉ឺងម៉ាត់។ ទោះបីជាការលំបាកជាច្រើន ប៉ុន្តែយើងបានជម្នះ និងឈានដល់គោលដៅ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការ​ប្រឈមមុខ​នឹងការលំបាកជាច្រើន ប៉ុន្តែប្រទេសជាតិនៅតែរក្សាបាននូវស្ថិរភាព សង្គមរក្សាបាននូវសណ្តាប់ធ្នាប់ និងទំនុកចិត្ត ចរន្តសេដ្ឋកិច្ច - ផលិតកម្ម - ចរាចរ ត្រូវបានស្តារឡើងវិញទាន់ពេលវេលា ដើម្បីឱ្យយើងបន្តឈានទៅមុខ។

ស្តីពីសេដ្ឋកិច្ច យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្តារឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត និងរក្សាបានតុល្យភាព ដោយរក្សាសេដ្ឋកិច្ចមិនឱ្យធ្លាក់ចុះ នៅពេលប្រឈមមុខនឹងបញ្ហាប្រឈមខាងក្រៅ។ វិស័យ មូលដ្ឋាន និងអាជីវកម្មជាច្រើន បានដឹងពីរបៀបផ្លាស់ប្តូរ ច្នៃប្រឌិត ស្វែងរកទីផ្សារ បង្កើតការងារ និងរក្សាផលិតកម្ម។ ជាលទ្ធផល សេដ្ឋកិច្ចរបស់យើងបានបង្ហាញពីភាពធន់ ភាពរឹងមាំ និងស្មារតីមិនរាថយ។

ពីសង្គម យើងបានប្រកាន់ខ្ជាប់ជានិច្ចនូវទិសដៅអភិវឌ្ឍ មិនត្រឹមតែកំណើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវជីវិតរបស់ប្រជាជន ដែលមានស្ថិរភាព និងប្រសើរឡើងផងដែរ។ នៅក្នុងគ្រាលំបាក ស្មារតីជួយ​គាំទ្រគ្នាទៅវិញទៅមក និងការលះបង់ដ៏ស្ងៀមស្ងាត់ និងធំធេងរបស់កងកម្លាំងជួរមុខ - កងទ័ព ប៉ូលិស បុគ្គលិកពេទ្យ គ្រូបង្រៀន កម្មករ។ល។ - បានបន្សល់ទុកនូវមេរៀនដ៏ជ្រាលជ្រៅអំពី កម្លាំង​សមាគ្គីភាព។ គោលនយោបាយសុខុមាលភាពសង្គម ការកាត់បន្ថយភាពក្រីក្រ និងការយកចិត្តទុកដាក់ចំពោះក្រុមងាយរងគ្រោះ និងតំបន់ ដែលមានការលំបាកនៅតែបន្តអនុវត្ត ដោយមានគោលបំណងច្បាស់លាស់មួយ៖ មិនទុកនរណាម្នាក់នៅ​ខាងក្រោយឡើយ

ស្តីពីកិច្ច​ការបរទេស យើងតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេស ឯករាជ្យ ស្វ័យភាព ។ យើងជាមិត្តភក្តិ ជាដៃគូ ដែលអាចទុកចិត្តបាន និងជាសមាជិក ដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ។ ក្នុង​ស្ថានភាពពិភពលោក​មាន​ការបែក​បាក់ និង​ការប្រកួត​ប្រជែងខ្លាំង ការ​រក្សាបាន​ស្ថានភាពសន្តិសុខ ស្ថេរភាព និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ ឆ្លៀតយកប្រភពធនធានសម្រាប់ការអភិវឌ្ឍ គឺជាសមិទ្ធផលដ៏គួរឱ្យគោរព។ កិច្ចការបរទេសរបស់យើងមិនត្រឹមតែដើម្បី "បង្កើនមិត្ត បន្ថយសត្រូវ" ប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៀត គឺការពង្រីកលំហអភិវឌ្ឍ បង្កើនឋានៈរបស់ប្រទេសជាតិ ដើម្បីរួមគ្នាអភិវឌ្ឍក្នុងបរិយាកាសសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងសមភាព។

ទាក់ទងនឹងការកសាងបក្ស និងប្រព័ន្ធនយោបាយ យើងព្យាយាមប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាន៖ រក្សាវិន័យ និងសណ្តាប់ធ្នាប់ រក្សាភាពស្មោះត្រង់ លើកកម្ពស់សុចរិតក្នុងជួរកម្មាភិបាល បក្ខជន និងពង្រឹងទំនុកចិត្តរបស់ប្រជាជន។ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងអវិជ្ជមាននៅតែបន្តជំរុញ ដោយស្មារតីហ្មត់ចត់ គ្មានការជៀសវាង គ្មានតំបន់ហាមឃាត់ និងគ្មានករណីលើកលែង។ គោលដៅមិនត្រឹមតែដោះស្រាយអំពើខុសឆ្គងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការយល់ដឹង កសាង និងធ្វើឱ្យសុក្រិតនូវយន្ត ដើម្បីភាពល្អត្រូវការពារ  លើកទឹកចិត្តមនុស្សល្អ និងធានាថា កម្មាភិបាលអាចស្ងាត់ចិត្ត និងធ្វើកា ដើម្បីប្រជាជន និងប្រទេសជាតិ។ 


បូកសរុបមក ប្រសិនបើសង្ខេបសមិទ្ធផលលេចធ្លោនៃអាណត្តិនេះ ខ្ញុំចង់និយាយថា៖ យើងបានយកឈ្នះលើបញ្ហាប្រឈមដោយឆន្ទៈ ការតាំងចិត្ត និងភាពឯកភាពគ្នា រក្សាស្ថិរភាពសម្រាប់ការអភិវឌ្ឍ និងព្យាយាមកែទម្រង់ និងកែលម្អឥតឈប់ឈរ ដើម្បីឈានទៅមុខយ៉ាងលឿន និងស្ថិរភាពជាងមុន។ សមិទ្ធផលទាំងនេះគឺធំធេងណាស់ និងសក្តិសមនឹងការគោរព ប៉ុន្តែយើងត្រូវតែរក្សាសុភាព ប្រុងប្រយ័ត្ន និងមិន «ដេកលក់ក្នុងជ័យជម្នះ" »។ ផ្លូវខាងមុខមានកិច្ចការសំខាន់ៗ និងលំបាកជាច្រើន។ ដើម្បីឈានទៅមុខ និងសម្រេចបានគោលដៅរបស់យើង រឿងសំខាន់បំផុតគឺការរក្សាជំនឿ វិន័យ និងការដាក់ផលប្រយោជន៍ជាតិ និងសុភមង្គលរបស់ប្រជាជនជាចម្បង​បង្អស់។

 

អ្នកយកព័ត៌មាន៖តើលោកអគ្គលេខាបក្ស បាន​វាយតំលៃនូវការងារបង្ការ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងអវិជ្ជមាន ក្នុងអាណត្តិកន្លងមក ហើយទិសដៅដាក់​ចេញ​ក្នុងអាណត្តិខាងមុខ ដើម្បីកសាងបក្សឲ្យកាន់តែស្អាតស្អំ និងរឹងមាំ ដឹកនាំប្រទេសឲ្យកាន់តែអភិវឌ្ឍនៅក្នុងយុគសម័យថ្មី យ៉ាង​ដូចម្តេច?

លោកអគ្គលេខាធិការ តូ ឡឹម (To Lam)៖ ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និង អវិជ្ជមាន គឺជាកិច្ចការដ៏សំខាន់មួយ។ នេះគឺការរក្សាកិត្យានុភាពរបស់បក្ស ការរក្សាវិន័យ និងនីតិរដ្ឋ និងសំខាន់បំផុត គឺការរក្សាទំនុកចិត្តរបស់ប្រជាជន​។ ក្រឡេកមើលទៅអាណត្តិកន្លងមក អាចបញ្ជាក់បានថា «សមរភូមិប្រឆាំងនឹងសត្រូវផ្ទៃក្នុង» បានមានការផ្លាស់ប្តូរ​យ៉ាងច្បាស់លាស់ ជម្រៅ និងខ្លឹមសារពិតប្រាកដ ដោយបានអនុវត្តតាមវិធីសាស្ត្រ ម៉ឺងម៉ាត់ វិទ្យាសាស្ត្រ និងមានឆន្ទៈខ្ពស់។ វាមិនត្រឹមតែជាការប្តេជ្ញាចិត្តនយោបាយប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាសកម្មភាពប្រចាំថ្ងៃរបស់ប្រព័ន្ធទាំងមូល និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជន។

ក្នុងពេលជាមួយគ្នានេះ យើងក៏បានពង្រីកនូវការផ្តោតអារម្មណ៍លើការប្រឆាំងអំពើពុករលួយ ទៅជាការប្រឆាំងទាំងការខ្ជះខ្ជាយ និងអវិជ្ជមាន ព្រោះថា ការខ្ជះខ្ជាយជារឿយៗមិនមានភាពអ៊ូអរ ប៉ុន្តែផលវិបាកគឺធំធេងណាស់ ដែលធ្វើឱ្យប្រភពធនធាន​ជាតិ​ថយ​ចុះ និងធ្វើឱ្យការអភិវឌ្ឍយឺត។ អ្វីដែលគួរឱ្យរីករាយនោះគឺ ក្នុងដំណើរការនេះ យើងកាន់តែយល់ច្បាស់នូវសច្ចធម៌មួយថា៖ ការសម្អាតប្រព័ន្ធម៉ាស៊ីន មិនមែនជារារាំងដល់ការអភិវឌ្ឍនោះទេ ប៉ុន្តែគឺដើម្បីការអភិវឌ្ឍប្រកបដោយល្អ ចីរភាព ជាងមុន​។ ការដោះស្រាយអំពីការបំពាន មិនធ្វើឱ្យប្រព័ន្ធចុះខ្សោយឡើយ ប៉ុន្តែគឺដើម្បីរក្សាវិន័យ បទបញ្ញតិ្ត ដើម្បីឱ្យជួរកម្មាភិបាលរបស់យើងកាន់តែរឹងមាំ ដើម្បីឱ្យអ្នកសុចរិតមានកន្លែងឈរនិង​អភិវឌ្ឍ អ្នកធ្វើត្រឹមត្រូវមានបង្អែក និងកុំឱ្យមាន "ដង្កូវស៊ីផ្ទៃក្នុង" នៅក្នុងប្រព័ន្ធនយោបាយ។

ទោះជាយ៉ាងណាក៏ដោយ យើងក៏ត្រូវតែទទួលស្គាល់ដោយស្មោះត្រង់ថា អំពើពុករលួយ ការខ្ជះខ្ជាយ និងបាតុភូតអវិជ្ជមានគឺជា "ពិការភាពពីកំណើត" គឺ "សត្រូវផ្ទៃក្នុង" ដែលលាក់ទុកនៅក្នុងប្រព័ន្ធ។ នៅកន្លែងខ្លះ និងពេលខ្លះ យើងមិនបានយល់ឃើញគ្រប់គ្រាន់ ដើម្បីកំណត់អត្តសញ្ញាណពួកគេ តាំងពីដំបូងឡើយ។ នៅតែមានតែមានស្ថានភាពគេចវេស រុញច្រាន "ខ្លាចទទួលខុសត្រូវ" នៅតែមានចន្លោះប្រហោងនៃយន្តការ ការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈ គម្រោងវិនិយោគ ដីធ្លី ការដេញថ្លៃ... ប្រសិនបើមិនគ្រប់គ្រងឱ្យបានតឹងរ៉ឹងទេ វាងាយនឹងកើតមានការបំពានណាស់។ និយាយម្យ៉ាងទៀត លទ្ធផលគឺគួរឱ្យគោរព ប៉ុន្តែដាច់ខាតមិនត្រូវធ្វេសប្រហែសឡើយ។ ចាំបាច់ត្រូវមានវ៉ាក់សាំង មាន "ថ្នាំអង់ទីប៊ីយោទិច" មាន "សុខាភិបាលបង្ការ" "សុខាភិបាល​សហគមន៍" ដើម្បីបង្ការ រកឃើញ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព​។ ចំពោះទិសដៅក្នុងអាណត្តិខាងមុខ ខ្ញុំចង់សង្កត់ធ្ងន់លើចំណុចធំៗមួយចំនួន ក្នុងស្មារតីទាំងម៉ឺងម៉ាត់ ទាំងអត់ធ្មត់ ធ្វើដល់​ណាឱ្យច្បាស់ដល់នោះ៖ 

នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការមជ្ឈិមបក្ស  គណៈកម្មាធិការមជ្ឈិមដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន បានរៀបចំសន្និសីទទូទាំង ដើម្បីបូកសរុបការងារបង្ការ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ខ្ជះខ្ជាយ និងអវិជ្ជមាន ក្នុងអំឡុងពេលមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្ស តាមរយៈរៀបចំដោយផ្ទាល់ និងតាមអនឡាញ។ លោកអគ្គលេខាបក្ស តូឡឹម (To Lam)  ប្រធានគណៈកម្មាធិការដឹកនាំមជ្ឈិមនេះ បានអញ្ជើញធ្វើជាអធិបតីក្នុងសន្និសីទ។ រូបថត៖ VNA

ទីមួយ ផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាជនត្រូវតែជាអាទិភាពដំបូង។ ការតស៊ូត្រូវតែមានភាពម៉ឺងម៉ាត់ ភាពអត់ធ្មត់ ធ្វើ ៖  ទៀងទាត់ និងបន្ត។ ការដោះស្រាយត្រូវតែតឹងរ៉ឹង ប៉ុន្តែក៏សមហេតុផល មនុស្សធម៌ និងយុត្តិធម៌ មិនមានតំបន់ហាមឃាត់ គ្មានករណីលើកលែង។ ក្នុងពេលជាមួយគ្នានេះ ត្រូវតែមានយន្តការ ដើម្បីការពារមន្ត្រីដែលហ៊ានគិត ហ៊ានធ្វើ និងច្នៃប្រឌិតសម្រាប់ផលប្រយោជន៍រួម ដើម្បីកុំឱ្យអ្នកដែលធ្វើរឿងត្រឹមត្រូវមិនត្រូវបានខាតបង់ ហើយអ្នកដែលធ្វើល្អមិនឯកោឡើយ។

ទីពីរ យើងត្រូវតែផ្លាស់ប្តូរយ៉ាងខ្លាំងឆ្ពោះទៅរកការបង្ការ ដោយចាត់ទុកការបង្ការជាឬគល់។ ការប្រយុទ្ធប្រឆាំងនឹងអំពើខុសឆ្គងគឺចាំបាច់ ប៉ុន្តែសំខាន់ជាងនេះទៅទៀត យើងកុំឱ្យអ្វីដែលអាក្រក់មានដីសម្រាប់ដុះដាល។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងត្រូវតែបន្តកែលម្អស្ថាប័ន បទប្បញ្ញត្តិ និងនីតិវិធី បញ្ជាក់អំពីការទទួលខុសត្រូវ និងសិទ្ធិអំណាច ពង្រឹងការគ្រប់គ្រង។ និងបង្កើនតម្លាភាព ជាពិសេសនៅក្នុងតំបន់ ដែលងាយនឹងកើតអំពើពុករលួយ។

ទីបី យើងត្រូវតែផ្តោតលើការធ្វើឱ្យក្របខ័ណ្ឌច្បាប់ល្អឥតខ្ចោះ បិទចន្លោះប្រហោង និងបង្កើត "ក្របខ័ណ្ឌស្តង់ដារ" សម្រាប់សុចរិតភាព។ ទស្សនៈ និងគោលនយោបាយត្រឹមត្រូវរបស់គណបក្ស ត្រូវតែត្រូវបានកំណត់យ៉ាងពេញលេញ និងទូលំទូលាយទៅជាបទប្បញ្ញត្តិច្បាប់។ វិមជ្ឈការ និងការផ្ទេរអំណាចត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការគ្រប់គ្រងអំណាច។ ហើយការផ្ទេរអំណាចត្រូវតែភ្ជាប់ទៅនឹងការទទួលខុសត្រូវ ដោយមិនទុក "ចន្លោះប្រហោង" ក្លាយជា "តំបន់ងងឹត"។ ត្រូវតែមានវិធានការរួម ដើម្បីធានាថា បុគ្គលទាំងអស់ "មិនអាច" "ខ្លាច" និង "មិនចាំបាច់" ប្រព្រឹត្តអំពើពុករលួយ និងបាតុភូតអសកម្ម។

ទីបួន ចាត់ទុកការប្រយុទ្ធប្រឆាំងនឹងការខ្ជះខ្ជាយ ជារណសិរ្សដ៏សំខាន់មួយ។ ការខ្ជះខ្ជាយមិនត្រឹមតែជាប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាពេលវេលា ឱកាស ធនធាន និងសូម្បីតែការជឿទុកចិត្តផងដែរ​។ ដូច្នេះ យើងត្រូវតែពិនិត្យឡើងវិញ និងដោះស្រាយយ៉ាងដាច់ខាតគម្រោង ដែលអនុវត្តយ៉ាងយឺតយ៉ាវ អូសបន្លាយ និងគ្មានប្រសិទ្ធភាព ពង្រឹងវិន័យ​ហិរញ្ញវត្ថុ - ថវិការដ្ឋ លើកកម្ពស់គុណភាពនៃការគ្រប់គ្រងសាធារណៈ ដើម្បីឱ្យប្រាក់នីមួយៗ ដីនីមួយៗ និងទ្រព្យសម្បត្តិសាធារណៈនីមួយៗ បម្រើឱ្យការអភិវឌ្ឍ និងប្រជាជនពិតប្រាកដ។ "យើងមានគោលការណ៍ផ្តល់អាទិភាពលើការបែងចែកធនធានសម្រាប់ការអភិវឌ្ឍ ប៉ុន្តែនេះក៏ជាផ្នែកមួយនៃ "ដី" ដែលអាចបង្កឱ្យមានការខ្ជះខ្ជាយផងដែរ។ ហេតុដូច្នេះ យើងចាំបាច់ត្រូវមានការព្រមាន និងមានវិធានការទប់ស្កាត់ ដើម្បីកុំឱ្យមានការខ្ជះខ្ជាយនានាកើតឡើង។"

ទីប្រាំ លើកកម្ពស់តួនាទីរបស់អង្គការមូលដ្ឋានរបស់ បក្ស និងការត្រួតពិនិត្យរបស់ប្រជាជន។ កន្លែងណាដែលអង្គការបក្សរឹងមាំ វិន័យតឹងរ៉ឹង ហើយប្រជាជនដឹង ប្រជាជនពិគ្រោះយោបល់ និងប្រជាជនត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព បាតុភូតអវិជ្ជមានមិនសូវរីកចម្រើនទេ។ ការបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងបាតុភូតអវិជ្ជមានមិនអាចជាភារកិច្ចរបស់ស្ថាប័នមាន​សមត្ថកិច្ចទេ វាត្រូវតែជារបៀបគិត ជាទម្លាប់នៃវប្បធម៌នៃប្រព័ន្ធទាំងមូល ដែលក្នុងនោះ ការធ្វើជាគំរូរបស់អ្នកដឹកនាំគឺជាចំណុចគន្លឹះ។ នោះត្រូវតែជាផ្នត់គំនិត និងឥរិយាបថវប្បធម៌នៅទូទាំងប្រព័ន្ធទាំងមូល ដោយមានការប្រព្រឹត្តល្អរបស់មេដឹកនាំជាគន្លឹះ។

ខ្ញុំចង់សង្កត់ធ្ងន់បន្ថែមទៀតថា៖ ឈានចូលដល់ដំណាក់កាលអភិវឌ្ឍនថ្មី យើងត្រូវការប្រព័ន្ធម៉ាស៊ីនស្អាតស្អំ និងរឹងមាំ ដើម្បីទទួលបានទំនុកចិត្តពីប្រជាជន ប្រព័ន្ធរឹងមាំដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាព និងមនុស្សធម៌ដើម្បីបង្រួបបង្រួមប្រជាជន​។ ការងារនេះត្រូវតែធ្វើដោយមានការប្រុងប្រយ័ត្នខ្ពស់៖ ដោះស្រាយអំពើខុសឆ្គងយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែក៏បង្កើតបរិយាកាសសម្រាប់សកម្មភាពត្រឹមត្រូវដើម្បីរីកចម្រើន ផងដែរ ដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះអំពើខុសឆ្គង ដើម្បីទប់ស្កាត់ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ការកែលម្អយន្តការ ដើម្បីបង្កើតឱកាសសម្រាប់មនុស្សល្អធ្វើការ និងដើម្បីសង្គមដំណើរការដោយតម្លាភាព និងមានសណ្តាប់ធ្នាប់។

 
ដោយបន្តកម្មវិធីនៃសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គនៅសាលប្រជុំ ដើម្បីបោះឆ្នោតអនុម័តលើច្បាប់ ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ រូបថត៖ យ័នតួន VNA

 

អ្នកយកព័ត៌មាន៖ នៅមុនមហាសន្និបាត​តំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស  តើលោកអគ្គលេខាបក្ស អាចចែក​រំលែកអំពីសារៈសំខាន់នៃមហាសន្និបាតលើកនេះ គោលការណ៍ណែនាំ ចក្ខុវិស័យយុទ្ធសាស្ត្រ និងសេចក្តីប្រាថ្នា សម្រាប់ប្រទេសវៀតណាមដ៏រុងរឿង រឹងមាំ ស៊ីវិល័យ និងអរិយធម៌ និង​សុភមង្គល?

លោកអគ្គលេខាធិការ តូ ឡឹម (To Lam) រាល់មហាសន្និបាតតំណាំងទូទាំងប្រទេសរបស់បក្ស គឺជាព្រឹត្តិការណ៍ដ៏​សំខាន់មួយ ប៉ុន្តែជាមួយនឹងមហាសន្និបាតលើកទី១៤នេះ សារៈសំខាន់កាន់តែជ្រៅទៅទៀត ពីព្រោះយើងកំពុងធ្វើឡើងមហាសន្និបាត​ក្នុងបរិបទនៃពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជាមួយនឹងចលាចលជាច្រើន និងមិនអាចប៉ានស្មានជាមុនបានទេ។ ខណៈពេលដែលប្រទេសយើង បន្ទាប់ពីការផ្លាស់ប្តូរថ្មីរាប់ទសវត្សរ៍ មានសមិទ្ធផល  សក្តានុពល និងជំហរថ្មី ហើយក្នុងពេលជាមួយគ្នានេះ យើងប្រឈម​មុខនឹងតម្រូវការអភិវឌ្ឍន៍ថ្មី ខ្ពស់ និងកាន់តែមឺងម៉ាត់ជាង។ នេះគឺជាពេល ដែលយើងត្រូវសម្លឹងមើលឱ្យត្រង់ទៅលើភាពជាក់ស្តែង កំណត់ឱ្យបានត្រឹមត្រូវនូវកាលានុវត្តភាព និងបញ្ហាប្រឈម សរុបនូវអ្វីដែលសម្រេចបាន ចង្អុលបង្ហាញនូវអ្វីដែលនៅតែសេសសល់ ហើយអ្វីដែលសំខាន់បំផុតគឺការឯកភាពឆន្ទៈ និងសកម្មភាព ដើម្បីបន្តដំណើរទៅមុខយ៉ាងរឹងមាំ។ ខ្ញុំគិតថា មានចំណុចធំៗ ចំនួនបី អំពីសតិអារម្មណ៍សំខាន់ៗ និង​ចក្ខុវិស័យយុទ្ធសាស្ត្រ ដែលមហាសន្និបាតលើកនេះត្រូវបញ្ជាក់ឱ្យច្បាស់ និងផ្សព្វផ្សាយឱ្យបានខ្លាំងក្លា ដូចខាងក្រោម៖

ចំណុចទីមួយគឺ ឯកភាព និងការជឿទុកចិត្ត។ ឯកភាពមិនមែនគ្រាន់តែជាពាក្យស្លោក ឬការអំពាវនាវទេ។ ឯកភាពត្រូវតែក្លាយរបៀបរបបនៃការប្រព្រឹត្តរបស់ប្រព័ន្ធទាំងមូល និងរបស់ជនជាតិវៀតណាមម្នាក់ៗ៖ ឯកភាព​ក្នុងបក្ស ឯកភាពក្នុងចំណោមប្រជាជន ឯកភាពរវាងឆន្ទៈរបស់បក្ស និងសេចក្តីប្រាថ្នារបស់ប្រជាជន។ ចេះដាក់ការងាររួមជាចម្បង ចេះលះបង់​ផលប្រយោជន៍ផ្ទាល់ខ្លួន នៅពេលចាំបាច់។ ហើយរួមជាមួយនឹងឯកភាព គឺការជឿទុកចិត្ត៖ ជឿជាក់លើផ្លូវ ដែលយើងបានជ្រើសរើស ជឿជាក់លើកម្លាំងរបស់ប្រទេសជាតិ ជឿជាក់​លើរឿងល្អៗនឹងកើតឡើង ប្រសិនបើយើងធ្វើការដោយខ្ជាប់ខ្ជួន និងដើម្បីប្រទេស និងដើម្បីប្រជាជន​។

ចំណុចទីពីរគឺ វិន័យ និងការទម្លាយភាពទាល់ច្រក។ ប្រសិនបើប្រទេសចង់រីកចម្រើនយ៉ាងឆាប់រហ័ស យើងត្រូវការមានការទម្លាយភាពទាល់ច្រក ប៉ុន្តែប្រសិនបើយើងចង់ទៅឆ្ងាយ យើងត្រូវតែមានវិន័យ​។ ដូច្នេះ បាវចនារបស់មហាសន្និបាតលើកនេះ ត្រូវបានកំណត់យ៉ាងច្បាស់លាស់៖ "ឯកភាព - ប្រជាធិបតេយ្យ - វិន័យ - ការទម្លាយភាពទាល់ច្រក - ការអភិវឌ្ឍ"។ ការទម្លាយ​ភាពទល់ច្រក ​នៅទីនេះ​មិនមែន​គ្រាន់តែ​អំពី​ការធ្វើ​ «រឿង​ថ្មីៗ» មួយចំនួន​នោះទេ ប៉ុន្តែ​នោះគឺគំនិតអំពី ​​ហ៊ាន «ប៉ះ» ដល់ចំណុច​កកស្ទះ​ពិតប្រាកដ៖ ស្ថាប័ន ម៉ាស៊ីន​រដ្ឋបាល គុណភាព​ធនធានមនុស្ស សមត្ថភាព​អភិបាលកិច្ច និង​វិន័យ​​សេវាសាធារណៈ ដើម្បីឱ្យ​ប្រទេស​ដំណើរការ​កាន់តែ​រលូន យុត្តិធម៌ តម្លាភាព និង​មាន​ប្រសិទ្ធភាព​។

ចំណុចទីបី គឺការអភិវឌ្ឍ​សម្រាប់​ប្រជាជន និង​តាមរយៈ​ចំណេះដឹង។ សេចក្តីប្រាថ្នា​សម្រាប់ «រុងរឿងទ្រ វិបុលភាព អរិយធម៌ និង​សុភមង្គល» ត្រូវតែ​វាស់វែង​ដោយ​រឿង​ធម្មតាៗ ​ជាដំបូងបង្អស់៖ ​ប្រជាជន​មាន​ការងារ​ល្អ​ជាង ប្រាក់ចំណូល​មាន​ស្ថិរភាព​ជាង​មុន​ទេ? តើ​ពួកគេ​មាន​លំនៅដ្ឋាន «សមរម្យ និង​ស្រស់ស្អាត» ទេ? តើ​កូនៗ ​របស់​ពួកគេ​មាន​លទ្ធភាព​ទទួលបាន​ការអប់រំ​កាន់តែ​ប្រសើរ​ទេ? តើ​ពួកគេ​ទទួលបាន​ការថែទាំ​សុខភាព​កាន់តែ​ប្រសើរ​ទេ? តើ​មនុស្សចាស់​មាន​ទីពឹងទេ? ហើយ​តើ​តំបន់ ​ដែល​មាន​​ស្ថានភាពលំបាក​ទទួលបាន​ជំនួយ​ទាន់ពេលវេលា​​ទេ?... ហើយ​ប្រសិនបើ​យើង​ចង់​ឲ្យ​អ្វីៗ​កាន់តែ «ប្រសើរ» យើង​ត្រូវតែ​ចាត់ទុកថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និង​បរិវត្តកម្ម​ឌីជីថល​ជា​កត្តា​ជំរុញ​សំខាន់ៗ​ នៃ​គំរូ​កំណើន​ថ្មី។ ក្នុងពេលជាមួយគ្នានេះ វា​លើកកម្ពស់​យ៉ាងខ្លាំង​ នូវ​ធនធាន​សង្គម​ទាំងអស់ ដោយ​សេដ្ឋកិច្ច​ឯកជន​ជា​កម្លាំងចលករ​ដ៏សំខាន់។

ចក្ខុវិស័យជាយុទ្ធសាស្ត្រ របស់មហាសន្និបាតត្រូវបានភ្ជាប់ទៅនឹងព្រឹត្តិការណ៍សំខាន់ៗ ដ៏ច្បាស់​លាស់​ផងដែរ៖ ការជ្រើសរើសគោលនយោបាយដើម្បីសម្រេចគោលដៅដោយជោគជ័យ នៅឆ្នាំ ២០៣០ និងសម្រេចចក្ខុវិស័យ នៅឆ្នាំ ២០៤៥។ ទាំងនេះគឺជា "ព្រឹត្តិការណ៍សំខាន់ៗ" ដែលត្រូវខិតខំដើម្បីឲ្យវិស័យនីមួយៗ មូលដ្ឋាននីមួយៗ ភ្នាក់ងារនីមួយៗ និងប្រជាពលរដ្ឋម្នាក់ៗ អាចមើលឃើញតួនាទីជាក់លាក់របស់ពួកគេ នៅក្នុងដំណើររួម។

យោងតាមផែនការ មហាសន្និបាតតំណាង​ទូទាំងប្រទេសលើកទី ១៤ របស់បក្ស នឹងធ្វើឡើង ចាប់ពីថ្ងៃទី ១៩ ខែមករា ដល់ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៦ នៅរដ្ឋធានីហាណូយ។ នេះគឺជាព្រឹត្តិការណ៍​នយោបាយដ៏សំខាន់ សម្រាប់បក្ស និងប្រជាជាតិយើង ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ប្រទេសក្នុងសម័យកាលហូជីមិញ ដែលសម្គាល់ការបញ្ចូលគ្នានៃប្រពៃណីវប្បធម៌រាប់ពាន់ឆ្នាំរបស់ប្រទេសជាតិ ដើម្បីឈាន​ចូលក្នុងសម័យកាលថ្មី។ កម្មាភិបាល បក្ខជន និងប្រជាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមដាន និងរំពឹងទុកនូវភាពជោគជ័យរបស់មហាសន្និបាតនេះ។ ខ្ញុំជឿជាក់ថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សនឹងពិតជាកន្លែង ដែលប្រមូលផ្តុំប្រាជ្ញា ភាពក្លាហាន និងសេចក្តីប្រាថ្នា គឺមហាសន្និបាតដែលនិយាយការពិត ពិភាក្សាអំពីអ្វីដែលត្រូវពិភាក្សា និងធ្វើការសម្រេចចិត្តត្រឹមត្រូវចំពោះអ្វីដែលត្រូវសម្រេច។

 
 

នៅយប់ថ្ងៃទី ២ ខែកញ្ញា ប្រជាជនរដ្ឋធានីហាណូយបានរីករាយនឹងការបាញ់កាំជ្រួចដ៏អស្ចារ្យ ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាដ៏ជោគជ័យ (ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៥- ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥) និងទិវាជាតិនៃសាធារណរដ្ឋសង្គមនិយមវៀត​ណាម (ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥)។ រូបថត៖ VNA 

អ្នកយកព័ត៌មាន៖ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល ២០២៦ តើលោកអគ្គលេខាបក្ស មានសារអ្វីផ្តាំផ្ញើទៅកាន់ប្រជាជនវៀតណាម និងសហគមន៍អន្តរជាតិ​? សូមគោរពអញ្ជើញ​លោកអគ្គលេខបក្ស

លោកអគ្គលេខាធិការ តូ ឡឹម (To Lam) ៖ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល  ២០២៦ ខ្ញុំសូមផ្ញើសារខ្លី និងស្មោះស្ម័គ្រមួយ។ ចំពោះប្រជាជនវៀតណាម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជឿទុកចិត្ត ការលះបង់ដោយស្ងៀមស្ងាត់ ការអត់ធ្មត់ និងមនោសញ្ចេតនា ដែលបងប្អូនរួមជាតិបានផ្តល់ឱ្យគ្នាទៅវិញទៅមក និងផ្តល់ឱ្យប្រទេសជាតិ ក្នុង​រយៈ​​ពេលជាច្រើនឆ្នាំ ដែលមានការប្រែប្រួលជាច្រើន​។ ខ្ញុំសូមជូនពរឱ្យគ្រប់ក្រុមគ្រួសារ ទទួលបាននូវឆ្នាំថ្មី ប្រកបដោយសេចក្តីសុខសាន្ត ម្នាក់ៗឈានចូលឆ្នាំថ្មីជាមួយនឹងរឿងដ៏សាមញ្ញមួយគឺ៖ ធ្វើការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ជីវភាពរស់នៅទាំងផ្នែកសម្ភារៈ និងស្មារតីកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅពេលដែលរឿង "ល្អប្រសើរជាងមុន" រាប់លាននោះបូកបញ្ចូលគ្នា ប្រទេសជាតិនឹងរឹងមាំឡើងប្រកបដោយចីរភាព។

ខ្ញុំក៏សង្ឃឹមថា ជួរកម្មាភិបាល បក្ខជនគ្រប់ជាន់ថ្នាក់ ត្រូវចងចាំជានិច្ចថា៖ តំណែងកាន់តែខ្ពស់ ការទទួលខុសធ្ងន់កាន់តែធំ អំណាចកាន់តែច្រើន ត្រូវតែគោរពតាម​វិន័យ សុចរិតភាព និងភាពជាគំរូ។ រឿងណាដែលផ្តល់ប្រយោជន៍ដល់ប្រជាជន ត្រូវខិតខំធ្វើឱ្យអស់ពីសមត្ថភាព រឿងណាដែលបង្កការលំបាកដល់ប្រជាជន ត្រូវខិតខំជៀសវាងឱ្យបានជាដាច់ខាត អ្វីដែលខុសត្រូវតែកែប្រែ អ្វីដែលល្អត្រូវតែការពារ។

ចំពោះមិត្តភក្តិ និងសហគមន៍អន្តរជាតិ វៀតណាមតែងតែគោរពសុឆន្ទៈ ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ។ យើងប្រាថ្នាចង់ រួមសុខរួមទុក្ខជាមួយបណ្តាប្រទេស អង្គការ និងប្រជាជននៅលើពិភពលោក ដើម្បីកសាងបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួម។ វៀតណាម​តែងតែជាដៃគូដ៏គួរឱ្យទុក​ចិត្ត ជាសមាជិកដែលមានការទទួលខុសត្រូវ រួមដៃគ្នាដោះស្រាយបញ្ហាប្រឈមរួម ដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខមិនមែនប្រពៃណី ការអភិវឌ្ឍបរិយាប័ន្ន ការធ្វើបរិវត្តកម្មឌីជីថល និងការច្នៃប្រឌិត។ យើងជឿជាក់ថា អ្វីដែលល្អបំផុតតែងតែចាប់ផ្តើមចេញពីការគោរពគ្នាទៅវិញទៅមក ពីការសន្ទនាដោយស្មោះត្រង់ និង​ពីកិច្ចសហប្រតិបត្តិការ ដែលនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃបណ្តាប្រទេស និងជាតិសាសន៍នានានៅលើសកលលោក។ 


សូមជូនពរបងប្អូនរួមជាតិ យុទ្ធជនទូទាំងប្រទេស និងមិត្តភក្តិអន្តរជាតិ ក្នុងឆ្នាំ ២០២៦ ទទួលបាននូវសុខភាពល្អ សេចក្តីសុខសាន្ត កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ សួស្តីឆ្នាំថ្មី ២០២៦!

 
នៅថ្ងៃទី ១៤ ខែតុលា ម៉ោងនៅទីក្រុងញូវយ៉ក (ព្រឹកព្រលឹមថ្ងៃទី ១៥ ខែតុលា ម៉ោងនៅរដ្ឋធានីហាណូយ) នៅទីស្នាក់ការនៃអង្គការសហប្រជាជាតិ សម័យប្រជុំលើកទី ៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ ២០២៦ - ២០២៨​។​ វៀតណាមត្រូវបានជាប់ឆ្នោតជាថ្មម្តងទៀត ជាសមាជិកនៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជាមួយនឹងសំឡេងគាំទ្រចំនួន ១៨០ ដែលជាចំនួនសំឡេងគាំទ្រខ្ពស់បំផុត ក្នុងចំណោមតំណាងមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក។ រូបថត៖ ថាញ់ទួន - អ្នកសារព័ត៌មាន VNA ប្រចាំនៅសហរដ្ឋអាមេរិក

 


top