រួមគ្នាកសាងអនាគតកុមារវៀតណាម
បន្ទាប់ពីធ្វើការជាងពីរឆ្នាំនៅវៀតណាម លោកស្រី Silvia Danailov ប្រធានតំណាងអង្គការ UNICEF ប្រចាំប្រទេសវៀតណាម បានសម្តែងចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ ចំពោះស្មារតីសុទិដ្ឋិនិយម សេចក្តីប្រាថ្នាសម្រាប់ការអភិវឌ្ឍ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះកុមារ។ យោងតាមលោកស្រីរូបនេះ នៅពេលដែលសង្គមមួយជ្រើសរើសវិនិយោគលើកុមារ នោះគឺការបង្កើតមូលដ្ឋានគ្រឹះ សម្រាប់វឌ្ឍនភាពចីរកាល និងអនាគតដ៏រុងរឿង របស់ប្រទេសជាតិ...
វៀតណាម - ប្រទេសមួយពោរពេញដោយក្តីសង្ឃឹម
ក្នុងរយៈពេល ២៥ឆ្នាំ ធ្វើការជាមួយអង្គការ UNICEF នៅប្រទេសជាច្រើន លោកស្រី Silvia Danailov បានឲ្យដឹងថា វៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍ពិសេសចំពោះលោកស្រី។ តាំងពីប៉ុន្មានថ្ងៃ ដំបូងដែលទើបទទួលភារកិច្ច លោកស្រីរូបនេះមានអារម្មណ៍ថា ថាមពលវិជ្ជមាន និងស្មារតីសុទិដ្ឋិនិយមបានផ្សាយក្នុងពិធីជំនួប នៅការិយាល័យ ក៏ដូចជាក្នុងជីវិតប្រចាំថ្ងៃ។
យោងតាមលោកស្រីរូបនេះ វៀតណាមកំពុងឈានចូលក្នុងដំណាក់កាលអភិវឌ្ឍយ៉ាងខ្លាំងក្លា ជាមួយនឹងចក្ខុវិស័យច្បាស់លាស់ និងបំណងប្រាថ្នាចង់កែទម្រង់។ លើសពីនេះ ប្រជាជនវៀតណាម ជាពិសេសយុវជនបង្ហាញពីភាពស្វាហាប់ ឧស្សាហ៍ព្យាយាម និងភាពរួសរាយរាក់ទាក់ បង្កើតភាពរស់រវើកសម្រាប់សង្គម ដែលកំពុងមានទំនុកចិចតធ្វើសមាហរណកម្មជាមួយពិភពលោក។
ត្រឹមតែប៉ុន្មានខែ បន្ទាប់ពីលោកស្រីចាប់ផ្តើមអាណត្តិ ព្យុះ Yagi ដែលជាព្យុះធំបំផុតមួយ ក្នុងរយៈពេលជាច្រើនទសវត្សរ៍ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងតំបន់ជាច្រើន។ ក្នុងអំឡុងពេលមកទស្សនា និងបំពេញការងារនៅមូលដា្ឋនរងផលប៉ះពាល់ លោកស្រី Silvia Danailov បានជួបគ្រួសារ ដែលបានបាត់បង់ផ្ទះសម្បែង សាលារៀន និងការងាររកស៊ី។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលធ្វើឱ្យលោកស្រីរំជួលចិត្តបំផុត នោះគឺភាពអង់អាចក្លាហានរបស់ប្រជាជន។
លោកស្រី Silvia Danailov បានចែករំលែកថា “សូម្បីតែក្នុងកាលៈទេសៈដ៏លំបាកបំផុតក៏ដោយ កុមារនៅតែញញឹម និងថែរក្សាក្តីសុបិន្តរបស់ពួកគេ ខណៈពេលដែលបណ្តាគ្រួសារក៏ខិតខំក្រោកឈរដើម្បីស្តារៈជីវិតរបស់ពួកគេឡើងវិញ”។
បទពិសោធន៍ទាំងនេះ បានជួយឱ្យលោកស្រីមើលឃើញយ៉ាងច្បាស់លាស់អំពីវៀតណាមសព្វថ្ងៃនេះ ជាប្រទេសមួយ ដែលមានទំនុកចិចត្តធ្វើទំនើបកម្ម រឹងមាំដេញតាមភាពជឿនលឿនសង្គម ព្រមទាំងរក្សាអត្តសញ្ញាណវប្បធម៌ និងបើកចំហចំពោះពិភពលោក។
អមដំណើរ ដើម្បីការអភិវឌ្ឍរបស់កុមារលើគ្រប់ជ្រុងជ្រោយ
យោងតាមលោកស្រី Silvia Danailov កំណែទម្រង់នាពេលថ្មីៗរបស់វៀតណាម ក្នុងវិស័យអប់រំ និងអភិបាលកិច្ចសង្គម បង្ហាញពីទិសដៅដ៏រឹងមាំ ឆ្ពោះទៅរកប្រព័ន្ធអភិវឌ្ឍប្រកបដោយបរិយាបន្ន និងចីរភាព ។ ការលើកលែងថ្លៃសិក្សា សម្រាប់ការអប់រំទូទៅ និងការប្រកាសឱ្យប្រើច្បាប់ស្តីពី គ្រូបង្រៀនដំបូង គឺជាជំហានសំខាន់ៗ ដើម្បីពង្រឹងជំហរអប់រំ និងលើកតម្កើងកងជួរគ្រូបង្រៀន។
សេចក្តីសម្រេចរបស់វៀតណាម ដូចជាសេចក្តីសម្រេចលេខ៧១ ស្តីពីរបកគំហើញអភិវឌ្ឍការអប់រំ និងបណ្តុះបណ្តាល និងសេចក្តីសម្រេចលេខ៥៧ ស្តីពីរបកគំហើញអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ ក៏បើកឱកាសសម្រាប់ឱ្យកុមារទទួលបានចំណេះដឹងសកល ព្រមទាំងកុមារបានទទួលចំណេះដឹងចាំបាច់ ក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិតផងដែរ។
លើសពីនេះ វៀតណាមផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការវិនិយោគសម្រាប់កុមារតាំងពីកុមារភាព។ គោលនយោបាយអប់រំមត្តេយ្យសិក្សា និងការគាំទ្រសម្រាប់កុមារនៅក្នុងតំបន់ឧស្សាហកម្ម និងទីក្រុង រួមចំណែកធានាថាកុមារមានស្ថានភាពលំបាក មិនបានទុកចោលនៅខាងក្រោយឡើយ។ នៅពេលដែលការអប់រំមានគុណភាព ត្រូវបានរួមផ្សំជាមួយនឹងអាហារូបត្ថម្ភ និងការថែទាំលើគ្រប់ជ្រុងជ្រោយ កុមារនឹងមានឱកាសអភិវឌ្ឍរាងកាយ និងបញ្ញា។
- លោកស្រី Silvia Danailov មានសញ្ជាតិពីរគឺ ស៊ែប៊ី និងស្វីស។
- បញ្ចប់ការសិក្សាបរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយ និងអនុបណ្ឌិតទំនាក់ទំនងអន្តរជាតិ ឯកទេសច្បាប់អន្តរជាតិសាធារណៈ។
- ចូលកាន់តំណែងជាប្រធានតំណាងអង្គការ UNICEF ប្រចាំប្រទេសវៀតណាម តាំងពីខែសីហា ឆ្នាំ២០២៤។
- លោកស្រីមានបទពិសោធន៍ជាង ២៥ឆ្នាំ ក្នុងវិស័យអភិវឌ្ឍន៍ និងសកម្មភាពមនុស្សធម៌នៅប្រទេសជាច្រើន។ សន្យាជំរុញការពារ ថែទាំ និងបង្កើនសិទ្ធិប្រយោជន៍ជូនកុមារ និងស្ត្រី។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការ UNICEF បានសហការជាមួយក្រសួងអប់រំ និងបណ្តុះ បណ្តាល កសាងកម្មវិធីអប់រំមួយ សម្រាប់ថ្នាក់មតេ្តយ្យ ដែលយកកុមារជាស្នូល និងលើកទឹកចិត្តដល់ការរៀនសូត្រ តាមរយៈការលេងកម្សាន្ត ខណៈព្រមទាំងជំរុញអប់រំសមភាពយេនឌ័រ និងអប់រំសមាហរណកម្មសម្រាប់ក្រុមកុមារងាយរងគ្រោះផងដែរ។
នាពេលអនាគត អង្គការ UNICEF នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយវៀតណាម ដើម្បីជមរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ លើកកម្ពស់សមត្ថភាពទទួលបានបច្ចេកវិទ្យា និងគាំទ្រដំណោះស្រាយឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ដែលយកកុមារជាស្នូល។
យោងតាមលោកស្រី Silvia Danailov នៅពេលដែលកុមារទាំងអស់មានឱកាសរៀនសូត្រ អភិវឌ្ឍ និងពង្រីកសក្តានុពលរបស់ពួកគេ វៀតណាមនឹងមានមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីកសាងអនាគត ប្រកបដោយបរិយាបន្ន ចីរភាព និងរុងរឿង៕
អត្ថបទ៖ ប៊ិចវ៉ឹន - រូបថត៖ ថាញយ៉ាង/ VNP និងឯកសាររបស់លោកស្រី Silvia Danailov












