រដូវពណ៌មាសស្រុក ទ្រុងខាញ់ (Trung Khanh)

រដូវពណ៌មាសស្រុក ទ្រុងខាញ់ (Trung Khanh)


ដែន​ដី​ជាយ​ដែនស្រុក​​ទ្រុង​ខាញ់​ (Trung Khanh) (ខេត្ត​កាវបាំង- Cao Bang​) ព្រៃភ្នំស្រស់បំព្រង​។ រដូវ​ស្លឹក​ឈើជ្រុះមកដល់ មាន ន័យថាដល់រដូវ​ច្រូត​កាត់​​ ស្រុកទ្រុង​ខាញ់ (Trung Khanh) ​ត្រូវបានដណ្តប់ដោយ​អាវ​ថ្មី​ពណ៌លឿង​​ ពត់ពេន​តាម​ដងផ្លូវគមនាគមន៍​​។

មិនមែនតែប៉ុណ្ណោះ ចាប់ពីយានយន្តបាន​ធ្វើ​ដំណើរទៅកាន់​ក្បាលស្រុក​ទ្រុ​ងខាញ់ (Trung Khanh) ជា​ទីកន្លែងដែល​​ជាប់ព្រំប្រទល់​ជាមួយ​នឹង​ស្រុកក្វាង​អ្វៀន​ (Quang Uyen) បានលាតសន្ធឹង​នៅ​ចំពោះមុខ គឺ​​​បរិកាសដ៏​​ទាក់ទាញ់​ដួង​ចិត្ត​ ស្រូវ​ទុំ​លឿង​ចម្រុះ​​ភ្នំ ភ្នំចម្រុះ​ដង​ជ្រោះ​ ជាមួយនឹង​ដង​ស្ទឹង​តូច​ឱបក្រសោប​ភូមិ​ឋាន​ជនជាតិ​តៃ​ (Tay) ស្រពិច​ស្រពិល​ក្រោយស្បៃសន្សើម​ព្រឹក។ ស្រូទុំលឿង​រត់បណ្តោយ​តាម​ដង​ផ្លូវខេត្ត​លេខ​២១៥ លិច​អណ្តែត​ក្រោម​ជ្រលងភ្នំ​ អូសបន្លាយ​ដាច់កន្ទុយ​ភ្នែក​។ ស្រៀកៗ​ខ្យល់ពាំក្លិន​ស្រូវទុំ​ លាយ​ជាមួយ​ក្លិន​ក្រអូប​ចំបើង​ បង្កើត​បាន​ជាក្លិន​មួយ​បែប​ ដែល​មិនអាចពណ៌នាបាន​។​

ពេល​យើងខ្ញុំ​បោះជំហាន​ទៅ​ដល់​មជ្ឈមណ្ឌល​ស្រុក​ទ្រុ​ងខាញ់ (Trung Khanh) ក៏​បានជួប​​ប្រទះឃើញ​​ឡាន​ទេសចរណ៍​ប្រដេញ​គ្នា ​ពីដង​​ជ្រោះ​ធ្វើ​ដំណើរមក​លើ។ ភ្ញៀវទេសចរ​ឡើង​គយគន់​ទេសភាព​ស្រូវទុំ​ អ្នក​ថតរូប​​ឡើង​ប្រមាញ់​​កាលៈទេសៈ​មាស​ អ្នកទីក្រុង​បរិយាកាសចង្អៀត​ ឡើង​ទីនេះ​ស្រស់ស្រូប​ជំនោរខ្យល់​ ក្រេបយក​បរិយាកាស​ល្វឹងល្វើយ​ ស្អាត​រហូតដល់​ក្តុកក្តួ​រឱរ៉ា​ នៃ​ទឹក​ដី​ស្រុក​ទ្រុង​ខាញ់ (Trung Khanh)​។​

រដូវ​ស្រូវទុំ​ទ្រុង​ខាញ់ (Trung Khanh) ល្បី​ដល់ថ្នាក់ គ្រាន់តែ​សរសេរកន្សោមពាក្យ​នេះ​នៅលើ​ google ក៏អាច​ទទួល​បាន​លទ្ធផល​រាប់លាន​ ដូចនេះ​យើង​ខ្ញុំ​មិនពិបាក​កំណត់រក​ទីតាំងទៅកាន់​ បេះដូង នៃរដូវ​ស្រូវទុំ​ នោះគឺឃុំ​ង៉ុក​កោន (Ngoc Con) ឃុំផុង​​ណឹម​ (Phong Nam) និង ឃុំ​ដាម​ធ្វី​ (Dam Thuy)។​

ទីតាំង​ឈប់សម្រាក​ដំបូង​របស់យើង​ខ្ញុំ​គឺនៅ​​ជ្រោះ​ បាន​យ៉ុក​ (Ban Gioc) ជា​ជ្រោះ​​អស្ចារ្យ​មួយ​​​ក្នុងចំណោម​ជ្រោះ​ទាំង៧​លើពិភពលោក​។ ក្រោម​ជើង​ជ្រោះ វាលស្រែកាំជណ្តើរ​​ស្រូវទុំ​លឿង ជាស្នាដៃ​នៃ​​ប៉ូស្តិ៍​ការ​ពារព្រំដែន​ដាមធ្វី (Dam Thuy) ​ដែល​កំពុងស្ថិតក្នុងរដូវ​ច្រូត​កាត់​។​ វាលស្រែនេះ​ ដូចជា​ផាតពណ៌​បន្ថែមលើជ្រោះ​បានយ៉ុក​ (Ban Gioc) ដ៏អស្ចារ្យ​នេះ​។​

 


ស្បៃរាត្រី​បង្អោន​ចុះ​ យើងខ្ញុំ​ត្រឡប់ទៅឃុំ​​ផុង​ណឹម​ (Phong Nam) និង ង៉ុក​កោន​ (Ngoc Con) បង្ហាញ​នៅ​ចំពោះមុខគឺ​បរិយាកាស​ស្រស់ស្រាយ​នៃវាលស្រែ​ស្រូ​វទុំ​ ហ៊ុំព័ទ្ធដងស្ទឹង​​ក្វីសឺន​ (Quay Son) រំសាយ​ខ្លួន​ឆ្ពោះទៅ​ទិស​ជើង​ភ្នំ​។ រដូវនេះ ភ្ញៀវទេសចរ​រំភើបញាប់ញ័រ​​ក្រោម​​ពណ៌លឿង​នៃស្រូវទុំ​ ពណ៌ខៀវ​នៃដងភ្នំ​ និង ដងស្ទឹង​ក្វី​សឺន​ (Quay Son) សម្របខ្លួន​រត់កាត់​ភូមិ​ស្រុក​។ ខណៈ​ពេល​ស្អាតបំផុត​នៃរដូវស្រូវទុំ​នៅទីនេះ  គឺនៅ​ពេល​ព្រឹកព្រលឹម​អរុណជិត​រះ​ (ចាប់ពី​ប្រហែល​ម៉ោង​៥ព្រឹក) និង ថ្ងៃអស្តង្គត (ចាប់ពី​​ប្រហែល​ម៉ោង​៣រសៀល​)។ ខណៈ​ពេល​នេះ រស្មី​ចែងចាំង​ពាំភាពកក់ក្តៅ​ចុះមក​វាលស្រែ​វាលស្រូវ​ធំល្វឹងល្វើយ​ បង្កើត​បាន​ជា​ទេសភាពមួយ​ផ្លេកៗប្រកប​ដោយ​ពណ៌លឿង​យ៉ាងវិសេស​។​

ឃុំ​ផុង​ណឹម​ (Phong Nam) និង ឃុំ​ង៉ុកកោន​ (Ngoc Con) ជា​ទីកន្លែង​រស់នៅ​នៃ​​ជនជាតិ​តៃ​(Tay) ​ភាគច្រើន​។ ពួកគេ​ប្រកបមុខរប​រធ្វើ​ស្រែ​ ព្រមទាំង​​រក្សាបាន​ផ្នត់​រស់នៅបែប​​ប្រពៃណី ដែល​​បានបន្តមក​ជាច្រើន​ជំនាន់​។ មកដល់​ទីនេះ យើង​ខ្ញុំ​ជួប​ប្រទះឃើញ​​ផ្ទះ​តូច​ដេក​បំពួនយ៉ាង​សុខសាន្ត​ក្បែរ​ដងភ្នំ​ វាលស្រែស្រូវទុំ​ ដែល​ពោរពេញទៅ​សម្រស់ស្រស់ស្អាត​ មាន​ទាំង​អ្នកភូមិ​កំពុង​​ច្រូត​កាត់ប្រមូលផលស្រូវ​ទៀត​ផង​​។​


ទន្ទឹមនឹង​ពូជស្រូវថ្មី​ ជនជាតិតៃ ​(Tay) ​នៅទីនេះ នៅរក្សា​បាន​​ពូជស្រូវ​ដំណើប​​ស្រុក​ ដែលមាន​រសជាតិ​ទន់​ស្វិត​​​ ក្លិន​ក្រអូប​​ពិសេស​​។ នៅ​ពេល​​រដូវស្រូវទុំ​ ទូទាំង​ជ្រលង​ភ្នំ​ស្រស់ស្អាត​ សុទ្ធតែបាន​​​ដណ្តប់​ដោយ​ក្លិន​ក្រអូប​ស្រូវ​ នាំមកជូន​​អ្នក​នូវ​​​អារម្មណ៍​ស្រស់ស្រាយ​ ដោយ​ចិត្ត​គ្មាន​មន្ទិល​។

យើង​ខ្ញុំធ្វើ​ដំណើរ​​​ទៅដល់​​ឃុំ​ង៉ុកកោន​ (Ngoc Con) ​ដើម្បី​ស្វែងយល់អំពី​ដំណើប​អ៊ុង (Ong)​ឈ្ងុយ​​ឆ្ងាញ់ប្រចាំស្រុក​។ របៀប​ប្រមូល​ផល​ស្រូវ​ដំណើប​នេះ ក៏មានសភាពក្និកក្នក់​ ថ្នម​ៗ គ្មានទីណាប្រៀបដូចដែរ។​

ស្ទឹង​ក្វីសឺន​ (Quay Son) ​ហូរកាត់​វាលស្រែ​ស្រូវទុំនៃ​ឃុំ​ង៉ុក​កោន​ (Ngoc Con) នារដូវ​ស្រូវទុំ​។ រូបថត៖ ង្វៀន​ថាំង​/កាសែតរូបភាពវៀតណាម​

ទៅ​​ទស្សនាជ្រលង​ភ្នំ​ង៉ុក​កោន​ (Ngoc Con) ​​ដេក​បំពួន​ក្បែរដងស្ទឹង​ ​ក្វី​សឺន​ (Quay Son) ពិត​ជាការ​​កង្វះខាតមួយ ប្រសិនបើ​ភ្ញៀវទេសចរ​មិនបាន​ពិសា​បាយ​ដំណើបអ៊ុង (Ong)​​ពូជស្រូវ​ក្នុងស្រុក។ ស្រូវដំណើប​អ៊ុង​ (Ong) (អ្នកស្រុក​ហៅថា​ ខៅផឹង​) បាន​ធ្វើ​នៅលើ​វាលស្រែ​ដែល​មានជីជាតិ​ ក្បែរស្ទឹង​ក្វីសឺន (Quay Son) ​​ថ្លាយង់។ ប្រហែល​ដោយសារ​ដីធ្លី​ អាកាសធាតុ និង ទឹកស្ទឹង​​ថ្លា​​ត្រជាក់​ ដូចនេះ​ស្រូវដំណើប​អ៊ុង​ (Ong) មាន​កួរស្រូវ​វែង គ្រាប់មូល​ អង្ករ​ក្រអូប​ ទន់​ស្វិត​ មានរសជាតិ​ពិសេស ឈ្ងុយ​ឆ្ញាញ់​ជាង​ប្រភេទដំណើប​ដទៃ បាន​ទីផ្សារក្នុងស្រុក​ និង ក្រៅ​ខេត្ត​ពេញ​និយម​។​

ដំណើប​អ៊ុង​ (Ong) ជាផលិតផល​ពិសេសលើវាលស្រែ​ ​នៃ​​ភូមិង៉ុក​កោន​ (Ngoc Con) ​បាន​អ្នកភូមិ​​ចង​ជាបាច់​ធំៗ រែក​ពី​ស្រែ​ទៅ​ផ្ទះ​នារដូវ​ប្រមូលផល​ស្រូវ​។ នេះ​​ជា​ប្រភេទ​ដំណើប​គ្រាប់​ថ្លា ធំមូល​ ពេល​​ចម្អិន​គ្រាប់បាយ​ស្ងួត​ និង ទន់​ស្វិត​ ឆ្ងាញ់​ជាង​បាយ​ដំណើប​​ផ្កាមាសទៀត​ផង​។​


បងស្រី​ ហ្វាង​ ធី​ធ្វី​ (Hoang Thi Thuy) ​(ឃុំ​ង៉ុក​កោន - Ngoc Son​​) រៀបរាប់ថា៖ ពូជស្រូវ​ដំណើប​អ៊ុង​ (Ong) បាន​អ្នកភូមិ​ធ្វើ​តាំងពី​អតីតកាល​មកម្លេះ។ នេះ​ជា​​ប្រភេទ​ស្រូវ​ដំណើប​ឈ្ងុយ​ឆ្ងាញ់​ បំផុតគឺ​ពេល​ដាំបាយ​ដំណើប​ ធ្វើ​នំ​ចឹង​ នំយ៉ី​ ដោយ​មាន​រសជាតិ​ទន់​ បានអ្នកប្រើប្រាស់​ពេញ​និយម​។ ហេតុនេះ តម្លៃ​លក់ចេញទី​ផ្សារ​តែង​ថ្លៃជាង​បើប្រៀប​នឹង​អង្ករដំណើប​ដទៃ​។ មធ្យម​ អង្ករដំណើរ​អ៊ុង (Ong) ​​មាន​តម្លៃ​ពី​៧០.០០០ ដល់​ ៩០.០០០ដុង​ក្នុងមួយ​គីឡូក្រាម​។​


ជ្រលង​ភ្នំ​ង៉ុកកោន​ (Ngoc Con) ​ក្បែរស្ទឹង​​ក្វី​សឺន​ (Quay Son) ​មាន​ទីតាំង​ជា​មជ្ឈមណ្ឌល​នៃ​​​ដំណើរទេសចរណ៍​ ស្វែងយល់​​វប្បធម៌​ភូមិស្រុក​ នៅ​​ស្រុក​ទេវលោក ក្នុងដំណើរ​ស្វែងយល់​ឧទ្យាន​ភូគ្ភសាស្រ្ត​មនុស្សជាតិ  UNESCO ​ ទឹក​ដីខេត្តកាវបាំង (Cao Bang)​។ ពេលភ្ញៀវ​ទេសចរទស្សនា​ពេញ​​​ដួង​​ចិត្ត​គយគន់​ទេសភាព​ព្រៃភ្នំ​មហស្ចារ្យ​ ​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​បានជាមួយនឹងពេលដែល​ពិសា​បាយ​ដំណើប​អ៊ុង​ (Ong) ដ៏ឈ្ងុយ​ឆ្ងាញ់​ប្លែក​នេះឡើយ។​

រដូវ​ស្រូវទុំ​នៅ​ស្រុក​ទ្រុង​ខាញ់ (Trung Khanh) ​កំពុង​ជា​ទីតាំង​ក្រហម​ប្រចាំ​ខេត្ត​កាវបាំង​ (Cao Bang) ​ត្រូវ​ជំរុញ​ទេសចរណ៍​​នៅក្នុង​ឆ្នាំ២០២៤។ លោកស្រី ដ័ន​ ធី​ឡេអាន​ (Doan Thi Le An) ​នាយករង​នៃមន្ទី​រ​វប្បធម៌​ កីឡា និង​ទេសចរណ៍​ខេត្តកាវបាំង (Cao Bang) ​​រៀបរាប់​ថា ដើម្បី​អនុវត្ត​ជាក់ស្តែង​គោលដៅ​ទទួល​ភ្ញៀវទេសចរ​ចំនួន​ ២.២លាន​លើកនាក់​នៅក្នុង​ឆ្នាំនេះ ខេត្តកាវបាំង​ (Cao Bang) ​​នឹង​បន្ត​ទាក់ទាញ​​វិនិយោគិន​យុទ្ធសាស្រ្ត​ កសាង​ហេដ្ឋារចនាសម្ពន្ធ​​​តាម​ទិសដៅ​សមកាល​ ពហុមុខងារ​ នៅ​​កេរដំណែល​ជាតិ​ពិសេសទាំង៣​ រម្មណីយដ្ឋាន​ជាតិ​ និង តំបន់​ឧទ្យាន​ភូគ្ភសាស្រ្ត​មនុស្សជាតិ UNESCO ​ ទឹក​ដី​ខេត្តកាវបាំង​ (Cao Bang) ​ផ្សារភ្ជាប់នឹង​វប្បធម៌​ជនជាតិ​ ក្នុងនោះ​ រដូវ​ស្រូវ​ទុំ​​ជា​រូបភាពទេសចរណ៍​ពិសេសមួយ​បែប​៕​

  • អត្ថបទ៖ ថុង​ថៀន
  • រូបថត៖ ង្វៀនថាំង ហ្វាងហា ថុង​ថៀន​
  • បច្ចេកទេស៖​ ក្រាហ្វិក​ ហឿង​ថាវ​
  • ប្រែសម្រូល៖ រីកើង​

top