យៀតធីដឿង (Duyet Thi Duong) - រោងល្ខោនអាយុកាលមួយរយឆ្នាំ លើដែនដីទីក្រុងបុរាណហ្វេ
រោងល្ខោនយៀតធីដឿង (Duyet Thi Duong) ស្ថិតនៅក្នុងរាជវាំងហ្វេ បានប្រៀបដូចជាគ្រាប់គជ់ស្ថាបត្យកម្មមួយដ៏ឆើតឆាយ ចារជាប់ស្លាកស្នាមសម័យកាល ព្រមទាំងចូលរួមបំពេញបន្ថែមឱ្យផ្ទាំងគំនូរវប្បធម៌សម្បូរពណ៌សម្បុរនៃទីក្រុងបុរាណហ្វេ។ មកទីនេះ ភ្ញៀវទេសចរនឹងបានគយគន់បរិយាកាសវប្បធម៌ពិសេស ស្វែងយល់អំពីប្រវត្តិសាស្រ្ត និង ស្ថាបត្យកម្មសម័យរាជការង្វៀន ទន្ទឹមនោះអាចទស្សនា “ជប់លៀង”តន្រ្តីរាជវាំងពិបាកនឹងបំភ្លេច។
បោះជំហានចូលយៀតធីដឿង (Duyet Thi Duong) ភ្ញៀវទេសចរដូចជាធ្លាក់ចូលបរិយាកាសបុរាណកាលមួយ ដ៏ទាក់ទាញ និងអាថ៌កំបាំង។ បានកសាងនៅប្រហែលឆ្នាំ១៨២៦ ក្រោមសម័យកាលស្តេចមិញមាង (Minh Mang) ប្រើធ្វើជាទីកន្លែងសម្រាប់តែស្តេច ញាតិវង្ស មន្ត្រី និងភ្ញៀវជាតិ ទស្សនាល្ខោនរាជវាំង។ ឆ្លងកាត់រលកប្រវត្តិសាស្រ្ត យៀតធីដឿង (Duyet Thi Duong) នៅតែរក្សាបានស្ថាបត្យកម្មពិសេសដូចដើម ក្លាយជាតឹកតាងសម្រាប់ការសម្រប់ និង ភាពប្រណីត នៃសិប្បករនាសម័យរាជការង្វៀន។
រោងល្ខោនយៀតធីដឿង (Duyet Thi Duong) បានកសាងក្នុងបរិវេណធំទូលាយ១១.៧៤០ម៉ែត្រការេ (រួមមានទីលានសួនច្បារ រោងល្ខោនដែលមានផ្ទៃដី១.១៨២ម៉ែត្រការេ) បានរចនាតាមបែបផ្ទះរតប្រពៃណី រួមមានពីរជាន់៖ ជាន់ទី១ ជាកន្លែងសម្រាប់ស្តេច ញាតិវង្ស និងមន្ត្រីអង្គុយទស្សនាល្ខោន។ មណ្ឌលនេះបានតុបតែងហ៊ឺហាឆើតឆាយ ជាមួយជួរកៅអីធ្វើអំពីឈើនាងនួនរលើបរលោង ឆ្លាក់ផ្កាភ្ញីប្រណីតៗ។ ខាងលើ ពិតានបានតុបតែងដោយផ្ទាំងរូបគំនូររដូវកាលទាំង៤ និង សត្វទេពទាំង៤ បញ្ចេញគ្រប់ពណ៌ បង្ហាញពីរឹទ្ធអំណាច និងឋានៈនៃរាជការង្វៀន។ ជាន់ទី២៖ ជាទីកន្លែងសម្រាប់ស្រីស្នំ អាមាត្យឈរទស្សនា។ មណ្ឌលនេះ មានបរិយាកាសទូលាយ ត្រជាក់ អនុញ្ញាតឱ្យភ្ញៀវទេសចរអាចមើលឃើញល្ខោនទាំងស្រុង។
ចំណុចពិសេសនៃយៀតធីដឿង (Duyet Thi Duong) គឺប្រព័ន្ធសូរធម្មជាតិ។ ដោយសារការចនាឈ្លាសវៃ សូរបញ្ចេញពីឆាកល្ខោនបានពង្រីកធំហើយសុក្រិត ជួយភ្ញៀវទេសចរអាចទស្សនាពេញលេញនូវទំនុកបទភ្លេង របាំនៃឆាកល្ខោននីមួយៗ។
ឆ្លងកាត់រយៈពេលជិត២០០ឆ្នាំ រោងល្ខោនយៀតធីដឿង (Duyet Thi Duong) បានប្រឈមមុខនឹងបញ្ហាហានិភ័យនៃពេលវេលា និងសង្គ្រាម។ ទីនេះ ធ្លាប់រងការខូចខាតធ្ងន់ធ្ងរ ត្រូវឆ្លងកាត់ការជួសជុលជាច្រើនលើកច្រើនសា ដើម្បីអភិរក្សតម្លៃប្រវត្តិសាស្រ្ត និង វប្បធម៌ដ៏កម្រ។ ដំណាក់កាលពីឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០០២ គូសបញ្ជាក់កំណត់ត្រាក្នុងការងារជួសជុលរោងយៀតធីដឿង (Duyet Thi Duong)។ ក្រោមការខិតខំនៃបុរាណវិទូ ស្ថាបត្យករ និង សិប្បករ រោងល្ខោនបានបង្កើតឡើងវិញដោយសុក្រិត រក្សាបានស្ថាបត្យកម្មពិសេសទាំងស្រុង នាំមកមុខមាត់ល្អពិសេសដូចដើម។
ដល់ខែមីនា ឆ្នាំ២០០៣ រោងល្ខោនយៀតធីដឿង (Duyet Thi Duong) ដាក់ឱ្យដំណើរការជាផ្លូវការជាប្រចាំ ក្រោមការគ្រប់គ្រងនៃរោងល្ខោនប្រពៃណីរាជវាំង ចំណុះមជ្ឈមណ្ឌលអភិរក្សាកេរដំណែលទីក្រុងបុរាណហ្វេ។ ការស្តារឡើងវិញនូវរោងល្ខោន មិនត្រឹមតែចូលរួមអភិរក្សកេរដំណែលវប្បធម៌ដ៏កម្រ នៅទាំងបង្កើតបរិយាកាសវប្បធម៌ពិសេសមួយ ទាក់ទាញភ្ញៀវទេសចរអញ្ជើញចូលមកទស្សនា និង ស្វែងយល់៕
រោងល្ខោនយៀតធីដឿង (Duyet Thi Duong) រៀងរាល់ថ្ងៃ បើកសម្តែងរបាំរាជទ្រព្យ និង ល្ខោនរាជវាំងចំនួន២ឈុត។
ឈុតទី១៖ ចាប់ពីម៉ោង១០ រហូតដល់ម៉ោង១០ ៣៥នាទី។
ឈុតទី២៖ ចាប់ពីម៉ោង៣ រហូតដល់ម៉ោង៣ ៣៥នាទី។
ថ្លៃសំបុត្រ៖ ២០០.០០០ ដុង/ម្នាក់
អត្ថបទ និង រូបថត៖ ត្រឹន ថាញយ៉ាង / កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង