មួកស្លឹកឈូកហ្វេ
ចាប់តាំងពីឆ្នាំ២០១៧មក ផលិតផលសិប្បកម្មថ្មីមួយបានបង្ហាញខ្លួន ដោយនាំមកនូវជំនោរខ្យល់ថ្មីមួយ សម្រាប់អាជីពធ្វើមួកប្រពៃណី នោះគឺមួកស្លឹកឈូកហ្វេ ជាស្នាដៃតែមួយគត់ ដែលបង្កើតឡើងដោយបង ង្វៀន ថាញ់ថាវ (Nguyen Thanh Thao) មកពីភូមិធ្វើមួក ឌុកសឺ (Doc So) សង្កាត់អានហ័រ (An Hoa) ទីក្រុងហ្វេ។
មួកស្លឹកឈូកហ្វេ គឺជាការរួមបញ្ចូលគ្នាដ៏ប៉ិនប្រសប់ រវាងអាជីពធ្វើមួកប្រពៃណី និងវត្ថុធាតុដើមថ្មីគឺស្លឹកឈូក។ គំនិតនេះ បានមកពីបំណងប្រាថ្នាចង់បង្កើតផលិតផលមួយដែលរក្សាបាននូវអត្តសញ្ញាណវប្បធម៌ប្រពៃណី ព្រមទាំងបម្លាស់ប្តូរថ្មី និងការច្នៃប្រតិដ្ឋផងដែរ។ ដំណើរការផលិត ចាប់ផ្តើមពីការជ្រើសរើសស្លឹកឈូក ដែលល្អស្អាតបំផុត បន្ទាប់មកឆ្លងកាត់ដំណាក់កាលច្នៃ ដើម្បីធានាបាននូវភាពធន់នៃស្លឹក និងពណ៌។ សិប្បករនៅភូមិមួកឌុកសឺ (Doc So) នឹងចំណាយពេលប្រហែលមួយថ្ងៃ ដើម្បី “ក្រង” (ដេរ) ផ្ចិតផ្ចង់ បង្កើតបានជាផលិតផលមួយពេញលេញ។
បង ង្វៀន ថាញ់ថាវ (Nguyen Thanh Thao) ដែលជាស្ថាបនិកពាណិជ្ជសញ្ញា ស៊ែនថាវ (Sen Thao) បានរៀបរាប់ថា “ខ្ញុំចង់បង្កើតផលិតផលមួយ ដែលមិនត្រឹមតែស្អាតប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យអំពីវប្បធម៌ និង ធម្មជាតិទៀតផង។ ស្លឹកឈូក គឺជានិមិត្តរូបនៃភាពបរិសុទ្ធ ភាពទន់ភ្លន់ ដែលជាលក្ខណៈពិសេស ស័ក្តិសមនឹងសម្រស់នៃទឹកដីហ្វេ”។
ផ្តើមពីគំនិតដំបូង ពាណិជ្ជសញ្ញា ស៊ែនថាវ (Sen Thao) បានបន្តពង្រីក និងអភិវឌ្ឍន៍ផលិតផលមួកស្លឹកឈូកបានសម្បូរបែបដោយមានមួកជាច្រើនប្រភេទ។ បច្ចុប្បន្ន ស៊ែនថាវ (Sen Thao) ផ្តល់មួកស្លឹកឈូកជាច្រើន ដែលសក្តិសមនឹងមនុស្សជាច្រើនដូចជា៖ មួកសម្រាប់កុមារដែលមានទំហំតូចល្មម មួកសម្រាប់យុវវ័យដែលមានការរចនាស្រទន់ មួកសម្រាប់ដូនជី និង ព្រះសង្ឃ ដែលមានការរចនាថ្លៃថ្នូរ សមស្របនឹងទីកន្លែងសមាធិ។
បងប្រុស ថាវ (Thao) បានរៀបរាប់ថា “យើងតែងតែស្វែងរក ការច្នៃប្រតិដ្ឋ ដើម្បីនាំមកនូវផលិតផលថ្មីៗ សមស្របនឹងតម្រូវការ ចំណង់ចំណូលចិត្តនៃអតិថិជន។ ផលិតផលនីមួយៗ តែងមានលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែនៅតែរក្សាបានសម្រស់ធម្មជាតិនៃស្លឹកឈូក និងបច្ចេកទេសធ្វើមួកប្រពៃណី”។
បងស្រី ត្រឹង ធីហឿង (Tran Thi Huong) ជាសិប្បការិនីម្នាក់ប្រកបរបរធ្វើមួក ដែលមានបទពិសោធន៍ជាង ៣០ឆ្នាំ នៅភូមិ ឌុកសឺ (Doc So) មានចំណាប់អារម្មណ៍ថា “ខ្ញុំបានធ្វើមួកស្លឹកប្រពៃណីអស់មួយជីវិតទៅហើយ ប៉ុន្តែពេលចាប់ផ្តើមចូលរួមក្នុងការធ្វើមួកស្លឹកឈូក ខ្ញុំឃើញថា នេះគឺជាការផ្លាស់ប្តូរថ្មីមួយ ពោរពេញដោយការច្នៃប្រតិដ្ឋ។ ការប្រើប្រាស់ស្លឹកឈូកទាមទារបច្ចេកទេសខុសពីស្លឹកត្នោត ឬស្លឹកទ្រាំងប្រពៃណី។ យើងខ្ញុំត្រូវប្រុងប្រយ័ត្ន និងផ្ចិតផ្ចង់ជាង មុននៅពេល “ក្រង” ដើម្បីកុំឱ្យខូចសរសៃធម្មជាតិនៃស្លឹកឈូក”។
ចំណុចពិសេសបំផុតនៃមួកស្លឹកឈូកហ្វេ គឺសសៃស្លឹកនៅតែរំលេចច្បាស់ខាងលើផ្ទៃមួក។ ស្លឹកឈូកនីមួយៗមានសសៃខុសៗគ្នា ដែលធ្វើឱ្យមួកស្លឹកឈូកនីមួយៗ មានសភាពតែមួយគត់។ មិនត្រឹមតែជាវត្ថុប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ មួកស្លឹកឈូកក៏ជាស្នាដៃសិល្បៈ ដែលបង្ហាញពីការរួមបញ្ចូលគ្នា សម្របគ្នា រវាងមនុស្ស និង ធម្មជាតិ រវាងប្រពៃណី និង សម័យទំនើប។
មួកស្លឹកឈូកហ្វេ មិនត្រឹមតែមានតម្លៃសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈអនុវត្តជាក់ស្តែងខ្ពស់ក្នុងជីវភាពរស់នៅទៀតផង។ នេះគឺជាជម្រើសថ្មីមួយ សម្រាប់ឈុតអាវផាយ ដែលពោរពេញទៅដោយលក្ខណៈពិសេសរបស់ហ្វេ។ ពណ៌បៃតងស្រាល និងភាពសម្របនៃស្លឹកឈូក អាចងាយស្រួលក្នុងការផ្គូរផ្គងជាមួយនឹងអាវផាយគ្រប់ប្រភេទ បង្កើតបាននូវសម្រស់ថ្លៃថ្នូរ និង ទន់ភ្លន់ សម្រាប់ស្ត្រីវៀតណាម។
ក្រោមពន្លឺថ្ងៃ មួកស្លឹកឈូកកាន់តែរំលេចចាំងជាមួយនឹងពណ៌បៃតងស្រស់ និង ទាក់ចិត្ត។ អ្វីដែលពិសេសនោះគឺ មួកត្រូវបានធ្វើឡើងដោយស្លឹកឈូកទាំងស្រុង មានពីរជាន់ បន្ទាប់ពីក្រងរួច នឹងបានស្រូបដោយទឹកថ្នាំលាបលើផ្ទៃមួក ធ្វើឱ្យមួកអាចធន់នឹងភ្លៀង ក្តៅបានល្អ។ អ្នកប្រើប្រាស់អាចពាក់មួកជារៀងរាល់ថ្ងៃ ដោយមិនចាំបាច់ព្រួយបារម្ភ អំពីភាពធន់នៃផលិតផលនោះទេ។
បងស្រី ឌិញ ង៉ុកលៀន (Dinh Ngoc Lien) ដែលជាអតិថិជនតែងតែប្រើប្រាស់មួកស្លឹកឈូក បានចែករំលែកថា “ខ្ញុំចូលចិត្តមួកស្លឹកឈូកនេះណាស់ ពីព្រោះវាស្អាតផង ធនផង។ ពណ៌បៃតងធម្មជាតិនៃស្លឹកឈូក ផ្តល់នូវអារម្មណ៍ត្រជាក់ស្រួល និង ជិតស្និទ្ធជាមួយធម្មជាតិ។ ខ្ញុំប្រើប្រាស់មួកនេះបានជាងមួយឆ្នាំទៅហើយ មួកនៅតែរក្សាបានសម្បុររាងដូចដើម។ ជាពិសេស រាល់ពេលពាក់មួកចេញក្រៅ ខ្ញុំតែងតែទទួលបានការសរសើរពីអ្នកជុំវិញខ្លួន”។
លោក John Smith ដែលជាភ្ញៀវទេសចរមកពីប្រទេសកាណាដា បានរៀបរាប់ថា “ខ្ញុំបានទិញមួកស្លឹកឈូកមួយ ធ្វើជាអំណោយជូនប្រពន្ធខ្ញុំ។ នេះជាកាដូពិសេសបំផុត ដែលខ្ញុំទិញក្នុងពេលទៅទេសចរណ៍។ ខ្ញុំពិតជាចាប់អារម្មណ៍នឹងបច្ចេកទេសធ្វើមួក ហើយជាពិសេស គឺការប្រើប្រាស់ស្លឹកឈូកជាវត្ថុធាតុដើម។ មួកនេះ មិនត្រឹមតែស្អាតប៉ុណ្ណោះទេ ថែមទាំងមានលក្ខណៈវប្បធម៌វៀតណាមជ្រាលជ្រៅទៀតផង ជាពិសេសគឺវប្បធម៌ហ្វេ”៕
អនុវត្ត៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម