ភូមិ បាវហា (Bao Ha) រក្សាព្រលឹងមុខរបរឆ្លាក់រូបសំណាក ក្នុងចង្វាក់ជីវិតនៃសម័យទំនើប

ភូមិ បាវហា (Bao Ha) រក្សាព្រលឹងមុខរបរឆ្លាក់រូបសំណាក ក្នុងចង្វាក់ជីវិតនៃសម័យទំនើប

ភូមិរបរឆ្លាក់រូបសំណាក បាវហា (Bao Ha) ស្ថិតនៅឃុំដុងមិញ (Dong Minh) ទីក្រុងហាយផុង (Hai Phong) តាំងពីយូរមកធ្លាប់ល្បីជាមជ្ឈមណ្ឌលឆ្លាក់រូបសំណាកពីឈើប្រពៃណីមួយ នៅភាគខាងជើងនៃប្រទេស​វៀតណាម។ រហូតមកដល់សព្វថ្ងៃនេះ ​សិប្បករ​​វ័យក្មេង នៅតែបន្តថែរក្សាសិប្បកម្មប្រពៃណីនេះបានយ៉ាងខ្ជាប់ខ្ជូន រួមផ្សំនឹងភាពច្នៃប្រឌិតឥតឈប់ឈរ ដើម្បីនាំយកស្នាដៃមានតម្លៃសិល្បៈ និងវប្បធម៌ ទៅកាន់ពិភពលោក។

ពីភូមិកសិកម្មសុទ្ធសាធ បាវហា (Bao Ha) បានក្លាយជាកន្លែងប្រមូលផ្តុំ សម្រាប់សិប្បករ ដែលមានទេពកោសល្យជាច្រើននាក់  ជាមួយនឹងផលិតផល ដែលមានវត្តមាននៅតាមវត្តអារាម  និងស្នា​ដៃវប្បធម៌​ជាច្រើន នៅទូទាំងប្រទេស។ ពុទ្ធបដិមា រូបចម្លាក់​អាទិទេព រូបចម្លាក់អ្នកល្បីៗ និងសត្វពិសិដ្ឋ ដែលបង្កើតឡើងដោយដៃដ៏ប៉ិនប្រសប់របស់សិប្បករបាវហា  (Bao Ha) មិនត្រឹមតែមានតម្លៃសោភ័ណភាពប៉ុណ្ណោះទេ ថែមទាំងឆ្លុះបញ្ចាំងពីជម្រៅនៃវប្បធម៌ និងជំនឿរបស់ប្រជាជនវៀតណាមផងដែរ។

សិប្បករ តូហ៊ឺវ (To Huu) ខិតខំឆ្លាក់ពុទ្ធបដិមាយ៉ាងហ្មត់ចត់នៅក្នុងរោងជាង បន្តប្រពៃណីរបស់ចម្លាក់របស់ភូមិ បាវហា។

ដើម្បីមានរូបចម្លាក់ឈើមួយ សិប្បករត្រូវឆ្លងកាត់ដំណាក់កាលស្មុគស្មាញជាច្រើន។ អ្វីគ្រប់យ៉ាងចាប់ផ្តើមពីការជ្រើសរើសសម្ភារៈ។ ឈើដែលបានជ្រើសរើស ត្រូវតែសមស្របសម្រាប់ផលិតផលនីមួយៗ  ប្រើប្រាស់បានយូរ មិន​កោង និងរក្សារូបរាងបន្ទាប់ពីប្រើប្រាស់ច្រើនឆ្នាំ។ បន្ទាប់ពីបង្កើតរាងទម្រង់ដើម សិប្បករបន្តបង្កើតរូបរាងទាំងមូល ហើយបន្ទាប់មកឆ្លាក់ផ្នែកលម្អិត ដូចជា មុខ ផ្នត់សម្លៀកបំពាក់ ដៃ ឬក្បូរក្បាច់រចនា។ សូម្បីតែការបង្កើត​អារម្មណ៍លើមុខនៃរូបសំណាក ក៏ទាមទារបទពិសោធន៍ច្រើនឆ្នាំ និងមនោសញ្ចេតនាល្អិតល្អន់ ព្រោះនេះជាកត្តាសម្រេចនូវភាពសម្រស់ស្អាតនៃស្នាដៃសិល្បៈ​។

បន្ទះក្ដារឆ្លាក់អក្សរ លាបពណ៌មាស ទើបបានសម្រេច លេចធ្លោដោយស្នាមចម្លាក់ដ៏ស្មុគស្មាញ ។

នៅក្នុងរោងរោងនានា នៃភូមិបាវហា សំឡេងដាប ឆ្លាក់ឈើនៅតែបន្តបន្លឺឡើងជារៀងរាល់ថ្ងៃ។ សិប្បករអង្គុយក្បែរកំណាត់ឈើធំៗ  និងសម្រេចការឆ្លាក់ផ្នែកលម្អិតមួយៗ។ រូបចម្លាក់ខ្លះចំណាយពេលត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែស្នាដៃខ្លះចំណាយពេលច្រើនខែ ចួនកាល​ច្រើនឆ្នាំ អាស្រ័យលើទំហំ និងតម្រូវការរបស់អតិថិជន។ ស្នាដៃនីមួយៗ ភ្ជាប់មនោសញ្ចេតនាដោយឡែកសិប្បករម្នាក់ ពីព្រោះសូម្បីមានរូបសំណាកតែមួយ ក៏គ្មានស្នាដៃ២ដូចគ្នាទាំងស្រុងឡើយ។

សព្វថ្ងៃនេះ ដោយការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រោងជាងផលិតជាច្រើន បានប្រើប្រាស់ម៉ាស៊ីន ក្នុងដំណាក់កាលមួយចំនួនដូចជា ការកាត់ ការបង្កើតរាងទម្រង់ដើម ឬកែច្នៃផ្ទៃមុខឈើ។ ទោះ​ជា​យ៉ាងណាក៏ដោយ ការងារសំខាន់បំផុត នៅតែត្រូវបានអនុវត្តដោយដៃ។ នោះជាពេល ដែលសិប្បករបញ្ជូនបទពិសោធន៍ អារម្មណ៍ និងភាពច្នៃប្រឌិត ចូលក្នុង​រូបចម្លាក់នីមួយៗ។ ប្រការនេះហើយ ដែលបង្កើតតម្លៃពិសេសនៃចម្លាក់ឈើ បាវហា បើប្រៀបធៀបទៅនឹងផលិតផលផលិត ដែលផលិត​ដោយម៉ាស៊ីនទាំងស្រុង។

មិនត្រឹមតែរក្សាសិប្បកម្មប្រពៃណីប៉ុណ្ណោះទេ រោងជាងជាច្រើន នៅភូមិ បាវហា ក៏ច្នៃប្រឌិតម៉ូតជាច្រើន ដើម្បីបំពេញតម្រូវការចម្រុះរបស់ទីផ្សារផងដែរ។ ក្រៅពីផលិតផលសម្រាប់គោលបំណងសាសនា សិប្បករក៏បង្កើតរូបចម្លាក់តុបតែង ចម្លាក់រូបថត សត្វពិសិដ្ឋហុងស៊ុយ និងផលិតផលសិល្បៈ សម្រាប់ការដាក់តាំងក្នុងផ្ទះផងដែរ។ ភាពបត់បែនក្នុងការផលិត ជួយឱ្យភូមិសិប្បកម្មសម្របខ្លួនជាបណ្តើរៗ ទៅនឹងការផ្លាស់ប្តូរនៃទីផ្សារ ព្រមទាំងបង្កើតការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងតំបន់ផងដែរ។

គ្រួសារជាច្រើន បាន​ប្រកបមុខរបរសិប្បកម្មនេះជាច្រើនជំនាន់មកហើយ។ កុមារត្រូវបានណែនាំនូវ​វិធីប្រើប្រាស់ពន្លាក់ និងញញួរតាំងពីតូច ហើយរៀនសង្កេតមើលរាល់ក្បូរក្បាច់នីមួយៗ នៃដុំឈើ ក្រោមការណែនាំរបស់ឪពុកម្តាយ និងជីដូនជីតា។  មនុស្សមិនតិចទេ បន្ទាប់ពីបានសិក្សា ឬធ្វើការនៅកន្លែងផ្សេង នៅតែត្រឡប់មកស្រុកកំណើតវិញ ដើម្បីបន្តវេនរបរប្រពៃណី រួមចំណែកថែរក្សានូវតម្លៃដែលត្រូវបានរក្សាជាច្រើនជំនាន់។

បន្ទាប់ពីសម្រេចការបង្កើត​រូបរាង​ ស្នាដៃត្រូវបានលាបថ្នាំបឋម ដើម្បីត្រៀមឲ្យដំណាក់កាលបន្តបន្ទាប់។

ក្រៅពីតម្លៃសេដ្ឋកិច្ច ភូមិសិប្បកម្ម បាវហា ក៏មានសារៈ​សំខាន់ខាងវប្បធម៌។ រូបចម្លាក់នីមួយៗ មិនត្រឹមតែជាផលិតផលសិប្បកម្មប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមផ្សំរវាងបច្ចេកទេស សិល្បៈ និងជីវិតខាងវិញ្ញាណរបស់ប្រជាជនវៀតណាមផងដែរ។ នេះជាមូលហេតុ ដែលសិប្បកម្មចម្លាក់ទីនេះតែងបានឲ្យតម្លៃជាសិប្បកម្មពិសេសមួយក្នុងបណ្ដា​សិប្បកម្មលេចធ្លោ ត្រូវការអភិរក្ស និងពង្រីកនៅក្នុងបរិបទបច្ចុប្បន្ន។

ក្នុងនិន្នាការអភិវឌ្ឍទេសចរណ៍បទពិសោធន៍ ភូមិ បាវហា ក៏មានសក្តានុពលជាច្រើន ដើម្បីក្លាយជាគោលដៅដ៏ទាក់ទាញផងដែរ​។ ភ្ញៀវទេសចរមិនត្រឹមតែមកទស្សនារោងជាង និងសិក្សាអំពីដំណើរការឆ្លាក់ឈើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសជួបជាមួយសិប្បករ ស្តាប់រឿងរ៉ាវប្រវត្តិសាស្ត្រនៃភូមិសិប្បកម្ម និងយល់ដឹងនូវអារម្មណ៍របស់សិប្បករ ដែលបានបញ្ចូលទៅក្នុងស្នាដៃនីមួយ​ៗ​។ នេះគឺជាទិសដៅមួយ ដែលរួមចំណែកផ្សព្វផ្សាយតម្លៃវប្បធម៌ប្រពៃណី ព្រមទាំងបង្កើតកម្លាំងចលករ ដើម្បីរបស់ចម្លាក់រូបបន្តអភិវឌ្ឍចីរភាព។

ប្រព័ន្ធរូបចម្លាក់សម្រាប់បូជាក្នុងវត្ត បាវហា រួមមានរូបចម្លាក់ជាច្រើនត្រូវបានថែរក្សា ជួសជុល និងបំពេញបន្ថែមតាមជំនាន់នៃសិប្បករក្នុងស្រុក។
ទីសក្ការៈបូជានៅអារាមបាវហា ជាកន្លែងគោរពបូជា ឌឹក​ថាញលិញ​ឡាង​ដាយវឿង (Duc Thanh Linh Lang Dai Vuong )  "ឈរ និងអង្គុយ" ដ៏ល្បីល្បាញ បង្ហាញពីបច្ចេកទេសផ្ចិតផ្ចង់ និងច្នៃប្រឌិតរបស់សិប្បករភូមិបាវហា។

ក្នុងកណ្ដាលចង្វាក់ជីវភាពសម័យទំនើប ជាមួយនឹងបន្លាស់ប្តូរជាច្រើន សិប្បករនៅភូមិ បាវហា នៅតែរក្សាសិប្បកម្មរបស់ខ្លួនដោយស្ងៀមស្ងាត់ ដោយចំណង់ចំណូលចិត្ត ភាពអត់ធ្មត់។ ពី​ដុំឈើធម្មតា ពួកគេបង្កើតស្នាដៃដ៏អស្ចារ្យ ផ្ទុកព្រលឹងវប្បធម៌ជាតិ។ ស្នាមឆ្លាក់នីមួយៗ  មិនត្រឹមតែបង្កើតជារូបសំណាកប៉ុណ្ណោះទេ ថែមទាំងរួមចំណែករក្សាការចងចាំនៃភូមិសិប្បកម្មមួយ ដែលត្រូវបានផ្សារភ្ជាប់ជាមួយទីក្រុងហៃផុង ​(Hai Phong) អស់ជាច្រើនសតវត្សមកហើយ៕

អត្ថបទ៖ កុងដាត; រូបថត៖ ថុងធៀន – ទ្រីញបូ – កុងដាត / VNP


top