ភូមិធូប ធុយស្វឹន (Thuy Xuan) - លក្ខណៈវប្បធម៌នៃទីក្រុង ហ្វេ (Hue)
ភូមិធូប ធុយស្វឹន (Thuy Xuan) ស្ថិតនៅសង្កាត់ ធុយស្វឹន (Thuy Xuan) ទីក្រុង ហ្វេ (Hue) ល្បីល្បាញតាំងពីយូរយារណាស់មកហើយ ចំពោះមុខរបរធ្វើធូបប្រពៃណី។ នៅទីនេះត្រូវបានចាត់ទុកថាជា “រាជធានីធូប” របស់ទីក្រុង ហ្វេ (Hue) ដោយរក្សាបានវប្បធម៌ស្មារតីដ៏វិសេសវិសាលរបស់ប្រជាជន ហ្វេ (Hue) ហើយត្រូវបានទទួលស្គាល់ជាភូមិសិប្បកម្មប្រពៃណីពិសេសរបស់ខេត្ត ធឿធៀនហ្វេ (Thua Thien Hue)។
របរធ្វើធូបនៅភូមិ ធុយស្វឹន (Thuy Xuan) មានប្រវត្តិប្រមាណ ៧០០ឆ្នាំ ដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់។ តាមព្រឹទ្ធាចារ្យភូមិ របរនេះមានតាំងពីសម័យរាជរង្ស ស្តេចមិញម៉ាង (Minh Mang) ជាពេលដែលសិប្បករត្រូវបានរាជវាំងជ្រើសរើសឱ្យធ្វើធូប សម្រាប់ព្រះរាជពិធី។ ជាច្រើនជំនាន់ ប្រជាជនភូមិ ធុយស្វឹន (Thuy Xuan) បានខិតខំថែរក្សា និងអភិវឌ្ឍមុខរបរប្រពៃណីនេះ ប្រែក្លាយវាទៅជាផ្នែកមួយ ដែលមិនអាចខ្វះបានក្នុងវប្បធម៌ និងជំនឿរបស់ប្រជាជន ហ្វេ (Hue)។ ភូមិរបរមិនត្រឹមតែបង្កើតការងារស្ថិរភាពជូនរាប់រយគ្រួសារប៉ុណ្ណោះទេ ថែមទាំងរួមចំណែកក្នុងការផ្សព្វផ្សាយរូបភាព វប្បធម៌របស់ទីក្រុង ហ្វេ (Hue) ដល់ភ្ញៀវទេសចរក្នុងស្រុក និងបរទេសផងដែរ។
ដើម្បីធ្វើធូបក្រអូប សិប្បករនៃភូមិ ធុយស្វឹន (Thuy Xuan) ត្រូវឆ្លងកាត់ដំណាក់កាលដ៏ល្អិតល្អន់ជាច្រើន។ វត្ថុធាតុដើមសំខាន់ៗ សម្រាប់ធ្វើធូបរួមមាន ម្សៅឈើក្រអូប កាវ (ធ្វើពីម្សៅសំបកឈើក្រពុលបាយ ពីព្រោះសំបកនៃប្រភេទឈើនេះ មានសារធាតុស្អិតដូចកាវ) និងគ្រឿងធម្មជាតិដាក់បន្ថែមដូចជា ខ្លឹមចន្ទន៍ ទេព្វិរូ... ម្សៅត្រូវបានលាយបញ្ចូលជាមួយកាវក្នុងសមាមាត្រសម្ងាត់ បន្ទាប់មកដាក់ចូលទៅក្នុងម៉ាស៊ីន ដើម្បីបង្កើតជាសរសៃ ហើយភ្ជាប់លើបន្ទះឫស្សីតូច។ បន្ទាប់មក ធូបត្រូវហាលដោយកម្ដៅធម្មជាតិក្នុងរយៈពេលជាច្រើនថ្ងៃរហូតដល់ស្ងួតល្មម។
ធូប ធុយស្វឹន (Thuy Xuan) មានលក្ខណៈប្លែកពីគេ ជាមួយនឹងក្លិនក្រអូបល្មម ស្រទន់ មិនក្រអូបឈ្ងប់ដូចធូបដែលផលិតតាមបែបឧស្សាហកម្ម។ ធូបនៃភូមិនេះ ត្រូវបានធ្វើពីវត្ថុធាតុដើមធម្មជាតិទាំងស្រុង មិនប្រើសារធាតុគីមីពុល ធានាសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ហើយជិតស្និទ្ធនឹងបរិស្ថាន។ សរសៃធូបនីមួយៗ មិនត្រឹមតែជាគ្រឿងរណ្តាប់ប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវវប្បធម៌ ហ្វេ ( Hue) ដែលជាវប្បធម៌រាជវាំងដ៏ល្អិតល្អន់ និងឆើតឆាយផងដែរ។
របរធ្វើធូបមិនត្រឹមតែនាំមកនូវតម្លៃសេដ្ឋកិច្ចដល់ប្រជាជន ភូមិ ធុយស្វឹន (Thuy Xuan) ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកថែរក្សាវប្បធម៌ស្មារតីដ៏វិសេសវិសាលរបស់ជនជាតិវៀតណាមទៀតផង។ ភ្ញៀវទេសចរមក និងទស្សនាភូមិរបរសិប្បកម្ម អាចស្វែងយល់នូវដំណើរការធ្វើធូបដោយដៃ និងទិញផលិតផលដែលមានគុណភាព ដើម្បីធ្វើជាអំណោយជូនសាច់ញាតិ។
ខុសពីតំបន់ផ្សេងទៀត ធូប ធុយស្វឹន (Thuy Xuan) បានបង្កើតម៉ាកយីហោផ្ទាល់ខ្លួន ដោយសារគុណភាព និងកិត្យានុភាព តាំងពីយូរមកហើយ។ សរសៃធូបនីមួយៗ ត្រូវបានធ្វើយ៉ាងល្អិតល្អន់ និងប្រុងប្រយ័ត្ន តាំងពីដំណាក់កាលជ្រើសរើសវត្ថុធាតុដើម រហូតដល់សម្រេចទៅជាផលិតផល។ ដោយមានគុណភាពពិសេស ធូប ធុយស្វឹន (Thuy Xuan) មិនត្រឹមតែពេញនិយមក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបាននាំចេញទៅកាន់ប្រទេសអាស៊ីជាច្រើនទៀត ដូចជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ជាដើម
ភូមិធូប ធុយស្វឹន (Thuy Xuan) ជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ទីក្រុង ហ្វេ (Hue) ដែលត្រូវការថែរក្សា និងពង្រីក។ ជាមួយនឹងតម្លៃវប្បធម៌ដ៏វិសេសវិសាល ភូមិរបរនេះ មិនត្រឹមតែរួមចំណែកថែរក្សាសោភ័ណភាពនៃវប្បធម៌ស្មារតីប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទាក់ទាញក្នុងដំណើរការទៅទស្សនាអតីតរាជធានី ហ្វេ (Hue) សម្រាប់ភ្ញៀវទេសចរមកពីជិត និងឆ្ងាយទៀតផង៕
អត្ថបទ និងរូបថត៖ កុងដាត / VNP
ប្រែសម្រួលដោយង្វៀនយ៉ាង