ភូមិគុយលូ (Lang Cui Lu) – កន្លែងដែលសិល្បៈរស់ឡើងវិញពីសំណល់នៃទឹកជំនន់
ស្ថិតនៅក្បែរបេតិកភណ្ឌពិភពលោកទីក្រុងបុរាណហូយអាន ជាកន្លែងដែលទន្លេធូបូន(Thu Bồn) តែងតែនាំយកដីល្បាប់មកទម្លាក់ ប៉ុន្តែក៏តែងតែកក្រើកក្រោធខឹងម្តងៗ មានលំហសិល្បៈដ៏ចម្លែកមួយ ទីដែលកំណាត់ឈើពុកផុយ និងដើមឈើបាក់បែក បន្ទាប់ពីរដូវវស្សាភ្លៀងធ្លាក់ បានធ្វើឱ្យរស់ឡើងវិញ ដើម្បីកុំឱ្យបំភ្លេចចោល ឬរលួយកប់នៅក្នុងភក់។ នោះគឺ ភូមិគុយលូ (អុសទឹកជំនន់) –ជាគម្រោង “សិល្បៈ - សង្គម” ពោរពេញទៅដោយមនុស្សធម៌ ទីដែលក្តីស្លាប់នៃពន្លកពណ៌បៃតង ត្រូវបាន “កកើតជាថ្មី” ទៅជាស្នាដៃសិល្បៈ មានព្រលឹង។
សំឡេងហៅពីដងទន្លេ បន្ទាប់ពីរដូវទឹកជំនន់នីមួយៗ
ហូយអានស្រស់ស្អាត ប៉ុន្តែហូយអានក៏ពោរពេញទៅដោយក្តីបារម្ភខណៈពេលទឹកជំនន់មកដល់។ បន្ទាប់ពីទឹកជំនន់ជាប្រវត្តិសាស្ត្រនីមួយៗ ទន្លេធូបូន តែងតែនាំយកអុស សំរាម និងដើមឈើបាក់បែករាប់តោន អណ្តែតហូរទៅផ្នែកខាងចុងទន្លេ ឡោមព័ទ្ធច្រាំងទន្លេ ភូមិ ផ្ទះសម្បែង និងវាលស្រែ។ សម្រាប់ប្រជាជន នោះគឺជាការរំខានដោយគំនរបាក់បែក នៃគ្រោះមហន្តរាយធម្មជាតិ។ ប៉ុន្តែសម្រាប់សិល្បករ ដែលមានបេះដូងរសើប នោះគឺជាអំណោយពីមាតាធម្មជាតិ - ទោះនោះជាអំណោយមួយដែលនាំមកនូវពណ៌សម្បុរនៃសោកនាដកម្មក៏ដោយ។
គម្រោងភូមិគុយលូ បានកកើតឡើងដោយការយល់ឃើញទាំងនោះ។ មិនមែនគ្រាន់តែជាការទាញយកប្រយោជន៍ពីសម្ភារៈសំណល់នោះទេ គម្រោងនេះ បានបង្កើតឡើងជាការឆ្លើយតប និងជាការដាស់តឿនចំពោះផលប៉ះពាល់ នៃបម្រែបម្រួលអាកាសធាតុ ព្រមទាំងសូម្បីតែការបំផ្លាញធម្មជាតិដោយមនុស្សខ្លួនឯង។ ជំនួសឱ្យការទុក “ស្លាកស្នាម” នៃគ្រោះមហន្តរាយធម្មជាតិ ឱ្យទៅជាសំរាម ទៅជាការរំអុករបស់មនុស្ស អ្នកស្ថាបនាបានសម្រេចចិត្តប្រមូលវា សម្ងួតការឈឺចាប់ និងផ្លុំបញ្ចូលភាពរស់រវើកថ្មីឡើងវិញ។
អ្នកផ្លុំព្រលឹងចូលកំណាត់ឈើពុក។
ដើម្បីមានភូមិគុយលូដូចសព្វថ្ងៃនេះ មិនអាចមិននិយាយដល់អ្នកដែលបានលះបង់ ដើម្បីសិល្បៈប្រកបដោយចីរភាពនោះទេ។ នោះគឺសិល្បករ និងជាងចម្លាក់ ឡេ ង៉ុកធ្វឹន (Le Ngoc Thuan) ដែលជាស្ថាបនិក និងជា “ព្រលឹង” នៃគម្រោងនេះ។
ជាមួយនឹងការគិតរបស់អ្នកសិល្បៈ និងសេចក្តីស្រឡាញ់ចំពោះមាតុភូមិ លោក ឡេ ង៉ុកធ្វឹន បានមើលឃើញកំណាត់ឈើគគ្រីមគគ្រើម និងពុកផុយ ដែលអណ្តែតតាមទឹកជំនន់ នូវរូបរាងរបស់សត្វ មុខមនុស្ស និងទាំងរឿងរ៉ាវដែលពោរពេញទៅដោយពណ៌សម្បុរវប្បធម៌វៀតណាម។
នៅឆ្នាំ២០២០ លោក ឡេ ង៉ុកធ្វឹន បានសម្រេចចិត្តអនុវត្តក្តីសុបិនសាងសង់ភូមិគុយលូឱ្យក្លាយជាការពិត។ ដើម្បីប្រែកម្លាយក្តីសុបិនឱ្យក្លាយជាការពិត គាត់បានធ្វើដំណើរគ្រប់ទីកន្លែង ដើម្បីស្វែងយល់អំពីវប្បធម៌ចម្លាក់ឈើរបស់ជនជាតិកឺទូ និងបច្ចេកទេសចម្លាក់ឈើរបស់សិប្បករភូមិឈើ គិមបុង ដ៏ល្បីល្បាញក្នុងខេត្តក្វាងណាម។ នៅឆ្នាំ២០២២ ភូមិគូយលូ បានកើតឡើងជាផ្លូវការ បង្កើតជាអាសយដ្ឋានគួរឱ្យចាប់អារម្មណ៍នៅហូយអាន ជាកន្លែងដែលភ្ញៀវទេសចរអាចមកស្វែងរកកំណប់ស្នាដៃសិល្បៈចម្លាក់ឈើដែលមានតែមួយគត់ និងសម្បូរទៅដោយអត្ថន័យមនុស្សធម៌។ ថែមទាំងអាចពិសោធន៍ បង្កើតស្នាដៃតាមអារម្មណ៍ផ្ទាល់ខ្លួន ដើម្បីទទួលអារម្មណ៍ពីដង្ហើមនៃជីវិត ធម្មជាតិ និងមនុស្ស តាមរយៈសរសៃឈើ កំណាត់ឈើនីមួយៗ។
គម្រោងបានកើតឡើង គឺជាការរួមបញ្ចូលដ៏អស្ចារ្យ រវាងគំនិតសិល្បៈទំនើប និងថ្វីដៃដ៏ប៉ិនប្រសប់ របស់ជាងឈើប្រពៃណី។ ការរួមបញ្ចូលនេះ បង្កើតបានជាគុណតម្លៃសហគមន៍យ៉ាងជ្រាលជ្រៅ ផ្តល់ការងារដល់សិប្បករក្នុងស្រុក និងអភិរក្សតម្លៃ នៃមុខរបរជាងឈើប្រពៃណី ក្នុងបរិបទទំនើបផង។
កន្លែងដែលអុសទឹកជំនន់ បន្លឺសំឡេងរស់ឡើងវិញ
ចំណុចពិសេសបំផុត នៃចម្លាក់ឈើនៅភូមិគុយលូ គឺគោរពសម្រស់ដើម នៃវត្ថុធាតុដើម។ ចាប់ពីកំណាត់ឈើដែលស្រង់ចេញពីទឹកជំនន់ សិល្បករមិនព្យាយាមបង្ខំវាទៅក្នុងទម្រង់រឹងត្អឹងនោះទេ។ ពួកគាត់សង្កេតមើលសរសៃឈើ ស្នាមប្រេះ និងផ្នែកដែលពុកផុយ ដោយសារសំណឹកនៃទឹក ដើម្បីបង្កើតជារូបរាងតាមលំអាននោះ។
ដូច្នេះហើយ ផលិតផលនីមួយៗ បានបង្កើតឡើង គឺជាស្នាដៃតែមួយគត់ ព្រោះមិនដែលមានអុសពីរដុំ ត្រូវទឹកទន្លេហូរច្រោះឱ្យមានរាងដូចគ្នាទាំងស្រុងនោះទេ។ ដូច្នេះហើយ ស្នាដៃចម្លាក់ឈើនីមួយៗនៅភូមិគុយលូ មានទម្រង់ និងរូបរាងខុសៗគ្នា វាអាចជាត្រីឈើ ហ្វូងចាប ឬរូបចម្លាក់មុខមនុស្ស។ល។ ទាំងអស់សុទ្ធតែមានរូបរាងគ្រើមៗ ហាក់បីដូចជាទើបតែងើបចេញពីគំនរឈើសំណល់ នៃគ្រោះមហន្តរាយធម្មជាតិ ប៉ុន្តែលាក់កំបាំងនូវភាពស្រស់ស្អាត ដែលពោរពេញទៅដោយដង្ហើម នៃប្រជាប្រិយភាព និងយុគសម័យ។
ភាពអស្ចារ្យនៃលំហសិល្បៈនេះ មិនត្រឹមតែជាចម្លាក់ប៉ុណ្ណោះទេ។ នោះវាគឺជាការរួមបញ្ចូល រវាងគំនូរ (ជាមួយនឹងពណ៌ឆើតឆាយ ប៉ុន្តែសាមញ្ញ) និងសិល្បៈនៃការរៀបចំ ដោយប្រែក្លាយលំហំទាំងមូលទៅជាសារមន្ទីរពោរពេញទៅដោយភាពរស់រវើក។
សារពណ៌បៃតង ផ្តើមពីរឿងសាមញ្ញៗ
លោក ឡេ ង៉ុកធ្វឹន ធ្លាប់បានចែករំលែកថា៖ "ខ្ញុំចង់បំប្លែងអុសទឹកជំនន់ទៅជា 'ទូតវៀតណាម នៃសិល្បៈរស់ឡើងវិញ' — នាំយកសារអំពីភាពច្នៃប្រតិដ្ឋ ចីរភាព និងភាពស្រស់ស្អាត នៃធម្មជាតិទៅកាន់ពិភពលោកទាំងមូល។
ភូមិគុយលូ មិនត្រឹមតែជាកន្លែងសម្រាប់គយគន់ភាពស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជា “ស្ថានីយ៍ផ្តល់សញ្ញា" មួយ អំពីការយល់ដឹងនូវបរិស្ថាន។ ភូមិគុយលូ ជាសំណល់នៃគ្រោះធម្មជាតិ តែប្រសិនបើ យើងចេះពីរបៀបប្រើប្រាស់ វានឹងក្លាយជាសិល្បៈ ជួនកាលជាព្រទ្យសម្បត្តិមានតម្លៃសេដ្ឋកិច្ចខ្ពស់ទៀតផង។
តាមរយៈគម្រោងនេះ សារអំពីសេដ្ឋកិច្ចវិលជុំ និងសិល្បៈកែច្នៃបានបញ្ជូនតៗយ៉ាងសាមញ្ញបំផុត។ វារំលឹកយើង អំពីភាពផុយស្រួយនៃធម្មជាតិ និងទំនួលខុសត្រូវរបស់មនុស្ស ក្នុងការកាត់បន្ថយកាកសំណល់។ ស្នាដៃនីមួយៗ ដែលអតិថិជនទិញយកទៅ គឺជាសារការពារបរិស្ថាន បានផ្សព្វផ្សាយទូទាំងពិភពលោក។
ដូច្នេះហើយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភូមិគុយលូ បានក្លាយជាអាសយដ្ឋាន ដែលមិនអាចរំលងបានសម្រាប់អ្នកស្នេហាសិល្បៈ នៅពេលមកទស្សនាទីក្រុងហូយអាន។ គម្រោងនេះ មានភាពទាក់ទាញដ៏ចម្លែក ព្រោះវាប៉ះពាល់ដល់អារម្មណ៍ និងគំនិតប្រកបដោយចីរភាពរបស់ភ្ញៀវទេសចរទំនើប។
ប៉ាន់ប្រមាណថារៀងរាល់ខែ ភូមិគុយលូស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២,០០០ ទៅ ៣,០០០នាក់ មកទស្សនា និងទទួលយកបទពិសោធន៍។ ស្នាដៃជាច្រើនមកពីភូមិគុយលូ បានធ្វើដំណើរតាមភ្ញៀវទេសចរទៅកាន់ទីតាំងគ្រប់ទ្វីបទាំងអស់ បង្ហាញខ្លួនក្នុងលំហដ៏ប្រណិត តាំងពីទីក្រុងប៉ារីស ដល់ទីក្រុងញូវយ៉ក ជាសក្ខីភាពអំពីថាមពល នៃវប្បធម៌វៀតណាម ដើម្បីបន្តប្រាប់រឿងរ៉ាវ នៃសិល្បៈដែលអាចព្យាបាល និងរស់ឡើងវិញ នៅកណ្តាលពិភពលោក ដែលកំពុងប្រឈមមុខនឹងបម្រែបម្រួលបរិស្ថានជាច្រើន ដូចសព្វថ្ងៃនេះ៕
- អត្ថបទនិងរូបថត៖ ថាញ់ហ្វា/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង






























