ពិសេសភាព "ក្រមួនឃ្មុំ - ពណ៌ឆ្លុះ"
នាពេលថ្មីៗនេះ នៅសារមន្ទីរនារីវៀតណាម (រដ្ឋធានីហាណូយ) ព្រឹត្តិការណ៍ “ក្រមួនឃ្មុំ- ពណ៌ឆ្លុះ ”បានប្រព្រឹត្តទៅដោយមានការចូលរួមរបស់សិប្បករ សិល្បការិនីជនជាតិ ម៉ុង (Mong)(ខេត្ត ហ័រប៊ិញ (Hoa Binh)) និងជនជាតិ យ៉ាវ (Dao) (ខេត្ត កាវបាំង (Cao Bang) បានទាក់ទាញការយកចិត្តទុកដាក់របស់សាធារណជនច្រើននាក់។ ព្រឹត្តិការណ៍នេះ គឺជាសកម្មភាពមួយក្នុងចំណោមបណ្តាសកម្មភាពផ្សព្វផ្សាយក្នុងក្របខ័ណ្ឌនៃគម្រោងទី ៨ ដែលរៀបចំដោយសារមន្ទីរនារីវៀតណាម ហើយមានគោលបំណងរាលដាលតម្លៃវប្បធម៌ និងទំនៀមទម្លាប់ល្អរបស់ស្ត្រីជនជាតិភាគតិចឆ្ពោះទៅគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគមន៍ជនជាតិ។
ក្រមួនឃ្មុំ និងពណ៌ឆ្លុះត្រូវបានគេស្គាល់ជាវត្ថុធាតុដើមធម្មជាតិទាំងពីរ។ តាមរយៈដៃដ៏ប៉ិនប្រសប់ និងការស្រមើស្រមៃដ៏សម្បូរបែប ស្ត្រីជនជាតិភាគតិចបានបង្កើតនូវសោភណ្ឌភាពវប្បធម៌ប្លែក និងច្នៃប្រឌិត ដែលជាសិល្បៈនៃការគូរដោយក្រមួនឃ្មុំនៅលើក្រណាត់។ បច្ចេកទេសនេះត្រូវបានប្រើប្រាស់ជាទូទៅលើសម្លៀកបំពាក់របស់ស្ត្រីជនជាតិ ម៉ុង (Mong) និងស្ត្រីជនជាតិ យ៉ាវ (Dao) (ក្រុម យ៉ាវតៀន ( Dao Tien)) នេះគឺជាជំនាញសិប្បកម្មប្រពៃណីមួយដែលត្រូវបានរក្សារហូតមកដល់សព្វថ្ងៃនេះ។ ក្បាច់រចនា ក្រមួនឃ្មុំត្រូវបានគូរនៅលើក្រណាត់។ មុនពេលគូរ ក្រណាត់ត្រូវបានអ៊ុតឲ្យរាបស្មើ ដើម្បីឱ្យក្រមួនឃ្មុំជ្រាបឲ្យស្មើនិងស្រស់ស្អាត មិនដាមក្នុងអំឡុងពេលគូរ។ ឧបករណ៍សម្រាប់ការអ៊ុតក្រណាត់អាចជាថ្មមានផ្ទៃមុខទាំងពីររាបស្មើ ដើម្បីអ៊ុតឲ្យក្រណាត់រលោងនិងរាបស្មើ។ បច្ចេកទេសនៃការគូរដោយក្រមួនឃ្មុំលើក្រណាត់ទាមទារភាពប៉ិនប្រសប់ ភាពល្អិតល្អន់ និងភាពជាក់លាក់របស់ស្ត្រីជនជាតិ ដូច្នោះទើបក្បាច់រចនាមានភាពស្រស់ស្អាត និងត្រចះត្រចង់។
តាំងពីយូរលង់ណាស់មកហើយ ជនជាតិ ម៉ុង (Mong) តែងតែយល់ដឹងយ៉ាងច្បាស់លាស់អំពីការការពារវប្បធម៌ប្រពៃណី រួមទាំងបច្ចេកទេសគូរក្បាច់រចនាដោយក្រមួនឃ្មុំនៅលើក្រណាត់។ ក្បាច់រចនាលើក្រណាត់របស់ជនជាតិ ម៉ុង (Mong) គឺជាទំព័រប្រវត្តិសាស្ត្រ រឿងរ៉ាវអំពីទស្សនៈពិភពលោក និងធម្មជាតិដ៏រស់រវើកនៃតំបន់ភ្នំព្រៃ។ ស្ត្រីគូរក្បាច់រចនាលើក្រណាត់ដោយក្រមួនឃ្មុំបានដុតកម្ដៅឲ្យរលាយ។ សម្រាប់ស្ត្រីជនជាតិម៉ុង (Mong) ឧបករណ៍គូរគឺប៊ិចពិសេសដែលមានបណ្ដូលកោងធ្វើពីស្ពាន់។ ចំពោះស្ត្រីជនជាតិ យ៉ាវ (Dao) ពួកគេប្រើស៊ុមបោះរាងត្រីកោណ ដើម្បីបង្កើតជាបន្ទាត់ត្រង់ ឬប្រើប្រាស់បំពង់ឬស្សីតូចៗ សម្រាប់ការបង្កើតរាងជារង្វង់។ បន្ទាប់ពីគូររួចរាល់ ត្រូវរង់ចាំឱ្យក្រមួនឃ្មុំស្ងួត។ នៅពេលដែលក្រមួនស្ងួត ក្រណាត់ត្រូវបានលាបពណ៌ពណ៌ឆ្លុះ ជាច្រើនដង បន្ទាប់មកជ្រលក់ក្នុងទឹកពុះរហូតដល់ក្រមួនរលាយ។ ក្បាច់រចនាត្រូវបានគ្របដោយក្រមួនឃ្មុំ ដើម្បីការពារមុនពេលជ្រលក់ពណ៌នឹងលេចចេញនៅលើផ្ទៃក្រណាត់នូវពណ៌ឆ្លុះងងឹត។ ហើយទាំងនេះគឺជាដំណាក់កាលទាំងមូលសម្រាប់ផលិតក្រណាត់គូរក្បាច់រចនាដោយក្រមួនឃ្មុំ។
លោកស្រី ង្វៀន ធីទៀត (Nguyen Thi Tuyet) នាយិកានៃសារមន្ទីរនារីវៀតណាមបានមានប្រសាសន៍ថា ព្រឹត្តិការណ៍ “ក្រមួនឃ្មុំ - ពណ៌ឆ្លុះ ” គឺជាសកម្មភាពមួយក្នុងចំណោមបណ្តាសកម្មភាពរាលដាលតម្លៃវប្បធម៌របស់ស្ត្រីនៅទូទាំងប្រទេស ហើយខ្ញុំសង្ឃឹមថា នឹងបង្កើតតម្លៃប្រកបដោយនិរន្តរភាពពីផលិតផលធ្វើដោយដៃនារីវៀតណាម។
មកចូលរួមព្រឹត្តិការណ៍នេះ សាធារណជនក៏អាចជួបជុំ ពិភាក្សានិងស្វែងយល់ពិសោធពីរបៀបគូរដោយក្រមួនឃ្មុំជាមួយសិប្បករ សិប្បការិនីជនជាតិ ម៉ុង (Mong) និង ជនជាតិ យ៉ាវ (Dao) ស្តាប់ពីកង្វល់ ក្នុងការស្វែងរកទីផ្សារសម្រាប់ផលិតផល ការអភិវឌ្ឍនសេដ្ឋកិច្ចពីអត្តសញ្ញាណវប្បធម៌ពិសេសរបស់បងប្អូនជនជាតិ។ លើសពីនេះ សាធារណជនក៏នឹងមានឱកាសស្វែងយល់ពីភាពស្រស់ស្អាតនៃបច្ចេកទេសគូរក្បាច់រចនាដោយក្រមួនឃ្មុំ តាមរយៈការតាំងពិពណ៌រូបភាព "ក្រមួនឃ្មុំ - ពណ៌ឆ្លុះ" សាកល្បងគ្រងសម្លៀកបំពាក់ប្រពៃណី និងថតរូបនិងទុកជាអនុស្សាវរីយ៍អំពីបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងលំហរដែលពោរពេញដោយវប្បធម៌តំបន់ព្រៃភ្នំ។ ប្រឈមមុខនឹងនិន្នាការសមាហរណកម្ម ម៉ូដសម្លៀកបំពាក់ទាន់សម័យកាន់តែខ្លាំងឡើង លោកស្រី បានធីលៀន (Ban Thi Lien) នៅតែជឿជាក់ថា៖ “សម្លៀកបំពាក់រនៃជនជាតិភាគតិចរបស់យើងនឹងមិនរលាយសូន្យបានឡើយ ព្រោះអាវ និងសំពត់នោះនៅជិតស្និទ្ធនឹងជនជាតិយ៉ាវ (Dao) ពេញមួយជីវិត។ កូនចៅជំនាន់ក្រោយបន្តជំនាន់មុន ទទួលមរតក ថែរក្សា និងអភិវឌ្ឍ”។ លោកស្រី លៀន (Lien) ក៏សង្ឃឹមដែរថា ប្រពៃណីជនជាតិភាគតិចរបស់នាងនឹងរីករាលដាលទៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេស ./.