ពិធីបុណ្យចំបាប់ ធូលេ (Thu Le)៖ សម្រស់ និងស្មារតីលើកតម្តើងក្បាច់គុនរបស់ទីក្រុងហ្វេ (Hue)
ជារៀងរាល់ឆ្នាំ នៅដើមនិទាឃរដូវ ភូមិ ធូលេ (Thu Le) (ឃុំ ក្វាងឌឿន (Quang Dien) ទីក្រុង ហ្វេ (Hue)) ប្រារព្ធពិធីបុណ្យចំបាប់ដោយសប្បាយរីករាយ - ព្រឹត្តិការណ៍វប្បធម៌ និងកីឡាប្រពៃណីដ៏ស្រស់ស្អាតមួយនេះ ដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។ មិនត្រឹមតែជាសកម្មភាពកម្សាន្តប៉ុណ្ណោះទេ ពិធីបុណ្យនេះ ក៏មានអត្ថន័យជ្រាលជ្រៅដែលទាក់ទងនឹងការហាត់ពត់សុខភាព ស្មារតីលើកកម្កើងក្បាច់គុន និងការតភ្ជាប់សហគមន៍ ផងដែរ។
យោងតាមការកត់ត្រាក្នុងប្រវត្តិសាស្ត្រ និងអ្នកវ័យចំណាស់នៃភូមិនេះ ពិធីបុណ្យចំបាប់ធូលេ (Thu Le) មានដើមកំណើត ក្នុងសម័យកាលស្តេចក្រាញ់ ង្វៀន (Nguyen)។ នៅពេលនោះ ពិធីបុណ្យចំបាប់ត្រូវបានរៀបចំឡើង ដោយមានគោលបំណងចម្បង គឺការជ្រើសរើសយុវជន ដែលមានសុខភាពល្អ និងរឹងមាំ ដើម្បីបំពេញបន្ថែមជួរកងទ័ពរបស់រាជវាំង រួមចំណែកដល់ការការពារមាតុភូមិ។ ឆ្លងតាមពេលវេលា ពិធីបុណ្យចំបាប់បានក្លាយជាសកម្មភាពវប្បធម៌ និងកីឡាដ៏សំខាន់មួយ ប្រកបដោយអត្តសញ្ញាណនៃតំបន់ជនបទទីក្រុង ហ្វេ (Hue)។
ជាធម្មតា សង្វៀនចំបាប់ ដែលមានទីតាំង ស្ថិតនៅខាងមុខទីសក្ការៈបូជារបស់ភូមិ ធូលេ (Thu Le) - សំណង់ស្ថាបត្យកម្មសិល្បៈថ្នាក់ជាតិ - បានក្លាយជាមជ្ឈមណ្ឌលនៃពិធីបុណ្យនេះ។ ពិធីបុណ្យចំបាប់ ធូលេ (Thu Le) តែងតែទាក់ទាញកឡាករ កីឡាការិនីចំបាប់ជាង ៧០ ទៅ ១០០ នាក់ ដែលមានអាយុខុសៗ គ្នា មកពីបណ្តាឃុំជិតខាងនេះ។ សំឡេងស្គរបើកពិធីបុណ្យដ៏រំពង បានទាក់ទាញប្រជាជនក្នុងតំបន់ និងភ្ញៀវទេសចររាប់ពាន់នាក់ មកពីគ្រប់ទិសទី ដើម្បីមកទស្សនា និងគាំទ្រ។ បរិយាកាសនៅសង្វៀនចំបាប់ តែងតែមានភាពរស់រវើក និងតានតឹង ប៉ុន្តែក៏ពោរពេញដោយមិត្តភាពផងដែរ។
ច្បាប់នៃការប្រកួតចំបាប់ប្រពៃណី នៅក្នុងពិធីបុណ្យ ធូលេ (Thu Le) តែងតែលើកតម្កើងការគោរព ចំពោះគូប្រកួត និងក្បាច់គុន។ កីឡាករចំបាប់ ត្រូវតែយកឈ្នះលើគូប្រកួតរបស់ពួកគេ ក្នុងវគ្គជម្រុះ ដើម្បីចូលក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ។ ទោះជាយ៉ាងណាក៏ដោយ មានច្បាប់សំខាន់មួយ ដែលមិនបានចែងជាជាលាយលក្ខណ៍អក្សរ ប៉ុន្តែត្រូវបានអនុវត្តយ៉ាងម៉ឹងម៉ាត់ក្នុងពិធីបុណ្យចំបាប់នេះ គឺដាច់ខាតមិនត្រូវប្រើប្រាស់ក្បាច់វាយប្រហារណា ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។ សកម្មភាពដូចជាការកាច់បត់សន្លាក់ ធ្វើសន្លាក់ឆ្អឹងជាប់ ឬវាយប្រហារដោយក្បាល ត្រូវបានហាមឃាត់។ កីឡាករចំបាប់ត្រូវតែយកឈ្នះលើគូប្រកួតរបស់ពួកគេ ដោយប្រើបច្ចេកទេស "ធ្វើឱ្យខ្នងរបស់គូប្រកួតប៉ះដី” ដើម្បីចាត់ទុកថា ជាអ្នកយកឈ្នះ។ មិនថា ពួកគេឈ្នះឬចាញ់ទេ កីឡាករចំបាប់ តែងតែបង្ហាញពីស្មារតីសាមគ្គីភាព មិត្តភាព ការផ្លាស់ប្តូរបទពិសោធន៍ និងការរៀនសូត្រគ្នាទៅវិញទៅមក
កីឡាការិនីបីនាក់ គឺជាបងប្អូនស្រីបង្កើត យុវនារី ង្វៀន ធិមីហាញ (Nguyen Thi My Hanh) យុវនារី ង្វៀន ធិមីត្រាង (Nguyen Thi My Trang) និង យុវនារី ង្វៀន ធិមីលីញ (Nguyen Thi My Linh) ដែលកើតនៅក្នុងភូមិចំបាប់ ធូ លេ (Thu Le) បានបង្កើតស្នាដៃឆ្នើមមួយ ដោយឈ្នះមេដាយមាសចំនួន ៣ គ្រឿង ក្នុងចំណោមមេដាយមាសទាំងបួនគ្រឿង ក្នុងវិញ្ញាសាចំបាប់សេរី ចំពោះស្រីសម្រាប់គណៈប្រតិភូកីឡាវៀតណាម នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣៣។
សព្វថ្ងៃនេះ ពិធីបុណ្យចំបាប់ធូលេ (Thu Le) មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌មួយប៉ុណ្ណោះទេ ថែមទាំងជាកន្លែងមួយ ដើម្បីស្វែងរក និងបណ្ដុះបណ្ដាលទេពកោសល្យវ័យក្មេងសម្រាប់ការចំបាប់ ដែលរួមចំណែកដល់ការអភិវឌ្ឍកីឡាក្នុងទីក្រុងហ្វេ (Hue) ជាពិសេស និងប្រទេសទាំងមូលផងដែរ៕
អត្ថបទ និងរូបថត៖ ទ្រឿងវិញ






