ពណ៌សម្បុរជីវភាពនៃបណ្តាជនជាតិវៀតណាម
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ឆ្នាំ នៃទិវារំដោះរដ្ឋធានី (១០/១០/១៩៥៤ - ១០/១០/២០២៥) និងខួបអនុស្សាវរិយ៍លើកទី៩៥ឆ្នាំ នៃទិវាបង្កើតសមាគមសហព័ន្ធនារីវៀតណាម (២០/១០/១៩៣០ - ២០/១០/២០២៥) ក្លិបថតរូបនារីហាយអូវ បានរៀបចំអង្គតាំងពិព័រណ៍រូបថត “ពណ៌សម្បុរជីវភាពនៃបណ្ដាជនជាតិវៀតណាម” នៅសារមន្ទីរនារីវៀតណាម (លេខ៣៦ ផ្លូវលីធឿនកៀត ទីក្រុងហាណូយ)។ ព្រឹត្តិការណ៍នេះ ក៏ជាការគូសសម្គាល់រយៈពេល៣៥ឆ្នាំ នៃការបង្កើត និងអភិវឌ្ឍក្លិបផងដែរ - ដែលជាផ្ទះរួមនៃសិល្បការិនីថតរូប ដែលមានទេពកោសល្យ ចំណង់ចំណូលចិត្ត និងផ្សារភ្ជាប់នឹងសិល្បៈ។
អង្គតាំងពិព័រណ៍រូបថតនេះ បង្ហាញស្នាដៃចំនួន៥៤ ដែលជ្រើសរើសចេញពីសមាជិក២៥នាក់ ដោយបង្កើតឡើងវិញយ៉ាងរស់រវើក នូវរូបភាពពហុពណ៌ អំពីជីវិត វប្បធម៌ និងប្រជាជននៃបណ្តាជនជាតិវៀតណាម។ តាមរយៈកែវយឹតនៃសិល្បការិនីនារី អ្នកទស្សនាអាចយល់អំពីសម្រស់ស្រស់ស្អាត សាមញ្ញ តែស៊ីជម្រៅ៖ ចាប់ពីស្នាមញញឹមគ្មានមន្ទិលនៃកុមារនៅតំបន់ភ្នំ ក្រសែភ្នែកគិតគូរនៃនារីនៅតំបន់ខ្ពង់រាប រហូតដល់ពណ៌ចម្រុះឆើតឆាយនៅក្នុងពិធីបុណ្យ ការងារ និងសកម្មភាពប្រចាំថ្ងៃ។ល។
ការពិព័រណ៍នេះ គឺជាចំណុចសំខាន់មួយនៃក្លិបថតរូបនារីហាយអូវ - ជាក្រុមមួយដែលមានទាំងទេពកោសល្យ និងការតស៊ូ តែងតែប្រើរូបភាព ដើម្បីនិទានរឿងអំពីភាពស្រស់ស្អាតនៃប្រទេសវៀតណាម តាមរយៈចក្ខុវិស័យល្អិតល្អន់របស់នារី។ ស្នាដៃនីមួយៗ គឺជាផ្នែកមួយនៃជីវិតពិត ដែលផ្ទុកនូវអារម្មណ៍មនុស្សធម៌ និងក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅ ចំពោះមនុស្ស ធម្មជាតិ និងមាតុភូមិ។

បន្ទាប់ពីសកម្មភាពក្នុងរយៈពេល៣៥ឆ្នាំកន្លង ក្លិបថតរូបនារីហាយអូវ គឺជាអង្គភាពថតរូបនារីតែមួយគត់នៅវៀតណាម ដែលរក្សាបានសកម្មភាពទៀងទាត់ និងសម្រេចបាននូវសមិទ្ធិផលលេចធ្លោជាច្រើន។ សមាជិកជាច្រើន បានទទួលងារកិត្តិយសខ្ពង់ខ្ពស់ដូចជា៖ E.VAPA, E.VAPA/G ពីសមាគមសិល្បករថតរូបវៀតណាម ឬ E.FIAP - សិល្បករថតរូបអន្តរជាតិឆ្នើម នៃសហព័ន្ធសិល្បៈថតរូបអន្តរជាតិ (FIAP)។ សមិទ្ធិផលទាំងនោះ បញ្ជាក់ពីទីជំហររបស់ហាយអូវនៅក្នុងជីវិតថតរូបវៀតណាម៕
មិនត្រឹមតែសកម្មភាពលើមុខជំនាញ សមាជិកក្លឹប នៅទាំងបង្ហាញពីស្មារតីធម៌មេត្តា និងទទួលបន្ទុកលើសង្គម។ ជារៀងរាល់ឆ្នាំ ក្លឹបបានផ្តល់ថវិកាមួយចំណែកដែលទទួលមកពីការលក់ស្នាដៃរូបថត សៀវភៅ និង តាំងពិព័រណ៍ ដើម្បីបង្កមូលនិធីសប្បុរសធម៌ រួមដៃជំនួយដល់ជនទុរគតកំសត់ផងដែរ។
អនុវត្ត៖ កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង





























