ពណ៌នៃសម្លៀកបំពាក់បុរាណវៀតណាមលេចធ្លោ នៅរដូវកាលទេសចរណ៍ទីក្រុងហូជីមិញ
ការដង្ហែក្បួនសម្លៀកបំពាក់បុរាណវៀតណាមបានក្លាយជាចំណុចលេចធ្លោផ្នែកវប្បធម៌ និងទេសចរណ៍ពិសេសនៅទីក្រុងហូជីមិញ ដោយចូលរួមចំណែកលើកតម្កើងបេតិកភណ្ឌ និងផ្សព្វផ្សាយរូបភាពទីក្រុងថាមពល ប៉ុន្តែនៅតែរក្សាបាននូវអត្តសញ្ញាណជាតិយ៉ាងល្អឥខ្ចោះ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំដូចជា ពិធីបុណ្យអាវផាយវៀតណាម នៅខែមីនា ពិធីបុណ្យពណ៌សម្បុរវប្បធម៌នៅខែមេសា ឬក្បួនដង្ហែរយផ្កានៅដើមឆ្នាំថ្មី បានបន្សល់ទុកនូវចំណាប់អារម្មណ៍ជាច្រើន ក្នុងដួងចិត្តប្រជាជន និងភ្ញៀវទេសចរ ដោយគូសបញ្ជាក់យ៉ាងរស់រវើក នូវផ្ទាំងគំនូរទេសចរណ៍ ដែលសម្បូរទៅដោយអត្តសញ្ញាណរបស់ទីក្រុង។
ថ្មីៗនេះ ពិធីបុណ្យពណ៌សម្បុរវប្បធម៌លើកទី២ ដែលបានប្រព្រឹត្តទៅនៅក្នុងលំហបៃតងនៃសួនសត្វ ថាវកឹមវៀន សាយហ្គន (ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៧ ខែមេសា) បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ ឱ្យចូលរួមក្នុងបរិយាកាសដ៏រីករាយ អ៊ូអរ និងពោរពេញដោយពណ៌ចម្រុះ។ ចំណុចលេចធ្លោនៃពិធីបុណ្យនេះ គឺយុវជនប្រមាណ ៦០០នាក់ ក្នុងសម្លៀកបំពាក់បុរាណវៀតណាម ជាមួយនឹងប្រធានបទចំនួនពីរគឺ “បាច់វៀតរុងរឿង” និង “ទេពអប្សរយាងប្រពាត” ដែលបានចូលរួមក្បួនព្យុហយាត្រា និងបង្ហាញឡើងវិញនូវពិធីបូជាស្តេច ហ៊ុង។
ក្បួនដង្ហែធ្វើដំណើរឆ្លងកាត់ទីតាំងនានា នៅកណ្តាលទីក្រុងជាបន្តបន្ទាប់។ នៅអាសយដ្ឋានឈប់សម្រាប់នីមួយៗ ភ្ញៀវទេសចរមានពេលវេលា ដើម្បីសង្កេតមើលសម្លៀកបំពាក់ឱ្យបានច្បាស់ ថតរូបអនុស្សាវរីយ៍ ឬកត់ត្រាឯកសារ។ អ្នកដឹកនាំក្បួន បានពន្យល់ដោយផ្ទាល់ អំពីតួអង្គដែល "តួសម្តែង" បានតាក់តែង ណែនាំពីប្រភពដើម កាលបរិច្ឆេទ លក្ខណៈសម្គាល់ ក៏ដូចជាភាពខុសគ្នា រវាងសម្លៀកបំពាក់ នៃសម័យកាលនីមួយៗ និងគ្រឿងបន្លាស់ដែលភ្ជាប់មកជាមួយ។ តាមរយៈនោះ សាធារណជន មិនត្រឹមតែបានគយគន់សម្រស់ នៃសម្លៀកបំពាក់បុរាណប៉ុណ្ណោះទេ ថែមទាំងយល់បន្ថែមអំពីជម្រៅនៃវប្បធម៌ និងប្រវត្តិសាស្ត្រ នៅពីក្រោយសម្លៀកបំពាក់នីមួយៗ បង្កើតបានជាប្រសិទ្ធភាពផ្សព្វផ្សាយយ៉ាងរស់រវើក និងគួរឱ្យចាប់អារម្មណ៍។
ពិធីបុណ្យ ប្រព្រឹត្តទៅចំពេលដែលប្រទេសទាំងមូល កំពុងឆ្ពោះទៅរកថ្ងៃបូជាស្តេច ហ៊ុង ដូច្នេះហើយ នៅតំបន់វិហាររំលឹកគុណស្ដេច ហ៊ុង ក្នុងបរិវេណសួនសត្វ ថាវកឹមវៀន ក្បួនព្យុហយាត្រា បានបង្ហាញឡើងវិញនូវពិធីសាសនា និងការថ្វាយដង្វាយដល់បិតាជាតិ។ ទន្ទឹមនឹងនោះ ពិធីប្រពៃណីជាច្រើនរបស់ជនជាតិវៀតណាម ក៏ត្រូវបានណែនាំដល់សាធារណជនផងដែរ ដូចជារបាំស្រមោលស្បែងធំ - ទម្រង់សិល្បៈប្រជាប្រិយ នៅភាគខាងត្បូង ដែលមានប្រវត្តិជាង ៣០០ឆ្នាំ។ ពិធីបុណ្យប្រមូលផ្តុំរស្មីស័ក្តិសិទ្ធិ ដែលបង្ហាញឡើងវិញនូវពិធីព្រះរាជក្រឹត្យតែងតាំង នៅក្នុងពិធីបុណ្យគីអៀន នៃភូមិនៅភាគខាងត្បូង រួមជាមួយនឹងការតាំងពិពណ៌គោម អាវក្រោះ អាវុធវៀតណាម ក្នុងសម័យសក្តិភូមិ គំរូតួអង្គប្រវត្តិសាស្ត្រវៀតណាម។ល។
លើសពីនេះ សកម្មភាពណែនាំសិប្បកម្មប្រពៃណី ល្បែងប្រជាប្រិយ និងម្ហូបប្រជាប្រិយពិសេសៗ ក៏បានរួមចំណែកបង្កើតបរិយាកាសពិធីបុណ្យឱ្យមានភាពរស់រវើក ចម្រុះ និងពោរពេញដោយបទពិសោធន៍សម្រាប់ភ្ញៀវទេសចរផងដែរ។
លោក ង្វៀន ថាញ់ញឹត (Nguyen Thanh Nhut) នាយករងសួនសត្វ ថាវកឹមវៀន សាយហ្គន បានមានប្រសាសន៍ថា ពិធីបុណ្យពណ៌វប្បធម៌លើកទី២ ត្រូវបានរៀបចំឡើង ដោយមានបំណងនាំយកបទពិសោធន៍ថ្មីៗ និងគួរឱ្យទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរនៅពេលមកកាន់ទីក្រុងហូជីមិញនិយាយរួម ជាពិសេសគឺសួនសត្វ ថាវកឹមវៀនសាយហ្គន (Thao Cam Vien Sai Gon)។
ការបង្ហាញឡើងវិញនូវសម្លៀកបំពាក់បុរាណ និងពិធីប្រពៃណី ដែលភ្ជាប់ទៅនឹងព្រឹត្តិការណ៍ទេសចរណ៍ និងលំហវប្បធម៌នៅទីក្រុងហូជីមិញ បានរួមចំណែកនាំយកវប្បធម៌វៀតណាម ឱ្យកាន់តែខិតជិតសាធារណជន តាមរយៈរូបភាពរស់រវើក និងទាក់ទាញ។ នេះក៏ជាវិធីអភិរក្ស និងលើកកម្ពស់យ៉ាងមានប្រសិទ្ធភាពនូវតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រ ព្រមទាំងបង្កើតបានជាចំណុចពិសេស និងគួរឱ្យទាក់ទាញ សម្រាប់វិស័យទេសចរណ៍របស់ទីក្រុងផងដែរ។
អនុវត្ត៖ សើនងៀ/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង






















