ផ្សារ ដុងបា (Dong Ba)
ផ្សារ ដុងបា (Dong Ba) (ទីក្រុង ហ្វេ (Hue)) បច្ចុប្បន្នមានអាយុកាល ១២៥ ឆ្នាំ ដែលជាផ្សារធំជាងគេ និងចំណាស់ជាងគេនៅទីក្រុង ហ្វេ (Hue) ។ ផ្សារដ៏ធំស្កឹមស្កៃនេះ ស្ថិតនៅតាមបណ្តោយទន្លេ ហឿង (Huong) ដ៏រ៉ូមែនទិច ដែលមិនត្រឹមតែជាកន្លែងសម្រាប់លក់ដូរ និងបង្កើតការងារសម្រាប់ប្រជាជនរាប់ម៉ឺននាក់អាចរកស៊ី និងចិញ្ចឹមជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែទីនេះក៏ជាកន្លែងប្រមូលផ្តុំ និងឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវភាពគួរឱ្យចាប់អារម្មណ៍នៃជីវិតរស់នៅ និងវប្បធម៌ទីក្រុង ហ្វេ (Hue) ទៀតផង។
ភ្ញៀវទេសចរមកផ្សារ ដុងបា (Dong Ba) រដូវណា តែងមានអាហារប្រចាំរដូវនោះ គ្រាន់តែមើលទៅមុខម្ហូប ដូចជា បង្គារជូរ ស្ករល្ង មួកស្លឹក បង្អែមចាប់ឆាយ ឬនំបញ្ចុកសាច់គោហ្វេ (Hue) ... ហើយរហូតដល់សូរសម្លេងទន់ភ្លន់ គួរឲ្យស្រឡាញ់របស់បងប្អូនស្រីៗ មីងៗ និងអាជីវករ ហ្វេ (Hue) គឺគ្រប់គ្រាន់ ដើម្បីកំណត់អត្តសញ្ញាណថា ជីវិតវប្បធម៌របស់ ហ្វេ (Hue) មានភាពសម្បូរបែប និងគួរឲ្យចាប់អារម្មណ៍ប៉ុនណាហើយ។
តិចមានផ្សារណា មានការឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ក្នុងតំបន់យ៉ាងច្បាស់លាស់ដូចផ្សារ ដុងបា (Dong Ba) ឡើយ។ ភ្ញៀវទេសចរ ទោះបីនៅទីឆ្ងាយទើបមកដល់ គ្រាន់តែមើលទៅបណ្ដាតូបលក់អាហារ និងភេសជ្ជៈ ដែលមានគ្រប់មុខ ដូចជា ផ្អក បង្គា ម្ទេស ខ្ទឹមស ក្រូចឆ្មា ផ្លែល្វាធំ គ្រាប់ឈូក ត្របែក ណែម នំធ្វើពីម្សោដំឡូងមី នំបញ្ចុកសាច់គោ … គឺដឹងច្បាស់អំពី និយមម្ហូបអាហារនៃទីក្រុងហ្វេ (Hue) គឺចូលចិត្តរសជាតិហឹរ រសជាតិសម្បូរបែប សាមញ្ញពិត ប៉ុន្តែមានអស្ចារ្យណាស់។
ដើរកាត់ហាងលក់ក្រណាត់ អ្នកនឹងឃើញក្រណាត់ជាច្រើនប្រភេទ សម្រាប់កាត់ដេរអាវផាយ អ្នកក៏យល់ថា សម្លៀកបំពាក់នៅក្នុងតំបន់នេះដូចម្តេចដែរ។ ឬគ្រាន់តែស្តាប់ការសាកសួរពីរបូឃ្លាជាគ្រាមភាសាដ៏ផ្អែមល្ហែម យឺតៗ ដោយសម្លេងអ្នកតំបន់នោះដូច "រាំង រី, មោ រឿ" ក៏យល់អំពី បុគ្គលិកលក្ខណៈរបស់ប្រជាជនហ្វេ (Hue) មានភាពរួសរាយរាក់ទាក់យ៉ាងណាដែរ។
ផ្សារ ដុងបា (Dong Ba) នៅទីក្រុង ហ្វេ (Hue) ឥឡូវនេះមិនត្រឹមតែជាកន្លែងលក់ដូរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញនៃរាជធានីបុរាណទៀតផង។ ដំណឹងល្អបង្ហោះឆ្ងាយ ភ្ញៀវទេសចរណាមកកាន់ទីក្រុង ហ្វេ (Hue) បន្ទាប់ពីបានទស្សនាកន្លែងស្រស់ស្អាតនៃតំបន់នេះ គេក៏ចង់ឆ្លៀតឱកាសទៅផ្សារ ដុងបា (Dong Ba) ដើម្បីកម្សាន្ត និងទិញទំនិញពិសេសមួយចំនួន សម្រាប់ជាកាដូជូនសាច់ញាតិ អ្នកខ្លះទៅផ្សារមិនទិញអ្វីទេ គ្រាន់តែមើលកម្សាន្ត និងស្តាប់ ដើម្បីបំពេញចិត្ត ខណៈពេលបានទៅដល់ទីក្រុង ហ្វេ (Hue) ម្ដងៗ។
និយាយអំពីប្រវត្តិនៃផ្សារដ៏ល្បីល្បាញនេះ។ នៅដើមរាជកាល យ៉ាឡុង (Gia Long) (ឆ្នាំ១៨០២) នៅរាជធានីបុរាណ ហ្វើ (Hue) មានផ្សារមួយត្រូវបានសាងសង់នៅខាងក្រៅទ្វារ ចាញដុង (Chanh Dong) (ធម្មតាគេហៅថា ទ្វារ ដុងបា (Dong Ba)) មិនឆ្ងាយពីផ្សារ ដុងបា (Dong Ba) បច្ចុប្បន្នប៉ុន្មានឡើយ។
នាពេលនោះ ផ្សារនេះមានឈ្មោះថា គ្វីយ៉ាធី (Quy Gia Thi) តាមភាសាបារាំងគឺ "le Marché de ceux qui revienment" ដែលមានន័យថា "ផ្សាររបស់អ្នកវិលត្រឡប់" បានន័យថាជាផ្សាររបស់អ្នកដែលវិលត្រឡប់មកវិញ បន្ទាប់ពីសង្រ្គាមស៊ីវិលរវាងរាជការ ង្វៀន (Nguyen) និង ស្ដេចក្រាញ់តីសើន (Tay Son)។
ជិតមួយសតវត្សក្រោយមក នៅរដូវប្រាំងឆ្នាំ ១៨៨៥ រាជធានីហ្វេត្រូវបរាជ័យ ផ្សារ គ្វីយ៉ា (Qui Gia) ត្រូវទ័ពបារាំងដុតបំផ្លាញ។ នៅឆ្នាំ១៨៨៧ ស្តេច ដុងខាញ (Dong Khanh) បានសាងសង់ផ្សារឡើងវិញ ហើយដាក់ឈ្មោះថា ផ្សារ ដុងបា (Dong Ba)។ រហូតដល់ ១៨៩៩ ស្តេច ថាញថាយ (Thanh Thai) បានរើផ្សារ ដុងបា (Dong Ba) ទៅដាក់នៅមាត់ទន្លេ ហឿង (Huong) ចំទីតាំងបច្ចុប្បន្ន ហើយឆ្នាំនោះក៏ត្រូវបានចាត់ទុកថាជាឆ្នាំនៃការបង្កើតផ្សារ ដុងបា (Dong Ba) ជាផ្លូវការ ផងដែរ។ ដូច្នេះ បើគិតពីឆ្នាំ១៨៩៩ ដល់បច្ចុប្បន្ន ផ្សារ ដុងបា (Dong Ba) ទើបតែមានអាយុកាល ១២៥ឆ្នាំ។
នៅដើមសតវត្សទី២០ ផ្សារ ដុងបា (Dong Ba) ត្រូវបានជួសជុលជាច្រើនដង ប៉ុន្តែនៅរក្សារចនាសម្ព័ន្ធដើមដដែល។ ក្នុងអំឡុងយុទ្ធនាការ ក្នុងឆ្នាំ១៩៦៨ ផ្សារ ដុងបា (Dong Ba) ត្រូវបានបំផ្លាញទាំងស្រុងដោយគ្រាប់បែក និងកាំភ្លើងធំរបស់អាមេរិក។ នៅឆ្នាំ១៩៨៧ ផ្សារត្រូវបានជួសជុល និងបន្លាស់ទីទៅដាក់នៅតំបន់ខាងក្រៅបង្គោលទង់ជាបណ្តោះអាសន្ន បន្ទាប់មកទើបបានកសាងឡើងនៅទីតាំងដើមវិញ។
សព្វថ្ងៃនេះ ផ្សារដុងបា (Dong Ba) មានផ្ទៃដីជាង ២២.៧០០ ម២ ដោយមានតូបតូចធំជាង ២៧០០ ខ្នង។ ផ្សារនេះមានទីតាំងនៅខាងជើងនៃមាត់ទន្លេ ហឿង (Huong) លាតសន្ធឹងពីស្ពាន យ៉ាហុយ (Gia Hoi) ដល់ស្ពាន ទ្រឿងទៀន (Truong Tien)។ នៅខាងមុខគឺផ្លូវ ត្រឹន ហ៊ឹងដាវ (Tran Hung Dao) ដែលជាផ្លូវពាណិជ្ជកម្មសំខាន់នៃទីក្រុង ហ្វេ (Hue) ។ ផ្សារនេះ លក់ផលិតផលប្រមាណជាង ៦០មុខទំនិញ តាំងពីទំនិញមានតម្លៃខ្ពស់ ទំនិញប្រណិត ដល់ទំនិញពេញនិយម។ ក្នុងមួយថ្ងៃៗ ចំនួនភ្ញៀវទេសចរ និងអ្នកទិញមកកាន់ផ្សារមានប្រមាណពី ៧.០០០ ទៅ ១០.០០០ នាក់។
ឆ្លងកាត់ជាងមួយសតវត្សរ៍ ដោយវិវត្តជាច្រើនជំនាន់ ផ្សារ ដុងបា (Dong Ba) បានក្លាយជាកន្លែងជិតស្និទ្ធរបស់ប្រជាជន ហ្វេ (Hue) ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់នៃទីក្រុង ហ្វេ (Hue) ខេត្ត ធឿធៀនហ្វេ (Thua Thien Hue) និងភាគកណ្តាល ហើយជាផ្សារប្រពៃណីដ៏ល្បីល្បាញមួយ ក្នុងចំណោមផ្សារប្រពៃណីនិងល្បីៗ ទាំងបីក្នុងទូទាំងប្រទេស រួមជាមួយនឹងផ្សារ បែនថាញ (Ben Thanh) នៅទីក្រុង ហូជីមិញ (Ho Chi Minh) និងផ្សារ ដុងស្វឹន (Dong Xuan) ក្នុងរដ្ឋធានីហាណូយ (Ha Noi)៕
- អត្ថបទ និងរូបថត៖ ថាញហ្វ័រ/ VNP
- ប្រែសម្រួលដោយង្វៀនយ៉ាង