ផ្តើមពីមជ្ឈមណ្ឌលសេដ្ឋកិច្ច ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

ផ្តើមពីមជ្ឈមណ្ឌលសេដ្ឋកិច្ច ក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ

ផ្តើម​ពីមជ្ឈមណ្ឌលសេដ្ឋកិច្ចសកម្មមួយ​របស់​វៀត​ណាម ទីក្រុង​ហូជីមិញ កំពុង​ឈាន​ចូល​​​ដំណាក់កាល​អភិវឌ្ឍន៍ថ្មី​មួយ ជាមួយ​នឹង​មហិច្ឆតា​ចង់​ក្លាយជា​​ចំណុច​​តភ្ជាប់​ហិរញ្ញវត្ថុ​អន្តរជាតិនៅអាស៊ីអាគ្នេយ៍។ ការ​កសាង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​វៀត​ណាម នៅទីក្រុងហូជីមិញ (VIFC-HCMC) បាន​រំពឹងថា​នឹង​បើក​នូវ​លំហ​អភិវឌ្ឍន៍​ថ្មី​មួយ​ ដែល​ជាកន្លែងប្រមូលផ្តុំ​លំហូរ​ទុន បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​គំនិត​ផ្តួច​ផ្តើម​នវានុវត្តន៍​ជាសកល​។

លំហហិរញ្ញវត្ថុថ្មី នៅតាមដងទន្លេសាយហ្គន

ដើរតួនាទីជាសសរស្តម្ភ​​សេដ្ឋកិច្ច​របស់​វៀតណាម បច្ចុប្បន្ន​ទីក្រុង​ហូជីមិញ បាន​រួម​ចំណែក​ប្រហែល​ ២២ - ២៣% GDP និងជិត ២៧% នៃចំណូលថវិកាជាតិសរុប។ ទីក្រុងនេះក៏ជាកន្លែងប្រមូលផ្តុំភាគច្រើននៃស្ថាប័នហិរញ្ញវត្ថុ ធនាគារ ក្រុមហ៊ុនមូលបត្រ និងសហគ្រាស​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fintech) របស់ប្រទេស​ទាំងមូលផងដែរ។

អគារ​ហិរញ្ញវត្ថុ​​ Bitexco (អគារ​ខ្ពស់បំផុត​)​ នៅ​​ទីក្រុង​ហូជីមិញ​។ រូបថត៖ ង្វៀន​ឡឹន​/VNP

នៅក្នុងបរិបទដែលលំហូរទុនអន្តរជាតិ កំពុងបម្លាស់​ទី​យ៉ាងខ្លាំងក្លាទៅ​កាន់តំបន់​អាស៊ី និង​​មាន​ការប្រកួតប្រជែង រវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុ​នានា កាន់តែកើនឡើង ទីក្រុង​ហូជីមិញ បាន​កំណត់​គោលដៅ មិនត្រឹម​តែ​រក្សា​តួនាទី​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​ឈាន​ជើង​ចូល​កាន់​តែ​ជ្រៅ​​ក្នុង​បណ្តាញ​ហិរញ្ញវត្ថុ​ពិភពលោក​ ជាបណ្ដើរៗ​ទៀតផង។

មើលពីទីខ្ពស់​ តំបន់មជ្ឈមណ្ឌល​កំពុងរំលេច​នៅ​ទីក្រុងហូជីមិញ និង​តំបន់​ទីក្រុងថ្មី​ធូធៀម (Thu Thiem) បង្កើត​បាន​ជា​លំហ​អភិវឌ្ឍន៍​ដ៏ទំនើប​មួយ នៅ​ក្បែរ​ដង​ទន្លេ​សាយហ្គន​។ បណ្តា​អគារខ្ពស់ៗ ប្រព័ន្ធ​ចរាចរណ៍ថ្មី រួមជាមួយ​នឹងខ្សែរថភ្លើង​ Metro លេខ​១ បេន​ថាញ់ - ស៊ុយធៀន (Ben Thanh - Suoi Tien) កំពុង​រួម​ចំណែក​បង្កើត​នូវ​មុខ​មាត់​ថ្មី នៃទីក្រុង​មួយ ដែល​ឆ្ពោះទៅរក​ស្តង់​ដារ​អន្តរជាតិ។

ក្នុងដំណាក់កាលឆ្នាំ២០២៥ - ២០២៦ គម្រោង VIFC-HCMC ឈាន​ចូល​ដំណាក់​កាល​អនុវត្តន៍​ដ៏សំខាន់ ជាមួយនឹងមូលដ្ឋាន​គតិយុត្ត ដែល​បានបំពេញ​បន្ថែមនិង​កែលម្អ​ តាមរយៈគោលនយោបាយថ្មីៗ​របស់​រដ្ឋ។ VIFC-HCMC ត្រូវ​បាន​តម្រង់​ទិស​ ដើម្បី​អភិវឌ្ឍ​ទៅជា​ប្រព័ន្ធ​អេកូឡូស៊ីហិរញ្ញវត្ថុ​ដ៏ទំនើប​មួយ តភ្ជាប់​តំបន់​មជ្ឈមណ្ឌល​ទីក្រុង​ ជាមួយ​តំបន់​ ធូធៀម និង​ច្រករបៀង​អភិវឌ្ឍន៍​តាមបណ្តោយទន្លេ​សាយហ្គន។

 

ទីស្នាក់ការប្រតិបត្តិការមូលបត្រទីក្រុងហូជីមិញ – មជ្ឈមណ្ឌល​ជួញដូរ​មូលបត្រ​ធំជាងគេបំផុត នៅវៀតណាម។ រូបថត៖ ហឿជុង/VNA
ប្រព័ន្ធអេកូឡូស៊ីពាណិជ្ជកម្ម និងសេវាកម្មទំនើប គឺជាកម្លាំងចលករមួយ​ក្នុងចំណោម​កម្លាំងជម្រុញកំណើនសេដ្ឋកិច្ច និងការប្រើប្រាស់របស់​ទីក្រុង​ហូជីមិញ​។ រូបថត៖ ង្វៀនឡឹន/VNP

មិនត្រឹមតែជាកន្លែងប្រមូលផ្តុំ នៃ​ការ​កំណត់​របប​ហិរញ្ញវត្ថុ​បែបប្រពៃណី​ប៉ុណ្ណោះទេ មជ្ឈមណ្ឌល​ហិរញ្ញវត្ថុថ្មីនេះ នៅ​ឆ្ពោះទៅរកទម្រង់​ផ្សារភ្ជាប់​ រវាងហិរញ្ញវត្ថុ បច្ចេកវិទ្យា និង​នវានុវត្តន៍​។ វិស័យនានាដូច​ជា Fintech Blockchain ហិរញ្ញវត្ថុបៃតង​ (Green finance) ទិន្នន័យធំ (Big data) និងការទូទាត់​ឌីជីថល បាន​កំណត់​ជា​កម្លាំងចលករ​ដ៏សំខាន់ នៅក្នុង​ដំណើរការ​កសាងប្រព័ន្ធអេកូឡូស៊ី​ហិរញ្ញវត្ថុ នាពេលអនាគត។

ចក្ខុវិស័យយុទ្ធសាស្ត្រ - តំណភ្ជាប់ពិភពលោក

ដើម្បីកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយ ដែលមាន​សមត្ថភាព​ប្រកួតប្រជែងថ្នាក់​អន្តរជាតិ ទីក្រុងហូជីមិញ កំពុងផ្តោតលើការអភិវឌ្ឍដោយស៊ីសង្វាក់គ្នានូវកត្តាផ្សេងៗ​ដូចជា៖ ស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ ប្រភពធនធានមនុស្ស និងបច្ចេកវិទ្យា។ យន្តការ​សាក​ល្បង​ដែល​មានការគ្រប់គ្រង (Sandbox) គំរូអាជ្ញាកណ្តាលអន្តរជាតិ និង​ដំណោះ​ស្រាយ​លើក​កម្ពស់​បរិស្ថាន​​វិនិយោគ កំពុងបាន​សិក្សា​ស្រាវជ្រាវ ដើម្បី​​បង្កើត​លក្ខខណ្ឌ​អំណោយ​​ផល សម្រាប់​សកម្មភាព​ហិរញ្ញវត្ថុថ្មីៗ។

 

ពិធីវាយគងបើកសម្ពោធការជួញដូរមូលបត្រ ដើមនិទាឃរដូវ នៃប្រតិបត្តិការ​មូលបត្រ​ទីក្រុងហូជីមិញ។ រូបថត៖ ហឿជុង/VNA
អតិថិជនតាមដានការប្រែប្រួលតម្លៃភាគហ៊ុន ដែលបានចុះបញ្ជីនៅលើ​ប្រតិបត្តិការ​មូលបត្រ​ទីក្រុងហូជីមិញ។ រូបថត៖ ហឿជុង/VNA

ទន្ទឹមនឹងនោះ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍​កំពុងបាន​ពង្រីក ដោយ​មាន​ខ្សែ​រថភ្លើង Metro លេខ១ ដែល​បានដាក់ឱ្យដំណើរការ ខ្សែផ្លូវក្រវាត់ក្រុង ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​តំបន់ និង​ព្រលានយន្តហោះអន្តរជាតិឡុងថាញ់ (Long Thanh) នាពេលអនាគត ​រួម​ចំណែក​លើកកម្ពស់​សមត្ថភាព​តភ្ជាប់របស់ទីក្រុង ជាមួយតំបន់ និងពិភពលោក។

ការរីកចម្រើនយ៉ាងឆាប់រហ័ស​នៃសេដ្ឋកិច្ចឌីជីថល ការទូទាត់​​មិនប្រើសាច់​ប្រាក់​ និង​ទីផ្សារ​ទុន ក៏​កំពុង​បង្កើត​ជា​មូលដ្ឋាន​គ្រឹះដ៏​សំខាន់ សម្រាប់​ដំណើរការ​ផ្លាស់​ប្តូរ​នេះ​ផង​ដែរ​។ ទាំងនេះ គឺជា​គុណសម្បត្តិ​ដែល​ជួយ​ឱ្យ​ទីក្រុង​ហូជីមិញ លើក​កម្ពស់​សមត្ថភាព​ប្រកួតប្រជែង នៅក្នុងតំបន់​ជាជំហានៗ។

ប្រជាជន និងភ្ញៀវទេសចរដើរទិញទំនិញ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយ នៃទីក្រុងហូជីមិញ។ រូបថត៖ ង្វៀនឡឹន/VNP

ទោះបីជាត្រូវប្រឈមមុខនឹងការប្រកួតប្រជែង ពីមជ្ឈមណ្ឌល​ហិរញ្ញវត្ថុធំៗ ដូចជា សិង្ហបុរី ឬហុងកុង (ចិន) ក៏​ដោយ ទីក្រុង​ហូជីមិញនូវតែមាន​គុណ​សម្បត្តិ​ដោយ​ឡែក​របស់​ខ្លួន​៖ សេដ្ឋកិច្ច​ប្រកបដោយ​ថាមវន្តសកម្ម​ សហគមន៍​សហគ្រាសធំ​ ប្រភព​ធនធាន​មនុស្ស​វ័យ​ក្មេង​ និង​សមត្ថភាពបន្ស៊ាំខ្លួនទៅនឹងនិន្នាការថ្មីៗ​យ៉ាងឆាប់រហ័ស។

ការកសាង VIFC-HCMC មិនត្រឹមតែ​ជា​ជំហាន​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ​របស់​ទីក្រុង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ឱកាស​សម្រាប់​វៀតណាម លើក​កម្ពស់​ឋានៈ​របស់​ខ្លួន នៅ​ក្នុង​បណ្តាញ​ហិរញ្ញវត្ថុ​ពិភពលោក ឆ្ពោះទៅ​រកសេដ្ឋកិច្ច​សមាហរណកម្ម នវានុវត្តន៍ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព៕

អត្ថបទ៖ ទ្រុងខាញ់ - រូបថត៖ ង្វៀន​ឡឹន/VNP VNA

ប្រែសម្រួល៖ រីកើង​


top