បោះជំហានយ៉ាងរឹងមាំក្រោមទង់បក្ស
អត្ថបទនេះបានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីភាពជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពវៀតណាមទាំងមូលបានប្រារព្ធខួបលើកទី ៩៦ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាមដោយស្មារតីសោមនស្សរីករាយពិសេស។
យោងតាមលោកអគ្គលេខាបក្ស តូ ឡឹម ដំណើររយៈពេល ៩៦ ឆ្នាំកន្លងមក បានអះអាងថា គ្មានកម្លាំងនយោបាយណាក្រៅពីបក្សកុម្មុយនិស្តវៀតណាមដែលមានកិត្យានុភាព សមត្ថភាព និងឫទ្ធានុភាពគ្រប់គ្រាន់ក្នុងការដឹកនាំបដិវត្តន៍ ដោយមានគោលដៅបម្រើប្រជាជននោះទេ។ តួនាទីកាន់អំណាចនិងការដឹកនាំគ្រប់ជ្រុងជ្រោយរបស់បក្សគឺជាកត្តាដែលសម្រេចលើជ័យជម្នះទាំងអស់ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។
ដំណើររយៈពេល ៩៦ ឆ្នាំរបស់បក្សបានបន្សល់ទុកនូវមេរៀន និងបទពិសោធន៍ដ៏មានតម្លៃជាច្រើន។ ក្នុងនោះ មេរៀនដ៏ជ្រាលជ្រៅ និងមានអត្ថន័យដ៏សំខាន់ពិសេសគឺថា បុព្វហេតុបដិវត្តន៍គឺរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន។ គោលមាគ៌ា និងគោលជំហរទាំងអស់របស់បក្សត្រូវតែកើតចេញពីផលប្រយោជន៍ និងសេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជន។ ការគាំទ្រនិងការជឿទុកចិត្តរបស់ប្រជាជន គឺជារង្វាស់នៃកិត្យានុភាព ប្រភពកម្លាំង និងជា «អាថ៌កំបាំង» នៃជ័យជម្នះរបស់បក្សកុម្មុយនិស្តវៀតណាមនៅក្នុងគ្រប់ដំណាក់កាលបដិវត្តន៍ទាំងអស់។
នៅក្នុងអត្ថបទនេះ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានចាត់ទុកថា ផ្លូវខាងមុខនឹងនៅតែមានការលំបាក និងបញ្ហាប្រឈមជាច្រើន ប៉ុន្តែដោយមានឫទ្ធានុភាព ប្រាជ្ញា និងបទពិសោធន៍របស់បក្សកាន់អំណាច ជាមួយនឹងប្រពៃណីវីរភាព និងស្មារតីសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល ប្រទេសវៀតណាមប្រាកដថា នឹងជំនះពុះពារលើ លើឧបសគ្គទាំងអស់ ឆ្លៀតយកឱកាស ហើយបន្តសម្រេចបានជ័យជម្នះកាន់តែធំធេងជាងមុន។
រូបថត៖ ថុងញ៉ឹត – VNA
ដោយបោះជំហានយ៉ាងរឹងមាំក្រោមទង់ដ៏រុងរឿងរបស់បក្ស បក្សទាំងមូល ប្រជាជន ទាំងមូលនិងកងទ័ពវៀតណាមទាំងមូលស្ម័គ្រចិត្តយកកម្លាំង បញ្ញា និងឫទ្ធានុភាពទាំងអស់ ដើម្បីកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន ដើម្បីប្រទេសវៀតណាមធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងនយោបាយពិភពលោក សេដ្ឋកិច្ចអន្តរជាតិ និងអរិយធម៌មនុស្សជាតិ ព្រមទាំងប្រកៀកស្មាជាមួយមហាអំណាចពិភពលោកក្នុងយុគសម័យថ្មីផងដែរ។
"រដូវផ្ការីកនៃប្រទេសជាតិនឹងនៅតែស្រស់បំព្រង និងមាននិរន្តរភាពជានិច្ច នៅពេលប្រជាជនវៀតណាមម្នាក់ៗ – ទោះស្ថិតក្នុងតួនាទីណាក៏ដោយ – សុទ្ធតែខិតខំប្រឹងប្រែងកសាងមាតុភូមិឱ្យកាន់តែសម្បូររុងរឿង និងរួមដៃគ្នាកសាងបក្សកម្មុយនីស្ត វៀតណាម ឱ្យកាន់តែស្អាតស្អំ និងរឹងមាំ។ ដើម្បីឱ្យថ្ងៃអនាគតនៅពេលក្រឡេកមើលឡើងវិញ កម្មាភិបាល បក្ខជន និងប្រជាជនវៀតណាមគ្រប់រូប អាចមានមោទនភាព ដែលបានរួមចំណែកយ៉ាងសក្តិសមដល់បុព្វហេតុដ៏ខ្ពង់ខ្ពស់របស់ប្រជាជាតិ បានរស់នៅ និងលះបង់យ៉ាងសក្តិសមបំផុតចំពោះមាតុភូមិ និងប្រជាជន"៕
- សមមិត្ត តូ ឡឹម (To Lam) អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម















