បេតិកភណ្ឌវៀតណាម - សម្រស់ឯកសម្រាប់មនុស្សជាតិ
ចាប់ពីផ្ទាំងគំនូរដុងហូ ដែលដាក់តាំងនៅសាលពិព័រណ៍ក្នុងទីក្រុងញូវយ៉ក សំឡេងចាប៉ីដាយ បន្លឺឡើងនៅទីក្រុង ប៉ារីស រហូតដល់ចង្វាក់ទំនុកក្រាបនៃសិល្បៈចម្រៀងកាទ្រូ នៅកណ្ដាលក្រុងបុរាណនៃរដ្ឋធានីហាណូយ ឬសម្រស់កុលាលភាជន៍ចាម ដែលមានវត្តមានក្នុងលំហសហសម័យ រាល់តម្លៃទាំងនេះ សុទ្ធតែជា “ឯករដ្ឋទូតវប្បធម៌”។ បេតិកភណ្ឌវៀតណាម - សម្រស់ឯកភូតសម្រាប់មនុស្សជាតិ គឺជាដំណើរស្វែងយល់ពី “កូដហ្សែន” វប្បធម៌ពិសេសចំនួន៤៖ គំនូរដុងហូ ចម្រៀងកាទ្រូ ចម្រៀងស្វាន និងកុលាលភាជន៍ចាម ដែលជាការរួមចំណែកវិចិត្ររបស់ វៀតណាម ចូលក្នុងឃ្លាំងបេតិកភណ្ឌរួមនៃពិភពលោក។
សម្រស់ឯកទាំងបួននៃវប្បធម៌វៀតណាម
ស្ថិតនៅតាមដងទន្លេដួង ភូមិដុងហូ សង្កាត់ធ្វឹនថាញ់ ខេត្តបាក់និញ បានបង្កើតជាខ្សែស្រឡាយគំនូរប្រជាប្រិយមួយពិសេស ជាខ្លឹមសារទ្រឹស្តីជីវចម្រុះរាប់សិបសតវត្សរ៍មុន។ ស្រទាប់ពណ៌ ដែលធ្វើពីម្សៅខ្យង លាយជាមួយបាយម៉ានដំណើប រួចលាបលើក្រដាសយ័រ បង្កើតបានជាពន្លឺចែងចាំងធម្មជាតិ។ ពណ៌ខ្មៅបានមកពីធ្យូងស្លឹកឫស្សី ពណ៌ក្រហមពីគ្រាប់ក្រួស ពណ៌លឿងពីផ្កាហួយ និងពណ៌ខៀវពីស្លឹកចាម - ដែលជាតុងពណ៌បរិសុទ្ធនៃមេឃដី។ មិនត្រឹមតែជាសិល្បៈសូនរូបប៉ុណ្ណោះទេ គំនូរដុងហូ នៅឆ្លុះបញ្ចាំងពីជីវភាពកសិកម្ម និងទស្សនវិជ្ជាជីវិតនៃជនជាតិវៀតណាម ទីដែលរូបភាពី “អាពាហ៍ពិពាហ៍សត្វកណ្តុរ” ឬហ្វូងមាន់ ជ្រូកផ្ញើក្តីសង្ឃឹមលើសង្គមមួយ យុត្តិធម៌ និង សុមង្គល។
"គំនូរដុងហូគឺជាពាក្យជូនពរ ជាសេចក្តីប្រាថ្នា ដូច្នេះរាល់ផ្ទាំងឆ្លាក់ឈើនីមួយៗសុទ្ធតែផ្ទុកនូវព្រលឹងរបស់បុព្វបុរស ដែលបានផ្ញើទុក” - សិល្បករឆ្នើម ង្វៀន ដាំងចេ អ្នកថែរក្សានូវខ្សែស្រឡាយគំនូរប្រជាប្រិយដុងហូ។
ប្រសិនបើ គំនូដុងហូ ជាសំឡេងនៃភូមិស្រុក នោះចម្រៀងកាទ្រូតំណាងឱ្យស្មារតីបញ្ញវន្ត។ ត្រូវបានអង្គការអប់រំ វិទ្យាសាស្រ្ត និង វប្បធម៌ នៃអង្គការយូណេស្កូ ចុះបញ្ជីជាបេតិកភណ្ឌ ដោយសារមានរចនាសម្ព័ន្ធសិល្បៈដ៏ល្អិតល្អន់ ចម្រៀងកាទ្រូគឺជាការរួមបញ្ចូលគ្នា រវាងអ្នកចម្រៀងស្រី អ្នកលេងចាប៉ី និងអ្នកវាយស្គរដែលជាទស្សនិកជន ។ សំឡេងច្រៀងដែលមានបច្ចេកទេសខ្ពស់ រួមជាមួយសំឡេងចាប៉ីដាយដ៏ក្រអួន និងចង្វាក់បន្ទះក្រាបឫស្សីដ៏រណ្តំ។ សំឡេងស្គរកំដរ ដែលកាន់ដោយទស្សនិកជន បានប្រែក្លាយការសម្តែងឱ្យទៅជាកិច្ចសន្ទនាសិល្បៈ ទីដែលអ្នកស្តាប់ចូលរួមដោយផ្ទាល់ ក្នុងការវាយតម្លៃតម្លៃសិល្បៈ។
ត្រឡប់ទៅកាន់សម័យកាលប្រវត្តិសាស្ត្រនៃស្តេចហ៊ុង ចម្រៀងស្វានបានតភ្ជាប់តន្ត្រី ជាមួយពិធីសក្ការបូជាបុព្វបុរស។ ចាប់ពី “ចម្រៀងបូជា" ថ្លៃថ្នូរ “ច្រៀងផងរាំផង" ដែលពោរពេញដោយការអប់រំ រហូតដល់ “ចម្រៀងបុណ្យ” សប្បាយរីករាយ ក្បាច់រាំ “បបូ” សាមញ្ញបំផុត រាំត្រាប់តាមសកម្មភាពពលកម្មបុរាណ ហើយរំឮកឡើងវិញនូវលំហពិសិដ្ឋ ដោយប្រើត្រឹមតែស្គរបញ្ជា និងបន្ទះក្រាបឫស្សីប៉ុណ្ណោះ។
ទន្ទឹមនឹងនោះ កុលាលភាជន៍ចាម ជា “ផូស៊ីលមានជីវិត” នៃបច្ចេកទេសសិប្បកម្ម។ នារីចាម មិនប្រើតុបង្វិលទេ តែដើរជុំវិញដុំដី សូនរូបដោយដៃទទេ។ កុលាលភាជន៍បានដុតនៅទីវាល ចាប់យកពន្លឺថ្ងៃ ខ្យល់ និងផ្សែងភ្លើងធម្មជាតិ ដែលធ្វើឱ្យផលិតផលនីមួយៗ មានលក្ខណៈឯក មិនអាចចម្លងបាន។ បង្កប់នៅពីក្រោយបច្ចេកទេសនោះ គឺជាទម្រង់នៃរបបមាតាធិបតេយ្យ និងភាពរស់រវើកនៃវប្បធម៌ចម្ប៉ា នៅក្នុងផ្ទាំងទស្សនីយភាពសម្បូរបែបនៃប្រទេសវៀតណាម។
"នៅក្នុងចម្រៀងកាទ្រូ សំឡេងក្រាប់គឺជាចង្វាក់បេះដូង សំឡេងចាប៉ីដាយគឺជាគំនិត ហើយសំណៀងច្រៀងគឺជាដង្ហើម។ អ្នកចម្រៀងស្រីមិនច្រៀងដោយបំពង់កទេ ប៉ុន្តែច្រៀងដោយភាពស្ងប់ស្ងាត់នៃព្រលឹង។ នៅពេលសំឡេងស្គរកំដរបន្លឺឡើង វាមិនត្រឹមតែជាការសរសើរប៉ុណ្ណោះទេ វាគឺជាការយល់ចិត្តគ្នា រវាងសិល្បករ និងអ្នកទស្សនា” - អតីតសិល្បករប្រជាជន ក្វាច់ ធីហូ ។
"ឱ្យតែសាលាភូមិនៅមាន ប្រជាជននៅតែស្រឡាញ់គ្នា នោះសំឡេងចម្រៀងស្វាននឹងមិនរលត់ឡើយ” - សិល្បករប្រជាជន ង្វៀន ធីលិត (មេក្រុមចម្រៀងស្វានអានថៃ ខេត្តភូថ័រ។)
រដ្ឋ និងសហគមន៍៖ សសរស្តម្ភពីរនៃការអភិរក្សបេតិកភណ្ឌ
វៀតណាមបានកំណត់ទម្រង់ នៃការអភិរក្សផ្អែកលើសសរស្តម្ភពីរ៖ គោលនយោបាយរដ្ឋ និងតួនាទីជាម្ចាស់នៃសហគមន៍។ រឿងរ៉ាវនៃចម្រៀងស្វាន ជាសក្ខីភាពលេចធ្លោ។ ក្នុងឆ្នាំ ២០១១ មរតកនេះ បានយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌ ដែលត្រូវការការការពារបន្ទាន់។ ប៉ុន្តែ ត្រឹមតែ ៦ ឆ្នាំក្រោយមក ពោលគឺក្នុងឆ្នាំ២០១៧ ចម្រៀងស្វានបានក្លាយជាបេតិកភណ្ឌវប្បធម៌តំណាងនៃមនុស្សជាតិ ដែលជាករណីដំបូង និងមានតែមួយគត់ ដែលសម្រេចបានការផ្លាស់ប្តូរនេះ។
"ខាប់ និងពាងនីមួយៗ សុទ្ធតែផ្ទុកនូវភាពកក់ក្តៅចេញពីដៃអ្នកម្តាយ ដែលបង្រៀនទៅឱ្យកូនស្រី។ កុលាលភាជន៍ដុតនៅទីវាល ទទួលយកពន្លឺថ្ងៃ ខ្យល់ និងផ្សែងអុស ដូច្នេះពណ៌របស់កុលាលភាជន៍ ក៏ជាពណ៌នៃដីមាតា ដែលប្រឡាក់ប្រឡូសតែរឹងមាំ” - អតីតសិប្បករ ដាង ធីផាន (ភូមិកុលាលភាជន៍ បាវត្រុក)។
ជោគជ័យនេះ បានមកពីការប្តេជ្ញាចិត្តផ្នែកនយោបាយច្បាស់លាស់ និងការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាជន។ រដ្ឋបានវិនិយោគលើការស្តារឡើងវិញនូវសាលាភូមិ និងវិហារ។ គាំទ្រសិល្បករ បើកថ្នាក់បង្រៀននៅតាមភូមិដើមនៃសិល្បៈស្វាន។ បញ្ចូលមរតកទៅក្នុងសាលារៀន ដើម្បីបន្តខ្សែលោហិតនៃមរតកនេះ។
ផ្តើមបទពិសោធន៍នោះ វៀតណាមបន្តអភិរក្សចម្រៀងកាទ្រូ តាមរយៈការចងក្រងឯកសារូបនីយកម្ម ឌីជីថលភាវូបនីយកម្ម និងការគាំទ្រក្លឹបនានា ដើម្បីរក្សាការសម្តែងជាប្រចាំ។ ចំពោះគំនូរដុងហូ និងកុលាលភាជន៍ចាម គោលនយោបាយបានភ្ជាប់ការអភិរក្សជាមួយ “សេដ្ឋកិច្ចបេតិកភណ្ឌ” កសាងពាណិជ្ជសញ្ញា OCOP (កម្មវិធី “ភូមិមួយ ផលិតផលមួយ”) និងអភិវឌ្ឍទេសចរណ៍ផ្សងព្រេង។
ក្នុងវិធីសាស្រ្តនោះ ការច្នៃប្រឌិតគឺជាព្រលឹងនៃការអភិរក្សសហសម័យ។ ក្បាច់រចនាគំនូរដុងហូ បានឈានជើងចូលក្នុងវិស័យម៉ូដសម្លៀកបំពាក់។ កុលាលភាជន៍ចាម មានវត្តមានក្នុងស្ថាបត្យកម្មទំនើប។ ចម្រៀងកាទ្រូ និងចម្រៀងស្វាន បង្ហាញខ្លួនលើបណ្តាញឌីជីថល។ ទស្សនៈជាប់លាប់របស់វៀតណាមគឺ៖ បេតិកភណ្ឌត្រូវតែរស់នៅក្នុងបេះដូងសហគមន៍។ កិត្តិនាមអន្តរជាតិ គឺជាការទទួលស្គាល់ ប៉ុន្តែប្រជាជនគឺជាអ្នកធានានូវនិរន្តរភាព សម្រាប់អនាគតនៃបេតិកភណ្ឌ៕
អត្ថបទ៖ វីថាវ- រូបថត៖ តឹតសឺន កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង


















