បណ្តាកោះពេជ្រស្ថិតក្នុងដែនសមុទ្រភាគខាងត្បូង
កោះភូក្វឹក (Phu Quoc) កោះណាមយូ (Nam Du) និងកោះ កូនដាវ (Con Dao) គឺជាប្រជុំកោះចំនួនបីដ៏ល្បីល្បាញ ស្ថិតក្នុងដែនសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម ដែលតែងតែមានឈ្មោះនៅក្នុងការបោះឆ្នោតជ្រើសរើសនូវវិស័យទេសចរណ៍ក្នុងតំបន់ និងពិភពលោកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ កោះទាំងបីខាងលើនេះ ត្រូវបានគេស្គាល់ថាជា "កោះពេជ្រ" ដោយសារសម្រស់ធម្មជាតិដ៏អស្ចារ្យនិងពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌សមុទ្រ និងមានប្រៀបលេចធ្លោសម្រាប់សក្តានុពលនេសាទ ដូច្នេះ កោះទាំងនោះកំពុងក្លាយជាកម្លាំងចលករសម្រាប់វៀតណាមវិនិយោគក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ក្នុងនោះវិស័យទេសចរណ៍សមុទ្រគឺជាវិស័យនាំមុខគេ។
កោះភូក្វឹក (Phu Quoc) គឺជាអង្គភាពរដ្ឋបាលថ្នាក់ទីក្រុងសមុទ្រដំបូង និងជាកោះតែមួយគត់នៅប្រទេសវៀតណាម នាពេលបច្ចុប្បន្ននេះ។ ទីក្រុង ភូក្វឹក (Phu Quoc) ស្ថិតក្នុងខេត្ត គៀនយ៉ាង (Kien Giang) ដែលជាប្រជុំកោះមួយ រួមមានកោះធំ និងតូចចំនួន ២២ ដែលមានផ្ទៃដីសរុប ៥៧៣ គីឡូម៉ែត្រការ៉េ ក្នុងនោះកោះ ភូក្វឹក (Phu Quoc) ជាកោះធំជាងគេ ដែលមានផ្ទៃដី ៥៦៧ គីឡូម៉ែត្រការ៉េ។ ក្រឡេកមើលទៅលើផែនទី កោះភូក្វឹក (Phu Quoc) មានរូបរាងដូចត្រីបាឡែនយក្ស ដែលមានក្បាលបែរមុខទៅទិសខាងជើង ប៉ុន្តែពេលមកដល់កោះដ៏ធំបំផុតនេះ ដើម្បីទទួលបទពិសោធន៍ពីប្រភេទទេសចរណ៍ផ្សេងៗ ភ្ញៀវទេសចរជាច្រើនបញ្ជាក់ថា កោះភូក្វឹក (Phu Quoc) មានសោភ័ណ្ឌភាពអស្ចារ្យនៃ “ទេពមច្ឆា”ស្ថតិក្នុងដែនសមុទ្រភាគខាងត្បូង។
កោះភូក្វឹក (Phu Quoc) មានភាពស្រស់ស្អាតនៃសមុទ្រពណ៌ខៀវស្រងាត់
វាលខ្សាច់ពណ៌ស ពន្លឺនៃព្រះអាទិត្យពណ៌លឿង និងព្រៃឈើធម្មជាតិលាតសន្ធឹងទៅកាន់សមុទ្រ
ដើម្បីលេងកម្សាន្តជាមួយរលកសមុទ្របោកបក់ទៅកាន់ឆ្នេរនៅរដូវទាំងបួន...
ធម្មជាតិបានផ្តល់ជូនអំណោយផលដល់កោះ ភូក្វឹក (Phu Quoc)
ឆ្នេរសមុទ្រដ៏អស្ចរ្យ ដូចជា ឆ្នេរ យ៉ាយ (Dai) ឆ្នេរ ទ្រឿង (Truong) ឆ្នេរ សៅ (Sao) ... រួមជាមួយនឹងភាពស្រស់ស្អាតនៃធម្មជាតិរវាងធាតុធម្មជាតិនៃសមុទ្រ
និងអាថ៌កំបាំងនៃឧទ្យានជាតិភូក្វឹក (Phu Quoc) ដ៏ធំល្វឹងល្វើយ។
កោះ ភូក្វឹក
(Phu Quoc) មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និងបរទេសប៉ុណ្ណោះទេ
ថែមទាំងនេះជាគោលដៅសម្រាប់សហគ្រាសជាច្រើនដែលវិនិយោគលើវិស័យទេសចរណ៍ផងដែរ។
ក្រុមហ៊ុនធំៗ ក្នុងស្រុក និងបរទេសដូចជា Vingroup, Sungroup, BIM group,
CEOgroup, MIKgroup, Milltol... បានបណ្តាក់ទុន និងតូបតែង
"ទេពមច្ឆា" ដោយការកសាងសណ្ឋាគារ មណ្ឌលសម្រាកលំហែកកាយ
កន្លែងលេងកម្សាន្តដ៏ប្រណិត ដូចជា៖ Vinpearl Land , Sun World ហនថើម
(Hon Thom) Nature Park, Vinpearl Safari, Casino ភូក្វឹក (Phu
Quoc), កន្ត្រកខ្សែកាប អានធើយ (An Thoi) -
ហនថើម (Hon Thom)...
វប្បធម៌ប្រពៃណី មុខរបរប្រពៃណី និងជាពិសេសរបរនេសាទក៏ជាចំណុចទាក់ទាញសម្រាប់ភ្ញៀវទេសចរ ពេលទៅទស្សនាកោះ ភូក្វឹក (Phu Quoc)។ ម៉ាកផលិតផលកសិកម្មល្បីឈ្មោះរបស់កោះ ភូក្វឹក (Phu Quoc) ដូចជា ទឹកត្រី និងម្រេចដែលល្បីទូទាំងប្រទេស និងក្រៅប្រទេស។ ជាពិសេស រោងចក្រផលិតទឹកត្រី និងចំការដាំម្រេចនៅទូទាំងកោះ ភូក្វឹក (Phu Quoc) គឺជាកន្លែងទេសចរណ៍ពិសេសម្រាប់ភ្ញៀវទេសចរមកទស្សនា និងទទួលបទពិសោធន៍។
ភ្ញៀវទេសចរណ៍ដែលមកដល់កោះភូក្វឹក (Phu Quoc) ក៏មានឱកាសបានឃើញទិដ្ឋភាពនៃទូកនេសាទដឹកត្រីជាច្រើនគ្រឿងដែលមកចត់កំពង់ផែត្រី អានថើយ (An Thoi) ជារៀងរាល់ព្រឹកព្រលឹម។ កំពង់ផែត្រី អានថើយ (An Thoi) ត្រូវបានរដ្ឋាភិបាលវិនិយោគជិត ១៥០ពាន់លានដុង ដើម្បីអាចទទួលទំនិញឆ្លងកាត់កំពង់ផែនេះដែលសម្រេចបាន ៥០០.០០០ ទៅ ៧០០.០០០ តោន/ឆ្នាំ និងចំនួនភ្ញៀវទេសចរណ៍ប្រមាណ ៣៦០.០០០នាក់/ឆ្នាំ បានជួយឲ្យកោះ ភូក្វឹក (Phu Quoc) ពង្រីកតួនាទីជាមជ្ឈមណ្ឌលភស្តុភារបរត្រីនៅដែនសមុទ្រភាគខាងលិច ក៏ដូចជាការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រជុំកោះនេះដែរ។
ប្រជុំកោះ ណាមយូ (Nam Du) ស្ថិតក្នុងស្រុកកោះ គៀនហាយ (Kien Hai) ខេត្ត គៀនយ៉ាង (Kien Giang)។ ប្រជុំកោះដ៏ស្រស់ស្អាតនេះ ធ្លាប់ត្រូវបានបោះឆ្នោតជ្រើសរើសជាកោះមួយក្នុងចំណោមកោះដ៏ស្រស់ស្អាតបំផុតទាំង ១០ នៅប្រទេសវៀតណាម ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងកោះ ភូក្វឹក (Phu Quoc) ហើយមានផ្ទៃដីប្រហែល ១.០៥៤ ហិកតា។ ក្នុងនោះមានកោះធំ និងតូចចំនួន ២១ ក្នុងនោះមានកោះចំនួន ១១ ដែលមានប្រជាជនរស់នៅ ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះប្រជុំកោះធម្មជាតិដ៏ស្រស់បំព្រងនេះ ត្រូវបានមនុស្សជាច្រើនស្គាល់។ កោះនីមួយៗ នៅទីនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងរឿងព្រេងដែលគួរឱ្យរំភើប និងចាប់ចិត្តបណ្ដាលឱ្យភ្ញៀវទេសចរកាន់តែចង់ដឹងចង់លយ់។
ដោយមានសម្រស់ធម្មជាតិ ទឹកសមុទ្រខៀវថ្លា ខ្សាច់ពណ៌ស ពន្លឺនៃព្រះអាទិត្យ ផ្កាថ្ម ហ្វូងត្រីចម្រុះពណ៌ និងគ្រឿងសមុទ្រស្រស់ៗជាច្រើនប្រភេទ កោះណាមយូ (Nam Du) ត្រូវបានប្រដូចទៅនឹងឈូងសមុទ្រ ហាឡុង (Ha Long) តូចមួយនៅកណ្តាលដែនសមុទ្រភាគខាងត្បូង ដែលនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។
ខុសនឹងកោះភូក្វឹក (Phu Quoc) ពេលមកដល់កោះ ណាមយូ (Nam Du) ភ្ញៀវទេសចរនឹងហូបរួមជាមួយគ្នា ស្នាក់នៅរួមជាមួយគ្នា ទទួលបានបទពិសោធន៍រួមជាមួយគ្នា និងស្វែងយល់នូវជីវិតដែលតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយសមុទ្ររបស់ប្រជាជននៃកោះនេះ។ នៅទីនេះ ភ្ញៀវទេសចរអាចចូលរួមក្នុងដំណើរអេកូទេសចរតាមសមុទ្រពិតប្រាកដ ជាមួយនឹងអ្នកមគ្គុទ្ទេសក៍ទេសចរជានេសាទករដែលរស់នៅលើកោះនេះ។ មិនត្រឹមតែប៉ុណ្ណោះទេ កោះណាមយូ (Nam Du) ក៏មានឆ្នេរសមុទ្រធម្មជាតិស្រស់ស្អាត ដូចជា៖ ឆ្នេរម៉ែនលើន (Men Lon) ឆ្នេរ ម៉ែនញ៉ូ (Men Nho) ឆ្នេរ សយ (Soi) ឆ្នេរ ងឺ (Ngu) កោះដួយ ណាយ (Duoi Nai) កោះម៉ៅ (Mau) កោះលើន (Lon) កោះអុង (Ong)... ទំព័រទេសចរណ៍ដ៏ល្បីល្បាញ The Culture Trip ធ្លាប់បានសន្និដ្ឋានថា ឆ្នេរ កីមែន (Cay Men) នៃប្រជុំកោះ ណាមយូ (Nam Du) ដូចជា “យើងមិនដឹងហៅកន្លែងនោះជាអី ក្រៅពីឋានសួគ៌! ”
ការស្វែងយល់ពីកោះណាមយូ (Nam Du) ភ្ញៀវទេសចរក៏មានឱកាសទទួលបទពិសោធដ៏រីករាយនិងចាប់ចិត្តដូចជា ការឡើងភ្នំ ការមុជទឹកសមុទ្រដើម្បីមើលផ្កាថ្ម ការស្ទូចត្រីលើសមុទ្រ ហូបគ្រឿងសមុទ្រស្រស់ៗ និងថែមទាំងបានទទួលបទពិសោធន៍ពីការធ្វើជាអ្នកនេសាទនៃភូមិនេសាទមានអាយុកាលរាប់សិបឆ្នាំ។
កូនដាវ (Con Dao) គឺជាប្រជុំកោះមួយស្ថិតនៅខេត្ត បារៀ (Ba Ria) - វូងតាវ (Vung Tau) រួមទាំងកោះចំនួន ១៦ ដែលមានទំហំខុសៗគ្នា និងផ្ទៃដីសរុប ៧៦ km² ក្នុងនោះកោះដែលធំជាងគេគឺកោះ កូនដាវ (Con Dao) មានផ្ទៃដី ៥១,៥២ km²។
ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញពីរ Lonely Planet (អូស្ត្រាលី) និង Travel and Leisure (សហរដ្ឋអាមេរិក) ធ្លាប់បានហៅកោះ កូនដាវ (Con Dao) ជាកោះ "អាថ៌កំបាំងបំផុត" និង "ទាក់ទាញបំផុត" នៅលើភពផែនដី។ អ្នកនិពន្ធនៃទស្សនាវដ្តីទាំងពីរនេះបានសន្និដ្ឋានថា បន្ទាប់ពីជិត ៥០ ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៧៥ មក កូនដាវ (Con Dao) មានដំណើរការផ្លាស់ប្តូរដ៏អស្ចារ្យពី "ឋាននរកលោកិយ" ក្លាយទៅជា "ឋានសួគ៌ទេសចរណ៍" និងអភិរក្សប្រព័ន្ធអេកូឡូស៊ីសមុទ្រពិសេសដូចថ្ងៃនេះ។
មុនឆ្នាំ ១៩៧៥ ក្នុងសម័យអាណានិគមបារាំង និងក្រោមរបបសាធារណរដ្ឋវៀតណាម កូនដាវ (Con Dao) ធ្លាប់ត្រូវបានចាត់ទុកថាជា "ឋាននរកលោកិយ" ព្រោះវាមានប្រព័ន្ធពន្ធនាគារដែលបែងចែកជាតំបន់ឃុំឃាំងដ៏ឃោឃៅបំផុតក្នុងពិភពលោក ដើម្បីឃុំឃាំងនិងធ្វើទារុណកម្មអ្នកស្នេហាជាតិវៀតណាម និងអ្នកបដិវត្តន៍។
សព្វថ្ងៃនេះ មកដល់ កូនដាវ (Con Dao) ភ្ញៀវនឹងនឹកដល់សម័យកាលប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននិងវិរៈភាពនៃបដិវត្តន៍វៀតណាម។ នៅក្នុង "ឋាននរកលោកិយ" នេះអស់រយៈពេលជាង ១០០ ឆ្នាំ (ពីឆ្នាំ ១៨៦២ ដល់ឆ្នាំ ១៩៧៥) ឆ្លងកាត់សង្រ្គាមតស៊ូទាំងពីរគឺប្រឆាំងនឹងបារាំង និងសហរដ្ឋអាមេរិក ដើម្បីសង្គ្រោះប្រទេសជាតិ។ អ្នកស្នេហាជាតិវៀតណាមប្រហែល ២០.០០០ នាក់ត្រូវបានចាប់យកមកដាក់គុក ធ្វើទារុណកម្ម និងពលីជីវិត ដែលធ្វើឲ្យពិភពលោកទាំងមូលរន្ធត់ចិត្ត នៅពេលដែលការពិតត្រូវបានបែកធ្លាយ។
ក្រោយឆ្នាំ ១៩៧៥ នៅពេលដែលប្រទេសវៀតណាមត្រូវបានរំដោះទាំងស្រុង កូនដាវ (Con Dao) បានផ្លាស់ប្តូរបន្តិចម្តងៗទៅជាគោលដៅទេសចរណ៍ដ៏ចាប់ចិត្ត និងពិសេសខាងវប្បធម៌ និងជំនឿសាសនា ប្រវត្តិសាស្រ្តរបស់វៀតណាម។ កូនដាវ (Con Dao) សព្វថ្ងៃល្បីដោយដំណើរកម្សាន្តដូចជា៖ ទស្សនាគុក កូនដាវ (Con Dao) អុជធូបនៅទីបញ្ចុះសព ហាងយឿង (Hang Duong) ហែលទឹក មុជទឹកស្គី គយគន់ផ្កាថ្ម ដើរក្នុងព្រៃ មើលអណ្តើកកើត...។
ជារៀងរាល់ឆ្នាំ កូនដាវ (Con Dao) ទទួលភ្ញៀវទេសចររាប់សែននាក់មកទស្សនា សម្រាកលំហែកាយ និងលេងកម្សាននៅលើឆ្នេរធម្មជាតិដ៏វែង គយគន់សម្រស់ដ៏អស្ចារ្យនៃសមុទ្រ និងផ្ទៃមេឃដែលធម្មជាតិបានផ្ដល់ជូនកន្លែងនេះ។ ដោយទេសភាពធម្មជាតិដ៏កម្រ ស្រស់ស្អាត រួមជាមួយនឹងតម្លៃពិសេសខាងវប្បធម៌ និងប្រវត្តិសាស្រ្ត ចាប់ពី "ឋាននរកលោកិយ" កូនដាវ (Con Dao) នាពេលបច្ចុប្បន្ននេះ បានប្រែក្លាយទៅជាកោះដ៏ទាក់ទាញបំផុតនៅលើភពផែនដី ហើយជាកន្លែងដ៏កម្រមួយនៅលើពិភពលោកដែលធ្វើឱ្យភ្ញៀវទេសចរមានបំណង់ប្រាថ្នា នាពេលថ្ងៃណាមួយ ពួកគេមានឱកាសត្រឡប់មកវិញ./.
អត្ថបទ៖ ថុងធៀន - រូបថត៖ បាវអៀន ឡេមិញ ទ្រឿងភូកក្វឹក លឹវត្រុងដាត ឯកសារនៃឧទ្យាជាតិកូនដាវ និងVNP
បច្ចេកទេស ក្រាហ្វិក៖ ដាំងទៀន