បណ្ឌិត លោក Jongsoo Shin - អ្នករួមដំណើរជាមួយគ្រាប់អង្ករវៀតណាម

បណ្ឌិត លោក Jongsoo Shin - អ្នករួមដំណើរជាមួយគ្រាប់អង្ករវៀតណាម

ផ្សារភ្ជាប់ជាមួយវិស័យកសិកម្មវៀតណាម តាម​រយៈ​កម្ម​វិធី​សហប្រតិបត្តិការ​ជាច្រើន​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវស្រូវអង្ករ​អន្តរជាតិ បណ្ឌិត លោក Jongsoo Shin បាន​រួមចំណែក​ជំរុញការផ្លាស់ប្តូរថ្មី នៃវិទ្យាសាស្ត្រ​បច្ចេកវិទ្យា អភិវឌ្ឍ​ធនធាន​មនុស្ស ព្រមទាំង​រួម​ដំណើរ​​បេសកកម្ម​លើកកម្ពស់តម្លៃគ្រាប់​អង្ករវៀតណាម នៅលើទីផ្សារ​ពិភពលោក។

លោកបណ្ឌិត​ Jongsoo Shin ផ្សារភ្ជាប់ជាមួយនឹង​ដើម​ស្រូវ និង​វិស័យ​កសិកម្ម​វៀតណាម​។ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាពវៀតណាម

ក្នុង​រឿងរ៉ាវអំពី​ដំណើរអភិវឌ្ឍ​វិស័យស្រូវអង្ករ​របស់​វៀត​ណាម បណ្ឌិត លោក Jongsoo Shin ​គឺជាមិត្តរួមដំណើរ​ពិសេស​ម្នាក់។ សម្រាប់​លោក វៀត​ណាម​មិន​ត្រឹម​តែ​ជា​កន្លែង​បំពេញ​ការងារ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏ជា​ទឹក​ដី​ដែល​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​យ៉ាង​ជ្រាល​ជ្រៅ ដោយ​សារ​តែ​អរិយធម៌ស្រូវជើងទឹកដ៏យូរលង់ និង​ស្មារតី​ច្នៃ​ប្រតិដ្ឋ​​ដ៏​ខ្លាំង​ក្លានៃ​ប្រជាកសិករ​។

បណ្ឌិត លោក Jongsoo Shin បានឱ្យដឹង​ថា ចាប់​តាំងពី​លើក​ដំបូង​ដែល​លោក​បាន​មក​ដល់​ប្រទេស​វៀត​ណាម ប្រការ​ដែល​ធ្វើ​ឱ្យ​លោក​ចំណាប់​អារម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ នោះគឺជម្រៅវប្បធម៌នៃរបរធ្វើ​ស្រូវ។ តាមទស្សនៈ​របស់​លោក នៅ​ប្រទេស​វៀត​ណាម​ ស្រូវ​អង្ករ​មិនមែនគ្រាន់តែ​ជាផលិតផល​កសិកម្មធម្មតា​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​នៃអត្តសញ្ញាណជាតិ​ផង​ដែរ​។

ពិភាក្សា​ជាមួយអ្នកជំនាញ នៃវិទ្យាស្ថានហ្សែន​កសិកម្ម អំពី​ពូជ​ស្រូវ​ថ្មីៗ ដែល​វិទ្យាស្ថាន​កំពុង​ធ្វើការ​សាកល្បង។ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាពវៀតណាម
បណ្ឌិត Jongsoo Shin នៅចម្ការ​ស្រាវជ្រាវ​ពូជស្រូវថ្មី នៃ​វិទ្យាស្ថាន​ហ្សែន​កសិកម្ម​។ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាពវៀតណាម

ពេល​បានឃើញ​ផ្ទាល់ភ្នែក នូវជង្រុកស្រូវ​ដ៏ធំទាំងពីរ​​នៃ​ប្រទេស គឺ​តំបន់​វាល​ទំនាប​ទន្លេគឺវ​ឡុង​ និង​តំបន់ដីសណ្ដ​ទន្លេ​ក្រហម លោក​បាន​ដឹង​​ច្បាស់​ពី​របៀប​​ដែល​ប្រជាជន​វៀតណាម កសាង​ប្រព័ន្ធវប្បកម្ម​ ដែល​មាន​ទិន្នផល​ខ្ពស់ និង​ប្រកបដោយ​និរន្តរភាពជាច្រើន​​ជំនាន់​​មកហើយ។

ពេល​ទទួលភារកិច្ចជា​ប្រធាន​តំណាង IRRI ប្រចាំនៅ​វៀត​ណាម លោក​បាន​យល់​ដឹង​យ៉ាង​ច្បាស់ អំពីការទទួលខុស​ត្រូវរបស់​ខ្លួន មិន​ត្រឹម​តែ​ក្នុង​តួនាទី​ជា​អ្នក​ជំនាញ​កសិកម្ម​ប៉ុណ្ណោះទេ​ នៅ​ថែមទាំង​ក្នុងចក្ខុវិស័យរៀបចំ​គោលនយោបាយ​ទៀត​ផង​។ តាម​លោក នៅ​ចំពោះ​ផលប៉ះពាល់កាន់តែច្បាស់ឡើងៗ នៃបម្រែបម្រួល​អាកាសធាតុ និង​សម្ពាធ​ទីផ្សារ កសិកម្មវៀតណាមត្រូវតែបន្តធ្វើការ​ផ្លាស់ប្តូរថ្មី​ ដើម្បី​រក្សា​នូវ​សមិទ្ធផល​នានា ដែល​សម្រេច​បាន​។

ពិភាក្សា​ជាមួយអ្នកជំនាញ នៃវិទ្យាស្ថានហ្សែន​កសិកម្ម អំពី​ពូជ​ស្រូវ​ថ្មីៗ ដែល​វិទ្យាស្ថាន​កំពុង​ធ្វើការ​សាកល្បង។ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាពវៀតណាម

បទពិសោធន៍មួយ​ក្នុងចំណោមបទពិសោធន៍ ដែល​ធ្វើឱ្យលោក​ចងចាំ​បំផុត គឺ​ការ​ទៅ​ទស្សនកិច្ច​នៅវាលស្រែមួយកន្លែង ក្នុងតំបន់ដីវាល​ទំនាប​ទន្លេគឺវឡុង​ ដែល​ជា​កន្លែង​ប្រជាកសិករ កំពុង​ធ្វើការ​សាកល្បង​វិធីសាស្ត្រ​ដាំដុះថ្មីៗ​។ លោក​បាន​មាន​ប្រសាសន៍​ថា៖ “ខ្ញុំមាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ នៅ​ពេល​ឃើញ​ពួក​គាត់​មិន​ត្រឹម​តែ​អនុវត្ត​បច្ចេកវិទ្យា​ប៉ុណ្ណោះទេ​ នៅ​ថែមទាំង​បានកែលម្អ​វា​ដោយ​ម្ចាស់ការ​ទៀត​ផង​។ នៅ​វៀត​ណាម​មាន​ស្មារតី​សហប្រតិបត្តិការ​ខ្លាំងក្លា​ណាស់។ ទោះបី​ជា​អ្នកស្រាវជ្រាវ ឬ​ប្រជាកសិករ​ក៏ដោយ អ្នកទាំង​អស់​តែងតែ​ត្រៀមខ្លួន​ជាស្រេច ដើម្បី​សិក្សា​រៀន​​សូត្រ ចែក​រំលែក​ និង​រួមគ្នា​បង្កើតបម្លាស់ប្តូរ​ថ្មី។ ចំណុចនោះ ធ្វើ​ឱ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​ទៅ​​អនាគតលើវិស័យកសិកម្ម​វៀតណាម”។

ក្នុង​រយៈពេលជាច្រើនឆ្នាំកន្លង វិទ្យាស្ថាន​ស្រាវជ្រាវ​ស្រូវអង្ករ​​អន្តរជាតិ បាន​រួម​ដំណើរ​ជាមួយ​វៀតណាម ក្នុងការអភិវឌ្ឍពូជស្រូវ ដែលមានសមត្ថភាពធន់នឹងភាពរាំងស្ងួត ការជ្រាប​ទឹកប្រៃ និងទឹកជំនន់​ ព្រមទាំង​ជំរុញ​វិធីសាស្ត្រ​ដាំដុះ​វៃឆ្លាត​បន្ស៊ាំ​នឹង​អាកាសធាតុ និង​ការអនុវត្តបច្ចេកវិទ្យាឌីជីថល ក្នុងការផលិត​។

 

បណ្ឌិត Jongsoo Shin អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និង​ជាអ្នក​គ្រប់គ្រង នៃវិទ្យាស្ថាន IRRI តែង​តែ​មាន​ឆន្ទៈ​រួម​ដំណើរ​ជាមួយ​វិស័យ​កសិកម្ម​វៀតណាម​។ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាពវៀតណាម

 

បណ្ឌិត លោក Jongsoo Shin (កូរ៉េ​ខាងត្បូង) ជា​អ្នកជំនាញ​អន្តរជាតិ ផ្នែកអភិវឌ្ឍន៍កសិកម្ម ដែល​មាន​ការ​រួម​ចំណែក​យ៉ាង​ច្រើនចំពោះ​វិស័យ​ស្រូវ​អង្ករ​វៀត​ណាម ក្នុង​ការ​ជំរុញ​ផលិតកម្ម​ប្រកប​ដោយ​និរន្តរភាព វប្បកម្ម​​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន និងការ​បង្វែ​ពណ៌​បៃតង។ លោក​ជាថ្នាក់ដឹកនាំ​ស្នូល នៃគម្រោង RiceEco ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​មូលនិធិ​សហប្រតិបត្តិការ​មេគង្គ - កូរ៉េខាងត្បូង​ ព្រមទាំង​​បាន​ក្រសួង​កសិកម្ម និង​បរិស្ថាន ប្រគល់​ប័ណ្ណ​សរសើរ​សម្រាប់បណ្ដា​ការ​រួម​ចំណែក​ដ៏​ឆ្នើម ចំពោះ​វិស័យ​កសិកម្ម​វៀត​ណាម​។

 

បណ្ឌិត Jongsoo Shin ជជែក​ជាមួយ​អ្នកជំនាញ​នៃវិទ្យាស្ថាន​ស្រាវ​ជ្រាវ​​ហ្សែន​​កសិកម្ម នៅក្នុង​បន្ទប់ពិសោធន៍​ហ្សែន។ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាពវៀតណាម
ក្នុងនាម​ជាបុគ្គលស្និទ្ធស្នាល​ និងស្រឡាញ់​វិស័យកសិកម្ម​វៀត​ណាម បណ្ឌិត​ Jongsoo Shin បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​មួយ របស់​វិទ្យាស្ថាន​ហ្សែន​កសិកម្ម​។ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាពវៀតណាម
ជជែកចែករំលែកអំពីរឿងរ៉ាវនៃដើមស្រូវវៀតណាម ជាមួយបុគ្គលិក​ស្រាវ​ជ្រាវ នៃវិទ្យាស្ថានហ្សែន​កសិកម្ម។ រូបថត៖ ខាញ់ឡុង​/កាសែតរូបភាពវៀតណាម
 

តាម​បណ្ឌិត លោក Jongsoo Shin ប្រការ​សំខាន់​បំផុត បន្ទាប់​ពី​គម្រោង​នីមួយៗ មិន​មែន​ត្រឹម​តែ​ជាលទ្ធផល​ចំពោះមុខ​នោះទេ​ ប៉ុន្តែវា​ជា​ផល​ប៉ះពាល់​រយៈ​ពេល​វែង​ចំពោះ​ប្រជាកសិករ​។ លោក​បាន​បង្ហាញ​ការយល់​ឃើញ​ថា​៖ “ខ្ញុំសង្ឃឹម​ថា ប្រជាកសិករ​វៀតណាម នឹង​បន្តទទួល​បានផលប្រយោជន៍ បន្ទាប់ពី​គម្រោង​បាន​បញ្ចប់ សកម្មភាព​ផលិត​កាន់តែ​រឹងមាំ​ បម្លាស់ប្តូរ​ថ្មីៗបានពង្រីក​ដោយ​និរន្តរភាព ប្រការ​សំខាន់​បំផុត នោះគឺស្រូវអង្ករ​មានទីផ្សារលក់​ចេញដោយ​ស្ថិរភាព”។

កសាង​សមត្ថភាព​នៅតែ​ជាបេសកកម្ម​ស្នូល​របស់ IRRI។ វិទ្យាស្ថាន​បាន​បណ្តុះ​បណ្តាល​អ្នក​វិទ្យាសាស្ត្រ និង​អ្នក​បច្ចេកទេស​វៀតណាម​ជាច្រើន​រូប មនុស្ស​ជាច្រើន​ក្នុង​​ចំណោម​​មនុស្សទាំង​នោះ កំពុង​កាន់​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​វិស័យ​កសិកម្ម​ នា​ពេល​បច្ចុប្បន្ន​។ លោក​បាន​យល់​ឃើញ​ថា៖ “ដើម្បី​រក្សា​បាន​នូវ​ឋានៈ​ជា​ប្រទេស​នាំ​អង្ករចេញក្រៅប្រទេស​ឈានមុខមួយនៅ​លើ​ពិភពលោក វៀត​ណាម​ត្រូវ​តែ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង​ក្លា ពីបរិមាណ​ទៅជា​គុណភាព វិនិយោគលើ​និរន្តរភាព ពង្រឹង​ការផ្សារភ្ជាប់​ទីផ្សារ និង​ជំរុញ​កសិកម្ម​ឌីជីថល ដោយផ្អែក​លើទិន្នន័យ”។

 

បណ្ឌិត Jongsoo Shin ចូលរួម​សិក្ខាសាលា នៅតំបន់វាល​ទំនាប​ទន្លេគឺវ​ឡុង​ ក្រោម​ប្រធានបទ៖ ដំណោះ​ស្រាយ​បច្ចេកទេស​សម្រាប់​ការដាំដុះ​ស្រូវ​ឯកទេស​បច្ចេកវិទ្យាខ្ពស់​។ រូបថត៖ ឯកសារ
ក្រសួង​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ បាន​ប្រគល់​មេដាយ​អនុស្សាវរីយ៍​ "ដើម្បី​បុព្វហេតុ​កសិកម្ម និងអភិវឌ្ឍន៍ជនបទ" ជូនដល់​វិទ្យាស្ថាន IRRI ក្នុងនោះ​ក៏មាន​អ្នកវិទ្យាសាស្ត្រ បណ្ឌិត Jongsoo Shin ផងដែរ។ រូបថត៖ ឯកសារ
បណ្ឌិត Jongsoo Shin បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​វិទ្យាស្ថាន​ហ្សែន​កសិកម្ម​ ដែល​ជាទីតាំង​ធ្វើការស្រាវជ្រាវជ្រើសរើស និង​បង្កាត់​ពូជ​ស្រូវ ដែល​អាច​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ។ រូបថត៖ ឯកសារ

សម្រាប់​បណ្ឌិត លោក Jongsoo Shin អនាគត​នៃ​គ្រាប់​អង្ករ​វៀត​ណាម មិន​ត្រឹម​តែ​ស្ថិត​នៅ​លើ​ទិន្នផល​ខ្ពស់​ជាងមុនប៉ុណ្ណោះទេ នៅ​ថែមទាំងស្ថិតនៅ​លើតម្លៃ​​ធំជាង​ សមត្ថភាព​ធន់​ល្អជាង​ និង​ការ​បន្សល់​ទុក​ស្លាកស្នាម​ចីរភាព​ជាង នៅ​លើ​ទីផ្សារ​អន្តរជាតិ។ នោះ​ក៏ជា​ដំណើរ ដែល​លោក និង IRRI កំពុង​បន្ត​រួមដំណើរ​ជាមួយ​វិស័យ​កសិកម្ម​វៀតណាម៕

អត្ថបទ៖ ប៊ិចវឹន  រូបថត៖ ខាញ់​ឡុង/VNP

ប្រែសម្រួល៖ រីកង​


top