ទីដែលចង្វាក់ជីវិតផ្តើមពីសមុទ្រ

ទីដែលចង្វាក់ជីវិតផ្តើមពីសមុទ្រ

ផ្តើម​ពីឆ្នេរខ្សាច់ ដែលនៅ​ជោកជាំដោយតំណក់ទឹក​សន្សើម រហូតដល់ទូកពោពេញទៅដោយត្រីបង្គាទើបតែចូលចត ផ្សារគ្រឿងសមុទ្រពេលព្រលឹម បានបើកបង្ហាញនូវចង្វាក់ជីវិតដ៏ប្លែកមួយ នៃប្រជានេសាទ តាមបណ្តោយឆ្នេរសមុទ្រវៀតណាម។ កម្លាំងពលកម្ម វប្បធម៌ និងមនោសញ្ចេតនាមនុស្សជាតិ បានរលាយចូលគ្នាទៅក្នុងលំហដ៏សាមញ្ញ តែមានភាពរស់រវើក ដែលទីនោះរៀង​រាល់ថ្ងៃ​ តែងតែចាប់ផ្តើមជាមួយសមុទ្រ។

អរុណោទ័យនៅលើផ្សារត្រី Tam Tien (ក្រុង​ដាណាំង)។ រូបថត៖ Dinh Hai Ngoc

ជាមួយ​នឹងឆ្នេរសមុទ្រប្រវែងជាង ៣.២៦០គីឡូម៉ែត្រ លាតសន្ធឹងពីជើងទៅត្បូង ប្រទេស​វៀតណាម មានលំហសមុទ្រដ៏សម្បូរបែប ដែលទីនោះផ្សារគ្រឿងសមុទ្រពេលព្រឹក បានក្លាយជាចំណុចចាប់ផ្តើមនៃជីវិត​តាមឆ្នេរ។ តាំងពីព្រលឹមស្រាងៗ នៅពេលដែលទូកនេសាទទើបតែចូលចត លំហនោះបានផ្ទុះឡើងនូវភាពរស់រវើក ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការងារ និងការផ្សារភ្ជាប់នៃសហគមន៍។ នៅតាមបណ្តោយឆ្នេរសមុទ្រ យើងអាចជួបប្រទះនូវផ្សារប្លែកៗដូចជា៖ ផ្សារត្រីកឿវ៉ាន​ (Cua Van) (ខេត្ត​ក្វាងនិញ​ - Quang Ninh) ផ្សារត្រី សឹម​សឺន​ (Sam Son) (ខេត្ត​ថាញហ្វ័រ​ - Thanh Hoa) ផ្សារត្រីញឹត​ឡេ (Nhat Le) (ខេត្ត​ក្វាងប៊ិញ - Quang Binh) ផ្សារត្រី តាម​តៀន (Tam Tien) (ដាណាំង​) ឬផ្សារត្រីសមឡឺយ​ (Xom Luoi) (ទីក្រុងហូជីមិញ)។ល។ កន្លែងនីមួយៗមានលក្ខណៈរៀងៗខ្លួន ប៉ុន្តែមានចង្វាក់ជីវិតរួមគ្នាឆ្ពោះទៅរកសមុទ្រទាំងអស់​។

ផ្សារគ្រឿងសមុទ្រឡុងហាយ (Long Hai - វុងតាវ) មិនត្រឹមតែលេចធ្លោជាមួយគ្រឿងសមុទ្រស្រស់ៗប៉ុណ្ណោះទេ ថែមទាំងរក្សាបាននូវបរិយាកាសដ៏អ៊ូអរ និងពណ៌សម្បុរយ៉ាងរស់រវើកនៃផ្សារសមុទ្របែបប្រពៃណីទៀតផង។ រូបថត៖ គីមសឺន​/កាសែតរូបភាពវៀតណាម
នៅពេលព្រលឹមស្រាងៗ នៅតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសវៀតណាម ត្រីដែលទើបតែនេសាទបានថ្មីៗ និងស្រស់ៗបំផុត បាន​ដាក់លក់ដោយផ្ទាល់នៅតាមផ្សារមាត់ច្រាំង​។ រូបថត៖ គីមសឺន/កាសែត​រូបភាពវៀតណាម
 

ផ្សារចាប់ផ្តើមតាំងពីព្រលឹម នៅពេលដែលទូកនេសាទបន្ទាប់ពីចេញទៅសមុទ្រពេញមួយយប់ បានចូលចតជាបន្តបន្ទាប់។ លើឆ្នេរខ្សាច់​នៅមានចំហាយសន្សើម ខ្សែ​សំណាញ់នីមួយៗត្រូវបានទាញឡើង ត្រីបង្គាបញ្ចេញ​ពន្លឺចែងចាំងដូចពណ៌ប្រាក់។ ការទិញលក់ប្រព្រឹត្តទៅនៅនឹងទូក ឬនៅលើមាត់ច្រាំងបានប្រព្រឹត្តទៅយ៉ាងរហ័ស សាមញ្ញ និងមិនឆ្លងកាត់អ្នក​កណ្តាល។ អ្នកលក់ និងអ្នកទិញជួបគ្នាដោយភាពជិតស្និទ្ធ និងស្មោះត្រង់។

គ្រឿងសមុទ្រនៅផ្សារពេលព្រឹកតែងតែស្រស់ៗ និងមានច្រើនប្រភេទ ដែលក្លាយជាប្រភពផ្គត់ផ្គង់ដ៏សំខាន់សម្រាប់គ្រួសារ ភោជនីយដ្ឋាន និងទាំង​ដំណើរ​បញ្ជូន​ទំនិញ​ទៅឆ្ងាយៗ។ សម្លេងរលកសមុទ្រ សម្លេងម៉ាស៊ីនទូក និងសម្លេងហៅគ្នាទិញលក់ បានរលាយចូលគ្នាបង្កើតជាចង្វាក់ពិសេសមួយ។ នៅក្នុងចំណោមមនុស្សម្នាដ៏មមាញឹក រូបភាព​ស្ត្រីពាក់មួកស្លឹក រើសត្រីយ៉ាងរហ័សរហួន ប្រជានេសាទមមាញឹកបែងចែកប្រភេទគ្រឿងសមុទ្រ និងកុមារតូចៗដើរតាមឪពុកម្តាយ ដោយការចង់ដឹងចង់ឃើញ។

កុមារី ង្វៀន ធីឡាន ទទួលកាដូជាត្រីធូ បន្ទាប់ពីដំណើរនេសាទ​របស់ឪពុក​នាង នៅឯ​ផ្សារ​នាពេលព្រលឹម ក្នុង​សង្កាត់ សាហ្វិញ (Sa Huynh) (ខេត្តក្វាងង៉ាយ - Quang Ngai)។ រូបថត៖ កុង​ដាត​/កាសែត​រូបភាពវៀតណាម
ភ្ញៀវទេសចរទៅកាន់ផ្សារត្រី ម៉ឹនថាយ (ក្រុងដាណាំង) នៅពេលព្រលឹម ភាគច្រើនគឺដើម្បីទស្សនាទិដ្ឋភាពអ្នកទិញអ្នកលក់ និងប្រភេទគ្រឿងសមុទ្រផ្សេងៗដែលដាក់លក់។ រូបថត៖ ថាញ់ហ្វ័រ​/កាសែត​រូបភាពវៀតណាម
 

តំបន់សមុទ្រនីមួយៗមានលក្ខណៈប្លែកៗគ្នា។ តំបន់ភាគខាងជើង មានភាពស្ងប់ស្ងាត់ ផ្សារភ្ជាប់ជាមួយភូមិនេសាទបែបប្រពៃណី។ តំបន់ភាគកណ្តាល មានភាពរស់រវើកជាមួយផ្សារដែលប្រជុំគ្នានៅលើឆ្នេរខ្សាច់ ទីកន្លែង​ដែល​ការទិញលក់ប្រព្រឹត្តទៅយ៉ាងឆាប់​រហ័សក្រោមពន្លឺថ្ងៃ ខ្យល់ និងរស្មីអរុណរះដ៏ត្រចះត្រចង់។ តំបន់ភាគខាងត្បូង បែរជា​មានលក្ខណៈ​ចិត្តទូលាយ​ បើកចំហ ជាមួយតំបន់ផ្សារដ៏អ៊ូអរតាំងពីព្រលឹមស្រាងៗ ដែលមានទូកកាណូតមមាញឹក សម្លេងហៅទិញលក់រំពង និងចង្វាក់ជីវិតសមុទ្រ រំលេច​ឡើង​ពោពេញទៅដោយថាមពល។

កំពង់​ផែត្រី ភូថាច់ ​ជាកន្លែងប្រមូលទិញគ្រឿងសមុទ្រ សម្រាប់ផ្គត់ផ្គង់ដល់ផ្សារបោះដុំនានា​ទូទាំងខេត្តក្វាងង៉ាយ (Quang Ngai) ផងដែរ។ រូបថត៖ កុងដាត​/កាសែត​រូបភាពវៀតណាម
 

មិនត្រឹមតែជាកន្លែងជួញដូរប៉ុណ្ណោះទេ ផ្សារព្រឹកនៅតំបន់សមុទ្រ ក៏ជាចំណុចតភ្ជាប់សហគមន៍ ទី​ដែលអ្នកស្រុកចែករំលែករឿងរ៉ាវអាកាសធាតុ រដូវត្រី និងជីវភាពរស់នៅប្រចាំថ្ងៃ។ សព្វថ្ងៃនេះ ផ្សារត្រីពេលព្រឹក បានក្លាយជាអាសយដ្ឋាន​ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ ផ្តល់នូវបទពិសោធន៍ពិតប្រាកដ អំពីវប្បធម៌សមុទ្រវៀតណាម និង​ជា បេតិកភណ្ឌរស់ បានរក្សទុកតាមរយៈចង្វាក់ផ្សារនីមួយៗ និងរដូវកាលនៃសមុទ្រ​នីមួយៗ៕

អត្ថបទ៖ វីថាវ​ រូបថត៖ កាសែតរូបភាពវៀតណាម

ប្រែសម្រួល៖ រីកើង​


top