ទីដាណាំង - សម្រស់ទេសចរណ៍សហគមន៍
ក្រៅពីឆ្នេរខ្សាច់ស្រស់ស្អាត និងតំបន់សម្រាកលំហែកាយទំនើបៗ ទីក្រុងដាណាំង កំពុងបើកទិសដៅទេសចរណ៍ថ្មីមួយពោរពេញដោយចំណាប់អារម្មណ៍៖ ទេសចរណ៍សហគមន៍។ នៅទីនេះ ភ្ញៀវទេសចរមិនត្រឹមតែសម្របខ្លួនទៅនឹងសម្រស់ធម្មជាតិព្រៃភ្នំ ស្ទឹងអូរប៉ុណ្ណោះទេ ថែមទាំងបានពិសោធន៍ជីវភាពរស់នៅ និងវប្បធម៌ពិសេសនៃសហគមន៍អ្នកស្រុកទៀតផង។
ប៉ុន្មានឆ្នាំថ្មីៗនេះ ដាណាំងមិនត្រឹមតែអភិវឌ្ឍខ្លាំងទៅលើវិស័យទេសចរណ៍តាមឆ្នេរសមុទ្រ ទេសចរណ៍កម្សាន្តលំហែ និងព្រឹត្តិការណ៍ផ្សេងៗនោះទេ ថែមទាំងយកចិត្តទុកដាក់លើការទាញយកសក្តានុពលទេសចរណ៍សហគមន៍ ដែលជាទម្រង់រូបភាពមួយជួយធ្វើឱ្យផលិតផលទេសចរណ៍កាន់តែថ្មីប្លែក និងផ្តល់ប្រភពចំណូលប្រកបដោយចីរភាពជូនប្រជាជនមូលដ្ឋានផងដែរ។
បណ្ដាឃុំហ្វ័រវ៉ាង (Hoa Vang) ហ្វ័រតៀន (Hoa Tien) បាណា (Ba Na) និងសង្កាត់ហាយវ៉ឹន (Hai Van)សុទ្ធសឹងតែជាតំបន់ដែលមានទេសភាពធម្មជាតិស្រស់បំព្រង រួមជាមួយសហគមន៍ជនជាតិកឺទូ និងអ្នកស្រុក ដែលនៅតែរក្សាបានអត្តសញ្ញាណវប្បធម៌ប្រពៃណីតាំងពីយូរលង់មក។ ភូមិតាឡាង យ៉ានប៊ី ណាមអៀន (សង្កាត់ហាយវ៉ឺន) ទ្វីឡន (ឃុំហ្វ័រវ៉ាង) ថៃឡាយ ត្រុងងៀ (ឃុំបាណា) បានក្លាយជាចំណុចទាក់ទាញ សម្រាប់ប្រភេទទេសចរណ៍នេះ។
សង្កាត់ហាយវ៉ឹន (Hai Van) នៅមិនឆ្ងាយពីមជ្ឈមណ្ឌលទីក្រុងប៉ុន្មានទេ បច្ចុប្បន្នមានតំបន់ទេសចរណ៍ជាង ២០កន្លែង ក្នុងនោះមាន ១៦កន្លែងជាទេសចរណ៍សហគមន៍ និង៥កន្លែងជាទេសចរណ៍ធម្មជាតិ ដែលបម្រើភ្ញៀវទេសចរប្រមាណ ៣០.០០០លើកនាក់ក្នុងមួយឆ្នាំ។ ផ្ទះសំណាក់ជាច្រើន បានសាងសង់តាមរចនាបថផ្ទះហ្គឺយប្រពៃណីរបស់ជនជាតិកឺទូ រួមជាមួយផ្ទះ bungalow និងតង់លំហែក្បែរមាត់ស្ទឹង ឬលើជម្រាលភ្នំ ដែលបង្កើតបរិយាកាសកម្សាន្តជិតស្និទ្ធនឹងធម្មជាតិ។
នៅទីនេះ ភ្ញៀវទេសចរមានឱកាសចូលរួមក្នុងសកម្មភាពវប្បធម៌ និងពិសោធន៍ក្នុងស្រុកដូចជា៖ ត្បាញសំពត់សង្កិប ឆ្លាក់ឈើ ចម្អិនម្ហូបប្រពៃណី រាំរបាំសាប រាំរបាំទុងទុងយ៉ាយ៉ា ដែលជារបាំនៃជនជាតិកឺទូ។ ក្រៅពីនេះ សកម្មភាពនៅក្រោមលំហអាកាសដូចជា៖ បោះជំរំ ជិះទូកកាយ៉ាក់ ជិះទូកស៊ុប មុជទឹកស្ទឹង និងឡើងភ្នំ ក៏ជាចំណុចទាក់ទាញភ្ញៀវទេសចរវ័យក្មេង ដែលចូលចិត្តការផ្សងព្រេង។ អាហារក្នុងស្រុក ដែលបានធ្វើពីគ្រឿងស្រស់ៗដាំនៅក្នុងចម្ការ ឬបានមកពីធម្មជាតិ តែងតែធ្វើឱ្យភ្ញៀវនឹកដល់រសជាតិនៃតំបន់ភ្នំមិនអាចបំភ្លេចបាន។
ទេសចរណ៍សហគមន៍នៅដាណាំងកំពុងអភិវឌ្ឍខ្លាំង ជាពិសេសនៅរដូវបុណ្យទាន ឬចុងសប្តាហ៍។ ចំនួនភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅផ្ទះសំណាក់ និងចូលរួមបទពិសោធន៍វប្បធម៌ជាច្រើន បង្កើតបានជាជីវភាពថ្មីសម្រាប់វិស័យទេសចរណ៍ទីក្រុង និងបើកទិសដៅថ្មីដែលមានសក្តានុពល និងភាពចម្រុះសម្រាប់វិស័យទេសចរណ៍ដាណាំង។
តាមអ្នកជំនាញទេសចរណ៍ ដើម្បីឱ្យទេសចរណ៍សហគមន៍អភិវឌ្ឍប្រកបដោយចីរភាព ដាណាំងគួរស្នើសុំឱ្យប្រជាជនបើកផ្ទះសំណាក់ អភិវឌ្ឍចម្ការព្រៃឈើ ផលិតវត្ថុអនុស្សាវរីយ៍ ជាមួយគ្នានោះ គួរជួយផ្តល់ទុន និងទីផ្សារស្ថិរភាព សម្រាប់ផលិតផលសិប្បកម្ម។ ការលើកកម្ពស់ជំនាញគ្រប់គ្រង និងបម្រើភ្ញៀវទេសចរ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ជាកត្តាសំខាន់ដើម្បីតភ្ជាប់ tour ទេសចរណ៍ និងខ្សែផ្លូវទេសចរណ៍ ឱ្យកាន់តែមានប្រសិទ្ធភាព៕
- អត្ថបទនិងរូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង