ទីក្រុង ហ្វេ (Hue) - អភិរក្សអតីតកាល ដើម្បីឆ្ពោះទៅអនាគត

ពេលវេលា និងសង្រាមបានបន្សល់ទុកឲ្យខេត្ត ធឿធៀនហ្វេ (Thua Thien Hue) បេតិកភណ្ឌដែលត្រូវរលំរលាយនិងកម្ទេចកម្ទីរ ប៉ុន្តែចាប់តាំងពីពេលនោះ តំបន់នេះបានព្យាយាមក្រោកឈរឡើង រហូតក្លាយជានិមិត្តរូបដ៏លេចធ្លោក្នុងការអភិរក្សបេតិកភណ្ឌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ហើយឥឡូវនេះ កំពុង ជឿជាក់ និងខិតខំប្រឹងប្រែងឆ្ពោះទៅជាទីក្រុងចំណុះមជ្ឈិមដោយ "អំណាចទន់"វប្បធម៌ពិសេសក្នុងពេលឆាប់ៗនេះ។
ទីក្រុងនិមិត្តរូបនៃការអភិរក្សបេតិកភណ្ឌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ
ក្នុងសារអបអរសាទរដែលបានផ្ញើទៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៣០ ឆ្នាំ (១៩៩៣ - ២០២៣) នៃប្រជុំកេរ្តិ៍ដំណែលអតីតរាជធានី ហ្វេ (Hue) និងខួបលើកទី ២០ ឆ្នាំ (២០០៣ - ២០២៣) តន្ត្រីរាជវាំងវៀតណាម (គេធ្លាប់ហៅថា Nha nhac Cung Dinh (Hue)) ដែលត្រូវបានអង្គការ UNNESCO ទទួលស្គាល់និងចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោក។ នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក លោក Lazare Eloundou Assomo នៃអង្គការ UNESCO បានសង្កត់ធ្ងន់ថា “ចាប់តាំងពីទីក្រុង ហ្វេ (Hue) ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌពិភពលោក កាលពី ៣០ ឆ្នាំមុន ពិភពលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះដំណើរនៃទីក្រុង ហ្វេ ( Hue) ដែលជាកន្លែងបង្ហាញពីសមិទ្ធិផលដ៏សំខាន់មួយក្នុងការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌពិភពលោក។ ថែមទាំងនេះក៏ជានិមិត្តរូបនៃការរស់ឡើងវិញនៃប្រទេសវៀតណាមផង ដែលបានឈានចេញផុតពីស្ថានភាពលំបាក និងការបំផ្លិចបំផ្លាញបន្ទាប់ពីសង្គ្រាមរាប់ទសវត្សរ៍ អតីតរាជធានី ហ្វេ (Hue) បានបំប្លែងខ្លួនពីសម្បត្តិបេតិកភណ្ឌដែលត្រូវ បំផ្លិចបំផ្លាញ ក្លាយទៅជានិមិត្តរូបដ៏លេចធ្លោក្នុងការអភិរក្សបេតិកភណ្ឌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ”។
រហូតមកដល់ពេលនេះ ពេលនិយាយាអំពីរឿងចាស់ លោក ថៃ បាយីញ (Thi Ba Dinh) ជាប្រជាជនម្នាក់រស់នៅក្នុងទីក្រុង ហ្វេ (Hue) តាំងពីមុនឆ្នាំ ១៩៧៥ នៅតែរសាប់រសល់ និងសោកសៅ៖ «ផ្ទះខ្ញុំនៅជិតតំបន់បន្ទាយការពាររាជវាំងហ្វេ (Hue) ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែបើកទ្វារ ហើយខ្ញុំបានឃើញទេសភាពរាជវាំងត្រូវបំផ្លាញនៅគ្រប់ទីកន្លែង ខ្ញុំព្រួយបារម្ភណាស់ ដែលមិនអាចពិពណ៌នាបានឡើយ។ អ្នកណាដែលដើរកាត់ មើលឃើញទេសភាពនោះក៏ឈឺចាប់ណាស់ដែរ!»។
ក្រោយឆ្នាំ ១៩៧៥ ទីក្រុង ហ្វេ (Hue) បានរួចផុតពីសង្រ្គាមជាមួយនឹងបេតិកភណ្ឌ ត្រូវបំផ្លិចបំផ្លាញ ដោយគ្រាប់បែក គ្រោះមហន្តរាយធម្មជាតិ ព្យុះ និងទឹកជំនន់ ព្រមទាំងការពង្រើយរបស់មនុស្ស។ ស្នាដៃស្ថាបត្យកម្មជាច្រើន ដូចជា ប្រាសាទ រាជវាំង វិមានកម្កល់សព... ពីរាជកាល ង្វៀន (Nguyen) បានបន្សល់មកត្រូវវាយខ្ទេចខ្ទី និងបាក់បែក ដើមឈើត្រូវបានកាប់បំផ្លាញ ជញ្ជាំងនៃកំពែងដ៏អស្ចារ្យបានដួលរលំដោយគ្រាប់បែក។ រីឯ នៅតំបន់បន្ទាយការពាររាជវាំងហ្វេ (Hue) វិញ ស្នាដៃស្ថាបត្យកម្មដើមចំនួន ១៣៦ នៅរក្សាបានត្រឹមតែពាក់កណ្តាលនៃស្ថានភាពដើម។ ចំពោះវាជវាំងត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង។ ហើយមានស្នាដៃស្ថាបត្យកម្មជាច្រើនទៀតដែលមានវាសនាដូចគ្នា។ មិនត្រឹមតែប៉ុណ្ណោះ នៅមានបេតិកភណ្ឌអរូបីជាច្រើន ដូចជា ប្រព័ន្ធព្រះរាជពិធីបុណ្យ ទម្រង់នៃការសម្តែងក្នុងរាជវាំង ដូចជា តន្ត្រីរាជវាំង ល្ខោនរាជវាំង និងរបាំ រាជវាំង ហើយវត្ថុបុរាណ សៀវភៅ និងឯកសារដ៏មានតម្លៃ ក្នុងរាជកាល ង្វៀន (Nguyen) រួមទាំងប្រព័ន្ធមុខរបរសិប្បកម្មប្រពៃណីរបស់ ហ្វេ (Hue) ... ក៏ត្រូវបានបំផ្លាញ បាត់បង់ ឬសាត់អណ្តែតក្លែងរូបក្នុងប្រជាប្រិយ។
រហូតដល់ឆ្នាំ ១៩៩៣ នៅពេលដែលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រអតីតរាជធានី ហ្វេ (Hue) ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ហើយបន្ទាប់មក នៅឆ្នាំ ២០០៣ តន្ត្រីរាជវាំងហ្វេ (Hue) (Nha nhac Cung dinh) ត្រូវបានទទួលស្គាល់ ជាស្នាដៃអស្ចារ្យនៃបេតិកភណ្ឌវប្បធម៌អរូបី និងការផ្សាយតាម មាត់របស់មនុស្សជាតិ (ឥឡូវជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ) ការស្ដារឡើងវិញបេតិកភណ្ឌ ហ្វេ (Hue) នឹងប្រែក្លាយទៅជាដំណាក់កាលថ្មី។
ចាប់ពីពេលនេះតទៅ ដោយមានការគាំទ្រយ៉ាងសកម្មពីអង្គការ UNESCO អង្គការអន្តរជាតិ និងជាពិសេស ការចូលរួមយ៉ាងប្តូរផ្តាច់របស់រដ្ឋាភិបាល ការប្តេជ្ញាចិត្តឥតឈប់ឈររបស់អាធ្ញាធរ និងប្រជាជនខេត្ត ធឿ ថៀនហ្វេ (Thua Thien Hue) ការអភិរក្សកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ អតីតរាជធានី ហ្វេ (Hue) ត្រូវបានអនុវត្តន៍ និងសម្រេចបានលទ្ធផលដ៏អស្ចារ្យ។ បេតិកភណ្ឌវប្បធម៌ ហ្វេ (Hue) បានឆ្លងកាត់ដំណាក់កាលសង្គ្រោះបន្ទាន់ ហើយឥឡូវនេះកំពុងបានរស់ឡើងវិញបន្តិចម្តងៗ និងឈានទៅរកភាពរុងរឿង ត្រចះត្រចង់ដូចដើមវិញ។

យោងតាមការវាយតម្លៃរបស់អង្គការ UNESCO ការអភិរក្សកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ហ្វេ (Hue) បច្ចុប្បន្នកំពុងឈានចូលដំណាក់កាលស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេស ការអភរក្សតម្លៃបេតិកភណ្ឌវប្បធម៌ តែងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដំណើរការធ្វើអាជីវកម្ម ពង្រីក និងបង្កើតលក្ខខណ្ឌងាយស្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ខេត្ត និងភាគកណ្តាល ដោយផ្តោតលើសេដ្ឋកិច្ចទេសចរណ៍ សេវាកម្ម។
ក្រឡេកមើលឡើងវិញនូវរយៈពេល ៣០ ឆ្នាំ មុន យើងអាចឃើញថា ការងារអភិរក្ស និងធ្វើឲ្យវប្បធម៌ហ្វេ (Hue) កំពុងតម្រង់ទិសត្រឹមត្រូវដែលអគ្គលេខាបក្សា លោក ង្វៀនភូត្រុង (Nguyen Phu Trong) បានដាកចេញ នៅក្នុងសន្និសីទវប្បធម៌ទូទាំងប្រទេស ឆ្នាំ ២០២១ នោះគឺ៖ “យកចិត្តទុកដាក់បន្ថែមទៀតក្នុងការអភិរក្ស ជួសជួល និងលើកកម្ពស់តម្លៃវប្បធម៌ជាតិ និងតម្លៃវប្បធម៌អរូបីនៃតំបន់ របស់ជនជាតិភាគតិច រួមផ្សំជាមួយនឹងការទទួលយកភាពថ្លៃថ្នូររបស់វប្បធម៌នៃយុគសម័យ។ ការអភិវឌ្ឍ “អំណាចទន់” នៃវប្បធម៌វៀតណាម រួមចំណែកក្នុងការបង្កើនកម្លាំងសរុបរបស់ប្រទេសជាតិ នាពេលខាងមុខ”។
ការខិតខំប្រឹងប្រែង ដើម្បីក្លាយជាទីក្រុងចំណុះមជ្ឈិម
យោងតាមលោកបណ្ឌិត ផាន ថាញហាយ (Phan Thanh Hai) សមាជិកក្រុមប្រឹក្សាបេតិកភណ្ឌជាតិ ប្រធានមន្ទីរវប្បធម៌ និងកីឡាខេត្ត ធឿ ថៀនហ្វេ (Thua Thien Hue) បានឲ្យដឹងថា ហ្វេ (Hue) គឺជាបាតុភូតពិសេសមួយក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍទីក្រុងរបស់វៀតណាម។ ហើយបើតាមការវាយតម្លៃរបស់អ្នកស្រាវជ្រាវក្នុងស្រុក និងបរទេសជាច្រើន មកទល់ពេលនេះ អតីតរាជធានី ហ្វេ (Hue) គឺជាទីក្រុងមួយក្នុងចំណោមបណ្តាទីក្រុងដែលមានមរតកបេតិកភណ្ឌស្ថាបត្យកម្មដ៏សម្បូរបែបបំផុត មិនត្រឹមតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ាប៉ុណ្ណោះទេ។ ហេតុដូច្នេះ ខេត្ត ធឿ ថៀនហ្វេ (Thua Thien Hue) សមស្របនឹងការសាងសង់ជាទីក្រុងបេតិកភណ្ឌពិសេសមួយចំណុះមជ្ឈិម។
ផ្អែកលើសេចក្តីសម្រេចចិត្តលេខ ៥៤-NQ/TW របស់ការិយាល័យនយោបាយស្តីពី “ការកសាង និងអភិវឌ្ឍន៍ខេត្ត ធឿ ថៀនហ្វេ (Thua Thien Hue) ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥” ខេត្ត ធឿ ថៀនហ្វេ (Thua Thien Hue) កំពុងខិតខំប្រឹងប្រែង និងផ្តោតការយកចិត្តទុកដាក់លើការសម្រេចបានផែនការ និងគម្រោងសំខាន់ៗ សំដៅកសាង ខេត្ត ធឿ ថៀនហ្វេ (Thua Thien Hue) ក្លាយទៅជាទីក្រុងចំណុះមជ្ឈិម នៅឆ្នាំ ២០២៥ ដែលផ្អែកទៅលើមូលដ្ឋានថែរក្សា និងពង្រីកតម្លៃនៃបេតិកភណ្ឌអតីតរាជធានី និងអត្តសញ្ញាណវប្បធម៌ ហ្វេ (Hue) ដែលមានលក្ខណៈពិសេសវប្បធម៌ បេតិកភណ្ឌ អេកូឡូស៊ី ទេសភាព ជិតស្និទ្ធនឹងបរិស្ថាន និងឆ្លាតវៃ។
ដើម្បីអនុវត្តតម្រង់ទិសនេះ ហ្វេ (Hue) ចាំបាច់ត្រូវមានយុទ្ធសាស្ត្រត្រឹមត្រូវ ដើម្បីអភិវឌ្ឍខេត្ត ធឿ ថៀនហ្វេ ( Thua Thien Hue) ក្លាយទៅជាទីក្រុងទំនើប ទន្ទឹមនឹងនេះ រក្សា និងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ផង។ អាចនិយាយបានថា នេះជាទិសដៅពិសេសមួយ ពីព្រោះខេត្ត ធឿ ថៀនហ្វេ (Thua Thien Hue) នឹងមិនអាចអភិវឌ្ឍដូចទីក្រុងហាណូយ (Ha Noi) ហាយហ្វុង (Hai Phong) ដាណាំង (Da Nang) កឹនធើ (Can Tho) ឬទីក្រុងហូជីមិញ (Ho Chi Minh) ដែលមានអគារខ្ពស់ៗ តំបន់ឧស្សាហ៍កម្មជាច្រើន ដែលមានដង់ស៊ីតេប្រជាជនរស់នៅយ៉ាងច្រើនកុះករ ។ ប៉ុន្តែទីក្រុង ហ្វេ (Hue) ត្រូវអភិវឌ្ឍតាមទិសដៅចុះសម្រុងគ្នា និងនិរន្តរភាព ដាក់កំហិតអន្តរាគមន៍ និងមិនប៉ះពាល់ដល់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនិងទេសភាពស្ថាបត្យកម្ម ប្រពៃណី...
ដោយគោលនយោបាយនោះ ទីក្រុង ហ្វេ (Hue) កំពុងខិតខំប្រឹងប្រែង ដើម្បីអភិរក្សស្ថានភាពដើមនៃតំបន់ភាគខាងជើង ដែលជាអតីតរាជធានីហ្វេ (Hue) ត្រូវបានគេកំណត់ថាជាតំបន់ស្នូលនៃប្រជុំកេរ្តិ៍ដំណែលអតីតរាជធានី ហ្វេ (Hue) ផ្តោតលើការអភិវឌ្ឍ និងពង្រីកតំបន់ភាគខាងត្បូង និងតំបន់ជុំវិញដែលមិនសូវមានកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រផ្សេងទៀត ជួសជុល និងកែលម្អប្រព័ន្ធផ្លូវ សួនច្បារ ដើមឈើ ភ្លើង និងសំណង់ជំនួយ ដើម្បីបម្រើជីវភាពរស់នៅរបស់ប្រជាជន។ ដោយសារហេតុនោះ មុខមាត់នៃទីក្រុង ហ្វេ (Hue) កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សឆ្ពោះទៅរកភាពទំនើប សកម្ម មានភាពបើកចំហ ប៉ុន្តែនៅតែរក្សាបាននូវភាពស្រស់ស្អាតបែបប្រពៃណី និងរ៉ូមែនទិចផ្ទាល់ខ្លួន។លោកស្រី ផាន ថាញហា (Phan Thanh Ha) ជាភ្ញៀវទេសចរម្នាក់មកពីរដ្ឋធានី ហាណូយ (Ha Noi) ដែលតែងតែមានឱកាសមកដល់ទីក្រុង ហ្វេ (Hue) បានចែករំលែកថា៖ “ ហ្វេ (Hue) ធ្លាប់សោកសៅណាស់ ទីក្រុងតែងតែចូលគេងពីពេលយប់ ហើយប្រជាជនហ្វេ (Hue) រស់នៅតាមរបៀបលាក់ខ្លួន ប៉ុន្តែទីក្រុង ហ្វេ (Hue) ឥឡូវនេះខុសពីមុនណាស់ នៅតែរ៉ូមែនទិច សុភាពរាបសារ គួរឱ្យស្រលាញ់ ប៉ុន្តែសកម្ម ក្មេង និងស្រស់ស្អាតច្រើនជាង។"
ការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ ហ្វេ (Hue) ប្រកបដោយប្រសិទ្ធភាព បានរួមចំណែកយ៉ាងធំធេងដល់ការគិតគូរអភិវឌ្ឍជាយុទ្ធសាស្ត្ររបស់ខេត្ត ធឿ ថៀនហ្វេ (Thua Thien Hue)។ តាមរយៈនោះ បេតិកភណ្ឌវប្បធម៌ក្លាយជាស្នូល និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៃជីវិត សេដ្ឋកិច្ច វប្បធម៌ និងសង្គម ធ្វើឱ្យហ្វេ (Hue) “ទីក្រុងរបស់ Festival នៃប្រទេសវៀតណាម” “ទីក្រុងវប្បធម៌អាស៊ាន "ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន" "ទីក្រុងបៃតងនៃប្រទេសជាតិ"។
ដំណើរឆ្ពោះទៅកាន់ការក្លាយជាទីក្រុងចំណុះមជ្ឈិម នៅឆ្នាំ ២០២៥ គឺមិនយូរទៀតទេ ហើយ "អំណាចទន់" វប្បធម៌នឹងជាកម្លាំងពេញលេញ ដើម្បីជួយទីក្រុង ហ្វេ (Hue) ឆ្ពោះទៅកាន់គោលដៅ។/.
អត្ថបទ៖ ថាញហ័រ រូបថត៖ ថាញហ័រនិងអ្នកសហការ
ប្រែសម្រួលដោយង្វៀនយ៉ាង
បច្ចេកទេស និងក្រាហ្វិក៖ ត្រាងញុង