ទិដ្ឋភាពអរុណរះនៅភូមិនេសាទ ងឺមីថាញ (Ngu My Thanh)

ទិដ្ឋភាពអរុណរះនៅភូមិនេសាទ ងឺមីថាញ (Ngu My Thanh)

នៅព្រឹក​ព្រលឹម​ ចាប់ពី​ប្រហែលម៉ោង​ ៤ ដល់​ម៉ោង ៧ ភូមិ​នេសាទ ងឺ​មីថាញ (Ngu My Thanh)ដូច​ជា​ភ្ញាក់​ពី​គេង​ជាមួយសូរ​សម្លេង រូបភាព​ពិសេសនៃភូមិ​នេសាទដែល​​មាន​ទូកធំនិងតូច​រាប់ពាន់គ្រឿង​ លើ​តំបន់ទឹក តាម​យ៉ាង (Tam Giang) ដ៏​ធំល្វឹងល្វើយ ស្រស់ស្អាត​ និង​អស្ចារ្យ។

ទិដ្ឋភាព​ព្រះអាទិត្យ​រះ​លើតំបន់​ទឹក ​ តាម​យ៉ាង (Tam Giang)។ រូបថត៖ ថាញ​ហ័រ​ /កាសែតរូបភាពវៀត​ណាម 

ងឺ​មីថាញ (Ngu My Thanh) ជាភូមិ​នេសាទ​ល្បី​ឈ្មោះ​មួយ​ នៅតំបន់​ទឹក ​ តាម​យ៉ាង​ (Tam Giang) ខេត្ត ធឿធៀន​ហ្វេ ( Thua Thien Hue)។ ភូមិ​នេះ​ស្ថិត​ក្នុង​ ​ឃុំ​ក្វាង​លើយ (Quang Loi) ស្រុក​ ក្វាង​ឌៀន (Quang Dien) ចម្ងាយ​ពី​កណ្តាល​ទីក្រុង​ហ្វេ (Hue) ​ប្រហែល ២០ គីឡូ  ម៉ែត្រ​ តាម​ទិសឦសាន

ភូមិ​នេះមាន​ប្រភពដើម​គឺ​ភូមិ​ មីថាញ (My Thanh) ដែល​បង្កើត​ឡើង​ នា​ដើម​សតវត្ស​ទី ១៩។ កាល​ពីមុន ភូមិនេះជាទីកន្លែងរស់នៅរបស់គ្រួសារជាច្រើនដែល​រស់នៅលើដីគោក ក្រោយមកមានប្រជានេសាទមួយចំនួន នៅតំបន់ ភូវ៉ាង (Phu Vang) និង ភូឡុក (Phu Loc) ចម្ងាយរាប់​សិបគីឡូម៉ែត្រ ជិះទូកទៅ​នេសាទ ពួកគេឃើញថា តំបន់ទឹក នេះសម្បូរបង្កងនិងត្រី ងាយស្រួលក្នុងរកស៊ី ពួកគេបានប្រមូលគ្នាស្នាក់នៅ ហើយរស់នៅជាបណ្តើរៗ ជាមួយប្រជាជននៅតាមឆ្នេរដែល​បង្កើតបានជា​ភូមិនេសាទមួយ គេ​បាន​ហៅ​ថាភូមិ​នេសាទ មីថាញ់ (My Thanh) 

ភូមិនេសាទ ងឺ​មីថាញ (Ngu My Thanh) លេចចេញជាបណ្តើរ​ៗ នៅព្រឹកព្រលឹមពណ៌ស្វាយ។ រូបថត៖ ថាញ​ហ័រ/កាសែតរូបភាព វៀតណាម
 

ប្រជាជននៃភូមិ​នេសាទ មីថាញ (My Thanh) ភាគច្រើនប្រកបរបរនេសាទត្រី និងបង្កង នៅតំបន់តាមយ៉ាង (Tam Giang) រាល់សកម្មភាព និងជីវភាពរស់នៅបានប្រព្រឹត្តិឡើងនៅលើទូក ពួកគេទៅនេសាទនៅពេលថ្ងៃ ហើយត្រឡប់មកវិញ​ និង​ចតទូក​នៅច្រាំងនាពេលយប់ ដើម្បីឈប់សម្រាក។

រហូតដល់ឆ្នាំ១៩៩០ ដើម្បីមាន​ស្ថេរភាពក្នុង​ជីវភាព​រស់នៅរបស់​ប្រជានេសាទ និងបញ្ចៀសស្ថានភាពរស់នៅលើទូក ដែលមានហានិភ័យគ្រោះថ្នាក់នៃតំបន់ នេះ អាជ្ញាធរ​ឃុំ ក្វាង​លើយ​ (Quang Loi) បានធ្វើ​ចលនាប្រជាជនឱ្យផ្លាស់ទីតាំង​រស់​នៅ សាងសង់ផ្ទះហើយដាក់ឈ្មោះភូមិជាផ្លូវការគឺភូមិ ងឺមីថាញ (Ngu My Thanh)។ 

ទេសភាពដ៏សុខសាន្តនៃភូមិនេសាទ ងឺ​មីថាញ (Ngu My Thanh)។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម 

ជាភូមិនេសាទមួយដែលមានអាយុកាលយូរយារណាស់មកហើយ នៅតំបន់​ទឹក តាមយ៉ាង (Tam Giang) ជីវភាពរស់​នៅ និងវប្បធម៌របស់ប្រជានេសាទ នៅភូមិ ងឺមីថាញ​ (Ngu My Thanh) ជាច្រើនជំនាន់ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹង​តំបន់ទឹកដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍នេះ។

សព្វថ្ងៃ​នេះ​បើ​ទោះ​បី​ជា​ជីវភាព​រស់នៅ​មាន​ភាព​ល្អប្រសើរ​ជាង​ពេល​មុន​ក៏​ដោយ ប៉ុន្តែ​របៀប​រស់​នៅ​របស់​ពួក​គេ​នៅ​តែ​រក្សាបានជីវភាពដូចដើមដដែល។ ជា​រៀង​រាល់​ថ្ងៃ នៅ​ពេល​ល្ងាច ប្រជានេសាទក្នុង​ភូមិជិះ​ទូក​ទៅ​ តំបន់ទឹកតាមយ៉ាង (Tam Giang) ដើម្បី​នេសាទត្រី និង​បង្កង។ ពួកគេ​​នេសាទ​ពេញ​មួយ​យប់ រហូតដល់​ប្រហែល​​​ម៉ោង​ ​៤​ ទៀប​ភ្លឺ ទើបពួកគេ​ត្រឡប់​មក​ច្រាំងវិញ ​ដើម្បី​លក់ជលផល។ នៅពេលមកវិញទូក​ ប្រមូល​គ្នា​វិល​មក​ច្រាំង​យ៉ាង​ច្រើន​កុះករ។ ប្រហែលនោះហើយជាមូលហេតុដែលធ្វើឲ្យចង្វាក់ជីវភាព​រស់​នៅក្នុងភូមិនេសាទ ងឺ​មីថាញ (Ngu My Thanh) មានភាពសប្បាយរីករាយ និងមមាញឹកបំផុតនៅពេលព្រឹកព្រលឹមប្រហែលម៉ោង ៤ ដល់ម៉ោង​ ៧ ព្រឹក។ 

នៅ​ពេល​នោះ ទូក​នេសាទ​ជា​ច្រើន​គ្រឿងបាន​​​ត្រឡប់​មកច្រាំង​វិញ​។ នៅ​មាត់​ច្រាំង អ្នក​ទិញ​ និង​អ្នក​លក់​ក៏​មាន​ភាព​អ៊ូអរ​ណាស់ដែរ។ ទិដ្ឋភាពទិញ-លក់ បានធ្វើឡើងនៅមាត់ច្រាំងនៃ​តំបន់ទឹក​ តាមយ៉ាង (Tam Giang)  និងតាមដងផ្លូវក្នុងភូមិ តាំងពីពេល​ដែល​មិនទាន់ឃើញមុខមនុស្សច្បាស់ រហូតដល់ប្រហែលម៉ោង ៧ ព្រឹក ដល់​ពេលណាដែល​មាន​មនុស្សតិចចុះ និងបាត់អស់ទាំងស្រុង។ អ្នកទិញ និងអ្នកលក់ព្រមព្រៀងគ្នាក្នុង​ការទិញ-លក់ប្រកបដោយភាពរីករាយ និងមិនឈ្លោះប្រកែកគ្នាដូចដែលគេ​ធ្លាប់ឃើញនៅក្នុងផ្សារត្រីផ្សេងៗ  ដូច្នេះ មិនត្រឹមតែអាជីវករមកទិញប៉ុណ្ណោះទេ ថែមទាំងប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ដែលស្គាល់ក៏​មកទីនេះកាន់តែច្រើនឡើងដែរ។ 

ត្រី និង​បង្កង​ដែល​នេសាទមកបានដាក់លក់ផ្ទាល់ នៅតាមដងផ្លូវក្នុងភូមិ។ រូបថត៖ ថាញ​ហ័រ/កាសែតរូបភាពវៀតណាម

តាម​យ៉ាង (Tam Giang) ជាតំបន់ទឹកភ្លាវដូច្នេះមានបង្កងទឹកសាប ដែលល្បីជាងគែគឺបង្កង​ដង្កៀបខៀវ (កន្លែងខ្លះហៅថាបង្គាដី) ក្តាម ត្រីខ្សាច់ ត្រីកន្ត្រប់... បរិមាណ​ជលផលនេសាទមិនទទួលបានច្រើន ដូចជាការនេសាទនៅលំហរសមុទ្រឡើយ ប៉ុន្តែដោយ​គុណភាពជលផលស្រស់ ឆ្ងាញ់ ដូច្នោះហើយមានជលផល​ប៉ុន្មានក៏លក់ដាច់ទាំងអស់  ភាគច្រើនលក់ឱ្យអាជីវករដែលយកជលផលទៅលក់បន្តនៅផ្សារឆ្ងាយ នៅភោជនីយដ្ឋាន ឬប្រជាជនក្នុងតំបន់។

ត្រី និងបង្កងស្រស់ដ៏ល្បីនៃតំបន់​ទឹក តាម​យ៉ាង  (Tam Giang) ។ រូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

រូបភាពតំបន់​ទឹកដ៏ធំល្វឹងល្វើយ ស្រស់ស្អាត រួមជាមួយនឹងរបៀបរស់នៅយ៉ាងសាមញ្ញនៃតាម​តំបន់ទឹក តាម​យ៉ាង  (Tam Giang) របស់ប្រជានេសាទក្នុង​ភូមិនេសាទ ងឺមីថាញ (Ngu My Thanh) បានទាក់ទាញភ្ញៀវទេសចរជាច្រើនមកពីគ្រប់ទិសទីមកទស្សនា និងស្វែងយល់ពីជីវភាព​រស់នៅ វប្បធម៌នៃភូមិនេសាទដ៏ចំណាស់បំផុតមួយ និងប្រកបដោយលក្ខណៈពិសេស​​នៃតំបន់ទឹក តាម​យ៉ាង ​(Tam Giang) ដ៏​ល្បី​ឈ្មោះនៅ​ខេត្ត​ ធឿ​ធៀន​ហ្វេ (Thua Thien Hue)./.

ភូមិនេសាទ  ងឺមីថាញ (Ngu My Thanhឥឡូវនេះជាគោលដៅទេសចរណ៍សហគមន៍ដ៏ល្បីល្បាញមួយនៅទីក្រុង ហ្វេ (Hue) ។ រូបថត៖  ថាញ​ហ័រ/កាសែតរូបភាពវៀតណាម

អត្ថបទ និងរូបថត៖ ថាញហ័រ/កាសែតរូបភាពវៀតណាម

ប្រែសម្រួល​ដោយង្វៀន​យ៉ាង


top