ទស្សនាពិធីបុណ្យប្រាសាទកឺន (Con) នាដើមរដូវផ្ការីក
ពិធីបុណ្យប្រាសាទកឺន ស្ថិតនៅសង្កាត់គ្វិញម៉ាយ គឺជាពិធីបុណ្យមួយ ដែលមានទ្រង់ទ្រាយធំ ប្លែកភ្នែក និងសម្បូរបែបទៅដោយអត្តសញ្ញាណបំផុតនៅក្នុងខេត្តងែអាន នាពេលបច្ចុប្បន្ន។ នេះគឺជាពិធីបុណ្យដែលមានតម្លៃយ៉ាងធំធេងទាំងផ្នែកប្រវត្តិសាស្ត្រនិងវប្បធម៌ ព្រមទាំងបានបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
ពិធីបុណ្យប្រាសាទកឺន គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដ៏ចំណាស់បំផុតនៅក្នុងតំបន់ងែអាន។ យោងតាមឯកសារប្រវត្តិសាស្ត្រ ប្រាសាទកឺន បានរដ្ឋក្នុងសម័យសក្តិភូមិ ប្រទានសក្ការៈនិងឧបត្ថម្ភការជួសជុល ក៏ដូចជាការរៀបចំពិធីបូជា ចាប់តាំងពី រជ្ជកាល ស្តេច ត្រឹន ញឹនតុង (ឆ្នាំ១៣១២) ហើយបានបន្តអត្ថិភាពរហូតមកដល់បច្ចុប្បន្នជាង ៨០០ ឆ្នាំហើយ។
ពិធីបុណ្យប្រាសាទកឺន បានប្រារព្ធឡើងក្នុងរយៈពេល០១ខែ ដោយចាប់ផ្តើមពីខែទី១២ តាមច័ន្ទគតិឆ្នាំមុន និងបញ្ចប់នៅខែទី១ តាមច័ន្ទគតិឆ្នាំបន្ទាប់។ ល្បែងប្រជាប្រិយក្នុងពិធីបុណ្យដូចជា ការប្រណាំងទូក ការរត់បណ្តេញគ្រោះ។ល។ ក៏ជាការសម្តែងសិល្បៈប្រជាប្រិយ ដែលឆ្លុះបញ្ចាំងពីលក្ខណៈពិសេសនៃមុខរបររបស់ប្រជាជនតំបន់សមុទ្រផង និងជាសកម្មភាពរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ ក៏ដូចជាដំណើរការតស៊ូប្រឆាំងសត្រូវឈ្លានពានរបស់ស្តេច និងមន្ត្រីរាជវង្ស ត្រឹន ក្នុងសង្គ្រាមប្រឆាំងនឹងទ័ពម៉ុងហ្គោល និងការលើកទ័ពទៅទិសខាងត្បូងដើម្បីវាយបង្ក្រាបទ័ពចម្ប៉ា។
ស្វែងយល់អំពីពិធីបុណ្យប្រាសាទកឺន យើងក៏បានឃើញពីលក្ខណៈនៃផ្នត់គំនិត និងជំនឿរបស់ប្រជាជនពីបុរាណ។ ពិធីបុណ្យនេះ បានកើតឡើងទន្ទឹមនឹងជំនឿបូជាអាទិទេពទឹក របស់ប្រជាជនតំបន់សមុទ្រ ដែលផ្សារភ្ជាប់នឹងមុខរបរនេសាទ។ ប្រព័ន្ធជំនឿបូជាអាទិទេពទឹកនេះ មិនត្រឹមតែផ្សារភ្ជាប់នឹងសង្គមកសិកម្មប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់នឹងបំណងប្រាថ្នាសុំការការពារ ឃុំគ្រង សម្រាប់អ្នកប្រកបរបរលើទឹកទន្លេ និងសមុទ្រនៅពេលចេញទៅនេសាទឆ្ងាយ។
ពិធីបុណ្យប្រាសាទកឺន បង្ហាញពីភាពសម្បូរបែបនៃជីវភាពវប្បធម៌ស្មារតីរបស់ប្រជាជននៅទីនេះ និងជាផ្ទាំងទស្សនីយភាពដែលឆ្លុះបញ្ចាំងពីផ្នែកមួយនៃប្រវត្តិសាស្ត្រ សតិអារម្មណ៍ និងវប្បធម៌ប្រពៃណីរបស់វៀតណាម៕
អត្ថបទនិងរូបថត៖ ត្រឹន ញឹនក្វៀន
ប្រែសម្រួល៖ រីកើង










