ត្រីប្រាវៀតណាម លើតុអាហារពិភពលោក

ត្រីប្រាវៀតណាម លើតុអាហារពិភពលោក

ក្រោយការអភិវឌ្ឍជិត៣ទសវត្សរ៍ ត្រីប្រាបានក្លាយជាទំនិញមួយ​ក្នុង​ចំណោម​ទំនិញ​ជលផល​នាំចេញដ៏សំខាន់​របស់វៀតណាម។ ដោយមានវត្តមានលើតុអាហាររបស់ប្រជាជននៅជាង ១៤០ ប្រទេស និងតំបន់ ត្រីប្រា​មិនត្រឹមតែ​រួមចំណែក​បង្កើនទំហំនាំចេញ​ប៉ុណ្ណោះទេ ថែមទាំង​លើកកម្ពស់ទី​ជំហរ​ជលផល​របស់វៀតណាម នៅលើទីផ្សារសកល​ទៀត​ផង។

ត្រីប្រានៅក្នុងស្រះចិញ្ចឹមនៃ​គ្រួសារម្នាក់​។ រូបថត៖ ឡេមិញ​/ កាសែតរូបភាពវៀតណាម។
ត្រីប្រាមេបា​ កំពុងត្រៀមដាក់ចូលក្នុងអាងបន្តពូជ។ រូបថត៖ មិញក្វឹក​/ កាសែតរូបភាពវៀតណាម។

ការធ្វើដំណើរឆ្ពោះទៅកាន់ពិភពលោករបស់ត្រីប្រា​ បានចាប់ផ្តើមពីឆ្នាំ១៩៩៧ នៅពេលដែលទំហំនាំចេញសម្រេចបានត្រឹមតែ​ប្រមាណ ១,៧ លានដុល្លារអាមេរិក ជាមួយនឹងទិន្នផល ៤២៥ តោន​ប៉ុណ្ណោះ។ ផលិតផលដំបូងបង្អស់ភាគច្រើន បាននាំចេញទៅកាន់ទីផ្សារ​នៅជិតខាងដូចជា៖ ប្រទេសចិន សិង្ហបុរី។ល។​ ទោះបីការចាប់ផ្តើមដំបូង នៅមានកម្រិតទាបក៏ដោយ តែ​ត្រីប្រា​ឆាប់រហ័ស​​បន្សល់ទុកនូវស្លាកស្នាម​ ដោយសា​រ​គុណភាព​សាច់ពណ៌ស ឈ្ងុយឆ្ងាញ់ ងាយស្រួលកែច្នៃ តម្លៃសមរម្យ ដែលបានប្រៀបធៀបថាជា ជំនោរ​ខ្យល់ថ្មីនៃវិស័យជលផលវៀតណាម។

ទាញយកប្រយោជន៍ពីសន្ទុះកំណើននេះ វិស័យត្រីប្រា​បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សពីទម្រង់​ការចិញ្ចឹមទ្រង់ទ្រាយតូច មកជាការផលិតទ្រង់ទ្រាយធំ ប្រកបដោយវិជ្ជាជីវៈ។ ផ្ទៃដីចិញ្ចឹមលើសពី ៥.០០០ហិកតា ទិន្នផលនិងតម្លៃនាំចេញបានកើនឡើងយ៉ាងខ្លាំង។ នៅក្នុងដំណាក់កាល​ឆ្នាំ​២០០២ - ២០០៦ ទំហំនាំចេញសម្រេច​បានជិត ១,៥ ពាន់លានដុល្លារ​អាមេរិក​; រហូតដល់ដំណាក់ឆ្នាំ២០០៧ - ២០១១ តម្លៃនេះបានកើនឡើងដល់ ៧ ពាន់លានដុល្លារអាមេរិក ទិន្នផល​លើសពី២,៩ លានតោន ដែលជាចំណុចសំខាន់បង្ហាញពីសមត្ថភាពប្រកួតប្រជែងសកល របស់ត្រីប្រា​វៀត​ណាម​។

ការនាំចេញជលផល ជាពិសេសគឺជាភាពខ្លាំងមួយនៃ​ខេត្តកឹងធើ។ រូបថត៖ ង្វៀន​ឡឹន​/ កាសែតរូបភាពវៀតណាម។
ការកែច្នៃត្រីប្រា និង ត្រីបាសា នៅក្រុមហ៊ុនភាគហ៊ុនជលផលញ៉ាត្រាង-កឹងធើ។ រូបថត៖ ង្វៀន​ឡឹន​/ កាសែតរូបភាពវៀតណាម។
ដំណាក់កាលលះ​​សាច់​ត្រីប្រា​ ត្រៀមសម្រាប់ការបង្កក។ រូបថត៖ ឡេមិញ​/ កាសែតរូបភាពវៀតណាម។
 

ប៉ុន្តែ​ ការអភិវឌ្ឍឆាប់រហ័ស ក៏នាំមកនូវបញ្ហាប្រឈមជាច្រើនផងដែរ។ ចាប់ពីពន្ធប្រឆាំងការលក់បំផ្លាញ​តម្លៃ​នៅអាមេរិក របាំងបច្ចេកទេស រហូតដល់កម្មវិធីត្រួតពិនិត្យត្រីឥតស្រកា។ល។ ត្រីប្រា​វៀតណាម បានរងការរឹតបន្តឹងច្រើនលើកច្រើនសានៅទីផ្សារធំៗ។ ទោះជាយ៉ាងនេះក្តី វិស័យនេះនៅតែបន្តសម្របខ្លួននិងអភិវឌ្ឍន៍ទៅមុខ។ ក្នុងឆ្នាំ២០២២ ក្រោយជំងឺរាតត្បាតកូវីដ-១៩ ការនាំចេញត្រីប្រា​សម្រេចបានក្នុងកម្រិតខ្ពស់បំផុតគឺ,៤ ពាន់លានដុល្លារអាមេរិក។ នៅ​ឆ្នាំ២០២៤ ទោះបីរងផលប៉ះពាល់ពីតម្លៃនាំ​ចូល ការដឹកជញ្ជូន គ្រោះមហន្តរាយធម្មជាតិ។ល។ វិស័យទាំងមូល នៅតែមានការងើបឡើងវិញគួរឱ្យកត់សម្គាល់ ជាមួយនឹងទំហំនាំចេញសម្រេចបាន ២ ពាន់លានដុល្លារអាមេរិក។

លោក​ស្រី ផាម ធីធូហុង (Pham Thi Thu Hong) អគ្គលេខាធិការសមាគមត្រីប្រា​វៀតណាម បានឱ្យ​ដឹងថា បច្ចុប្បន្នទូទាំងប្រទេសមានក្រុមហ៊ុនកែច្នៃត្រីប្រា​ជាង ១០០ កន្លែង ដែលភាគច្រើនប្រមូលផ្តុំនៅតាម​ខេត្តអានយ៉ាង (An Giang) ដុងថាប (Dong Thap) ទីក្រុងកឹងធើ (Can Tho) និងខេត្តវិញឡុង (Vinh Long)។ល។ ជាមួយនឹងទិន្នផលប្រចាំឆ្នាំជាង ១,៦ លានតោន។ រោងចក្រទាំងនេះបានវិនិយោគបំពាក់ដោយបំពាក់បច្ចេកវិទ្យាទំនើបធានាបានស្តង់ដារខ្ពស់ ដើម្បីបម្រើ​ទីផ្សារពិបាក​ដូចជា អឺរ៉ុប និង​អាមេរិកខាងជើង។ល។​

 

 

យោងតាមអ្នកស្រី តូ ធីទឿងឡាន (To Thi Tuong Lan) អគ្គលេខាធិការរងនៃសមាគមកែច្នៃនិងនាំចេញជលផលវៀតណាម (VASEP) បច្ចុប្បន្ន ត្រីប្រាវៀតណាម មានវត្តមាននៅជាង ១៤០ ប្រទេសនិងតំបន់។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២៥ ត្រីប្រាបន្តជាចំណុចភ្លឺក្នុងទំហំនាំចេញជលផលវៀតណាម នៅពេលដែលទំហំនាំចេញសម្រេចបានជាង ១,២ ពាន់លានដុល្លារអាមេរិក កើនឡើង ១១% បើធៀបនឹង​រយៈ​ពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសចិននៅតែជាទីផ្សារធំបំផុត ស្រូបយក​ជិត ២៥% នៃទំហំនាំចេញសរុប។ ក្រៅពីនេះ ទីផ្សារនៅ​ប្លុក CPTPP (កាណាដា ម៉ាឡេស៊ី ជប៉ុន) ដោយសារ​ការអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) កំពុងលេចចេញ​ជា កម្លាំងគម្នាស់ថ្មី។

និន្នាការលេចធ្លោមួយ ដែលកំពុងកំណត់អនាគតនៃវិស័យត្រីប្រា គឺការផ្លាស់ប្តូរទៅកាន់ទម្រង់​ប្រកបដោយនិរន្តរភាព និងមានតម្លៃបន្ថែមខ្ពស់។ ក្នុងរយៈពេល ៧ ខែដើមឆ្នាំ២០២៥ ការនាំចេញត្រីប្រា​កែច្នៃរបស់វៀតណាម សម្រេចបាន ៣០ លានដុល្លារអាមេរិក កើនឡើង ៤១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះ​ជាភស្តុតាង​នៃការផ្លាស់ប្តូរឆ្ពោះទៅកាន់ផលិតផលកែច្នៃស៊ីជម្រៅ ស្របតាមនិន្នាការនៃការប្រើប្រាស់​សម័យទំនើប។ ទន្ទឹមនឹងនោះ វិស័យត្រីប្រា​កាន់តែយកចិត្តទុកដាក់ លើការកាត់បន្ថយបំភាយឧស្ម័ន ការប្រើប្រាស់វត្ថុធាតុដើមឱ្យមានប្រសិទ្ធភាពជាងមុន ការគ្រប់គ្រងជំងឺ ការការពារបរិស្ថានទឹក និងការតាមដានប្រភពដើម។ នេះជាលក្ខខណ្ឌចាំបាច់ដើម្បីរក្សាជំហរ នៅទីផ្សារទាមទារតឹងរ៉ឹង អំពី ESG (បរិស្ថាន សង្គម ការ​គ្រប់គ្រង​)។

ដំណាក់កាលវេចខ្ចប់ត្រីប្រា ដែលបានបង្កករួច។ រូបថត៖ ង្វៀន​ឡឹន​/ កាសែតរូបភាពវៀតណាម។
 
រថយន្តកុងតឺន័រ ដឹកជញ្ជូន​ត្រីប្រាដែល​បាន​លះសាច់​ ដើម្បីនាំចេញ។ រូបថត៖ ឌាំង​ គីម​ផឿង​/កាសែតរូបភាពវៀតណាម។

យោងតាមអ្នកជំនាញសេដ្ឋកិច្ច ទោះបីមានភាពប្រែប្រួលនៃភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្មសកលក៏ដោយ ក៏ត្រីប្រាវៀតណាម​នៅតែរក្សាបានជំហរ​ជាផលិតផលជលផលសំខាន់មួយ ហើយ​មានសមត្ថភាពប្រកួតប្រជែងអន្តរជាតិ​ខ្ពស់។ ជាមួយនឹងទិន្នផល​ដែលស្រូប​យក​ប្រមាណ ៥០% នៃទិន្នផលត្រីប្រា​សរុបទូទាំង​ពិភពលោក វៀត​ណាមដើរតួនាទី ជាមជ្ឈមណ្ឌលនៅក្នុងខ្សែសង្វាក់​ផ្គត់ផ្គង់​ត្រីសាច់​ស។

ផ្តើម​ពីអ្នកប្រើប្រាស់នៅ​ប្រទេសចិន សហរដ្ឋអាមេរិក ប្រេស៊ីល រហូត​ដល់ EU ឬ​អាស៊ាន​ មនុស្សកាន់តែច្រើន បានស្គាល់និងជ្រើសរើសយកត្រីប្រា​វៀតណាម មិនត្រឹមតែដោយសារតម្លៃសមរម្យប៉ុណ្ណោះទេ ថែមទាំងដោយសារគុណភាពល្អមានស្ថិរភាព សមត្ថភាពកែច្នៃបានច្រើនបែប និងការសន្យា​ស្តីពី​ការអភិវឌ្ឍប្រកបដោយនិរន្តរភាពផងដែរ។ ត្រីប្រា​វៀតណាម បាននិងកំពុងក្លាយជាម្ហូបអាហារ ដែលពេញនិយម រួមចំណែកនាំរសជាតិវៀតណាមទៅកាន់ពិភពលោក ក្នុងលក្ខណៈប្រកបដោយនិរន្តរភាព និងពោរពេញដោយមោទនភាព៕

  • អត្ថបទ៖ សើនងៀ  រូបថត៖ កាសែតរូបភាពវៀតណាម​
  • ប្រែសម្រួល៖ រីកើង​

top