ត្រចេះត្រចង់ គៀនអានគុង (Kien An Cung)
គៀនអានគុង (Kien An Cung) (មានឈ្មោះហៅផ្សេងថាវត្ត អ៊ុង ក្វាច Ong Quach) គឺជាវត្តដែលមានអាយុកាលរាប់រយឆ្នាំ មានទីតាំងនៅកណ្តាលទីក្រុង សាដែក (Sa Dec) (ខេត្ត ដុងថាប (Dong Thap)) ។ នេះគឺជាកន្លែងទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងទីក្រុងនេះ។ វត្តនេះមានភាពបុរាណ និងរក្សាស្នាមស្ថាបត្យកម្មពិសេសនៃវប្បធម៌ចិនត្រូវបានទទួលស្គាល់ជាកេរដំណែលប្រវត្តិសាស្ត្រថ្នាក់ជាតិក្នុងឆ្នាំ ១៩៩០។
យោងតាមការស្រាវជ្រាវ គៀនអានគុង (Kien An Cung) ត្រូវបានសាងសង់ឡើងដោយជនជាតិចិនមួយចំនួន ក្នុងខេត្ត Fujian (ប្រទេសចិន) ដែលបានធ្វើអន្តោប្រវេសន៍ និងរស់នៅទីក្រុង សាដែក (Sa Dec) ក្នុងឆ្នាំ ១៩២៧ ដើម្បីជាទីគោរពបូជាបុព្វបុរសរបស់ពួកគេ ហើយតភ្ជាប់សហគមន៍ជនជាតិចិនក្នុងតំបន់។ វត្តបែរមុខទៅព្រែក កាយសើន (Cai Son) និងបានសាងសង់ឡើងតាមរចនាបថអក្សរ "កុង (Cong)" ដ៏ធំធេង។ខាងមុខនៃវត្តត្រូវបានកសាង ដោយផ្ទះបីល្វែង ដំបូលប្រក់ក្បឿងយិននិងយ៉ាំង តម្រៀបតាមបែបរលកនាគ សន្ធឹងខ្លួនពើតឡើងលើ នៅខាងចុងទាំង ៦ គឺប្រាសាទតូចៗដ៏ស្រស់ស្អាតទាំង ៦ ដែលត្រូវបានគេចាត់ទុកជានិមិត្តរូបស្មារតីនៃការជម្នះការលំបាក និងជោគជ័យ។
ចំណុចពិសេសរបស់វត្ត គឺស្ថាបត្យកម្មមានទ្រង់ទ្រាយធំ និងឆើតឆាយជាមួយនឹងពណ៌ភ្លឺចែងចាំងដែលបានតុបតែងខាងក្នុង។ ថែមទាំងភាពឧឡារិកនៃទីសក្ការៈបែងចែកយ៉ាងច្បាស់ ដែលមានលក្ខណៈពិសេសបុរាណមកពីជញ្ជាំងឥដ្ឋ និងក្បឿងប្រក់ដែលគ្របដណ្តប់ពណ៌រលាបនៃពេលវេលា។ នៅលើដំបូលវត្តមានប៉មប្រាង្គតូចៗចំនួនបួន ហើយក្នុងប៉មប្រាង្គមានរូបសំណាក់អាទិទេព ព្រះពុទ្ធ នៅចំកណ្តាលដំបូលមាននាគពីរក្បាលកំពុងគាល់ព្រះច័ន្ទ។ នៅសងខាងនៃច្រកចូល មានរូបចម្លាក់សត្វរាជសីហ៍ថ្មពណ៌ខៀវធំពីរ នៅខាងឆ្វេង និងខាងស្តាំ មានរូបសំណាក់ឆ្មាំទ្វារពីរអង្គ (ម្នាក់តំណាងសេចក្ដីល្អ និងម្នាក់តំណាងសេចក្ដីកាច) ឈរយាមនៅមាត់ទ្វារ។ នៅខាងក្នុងវិហារគឺអណ្តូងមេឃ ដែលជាកន្លែងមានពន្លឺ និងមានខ្យល់ចេញចូល ដូច្នេះនៅពេលណាក៏មានពន្លឺ និងមានខ្យល់ចេញចូល។ ពិសេសភាពនៃអណ្តូងមេឃគឺជួយកាត់បន្ថយផ្សែងធូបក្នុងពិធីបុណ្យធំៗ នៅពេលដែលមានមនុស្សជាច្រើននាក់នៅគ្រប់ទិសទីមកទស្សនា និងបួងសួងនៅវត្ត។ ក្នុងវត្តមានជួរសសរខ្មៅធំៗ ដែលមានគំនូរអក្សរធ្វើពីឈើ សំឡោកឆ្លងឆ្លើយ សុភាសិត... ទាំងអស់សុទ្ធតែឆ្លាក់យ៉ាងប្រណិត និងលាបពណ៌មាសយ៉ាងត្រចះត្រចង់។ នៅលើជញ្ជាំងមានផ្ទាំងគំនូរជាច្រើនដែលគូរទេសភាពធម្មជាតិ រូបភាពនៃរឿងបុរាណដែលមានអត្ថន័យអប់រំ និងបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ។
នៅកណ្តាលវិហារគឺជាអាសនៈបូជាអ៊ុង ក្វាច (Ong Quach) (ពោលគឺ ក្វាងត្រាចតូនវឿង (Quang Trach Ton Vuong)) ត្រូវបានគោរពដោយជនជាតិចិនដូចជាអាទិទេពគំរូមួយអង្គដែលមានការរួមចំណែកយ៉ាងធំធេងចំពោះប្រជាជននិងប្រទេសចិន។ នៅខាងមុខមានទីសក្ការៈបូជារូបសំណាក ក្វានថាញដេក្វាន (Quan Thanh De Quan) ដែលមានអាវុធចាំងពីរជួរ នៅខាងឆ្វេង និងខាងស្តាំនៃវិហារមានតំបន់ហៅថា ដុងឡាង (Dong Lang) និង តីឡាង (Tay Lang) ដែលជាកន្លែងទទួលភ្ញៀវ នៅពេលមនុស្សមកបូជា និងបួងសួង។ ជារៀងរាល់ឆ្នាំ វត្តមានពិធីបុណ្យធំៗចំនួនពីរ គឺថ្ងៃទី២២ ខែពីរ (តាមច័ន្ទគតិ) ជាថ្ងៃកំណើតរបស់លោក ក្វាច (Quach) និងថ្ងៃទី២២ ខែប្រាំបី (តាមច័ន្ទគតិ) គឺជាថ្ងៃដែលលោកសាងផ្នួស វត្តក៏រៀបចំពិធីសែនយ៉ាងអធិកអធម ហើយប្រជាពលរដ្ឋមកចូលរួមបន់ស្រន់យ៉ាងច្រើនកុះករ។ជាមួយនឹងទីតាំងស្ថិតនៅជិតនឹងផ្ទះបុរាណ ហ្វ៊ិញធូលេ (Huynh Thuy Le) សួនផ្កា សាដែក (Sa Dec) ឬកេរដំណែលប្រវត្តិសាស្ត្រផ្សេងទៀតដូចជា វត្ត បាធៀនហៅ (Ba Thien Hau) វត្ត ហឿងធូគៀនអានគូង (Huong Thu Kien An Cung) បានរួមចំណែកក្នុងការបង្កើតទីក្រុង សាដែក (Sa Dec) ដ៏សុខសាន្ត បុរាណ ដែលស្ថិតនៅលើដងទន្លេ ទៀន (Tien) រ៉ូមែនទិច ក៏ជាតំបន់ទេសចរណ៍មួយ ដែល ភ្ញៀវទេសចរភាគច្រើនពីគ្រប់ទិសទីចង់មកទស្សនា និងបួងសួង ខណៈពេលបានមកដល់ទីក្រុងនេះ... /។