ឈូងសមុទ្រឡានហា (Lan Ha) - “ពេជ្រមានតម្លៃ” នៃទេសចរណ៍សមុទ្រវៀតណាម
ស្ថិតនៅក្នុងប្រជុំបេតិកភណ្ឌធម្មជាតិពិភពលោក ឈូងសមុទ្រហាឡុង (Ha Long) - ប្រជុំកោះកាតបា (Cat Ba) ឈូងសមុទ្រឡានហា (Lan Ha) មានប្រសិទ្ធនាមថា “ពេជ្រមានតម្លៃ”នៃទេសចរណ៍សមុទ្រកោះវៀតណាម។ នៅទីនេះ មានសម្រស់ធម្មជាតិ ស្ងាប់ស្ងាត់ ដែលមានកោះតូចធំរាប់រយ រួមនឹងប្រព័ន្ធអេកូឡូស៊ីសម្បូរបែប ទាក់ទាញភ្ញៀវទេសចរក្នុងស្រុក និង បរទេសអញ្ជើញមកស្វែងយល់ និង ពិសោធន៍។
នៅចម្ងាយពីទីក្រុងហាយភុង (Hai Phong) ប្រហែល៣០គីឡូម៉ែត្រ ឈូងសមុទ្រឡានហា (Lan Ha) បានចាត់ទុកជាស្ពានតភ្ជាប់កោះកាតបា (Cat Ba) និង ឈូងសមុទ្រហាឡុង (Ha Long)។ ឈូងសមុទ្រឡានហា (Lan Ha) មានផ្ទៃដីជាង៧០០០ហិកតា ក្នុងនោះមានផ្ទៃដីជាង៥.៤០០ហិកតា ជាចំណុះក្រោមការគ្រប់គ្រងនៃតំបន់ជីវមណ្ឌលបម្រុងពិភពលោក សួនឧទ្យានជាតិកាតបា (Cat Ba)។ ឈូងសមុទ្រឡានហា (Lan Ha) មានរាងកោងដូចរាងធ្នូ មានការហ៊ុំព័ទ្ធជុំដោយកោះតូចធំជាង៤០០។ ឈ្មោះឡានហា (Lan Ha) មានន័យជាផ្កាអ័រគីដេធ្លាក់ចុះមកឋានមនុស្ស បំពេញសម្រស់ជូនជីវិត។ ទោះបីគ្មានកោះនៅជុំវិញដូចឈូងសមុទ្រហាឡុង (Ha Long) ប៉ុន្តែឈូងសមុទ្រឡានហា (Lan Ha) បែរជាមានចំណុចទាក់ទាញ គឺមានឆ្នេរខ្សាច់តូចៗទៅដល់១៣៩ ស្ថិតនៅព័ទ្ធជុំវិញ ជាមួយប្រព័ន្ធអេកូឡូស៊ីសម្បូរបែប ព្រមទាំងមានប្រភេទសត្វរុក្ខជាតិកម្រជាច្រើន។
ដោយមានទីតាំងស្ថិតនៅឆ្ងាយពីតំបន់ទីប្រជុំជន ដូចនេះបរិយាកាសនៅឈូងសមុទ្រឡានហា (Lan Ha) សែនស្រស់ថ្លា និងសុខស្ងប់ណាស់។ ភ្ញៀវទេសចរមកដល់ទីនេះ អាចក្រេបយកបរិយាកាសស្រស់ថ្លា ក្រោយថ្ងៃធ្វើការហត់នឿយ។ នៅទីនេះ ភ្ញៀវទេសចរណ៍អាចចូលរួមមុជទឹកស្វែងយល់អំពីពិភពខាងក្រោមមហាសមុទ្រ ឬចូលទៅទស្សនាល្អាងភ្នំ ដើម្បីស្វែងយល់អំពីប្រវត្តិភូគព្ភសាស្រ្តនៃតំបន់។ ឈូងសមុទ្រឡានហា (Lan Ha) នៅមានឆ្នេរសមុទ្រស្អាតជាច្រើន ដោយមានទឹកសមុទ្រថ្លា ខ្សាច់សម៉ដ្ឋខៃ សមស្រប់សម្រាប់ភ្ញៀវទេសចរងុតទឹកសមុទ្រ និងលំហែកាយ។
លេចធ្លោបំផុត ពេលស្វែងយល់អំពីឈូងសមុទ្រឡានហា (Lan Ha) គឺកោះកាតបា (Cat Ba) ជាទីកន្លែងភ្ញៀវទេសចរ អាចទស្សនាសួនឧទ្យានជាតិកាតបា (Cat Ba) ទស្សនាល្អាងភ្នំ និងទស្សនាស្វែងយល់អំពីសកម្មភាពជាច្រើន នៅក្រោមលំហធម្មជាតិ។ ទន្ទឹមនោះ ភ្ញៀវទេសចរក៏មិនគប្បីរំលងទីកន្លែងដ៏ទាក់ទាញជាច្រើនដូចជាកោះស្វា ទីរស់នៅនៃសត្វស្វារាប់ពាន់ក្បាល។ល។
មកកាន់ទីនេះ ភ្ញៀវទេសចរចូររួមគ្នាពិសាមុខម្ហូបគ្រឿងសមុទ្រសម្បូរបែប ជាមួយក្តាមសមុទ្រ ឈ្លើងសមុទ្រ សត្វប្រឡាំងកាស បង្កងយក្ស ពស់សមុទ្រ។ល។ មុខម្ហូបឆ្ងាញ់ពិសេស ដែលភ្ញៀវទេសចរគួរពិសា ពេលមកដល់ឈូងសមុទ្រឡានហា (Lan Ha) គឺប្រឡាំងកាសអាំង បង្កងយក្សដុតប័រពងមាន់ ក្តាមលីង ឈើ្លងសមុទ្រអាំង បង្កងយក្សស្រូបស្រាទំពាំងបាយជូរ។ល។
ក្នុងដំណើរស្វែងយល់ទស្សនាឈូងសមុទ្រឡានហា (Lan Ha) ភ្ញៀវទេសចរអាចទៅកាន់កោះវ៉ានប៊ូយ (Van Boi) ដើម្បីចែវទូក kayak និង មុជទឹកសមុទ្រគយគន់ផ្កាថ្ម ឬទៅកាន់ភូមិនេសាទកាយប៊ែវ (Cai Beo) ជាភូមិនេសាទបុរាណល្បីឈ្មោះលើផ្ទៃទឹក នឹងនាំមកជូនភ្ញៀវទេសចរពិសោធន៍ពិសេស អំពីជីវភាពរស់នៅនៃអ្នកស្រុកមូលដ្ឋាន៕
ដើម្បីធ្វើដំណើរទៅទស្សនានូវឈូងសមុទ្រឡានហា (Lan Ha) បាន មុនដំបូងអ្នកត្រូវធ្វើដំណើរទៅដល់កោះកាតបា (Cat Ba)។ ពីមជ្ឈមណ្ឌលកោះកាតបា (Cat Ba) ភ្ញៀវទេសចរចាប់ឡានតាក់ស៊ី ទៅកាន់កំពង់ប៊ែវ (Beo) ទិញសំបុត្រចូលឈូងសមុទ្រដោយតម្លៃ ៣០.០០០ ដុង។
តម្លៃសំបុត្រទៅទស្សនាឈូងសមុទ្រឡានហា (Lan Ha)៖
ក្រុមភ្ញៀវទេសចរមានពី១០ ដល់២០នាក់ តម្លៃជួលទូកពី១,៦លានដល់៥លាន់ដុងមួយគ្រឿង។ ក្រុមភ្ញៀវទេសចរមានពី២៥ ដល់៥០នាក់ តម្លៃជួលទូកពី២,២លានដល់៧លានដុងមួយគ្រឿង។
អត្ថបទ៖ ត្រឹនថាញយ៉ាង/កាសែតរូបភាពវៀតណាម
រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង