ជ្វៀនមី (Chuyen My)៖ ផ្សព្វផ្សាយតម្លៃសិប្បកម្មវៀតណាម នៅលើផែនទីច្នៃប្រតិដ្ឋពិភពលោក

ជ្វៀនមី (Chuyen My)៖ ផ្សព្វផ្សាយតម្លៃសិប្បកម្មវៀតណាម នៅលើផែនទីច្នៃប្រតិដ្ឋពិភពលោក

ការ​ដែលភូមិរបរដាំ​ខ្យង និងលាបម្រ័ក្សណ៍ខ្មុក ជ្វៀនមី ចូល​ជា​សមាជិក​បណ្តាញ​ទីក្រុង​ច្នៃប្រតិដ្ឋ​សិប្បកម្ម​ពិភពលោក បាន​កត់​សម្គាល់​នូវ​ជំហាន​វិវត្តន៍​ដ៏សំខាន់ នៃសិប្បកម្ម​វៀតណាម នៅលើមាគ៌ាសមាហរណកម្ម។ ចេញពី​បេតិកភណ្ឌ​ដែល​មាន​អាយុកាល​ជិត​មួយ​សហស្សវត្សរ៍ ជ្វៀនមី កំពុង​បោះ​ជំហាន​រីក​សាយ​ភាយ​តម្លៃ​វប្បធម៌​ប្រពៃណី ទៅ​ក្នុង​លំហច្នៃប្រតិដ្ឋ​សកល។

បេតិកភណ្ឌរស់ក្នុងចរន្តសមាហរណកម្ម

នៅដើមឆ្នាំ២០២៦ ភូមិរបរសិប្បកម្មដាំខ្យង​ និង​លាបម្រ័ក្សណ៍ខ្មុក ជ្វៀនមី (ឃុំ​ជ្វៀន​មី​ ទីក្រុង​ហាណូយ) ​បាន​ចូល​ជាសមាជិក​បណ្តាញ​ទីក្រុង​ច្នៃ​ប្រតិដ្ឋ​សិប្បកម្ម​ពិភពលោក​​​ជាផ្លូវការ ដោយក្លាយ​ជា​ភូមិ​របរមួយ ក្នុងចំណោមភូមិ​របរ​បន្តិច​បន្តួច នៅ​វៀតណាម ដែល​ទទួល​បាន​កិត្តិយស​នេះ។

អ្នកជំនាញនៃក្រុមប្រឹក្សាសិប្បកម្មពិភពលោក (WCC) នៅវិហារបុព្វបុរសនៃរបរឆ្លាក់ដាំ​ខ្យង ជ្វៀនមី ដែលជាភូមិរបរមានអាយុកាលជាង ១.០០០ ឆ្នាំ។ រូបថត៖ វៀតគឿង/កាសែត​រូបភាពវៀតណាម
គណៈប្រតិភូនៃក្រុមប្រឹក្សាសិប្បកម្មពិភពលោក (WCC) អញ្ជើញទៅទស្សនាវិហារ Chuon Trung (Chuyen My)។ រូបថត៖ វៀត​គឿង​/កាសែតរូបភាពវៀតណាម

ចាប់​បដិសន្ធិឡើងតាំងពីសតវត្សទី១១ ជាមួយនឹងប្រវត្តិជិត ១.០០០ឆ្នាំ ជ្វៀនមី ​ជា​កន្លែង​ប្រមូល​ផ្តុំ និងអភិវឌ្ឍន៍​របរដាំ​ខ្យង និង​លាប​ម្រ័ក្សណ៍​ខ្មុក​ឆ្លង​កាត់​ជា​ច្រើន​ជំនាន់​។ មុខរបរនេះ ប្រមូលផ្តុំនៅតាមភូមិជួនថឿង (Chuon Thuong) ជួន​ហា (Chuon Ha) ជួន​ង៉ (Chuon Ngo) ជួន​ទ្រុង​ (Chuon Trung) និង បូយ​ខេ (Boi Khe) ដែល​បង្កើត​បាន​ជាលំហភូមិរបរដ៏ប្លែក និង​ផ្សារភ្ជាប់​យ៉ាង​ស្អិតរមួត ​ជាមួយ​ជីវភាព​សហគមន៍​។

លោក Sundeep Kumar អនុប្រធាន WCC តំបន់អាស៊ី ប៉ាស៊ីហ្វិក និងសមាជិក​ប្រតិភូ មានចំណាប់​អារម្មណ៍យ៉ាងខ្លាំង ចំពោះប្រវត្តិ​រាប់ពាន់ឆ្នាំ នៃភូមិឆ្លាក់ដាំ​ខ្យង ជ្វៀនមី។ រូបថត៖ វៀតគឿង/កាសែត​រូបភាពវៀតណាម
គណៈប្រតិភូ WCC ពិនិត្យមើលឯកសារ ស្តីពីភូមិរបរលាបថ្នាំម្រ័ក្សណ៍ខ្មុក និងដាំខ្យង​ Chuyen My។ រូបថត៖ វៀត​គឿង​/កាសែតរូបភាពវៀតណាម

បច្ចុប្បន្ន ភូមិរបរនេះ មានសិប្បករចំនួន២០រូប បានរដ្ឋ​ទទួល​ស្គាល់ រួមជាមួយ​ជាង​ជំនាញ​រាប់​ពាន់​នាក់​ទៀត។ តាមរយៈបច្ចេកទេសសិប្បកម្មដ៏ប៉ិនប្រសប់ សិប្បករ​​បង្កើត​​បាន​នូវផលិតផលចម្រុះជាច្រើនដូចជា៖ គ្រែឈើ ទូដាក់ចាន តុ កៅអី ថាសទឹកតែ គំនូរដាំ​ខ្យង និងថូផ្កា។ល។​ ដែល​ផ្ទុកនូវតម្លៃ​វិចិត្រ​ និង​អត្តសញ្ញាណ​វប្បធម៌​យ៉ាង​ជ្រាល​ជ្រៅ។

ក្នុងដំណើរការកសាងសំណុំឯកសារ ចូលជាសមាជិកបណ្តាញ អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមសិប្បករ បានសហការគ្នាយ៉ាង​ជិតស្និទ្ធ ជាមួយ​ស្ថាប័ន​ជំនាញ ដើម្បី​ឆ្លើយ​តបទៅ​នឹងលក្ខខណ្ឌ​វិនិច្ឆ័យ​តឹងរ៉ឹង។ សកម្មភាពជាច្រើន បានអនុវត្តក្នុងពេល​ដំណាលគ្នា ដូចជា ការលើកកម្ពស់លំហតាំងបង្ហាញ ការរៀបចំ​ជា​ប្រព័ន្ធ​នូវ​រឿងរ៉ាវ​វប្បធម៌ ដែល​ផ្សារភ្ជាប់​ជាមួយផលិតផល និងកែលម្អបរិស្ថានភូមិរបរ តាមទិសដៅ បៃតង - ជ្រះ​ -ស្អាត​។

ស្លាកស្នាមនៃសិល្បៈឆ្លាក់ដាំ​ខ្យង លើគ្រែស្នែងដង្ហែ​បុណ្យ នៅ ជ្វៀនមី។ រូបថត៖ វៀត​គឿង/កាសែត​រូបភាពវៀតណាម

នៅខែវិច្ឆិកា ឆ្នាំ២០២៥ ជ្វៀនមី បានទទួលស្វាគមន៍ប្រតិភូអន្តរជាតិជិត២០០រូប រួមមានអ្នកជំនាញសិប្បកម្ម និងអ្នកស្រាវជ្រាវមកទស្សនា សិក្សា និងវាយតម្លៃ។ អ្នកជំនាញ​ បានកត់សម្គាល់នូវការ​ខិតខំប្រឹងប្រែងនៃ​មូលដ្ឋាន ក្នុង​ការ​រួម​បញ្ចូល​សម្របរវាងការអភិរក្សប្រពៃណី និងការច្នៃប្រតិដ្ឋ​ថ្មី។

កម្លាំងចលករថ្មី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

លោកស្រី ង្វៀន​ ធី​ធ្វី​ហឿង (Nguyen Thi Thuy Huong) អនុប្រធាន​គណៈ​កម្មាធិការ​ប្រជាជន ឃុំជ្វៀនមី បានមាន​ប្រសាសន៍​ថា ការចូល​ជា​សមាជិក​បណ្តាញ​ច្នៃប្រតិដ្ឋ បាននាំមកនូវឱកាសជាក់ស្តែងជាច្រើន​សម្រាប់មូលដ្ឋាន។ "តាម​រយៈ​បណ្តាញ​នេះ សិប្បករ និងជាងនៅក្នុងភូមិរបរ មានលំហបន្ថែមទៀត សម្រាប់តំណ​ភ្ជាប់ រៀន​សូត្រ​បទពិសោធន៍ ឈោង​ចាប់​និន្នាការរចនាថ្មីៗ តាមរយៈនោះ​ជួយ​លើក​កម្ពស់​តម្លៃ​ផលិតផល"​។

 

ប្រតិភូ WCC ទស្សនាថ្នាក់បណ្តុះបណ្តាលបន្តវេនរបរ នៅ ជ្វៀនមី។ រូបថត៖ វៀតគឿង/កាសែត​រូបភាពវៀតណាម
 

មិនត្រឹមតែឈប់ត្រឹមការផលិតប៉ុណ្ណោះទេ ជ្វៀនមី កំពុង​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ទេសចរណ៍​ភូមិរបរ ទាក់ទាញភ្ញៀវទេសចរ​ទាំងក្នុង និង​ក្រៅប្រទេស។ នេះ​បាន​ចាត់​ទុក​ជា​ទិសដៅដ៏សំខាន់ ដើម្បីបង្កើត​ការងារបន្ថែម បង្កើន​ប្រាក់​ចំណូល និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច - សង្គម​​មូលដ្ឋាន។

នៅលើ​មូលដ្ឋាន​នៃបេតិកភណ្ឌ​មាន​ស្រាប់ មូលដ្ឋាន​ក៏យក​ចិត្ត​ទុក​ដាក់​លើការ​ផ្លាស់​ប្តូរ​វិធីសាស្រ្ត​ចំពោះរបរប្រពៃណី ដោយរួមបញ្ចូល​​អនុវត្តបច្ចេកវិទ្យា​ឌីជីថល ធ្វើ​ពិពិធកម្ម​បណ្តាញ​ផ្សព្វផ្សាយ​កាន់តែ​មានភាពចម្រុះ និង​​កែលម្អម៉ូដ​ផលិតផល ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​អន្តរជាតិ។

 

សមាជិក WCC ចាប់អារម្មណ៍នឹងផលិតផលដ៏ផ្ចិតផ្ចង់ នៃភូមិរបរ ជ្វៀនមី។ រូបថត៖ វៀតគឿង/កាសែត​រូបភាពវៀតណាម
 

លោក ង្វៀន​ ហូវ​ជី (Nguyen Huu Chi) ប្រធានគណៈកម្មាធិការប្រជាជន ឃុំជ្វៀនមី យល់​ឃើញ​ថា ភាពខ្លាំង​ធំបំផុតនៃ​មូលដ្ឋាន គឺប្រព័ន្ធ​ភូមិ​របរ​ប្រពៃណី ដែល​មាន​ប្រវត្តិ​យូរ​លង់​។ "ប្រជាជនម្ចាស់ការ​ក្នុងការថែរក្សា ពង្រីក​ការ​ផលិត និង​បោះ​ជំហាន​លើក​កម្ពស់​គុណភាព​ផលិតផល ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​​កាន់​តែ​ខ្ពស់​ឡើងៗ​នៃ​ទីផ្សារ​" លោក ង្វៀន​ ហូវ​ជី (Nguyen Huu Chi) បានបញ្ជាក់។

ក្នុងឆ្នាំ​២០២៥ តម្លៃ​សរុប​នៃ​ផលិតកម្ម​ឧស្សាហកម្ម - សិប្បកម្ម នៃ​ឃុំ​សម្រេច​បាន​ជាង​ ២.៤០០ពាន់លាន​ដុង កើន​ឡើង​ជិត ១០% បើធៀប​នឹងឆ្នាំមុន។ តួលេខនេះ បា​ន​ឆ្លុះបញ្ចាំង​ពីការផ្លាស់ប្តូរជាវិជ្ជមាន នៃភូមិរបរក្នុង​បរិបទ​នៃសមាហរណកម្ម។

គណៈប្រតិភូ WCC ចុះអង្កេតមូលដ្ឋានផលិតកម្ម និងស្តាប់សិប្បករចែករំលែក អំពី ដំណើរការផលិត ព្រមទាំងទិសដៅអភិវឌ្ឍន៍។ រូបថត៖ វៀត​គឿង​/កាសែតរូបភាពវៀតណាម

ការក្លាយជាសមាជិកនៃបណ្តាញទីក្រុងច្នៃប្រតិដ្ឋ​​​សិប្បកម្មពិភពលោក មិនត្រឹមតែ​ជា​កិត្តិយស​​ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកម្លាំងចលករ​ដើម្បីឱ្យ ជ្វៀនមី បន្ត​ការ​ច្នៃប្រតិដ្ឋ​ និង​អភិវឌ្ឍ​។ ចេញពី​ភូមិរបរប្រពៃណី​មួយ ជ្វៀនមី កំពុង​បោះ​ជំហាន​បញ្ជាក់​ពី​ទីតាំង​របស់​ខ្លួន នៅលើផែនទីច្នៃប្រតិដ្ឋ​ពិភពលោក រួមចំណែក​ផ្សព្វផ្សាយ​តម្លៃ​វប្បធម៌​វៀតណាម ប្រកប​ដោយ​ចីរភាព ក្នុងយុគសម័យថ្មី៕

អត្ថបទ និងរូបថត៖ វៀតគឿង​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


top