ជនជាតិម៉ុង (Mong) នៅតំបន់ភាគពាយព្យចូលរួមសប្បាយថ្ងៃបុណ្យឯករាជ្យ
បុណ្យឯករាជ្យនៃជនជាតិម៉ុង (Mong) មានប្រភពចេញពីព្រឹត្តិការណ៍ ដែលអ៊ំហូ បានអំណានសេចក្តីប្រកាសឯករាជ្យ បង្កើតសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។ ជនជាតិម៉ុង (Mong) នៅតំបន់ភាគពាយព្យចាត់ទុកនេះជាថ្ងៃបុណ្យជនជាតិ ដែលបង្ហាញពីការដឹងគុណចំពោះបក្ស និងរដ្ឋ ហើយក៏ជាឱកាសសម្រាប់ជួបជុំ លេងកម្សាន្ត និងថែរក្សាអត្តសញ្ញាណវប្បធម៌ផងដែរ។
ចាប់តាំងពីសម័យតស៊ូប្រឆាំងបារាំង គ្រួសារជនជាតិម៉ុង (Mong) នៅតំបន់ភាគពាយព្យ បានចិញ្ចឹមលាក់ខ្លួនកម្មាភិបាល និងបានបញ្ជូនកូនចៅទៅធ្វើសង្គ្រាម។ រូបភាពទង់ក្រហមផ្កាយលឿង បក់រវិចនៅលើភូមិនានា ក្រោយថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ បានក្លាយជានិមិត្តរូបនៃសេរីភាព ជាចំណុចផ្តើមផ្លាស់ប្តូរវាសនា។ រឿងរ៉ាវអំពីអ៊ំហូ អំពីបដិវត្តន៍ អំពីឯករាជ្យ និងសេរីភាព តែងតែបានជនជាតិម៉ុង (Mong) គ្រប់ជំនាន់ និយាយតៗគ្នា នៅពេលទៅផ្សារណាត់ ក្បែរចង្ក្រាន ក្នុងសំឡេងគែន និងបទចម្រៀង។
ផ្តើមពីជាងមួយខែមុនថ្ងៃបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា បរិយាកាសត្រៀមរៀបចំសម្រាប់ថ្ងៃបុណ្យឯករាជ្យ របស់ជនជាតិម៉ុង (Mong) បានលេចធ្លោឡើង នៅទូទាំងភូមិស្រុកតំបន់ខ្ពង់រាប។ សម្លៀកបំពាក់សំពត់សង្កិមពណ៌ឆើតឆាយ បានបោកគក់ស្អាត ហាលថ្ងៃដើម្បីរក្សាពណ៌ដើម។ ស្រាពោតដើមរដូវកាល បានបិតចេញពីចង្រ្កានភ្លើងឱស សាយក្លិនក្រអូបលាយឡំនឹងអ័ព្ទភ្នំ។ សំឡេងគែនជនជាតិម៉ុង (Mong) សំឡេងសើចក្អាកក្អាយ។ល។ ហាក់ដូចជាបណ្ដេញភាពស្ងៀមស្ងាត់ដែលព្រៃភ្នំធ្លាប់មាន។ កុមារតូចៗហាត់រាំ យុវជនហាត់ផ្លុំគែន ជីដូនជីតា អ្នកម្តាយ ដេរប៉ាក់ និង រៀបចំ។ល។ រួមក្តីរំភើបរីករាយជាមួយគ្នា។
ខ្ពង់រាបម៉ុកចូវ (Moc Chau) (ខេត្តសើនឡា - Son La) ជាកន្លែងដែលបានគេប្រដូចទៅនឹង “ដើមប្រភពនៃបុណ្យឯករាជ្យរបស់ជនជាតិម៉ុង (Mong)”។ ក្នុងបរិយាកាសក្រហមនៃទង់ជាតិ ជនជាតិម៉ុង (Mong) ស្លៀកពាក់សម្លៀកបំពាក់ស្រស់ស្អាតបំផុត រួមគ្នាដើរតាមផ្លូវ។ ជនជាតិម៉ុង (Mong) នៅម៉ុកចូវ (Moc Chau) ទៅលេងបុណ្យឯករាជ្យ ដើម្បីរីករាយពិសាម្ហូបអាហារ លេងចោលឈូង ល្បែងវាយវូ ទិញសម្លៀកបំពាក់សង្កិម ទៅផ្សារស្នេហ៍។ល។ លោក លី មីគឿង (Ly Mi Cuong) ដែលមានដើមកំណើតនៅម៉ុកចូវ (Moc Chau) បានទៅសិក្សា នៅវិទ្យាស្ថានតន្ត្រីជាតិហាណូយ រៀបរាប់ថា៖ “ទោះបីជាកំពុងរៀននៅឆ្ងាយក៏ដោយ ខ្ញុំតែងតែព្យាយាមត្រឡប់ទៅស្រុកកំណើត នៅឱកាសនេះ។ បុណ្យឯករាជ្យ គឺជាឱកាសដើម្បីពង្រឹងចំណងគ្រួសារ ជាពេលវេលាដែលធ្វើឱ្យជនជាតិម៉ុង (Mong) មានអារម្មណ៍មោទនភាពជាតិ កាន់តែច្បាស់ជាងពេលណាៗទាំងអស់”។
លោក មួ អាលឺ (Mua A Lu) ជាជនជាតិម៉ុង (Mong) នៅសង្កាត់ម៉ុកលី (Moc Ly) (ខេត្តសើនឡា - Son La) បន្ទាប់ពីបានសម្តែងរបាំគែន ជាមួយនឹងបងប្អូនជនជាតិរបស់គាត់ ដើម្បីបម្រើភ្ញៀវទេសចរ នៅពហុកីឡដ្ឋានម៉ុកចូវ (Moc Chau) បានចែករំលែកដោយក្តីរំភើបថា៖ “កាលពីមុន បុណ្យឯករាជ្យគ្រាន់តែប្រារព្ធឡើងក្នុងភូមិប៉ុណ្ណោះ សាមញ្ញណាស់! ឥឡូវនេះខុសប្លែកពីមុនហើយ! ជនជាតិម៉ុង (Mong) មិនត្រឹមតែប្រារព្ធលេងសប្បាយថ្ងៃបុណ្យប៉ុណ្ណោះទេ ថែមទាំងនាំយកអត្តសញ្ញាណវប្បធម៌របស់ខ្លួន ទៅបង្ហាញជូនទូទាំងប្រទេស និងភ្ញៀវទេសចរអន្តរជាតិទៀតផង”។
មិនត្រឹមតែនៅម៉ុកចូវ (Moc Chau) នោះទេ ជនជាតិម៉ុង (Mong) នៅខេត្តឡាវកាយ (Lao Cai) ក៏បានចូលរួមថ្ងៃបុណ្យធំបំផុតប្រចាំឆ្នាំផងដែរ។ លោក ស៊ុង អាហ៊ុង (Sung A Hong) ជាជនជាតិម៉ុង (Mong) រស់នៅខេត្តឡាវកាយ (Lao Cai) បានបង្ហាញថា៖ “រាល់ពេលជិតដល់ថ្ងៃទី២ ខែកញ្ញា ជនជាតិម៉ុង (Mong) ពីគ្រប់ភូមិទាំងអស់ បាននាំគ្នាមកកាន់ឃុំមូកាងចាយ (Mu Cang Chai) ដើម្បីលេងសប្បាយថ្ងៃបុណ្យឯករាជ្យ ជាមួយនឹងសកម្មភាពវប្បធម៌ និងសិល្បៈសម្បូរបែបដូចជា៖ របាំគែន បុកនំយី (banh giay) ល្បែងចោលឈូង ទាញព្រ័ត្រ ផ្លុំគែន និងការបង្ហាញសម្លៀកបំពាក់ជនជាតិជាដើម នេះមិនមែនត្រឹមតែ ជាឱកាសសម្រាប់លេងកម្សាន្ត សម្រាកកាយក្រោយដូវប្រមូលផលប៉ុណ្ណោះទេ នៅទាំងជាឱកាសសម្រាប់ផ្សារភ្ជាប់មិត្តភាព និងពង្រីកចំណងគ្រួសារផងដែរ។ គូស្នេហ៍ជនជាតិម៉ុង (Mong) ជាច្រើនចាប់ផ្តើមបានគ្នាជាគូស្រករ តាំងពីថ្ងៃបុណ្យបែបនេះដែរ!”។
មនោសញ្ចេតនារបស់លោក លី មីគឿង (Ly Mi Cuong) លោក មួ អាលឺ (Mua A Lu) លោកស៊ុង អាហ៊ុង (Sung A Hong) ក៏ជាមនោសញ្ចេតនារបស់ជនជាតិម៉ុង (Mong) ជិត ១,៤ លាននាក់នៅតំបន់ភាគពាយព្យ ដែលបន្តសរសេររឿងរ៉ាវអំពីជំនឿទុកចិត្តលើបក្ស លើអ៊ំហូ និងអនាគតសុខុដរមនានៅលើកំពូលភ្នំមហិមានេះ។
អត្ថបទ៖ ប៊ិចវឹន រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
ប្រែសម្រួល៖ រីកើង