ចង្វាក់រាំនៃទឹក និងម្សៅនៅវត្តកល្បព្រឹក្ស
ថ្មីៗនេះ ក្នុងបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរភាគខាងត្បូងប្រទេសវៀតណាម ក្រៅពីពិធីសាសនាដូចជា ពិធីស្រង់ព្រះ សកម្មភាពនានាដែលមានលក្ខណៈសហគមន៍ដូចជា ជះទឹក និងប៉ាតម្សៅ បានក្លាយជាចំណុចលេចធ្លោជក់ចិត្ត ដែលឆ្លុះបញ្ចាំងយ៉ាងរស់រវើក នូវជីវភាពវប្បធម៌ស្មារតីសាមគ្គីភាព នៃជនរួមជាតិខ្មែរ នៅឃុំអូកែវ (ខេត្តអានយ៉ាង)។
ពិធីស្រង់ព្រះបានទាក់ទាញជនរួមជាតិខ្មែរយ៉ាងកុះករ នៅឃុំអូកែវមកចូលរួម។ បណ្ដាគ្រួសារ និងក្រុមមិត្តភក្តិបានរួមគ្នាប្រគេនទេយ្យទាន បួងសួងសូមពរជ័យ សេរីសួស្ដីឆ្នាំថ្មី។ ក្នុងពិធីស្រង់ព្រះ ប្រជាជនបានបន្តវេនយកទឹកអប់ប្រេងក្រអូបស្រោចស្រព លើព្រះពុទ្ធបដិមា ដោយសេចក្តីគោរពយ៉ាងជ្រាលជ្រៅ។ តាមទស្សនៈព្រះពុទ្ធសាសនាថេរវាទ ពិធីនេះមានអត្ថន័យលាងជម្រះគ្រឿងមន្ទិលសៅហ្មង នាំផ្លូវមនុស្សលោកទៅរកគុណតម្លៃដ៏ល្អប្រពៃ។ នេះក៏ជាចំណុចលេចធ្លោដ៏សំខាន់ ដែលទាក់ទាញប្រជាជនយ៉ាងច្រើនកុះករ អញ្ជើញមកចូលរួមផងដែរ។
បន្ទាប់ពីពិធីកិច្ចសាសនា នៅទីធ្លាវត្តបានប្តូរទៅជាសកម្មភាពនានា ដែលមានលក្ខណៈសហគមន៍វិញ។ សកម្មភាពជះទឹក បានប្រព្រឹត្តទៅយ៉ាងផុសផុល បង្កើតបានជាបរិយាកាសរីករាយ និងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកចូលរួម។ ទន្ទឹមនឹងនោះ សកម្មភាពប៉ាតម្សៅ ដែលភាគច្រើនយុវជន និងកុមារ ចូលរួមចំណែកបង្កើតនូវការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ។ ម្សៅសៗ បានបាចសាចស្រាលៗ មិនមែនមានលក្ខណៈប្រកួតប្រជែងដណ្តើមចាញ់ឈ្នះនោះទេ ប៉ុន្តែវាបង្ហាញពីអត្ថន័យ នៃការប្រសិទ្ធពរជ័យ និងសំណាងល្អ។
នៅកណ្តាលថ្ងៃត្រង់ បរិវេណវត្តកាន់តែមានភាពអ៊ូអរគគ្រឹកគគ្រេង ដោយមានការចូលរួមយ៉ាងកុះករពីសំណាក់ស្រទាប់យុវវ័យ និងកុមារតូចៗ។ សកម្មភាពជះទឹកបានប្រព្រឹត្តទៅជាបន្តបន្ទាប់ លាយឡំទៅដោយសំឡេងកញ្ជ្រៀវសើចសប្បាយក្អាកក្អាយ។ មិនត្រឹមតែប្រើប្រាស់ឧបករណ៍សាមញ្ញៗ ដែលធ្លាប់ប្រើដូចជា កាទឹក ធុង ឬត្រឡោកដួសទឹកនោះទេ កុមារជាច្រើនថែមទាំងបានយកកាំភ្លើងបាញ់ទឹកមកតាមខ្លួន បំប្លែងសកម្មភាពនេះទៅជាល្បែងកម្សាន្តដ៏រីករាយ បង្កើតបានជាខណៈពេលដ៏រស់រវើក ក្នុងបរិយាកាសនៃពិធីបុណ្យ។ ខ្សែទឹកជះជូនគ្នានោះ មិនមែនជាការលេងសើចឌឺដងដាក់គ្នានោះឡើយ ប៉ុន្តែវាប្រៀបដូចជាពាក្យជូនពរឱ្យទទួលបានសេចក្តីសុខ និងសិរីសួស្ដីទៅវិញ។
ទន្ទឹមនឹងនោះ សកម្មភាពប៉ាតម្សៅ ក៏បានទាក់ទាញមនុស្សម្នាយ៉ាងច្រើនកុះករមកចូលរួមលេងដែរ។ ម្សៅសៗ បានបាចស្រាលៗ ប៉ះស្មាអាវ និងសក់ក្បាល ក្នុងបរិយាកាសស្និទ្ធស្នាល និងរាក់ទាក់បំផុត។ តាមជំនឿប្រជាប្រិយ ស្រទាប់ម្សៅពណ៌ស តំណាងឱ្យភាពបរិសុទ្ធ រួមចំណែកបណ្តេញអស់រឿងមិនល្អទាំងឡាយក្នុងឆ្នាំចាស់ និងនាំមកនូវសិរីសួស្ដីឆ្នាំថ្មី។ ហេតុដូច្នេះ ទីធ្លាវត្តកាន់តែរំភើបញាប់ញ័រថែមទៀត ដោយសំឡេងសើចសប្បាយ នៅពេលដែលរាល់សកម្មភាពទាំងអស់ សុទ្ធតែសបញ្ជាក់ពីរបៀបនៃការជួបជុំប្រាស្រ័យទាក់ទង និងផ្សារភ្ជាប់ចំណងសាមគ្គី។
សកម្មភាពទាំងពីរខាងលើ សុទ្ធសឹងតែមានកម្លាំងទាក់ទាញយ៉ាងពិសេស ចំពោះយុវវ័យ កុមារា និងកុមារី ខណៈពេលដែលមនុស្សចាស់ៗផ្ដុំគ្នាទស្សនាមើល និងទះដៃគាំទ្រជាខ្លាំង។ រូបភាពមនុស្សជាច្រើនជំនាន់ មានវត្តមានជាមួយគ្នា ចែករំលែកភាពសប្បាយរីករាយ នៅលំហររួមមួយនេះ បានបង្កើតឡើងការរួមរស់ ប្រកបដោយភាពកក់ក្តៅ រួមចំណែកបញ្ជាក់ពីតួនាទីពង្រឹងសាមគ្គីភាពសហគមន៍ ក្នុងជីវភាពវប្បធម៌ស្មារតី នៃជនរួមជាតិខ្មែរនៅឃុំអូកែវ ក៏ដូចជាប្រជាជនខ្មែរនៅភូមិភាគខាងត្បូងទាំងមូលផងដែរ៕
- អត្ថបទ៖ទ្រុងខាញ់/កាសែតរូបភាពវៀតណាម
- រូបថត៖ថុងថៀន- ឡេមិញ - ង្វៀនឡឹន/កាសែតរូបភាពវៀតណាម
- ប្រែសម្រួល៖ រីកើង




























