គូជី - ព្រេងនិទានក្រោមដី

គូជី - ព្រេងនិទានក្រោមដី

លាក់ខ្លួននៅក្រោមព្រៃឈើបៃតង ភាគពាយព្យ​នៃទីក្រុង​ហូជីមិញ លេណដ្ឋាន​ក្រោមដីគូជី ជា​និមិត្តរូប​​នៃឆន្ទៈ មនសិការ​ក្លាហាន និងការច្នៃប្រតិដ្ឋ​ដ៏អស្ចារ្យនៃ​ប្រជាជនវៀតណាម។​ លេណដ្ឋាន​ក្រោម​ដី ដែល​មានប្រវែងជាង ២៥០គីឡូម៉ែត្រ បង្កើតបាន​ជា​ស្នាដៃយោធាដ៏​​វិសេសវិសាល​មួយ ទាក់​ទាញភ្ញៀវទេសចរ​ពីគ្រប់ទិសទីលើពិភពលោកមកទស្សនា និង​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​វៀតណាម​។

ក្នុងដំណើរទស្សនាលេណដ្ឋាន​ក្រោមដី​គូជី នា​ឱកាសមុន​ថ្ងៃ​​រំលឹកខួបអនុស្សាវរីយ៍លើកទី៥០ឆ្នាំ ទីក្រុង​ដាក់ឈ្មោះលោក​ប្រធានហូជីមិញ (ថ្ងៃទី​២/៧/១៩៧៦ - ថ្ងៃទី​២/៧/២០២៦) លោកស្រី ម៉ាយ ធ្វីឡាន (Mai Thuy Lan) ភ្ញៀវទេសចរមកពីខេត្តហឹងអៀន​ (Hung Yen) មិន​អាច​ទប់​ចិត្ត​រំភើប នៅពេលបានឃើញផ្ទាល់ភ្នែកនូវលេណដ្ឋាន​តូចៗ ដែល​ធ្លាប់​ជា​កន្លែង​ប្រយុទ្ធ និង​រស់នៅរបស់កងទ័ព និងប្រជាជន​គូជី។ លោកស្រី ម៉ាយ ធ្វីឡាន បានចែករំលែកថា៖ “ខ្ញុំកោតសរសើរយ៉ាងខ្លាំង​ចំពោះស្មារតីស្នេហាជាតិ ភាពវៃឆ្លាត ភាពក្លាហាន និង​ឆន្ទៈ​ដ៏មោះមុត​របស់​កង​ទ័ព​ និង​ប្រជាជន​ភាគខាងត្បូង​និយាយរួម និងជាពិសេសគឺ​កងទ័ព​ព្រមទាំង​ប្រជាជន​គូជី”។

ផ្លូវលេណដ្ឋាន​​ក្រោមដីគូជី - ជាកន្លែង​ដែលមានប្រព័ន្ធផ្លូវលេណដ្ឋាន​ក្រោមដី ប្រវែងជាង ២០០គីឡូម៉ែត្រ ផ្លូវលេណដ្ឋាន​​ក្រោមដីមានទំហំល្មម សម្រាប់មនុស្សម្នាក់ដើរឱនៗ។ រូបថត៖ ឡេមិញ/VNP
ភ្ញៀវទេសចរវារចេញពីផ្លូវលេណដ្ឋាន​ក្រោមដីគូជី ឡើងមកលើដី​។ រូបថត៖ ថុងហាយ/VNP
ប្លង់តុខ្សាច់​នៃផ្លូវលេណដ្ឋាន​ក្រោមដី​គូជី។ រូបថត៖ ថុងហាយ/VNP

បានបង្កើតឡើងនៅ​ចុងឆ្នាំ១៩៤០ និង​ពង្រីកទូលាយ​នៅ​​សម័យកាល​តស៊ូ​ប្រឆាំង​​នឹង​ចក្រពត្តិ​ឈ្លាន​ពាន លេណដ្ឋាន​ក្រោមដីគូជី បានអភិវឌ្ឍទៅជា “ទីក្រុង​ក្រោមដី” មួយ ដែល​មាន​ផ្លូវ​ខ្វាត់​ខ្វែង​ជា​ច្រើន​ជាន់ ប្រវែងជាង ២៥០គីឡូម៉ែត្រ រួមផ្សំ​នឹងលេណដ្ឋានលើដី​​រាប់រយ​គីឡូម៉ែត្រ។ ដោយត្រឹមតែ​ឧបករណ៍​សាមញ្ញៗ​ដូចជា ចប​កាប់ និងបង្គី​ធ្វើពីឫស្សី កងទ័ព​និង​ប្រជាជន​គូជី ​បង្កើតបាន​​​សំណង់​យោធាដ៏​អស្ចារ្យមួយនៅក្រោម​ដី។

ប្រព័ន្ធលេណដ្ឋាន​ក្រោមដី បានរចនាឡើងដូចជា​វិមាន​អន្ទាក់​ដ៏ធំសម្បើម។ លេណដ្ឋាន​ធំ​ៗ បែក​ខ្នែង​ជា​សាខាតូចៗ​រាប់មិនអស់ តំណភ្ជាប់ពីឃុំមួយ​ទៅឃុំមួយ ពីភូមិមួយទៅភូមិមួយនៅក្នុង​តំបន់។ កំណាត់​លេណដ្ឋាន​ជា​ច្រើន បានសាងសង់ពីរទៅបីជាន់ មាន​សមត្ថភាពធន់​នឹងគ្រាប់​បែក និង​ទម្ងន់​របស់​រថក្រោះ​។ គម្រប រន្ធសម្ងាត់ និងរន្ធខ្យល់ បានក្លែងបន្លំយ៉ាង​ប៉ិនប្រសប់ ធ្វើ​ឱ្យ​​ស​ត្រូវ​ពិបាក​រក​ឃើញ​។ នៅខាងក្នុង​ក៏មានតំបន់រស់នៅ​ ទីប្រជុំ ឃ្លាំងស្បៀងអាហារ មន្ទីរពេទ្យ ចង្រ្កាន​ហ្វាងកឹម (Hoang Cam) អណ្តូងទឹក និងកន្លែងជ្រកកោនសម្រាប់ស្ត្រី កុមារ និងមនុស្សចាស់ជរា​។

ក្នុងប៉ុន្មានឆ្នាំសង្គ្រាមដ៏សាហាវឃោរឃៅ លេនដ្ឋាន​​ក្រោមដីគូជី មិនត្រឹមតែជាកន្លែងជ្រកកោន​ប៉ុណ្ណោះទេ នៅ​ថែមទាំង​ជាមូលដ្ឋាន​បញ្ជាការ​ដ៏សំខាន់របស់គណៈកម្មាធិការ​តំបន់ និងយោធភូមិភាគ​សាយ​ហ្គន - ហ្សា​ឌិញ (Sai Gon - Gia Dinh) ទៀតផង។ ពីទីនេះ រាល់សេចក្តីសម្រេចចិត្ត និង​សកម្មភាព​យោធា​ជាច្រើន​បាន​ដាក់ចេញ ដែល​រួមចំណែក​ដល់ជ័យជម្នះ​ដ៏សំខាន់ៗ នៃការតស៊ូ​រំដោះជាតិ​។ សំណង់​នេះ បានក្លាយជាភស្តុតាងដ៏រស់រវើក សម្រាប់សិល្បៈសង្គ្រាម​ប្រជាជន និង​សង្គ្រាម​ទ័ពឈ្លប​​ដ៏​ពិសេស​របស់វៀតណាម។

 

បន្ទប់ប្រជុំធំ ដែលអាចផ្ទុកមនុស្សប្រជុំ​បានជាង ២០នាក់ នៅក្នុងផ្លូវលេណដ្ឋាន​ក្រោម​ដីគូជី​។ រូបថត៖ ឡេមិញ/VNP
 

សព្វថ្ងៃនេះ លេណដ្ឋាន​ក្រោមដីគូជី បានអភិរក្ស​នៅតំបន់សំខាន់​ពីរគឺ បេនយឿក (Ben Duoc) និង បេនឌិញ (Ben Dinh)។ ភ្ញៀវទេសចរ​មក​ទី​នេះ អាច​ពិសោធន៍​ផ្ទាល់​នៅ​លេណដ្ឋាន​ ដែល​បាន​ធ្វើ​​ឡើង​វិញ ដើម្បី​ស្វែងយល់​ពី​ជីវភាព​រស់នៅ​ក្រោមដីរបស់​កងទ័ព និងប្រជាជនគូជី ក្នុង​សម័យ​សង្គ្រាម ព្រមទាំង​ទស្សនា​វត្ថុតាង សំណង់ និង​លំហរ ដែលរំលឹកឡើងវិញនូវ​ប្រវត្តិសាស្ត្រ។

អាសយដ្ឋាន​ឈប់សម្រាកមួយ ក្នុងចំណោមអាសយដ្ឋាន ដែលពោរពេញដោយអារម្មណ៍ក្តុកក្តួរ​បំផុត​គឺវិហារ​រំលឹកវិញ្ញាណក្ខន្ធ​យុទ្ធជនពលី បេនយឿក។ សំណង់នេះ បាន​សាងសង់​ឡើង ដើម្បី​ឧទ្ទិស​ដល់​វីរជន និង​យុទ្ធជនពលីរាប់ម៉ឺននាក់ ដែលបានលះបង់​ជីវិតនៅលើទឹកដី សាយហ្គន - ចើឡើន - ហ្សាឌិញ (Sai Gon - Cho Lon - Gia Dinh) ក្នុងសង្គ្រាមតស៊ូទាំងពីរ​លើក។ នៅ​បរិវេណ​ដ៏ថ្លៃថ្នូរ និង​ជួរដើមឈើដ៏​ត្រជាក់ ភ្ញៀវទេសចរ​មាន​ឱកាស​បង្អង់​អារម្មណ៍ ដើម្បី​គិត​ពិចារណា​ អំពី​ការ​លះបង់​ដ៏​ធំធេង​ដើម្បី​សន្តិភាពនាពេលបច្ចុប្បន្ន។

 

ភ្ញៀវទេសចរទស្សនាតំបន់តាំងពិព័រណ៍រថក្រោះ។ រូបថត៖ ឡេមិញ/VNP
ប្រភេទគ្រាប់បែក និងគ្រាប់រំសេវនានា ដែលបានតាំងពិព័រណ៍នៅផ្លូវលេណដ្ឋាន​ក្រោមដី​គូជី។ រូបថត៖ ថុងហាយ/VNP

ដើម្បី​នាំយកប្រវត្តិសាស្ត្រឱ្យកាន់តែជិតនឹងសាធារណជន តំបន់​កេរដំណែល​ក៏បាន​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍ ពេលរាត្រី “ព្រះចន្ទសមរភូមិ” (Trang chien khu) ដោយ​ឆ្លុះ​បញ្ចាំង​ពី​ជីវភាព​រស់នៅ​ របស់​ប្រជាជន​ក្នុង​តំបន់រំដោះគូជី ក្នុងឆ្នាំដំបូងនៃទសវត្សរ៍​ឆ្នាំ១៩៦០។ សកម្មភាព​ដ៏​រស់​រវើក​ទាំង​នោះ ជួយឱ្យភ្ញៀវទេសចរយល់ដឹងកាន់តែច្បាស់ អំពីស្មារតីសុទិដ្ឋិនិយម ឆន្ទៈ​ដ៏មោះមុត និង​ជីវភាព​ប្រចាំ​ថ្ងៃរបស់ប្រជាជន​ក្នុងស្ថានភាព​មាន​សង្គ្រាម។

ភ្ញៀវទេសចរទស្សនា ការបន្លំភ្នែកនៃមាត់ផ្លូវលេណដ្ឋាន​ក្រោមដី។ រូបថត៖ ឯកសារ

បានទទួលស្គាល់ជាកេរដំណែលជាតិពិសេសរបស់វៀតណាម លេណដ្ឋាន​ក្រោម​ដី​គូជី បច្ចុប្បន្ន​ទទួល​​ភ្ញៀវទេសចរជាង​មួយលានលើកនាក់ជារៀងរាល់ឆ្នាំ។ ទីក្រុង​ហូជីមិញ ក៏កំពុង​បំពេញ​សំណុំ​ឯកសារ ដើម្បី​ស្នើសុំដាក់​សំណង់នេះក្នុងបេតិកភណ្ឌពិភពលោក ​រួមចំណែក​នាំយក​តម្លៃ​ប្រវត្តិសាស្ត្រ​ និង​វប្បធម៌ នៃតំបន់កេរដំណែលនេះឱ្យកាន់តែជិត​នឹង​សហគមន៍​អន្តរជាតិ៕

អនុវត្ត៖ វៀតគឿង  រូបថត៖ ឡេមិញ​ ថុង​ហាយ/VNP

ប្រែសម្រួល៖ រីកើង​


top