ក្បួនដង្ហែអាវផាយហាណូយ៖ បេតិកភណ្ឌរួមដំណើរជាមួយពេលវេលា
នៅកណ្ដាលបរិយាកាសបុរាណនៃបឹងហ្វាងគីម (Hoan Kiem) មនុស្សជាង ១.០០០ នាក់ បានស្លៀកពាក់អាវផាយបែបប្រពៃណី និងសម័យទំនើប បង្កើតបានជាក្បួនដង្ហែត្រចះត្រចង់ រំលឹកដល់ដំណើរនៃបេតិកភណ្ឌវៀតណាម រួមដំណើរជាមួយប្រជាជាតិ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។ ក្រោមសម្រស់រដូវស្លឹកឈើជ្រុះស្រាលៗ ព្រឹត្តិការណ៍នេះបានបិទបញ្ចប់ "ពិធីបុណ្យទេសចរណ៍អាវផាយហាណូយ ២០២៥" ទន្ទឹមនោះផ្សព្វផ្សាយសារ អំពីទីក្រុងហាណូយមួយចេះថែរក្សាអនុស្សាវរីយ៍វប្បធម៌ ប៉ុន្តែនៅតែបន្តផ្លាស់ប្តូរឥតឈប់ឈរទៅតាមពេលវេលា។
ព្រឹត្តិការណ៍បានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា កម្មវិធីបានកម្លាយផ្លូវថ្មើរជើង បឹងហ្វាងគីម (Hoan Kiem) ទៅជាឆាកវប្បធម៌នៅក្រៅលំហអាកាស ទីកន្លែងដែលលំហូរមនុស្ស និងពណ៌អាវបានសម្របចូលផ្នត់ជីវិតនៃរដ្ឋធានី។ នេះក៏ជាចំណុចលេចធ្លោចុងក្រោយ នៃ "ពិធីបុណ្យទេសចរណ៍អាវផាយហាណូយ២០២៥" ជាទីកន្លែងដែលអាវផាយ បានលើកតម្កើងជានិមិត្តរូបនៃអត្តសញ្ញាណវៀតណាម និងជាស្ពាននាំភ្ញៀវទេសចរឱ្យកាន់តែជិតស្និទ្ធ ជាមួយសម្រស់ដ៏ស្រស់បំព្រងនៃវប្បធម៌វៀតណាម។
យោងតាមលោកង្វៀន ត្រឹនក្វាង (Nguyen Tran Quang) អនុប្រធានមន្ទីរទេសចរណ៍ហាណូយ បានឱ្យដឹងថា ពិធីបុណ្យឆ្នាំនេះក្រោមប្រធានបទ "អាវផាយហាណូយ - បញ្ចេញពន្លឺនៃបេតិកភណ្ឌ" ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែវិច្ឆិកា នៅសារមន្ទីរហាណូយ មុនពេលបិទបញ្ចប់ដោយកម្មវិធីក្បួនដង្ហែ តាម ដងផ្លូវជុំវិញបឹង។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំសិល្បករ សហគមន៍ និងប្រជាជនជាច្រើនឱ្យចូលរួម ក្នុងនោះមានភូមិសិប្បកម្មត្រាច់សា (Trach Xa) - ជាទីកន្លែងរក្សានូវសិល្បៈកាត់ដេរអាវផាយ ក្រុមសម្លៀកបំពាក់វៀតណាម "បាច់ហ័រប៊ូហាញ - Bach Hoa Bo Hanh" សង្កាត់ហ្វាងគីម (Hoan Kiem) និងក្លឹបបេតិកភណ្ឌអាវផាយវៀតណាម ទីក្រុងហាណូយជាដើម។
ក្បួនដង្ហែឆ្លងកាត់បឹងហ្វាងគីម និងទីលានដុងគិញងៀធុក (Dong Kinh Nghia Thuc) ដោយបន្សល់ទុកនូវសម្រស់ពណ៌ស្រស់ស្អាត ស្រទន់ នៅកណ្ដាលទីក្រុងបុរាណ។ ក្រុមនីមួយៗ បានបង្ហាញម៉ូដសម្លៀកបំពាក់ ដែលដិតដាមស្លាក់ស្នាមនៃសម័យកាលប្រវត្តិសាស្ត្រនីមួយៗ៖ អាវងូធឹន (Ngu Than) (អាវប្រាំផ្ទាំង) អាវទឺធឹន (Tu Than) (អាវបួនផ្ទាំង) សម្លៀកបំពាក់បុរាណសម័យ Le - Nguyen រហូតដល់ម៉ូដអាវផាយសម័យទំនើប ដែលបំពាក់ស្មារតីនៃការធ្វើសមាហរណកម្ម។ ស្បៃអាវផាយនីមួយៗ ប្រៀបដូចជា "ផ្ទាំងអនុស្សាវរីយ៍ផ្តិតលើស្បៃ" ដែលនិទានរឿងអំពីភាពរឹងមាំ ការច្នៃប្រតិដ្ឋ និងថាមពលរស់រវើកនៃវប្បធម៌វៀតណាម។
តាមរយៈសកម្មភាពនេះ វិស័យទេសចរណ៍ហាណូយ មិនត្រឹមតែមានបំណងលើកតម្កើងអាវផាយប៉ុណ្ណោះទេ ថែមទាំងបំផុសស្មារតីមោទនភាពជាតិ ផ្សារភ្ជាប់តម្លៃប្រពៃណីជាមួយនឹងការអភិវឌ្ឍទេសចរណ៍ចីរភាពទៀតផង។ លោក ង្វៀន ត្រឹនក្វាង (Nguyen Tran Quang) បានឱ្យដឹងថា វិស័យទេសចរណ៍រំពឹងថា អាវផាយនឹងក្លាយជា "ទូតទេសចរណ៍" នាំយករូបភាពនៃទីក្រុងហាណូយមួយដែល "សុវត្ថិភាព - មិត្តភាព - គុណភាព - ទាក់ទាញ" ឱ្យកាន់តែជិតស្និទ្ធជាមួយមិត្តភក្តិអន្តរជាតិ៕
អត្ថបទ៖ ខាញ់ឡុង រូបថត៖ ខាញ់ឡុង កុងដាត និងផឿងញី
ប្រែសម្រួល៖ រីកើង














