ចំណុចសំខាន់ៗ

៨០ឆ្នាំ រដ្ឋសភាវៀតណាម រួមសុខរួមទុក្ខជាមួយប្រជាជាតិ

ក្នុងរយៈពេល ៨០ឆ្នាំ នៃការផ្សារភ្ជាប់ និងរួមសុខរួមទុក្ខជាមួយប្រជាជាតិ រដ្ឋសភា​វៀត​​ណាម​តែងតែជាតំណាងនៃមហាសាមគ្គីជាតិទាំងមូល ជាស្ថាប័នមានអំណាចរដ្ឋខ្ពស់បំផុត និងជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន។ 

ក្នុងរយៈពេល ៨០ឆ្នាំ នៃការផ្សារភ្ជាប់ និងរួមសុខរួមទុក្ខជាមួយប្រជាជាតិ រដ្ឋសភា​វៀត​​ណាម​តែងតែជាតំណាងនៃមហាសាមគ្គីជាតិទាំងមូល ជាស្ថាប័នមានអំណាចរដ្ឋខ្ពស់បំផុត និងជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន។ រដ្ឋសភាបាន​រីកចម្រើនឥតឈប់ឈរ ផ្លាស់ប្តូរថ្មី និងកែលម្អនូវរចនាសម្ព័ន្ធ និងវិធីសាស្រ្តធ្វើការរបស់ខ្លួនជាបន្តបន្ទាប់ លើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពនៃសកម្មភាព រួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់ប្រជាជនលើបុព្វហេតុនៃការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ។ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨០ ទិវាបោះឆ្នោតសកលលើកដំបូង ដើម្បីជ្រើសរើសសមាជិករដ្ឋសភា វៀតណាម (ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៦ - ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦) គឺជាឱកាសមួយសម្រាប់បក្ស ប្រជាជន និងកងទ័ពទាំងមូល រំលឹកឡើងវិញនូវ​ប្រវត្តិនៃការបង្កើត និងអភិវឌ្ឍរដ្ឋសភាវៀតណាម។

 

ក្រោយពេលបង្កើត រដ្ឋសភានីតិកាលទី ១ (១៩៤៦ - ១៩៦០) បានបំពេញភារកិច្ចជាស្ថាប័នមានអំណាចខ្ពស់បំផុត នៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ ក្នុងដំណាក់កាលឆ្នាំ ១៩៤៦ - ១៩៥៤ រដ្ឋសភាបានរួមដំណើរជាមួយប្រជាជន ក្នុងបុព្វហេតុតស៊ូប្រឆាំង និងកសាងប្រទេសជាតិ​​។ នេះគឺជាលក្ខណៈពិសេសបំផុត របស់រដ្ឋសភាវៀតណាមក្នុងដំណាក់កាលនេះ ពោលគឺ "រដ្ឋសភាតស៊ូ"។ រដ្ឋសភាបានផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាល។ គណៈកម្មាធិការអចិន្ត្រៃយ៍​រដ្ឋសភា តែងតែអម​ដំណើរ​ជាមួយ​រដ្ឋាភិបាល ក្នុង​ការពិភាក្សា និងផ្តល់យោបល់លើគោលការណ៍ និងគោលនយោបាយធំៗ ព្រមទាំងត្រួតពិនិត្យ​ និងផ្តល់មតិរិះគន់រដ្ឋាភិបាល។ ក្នុងដំណាក់កាលឆ្នាំ ១៩៥៤ - ១៩៦០ រដ្ឋសភាបានរួមជាមួយប្រជាជន អនុវត្តភារកិច្ចយុទ្ធសាស្ត្រពីរគឺ៖ នៅភាគខាងជើង ​ស្តារ​ឡើង​វិញ កែលម្អ និងអភិវឌ្ឍសេដ្ឋកិច្ច ​វប្បធម៌​ សង្គម តាមមាគ៌ាសង្គមនិយម; នៅភាគខាងត្បូង បន្តធ្វើបដិវត្តន៍ជាតិប្រជាធិបតេយ្យ តស៊ូរំដោះភាគខាងត្បូង ដើម្បី​ឆ្ពោះទៅរកសន្តិភាព និងការបង្រួបបង្រួមប្រទេសជាតិ។ក្នុងរយៈពេល ១៤ ឆ្នាំ នៃដំណើរការ រដ្ឋសភា នីតិកាលទី ១ បានរៀបចំសម័យប្រជុំចំនួន ១២ លើក ដោយបានអនុម័តរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៤៦ និងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៥៩ រួមជាមួយច្បាប់ចំនួន១៦ និងសេចក្តីសម្រេចសំខាន់ៗ ចំនួន៥០។

 
លោកប្រធាន ហូជីមិញបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាប្រជាជន នីតិកាលទី ៥ នៅរដ្ឋធានី ហាណូយ ថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៦៩។ រូបថត៖ VNA
 

ក្នុងដំណាក់កាលនេះ រដ្ឋសភាបានដំណើរការ ស្របតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៥៩ និងច្បាប់ស្តីពី ការរៀបចំរចនា​សម្ព័ន្ធ​​រដ្ឋសភា ឆ្នាំ១៩៦០​។ នេះជាសម័យកាល ​ដែលរដ្ឋសភា បានបំពេញភារកិច្ចក្នុងស្ថានភាព ដែលភាគខាងជើងកំពុងកសាងសង្គមនិយម និងធ្វើជាសមរភូមិក្រោយដ៏ធំ សម្រាប់សង្គ្រាមតស៊ូប្រឆាំងអាមេរិក ដើម្បីសង្គ្រោះជាតិ។ 

ជនជាតិម៉ាន (Man) កំពុងមើលផ្ទាំងគំនូរឃោសនាការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី ២ (១៩៦០)។ រូបថត៖ វូទីន VNA
នៅក្នុងសម័យប្រជុំលើកដំបូង រដ្ឋសភា នីតិកាលទី ៦ បានអនុម័តលើសេចក្តីសម្រេចមួយស្តីពី ការប្តូរឈ្មោះប្រទេសទៅជា សាធារណរដ្ឋសង្គមនិយមវៀតណាម ហើយបានសម្រេចថា រដ្ឋសភាដែលត្រូវបានបោះឆ្នោតជ្រើសរើស ក្នុងការបោះឆ្នោតសកល នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ១៩៧៦ នឹងក្លាយជារដ្ឋសភា នីតិកាលទី ៦ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងបានសម្រេចនូវការប្តូរឈ្មោះទីក្រុងសាយហ្គន- យ៉ាឌិញ (Sai Gon - Gia Dinh) គឺទីក្រុង​ហូជីមិញ ។ រូបថត៖ VNA

រដ្ឋសភា នីតិកាលទី ២ ដល់ទី ៥ បាន​អនុម័ត​ច្បាប់ និងសេចក្តីសម្រេចសំខាន់ៗជាច្រើនស្តីពី សេដ្ឋកិច្ច កិច្ចការបរទេស និងការរៀបចំរចនាសម្ព័ន្ធរដ្ឋបាល ធានានូវកម្លាំង ដើម្បី​យក​ឈ្នះ​លើសង្គ្រាម រួមចំណែកដល់ជ័យជម្នះនៃការវាយសម្រុក បញ្ចប់បដិវត្តន៍ប្រជាធិបតេយ្យ​ជាតិ និងបង្រួបបង្រួមជាតិ។ ជាពិសេស រដ្ឋសភា នីតិកាលទី ៦ (១៩៧៦ - ១៩៨១) គឺជារដ្ឋសភានៃប្រទេសវៀតណាម ​ដែលបានបង្រួបបង្រួម ដោយបានសម្រេចប្តូរឈ្មោះប្រទេសទៅជា សាធារណរដ្ឋសង្គមនិយមវៀតណាម កំណត់ទង់ជាតិ សញ្ញាជាតិ ភ្លេងជាតិ ប្តូរឈ្មោះទីក្រុង សាយហ្គន- យ៉ាឌិញ (Sai Gon - Gia Dinh)  ជាទីក្រុងហូជីមិញ និងកំណត់យកហាណូយជារដ្ឋធានីនៃប្រទេសវៀតណាម។ ហើយនៅក្នុងសម័យប្រជុំលើកទី ៧ (ខែធ្នូ ឆ្នាំ១៩៨០) រដ្ឋសភាបានអនុម័តរដ្ឋធម្មនុញ្ញថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺរដ្ឋធម្មនុញ្ញឆ្នាំ ១៩៨០​។

 

នេះគឺជាដំណាក់កាល ដែលរដ្ឋសភាត្រូវបានរៀបចំរចនាសម្ព័ន្ធ និងដំណើរការតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៨០ និងច្បាប់ស្តីពីការរៀបចំរចនាសម្ព័ន្ធរដ្ឋសភា និងក្រុមប្រឹក្សារដ្ឋ ឆ្នាំ ១៩៨១​​។ រដ្ឋសភាត្រូវបានកំណត់ថា ជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន ជាស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម​ និងជាស្ថាប័នតែមួយគត់ ដែលមានអំណាចបង្កើតរដ្ឋធម្មនុញ្ញ និងនីតិប្បញ្ញត្តិ។ រដ្ឋសភាអនុវត្តសិទ្ធិត្រួតពិនិត្យកំពូល ចំពោះរាល់សកម្មភាពរបស់រដ្ឋ។

រដ្ឋសភានីតិកាលទី៧ (១៩៨១ - ១៩៨៧) និងនីតិកាលទី៨ (១៩៨៧ - ១៩៩២) បានអនុម័តក្រមច្បាប់ចំនួន ២ ច្បាប់ចំនួន ៣៥, សេចក្តីសម្រេចចំនួន ៣៥ និងក្រុមប្រឹក្សារដ្ឋបានប្រកាសឱ្យប្រើប្រាស់នូវអនុក្រឹត្យចំនួន ៥៤។ ជាពិសេស រដ្ឋសភា នីតិកាលទី ៨ គឺជារដ្ឋសភានៃដំណាក់កាលដំបូងនៃបុព្វហេតុផ្លាស់ប្តូថ្មីទូទាំងប្រទេស ដែលមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៦ របស់បក្ស ដាក់ចេញ។ នៅក្នុងសម័យប្រជុំលើកទី១១ (ឆ្នាំ១៩៩២) រដ្ឋសភាបានអនុម័ត​​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩២។

 
ប្រធានរដ្ឋសភា ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញទៅទស្សនាថ្នាក់រៀនភាសាវៀតណាម នៅទីក្រុង Praha,  សាធារណរដ្ឋឆែក (២០០៩)។ រូបថត៖ ទ្រីយុង / VNA

នេះគឺជារយៈពេល ដែល​រដ្ឋសភាផ្លាស់ប្តូរថ្មីជាបន្តបន្ទាប់ និងបង្កើន​គុណភាពនៃសកម្មភាព​របស់ខ្លួន។ សកម្មភាពរបស់រដ្ឋសភា កាន់តែមានការបើកចំហ និង​តម្លាភាព​ ដោយផ្តោតលើមុខងារសំខាន់ៗ ចំនួនបី៖ នីតបញ្ញត្តិច្បាប់ (ការកសាង និងធ្វើវិសោធនកម្មប្រព័ន្ធច្បាប់) ការត្រួតពិនិត្យ (បង្កើនការត្រួតពិនិត្យកំពូល) និងការធ្វើសេចក្តីសម្រេចសម្រាប់បញ្ហាជាតិសំខាន់ៗ។រដ្ឋសភា នីតិកាលទី ៩ ដល់ទី ១២ បានមាន​ការផ្លាស់ប្តូរយ៉ាង​ខ្លាំង ក្នុងការងារនីតិបញ្ញត្តិ និងត្រួតពិនិត្យ (ដូចជាការស្តាប់របាយការណ៍ ការបញ្ជូនគណៈប្រតិភូទៅត្រួតពិនិត្យនូវ​ការអនុវត្តច្បាប់ ការផ្តោតលើបញ្ហាបន្ទាន់ ដូចជា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ) និងកិច្ចការបរទេស។ 

រដ្ឋសភា នីតិកាលទី ១៣ (២០១១-២០១៦) ត្រូវបានកត់សម្គាល់ជាលើកដំបូង ដែលអ្នកបោះឆ្នោតទូទាំងប្រទេសបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា និងការបោះឆ្នោតជ្រើសរើស តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ក្នុងថ្ងៃតែមួយ តាមទ្រង់ទ្រាយធំ។ សមិទ្ធផល​ដ៏លេចធ្លោបំផុតរបស់រដ្ឋសភា នីតិកាលទី១៣ គឺការអនុម័ត​ពេញលេញ នៃសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣។ អាណត្តិនេះក៏បានកត់សម្គាល់ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយផងដែរ ព្រោះនោះជាលើកដំបូង ដែលការបោះឆ្នោតទំនុកទុកចិត្ត ត្រូវបានធ្វើឡើងសម្រាប់តំណែង ដែលត្រូវបានជ្រើសតាំង ឬផ្តល់សច្ចាប័ន ដោយរដ្ឋសភា ហើយសមាជិករដ្ឋាភិបាលទាំងអស់ ត្រូវឆ្លើយសំណួរនៅចំពោះមុខរដ្ឋសភា​។

លោក ត្រឹន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា ជួបជាមួយលោកនាយករដ្ឋមន្ត្រីចិន Li Qiang ក្នុងឱកាសលោកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម (រដ្ឋធានីហាណូយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤)។ រូបថត៖ យ័នតឹន​ / VNA
លោក ង្វៀន ស៊ីញហ៊ុង (Nguyen Sinh Hung)  ប្រធានរដ្ឋសភា ថ្លែងសុន្ទរកថា នៅក្នុងសន្និសីទប្រធានសភាពិភពលោកលើកទី ៤ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥។ រូបថត៖ ញ៉ាន សាង/VNA
នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងក្នុងស្រុក) នៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ លោក ត្រឹន ថាញ់មិន (Tran Than Man) ប្រធានរដ្ឋសភា បានជួបជាមួយលោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី។ រូបថត៖ ថុងញ៉ឹត – VNA

រដ្ឋសភា នីតិកាលទី ១៤ (២០១៦-២០២១)៖ បានបន្តអនុម័ត​ច្បាប់សំខាន់ៗ ជាច្រើន ដើម្បីអនុវត្តបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ​ ក្នុងឆ្នាំ២០១៣ និងកែលម្អការរចនាសម្ព័ន្ធ​រដ្ឋ​។ ជាពិសេស អាណត្តិនេះបានកត់សម្គាល់ការលោតផ្លោះដ៏សំខាន់មួយ នៃរដ្ឋសភាក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ដែល​បង្ហាញ​តាមរយៈការរៀបចំសម័យប្រជុំ ដោយប្រើទម្រង់ចម្រុះនៃកិច្ចប្រជុំតាមអ៊ីនធឺណិត និងកិច្ចប្រជុំផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។

រដ្ឋសភានីតិកាលទី ១៥ (២០២១-២០២៦)៖ ជ្រើសរើសដោយមានអត្រានៃអ្នកបោះឆ្នោតខ្ពស់បំផុត មិនធ្លាប់មានពីមុនមក (៩៩,៦%)។ ការងារនីតិកម្ម ត្រូវបានអនុវត្តក្រោមស្មារតី "នីតិកម្មម្ចាស់ការ" ដោយសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះផ្តោតលើការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនានា ដើម្បីបម្រើដល់ការងារបង្រួមប្រព័ន្ធនយោបាយ​។ គិតមកទល់ពេលនេះ  រដ្ឋសភា អាណត្តិទី ១៥ បានរៀបចំសម័យប្រជុំសរុបចំនួន ១៧ លើក ក្នុងនោះមានសម័យប្រជុំវិសាមញ្ញចំនួន ៩ លើក និងសម័យប្រជុំសាមញ្ញចំនួន ៨ លើក។


លោកអគ្គលេខាបក្ស តូឡឹម (To Lam)  ថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ នៃទិវាបោះឆ្នោតសកលលើកដំបូង ដើម្បីជ្រើសរើសរដ្ឋសភាវៀតណាម។ រូបថត៖ យ័នតឹន​ / VNA
នារសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ នៅរដ្ឋធានី ហាណូយ សម័យប្រជុំលើកទី ១០ រដ្ឋសភា នីតិកាលទី ១៥ បានបិទបញ្ចប់។ លោកអគ្គលេខាបក្ស តូឡឹម (To Lam) រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ សមាជិករដ្ឋសភា និងភ្ញៀវកិត្តិយស អញ្ជើញចូលរួម ក្នុងសម័យបិទនេះ។ រូបថត៖ យ័នតឹន - VNA

ការរីកចម្រើនរបស់រដ្ឋសភា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ គឺជាដំណើរការទទួលបន្ត និងការផ្លាស់ប្តូរថ្មី ដោយឥតឈប់ឈរ ដើម្បីបញ្ជាក់ទីតាំងជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន និងជាស្ថាប័នមានអំណាចរដ្ឋខ្ពស់បំផុតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលឆ្លើយតបទៅនឹងតម្រូវការ និងភារកិច្ចនៃដំណាក់កាលបដិវត្តន៍នីមួយៗ របស់ វៀតណាម៕

  • ខ្លឹមសារ៖ កាសែតរូបភាពវៀតណាម
  • រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន (VNA)  
  • បច្ចេកទេស និងក្រាហ្វិក ហឿងថាវ

top