ក្នុងរយៈពេល ៨០ឆ្នាំ នៃការផ្សារភ្ជាប់ និងរួមសុខរួមទុក្ខជាមួយប្រជាជាតិ រដ្ឋសភាវៀតណាមតែងតែជាតំណាងនៃមហាសាមគ្គីជាតិទាំងមូល ជាស្ថាប័នមានអំណាចរដ្ឋខ្ពស់បំផុត និងជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន។
ក្នុងរយៈពេល ៨០ឆ្នាំ នៃការផ្សារភ្ជាប់ និងរួមសុខរួមទុក្ខជាមួយប្រជាជាតិ រដ្ឋសភាវៀតណាមតែងតែជាតំណាងនៃមហាសាមគ្គីជាតិទាំងមូល ជាស្ថាប័នមានអំណាចរដ្ឋខ្ពស់បំផុត និងជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន។ រដ្ឋសភាបានរីកចម្រើនឥតឈប់ឈរ ផ្លាស់ប្តូរថ្មី និងកែលម្អនូវរចនាសម្ព័ន្ធ និងវិធីសាស្រ្តធ្វើការរបស់ខ្លួនជាបន្តបន្ទាប់ លើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពនៃសកម្មភាព រួមចំណែកដល់ការពង្រឹងទំនុកចិត្តរបស់ប្រជាជនលើបុព្វហេតុនៃការកសាង ការពារ និងអភិវឌ្ឍប្រទេសជាតិ។ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៨០ ទិវាបោះឆ្នោតសកលលើកដំបូង ដើម្បីជ្រើសរើសសមាជិករដ្ឋសភា វៀតណាម (ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៤៦ - ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦) គឺជាឱកាសមួយសម្រាប់បក្ស ប្រជាជន និងកងទ័ពទាំងមូល រំលឹកឡើងវិញនូវប្រវត្តិនៃការបង្កើត និងអភិវឌ្ឍរដ្ឋសភាវៀតណាម។
ក្រោយពេលបង្កើត រដ្ឋសភានីតិកាលទី ១ (១៩៤៦ - ១៩៦០) បានបំពេញភារកិច្ចជាស្ថាប័នមានអំណាចខ្ពស់បំផុត នៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម។ ក្នុងដំណាក់កាលឆ្នាំ ១៩៤៦ - ១៩៥៤ រដ្ឋសភាបានរួមដំណើរជាមួយប្រជាជន ក្នុងបុព្វហេតុតស៊ូប្រឆាំង និងកសាងប្រទេសជាតិ។ នេះគឺជាលក្ខណៈពិសេសបំផុត របស់រដ្ឋសភាវៀតណាមក្នុងដំណាក់កាលនេះ ពោលគឺ "រដ្ឋសភាតស៊ូ"។ រដ្ឋសភាបានផ្ទេរអំណាចទៅឱ្យរដ្ឋាភិបាល។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា តែងតែអមដំណើរជាមួយរដ្ឋាភិបាល ក្នុងការពិភាក្សា និងផ្តល់យោបល់លើគោលការណ៍ និងគោលនយោបាយធំៗ ព្រមទាំងត្រួតពិនិត្យ និងផ្តល់មតិរិះគន់រដ្ឋាភិបាល។ ក្នុងដំណាក់កាលឆ្នាំ ១៩៥៤ - ១៩៦០ រដ្ឋសភាបានរួមជាមួយប្រជាជន អនុវត្តភារកិច្ចយុទ្ធសាស្ត្រពីរគឺ៖ នៅភាគខាងជើង ស្តារឡើងវិញ កែលម្អ និងអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម តាមមាគ៌ាសង្គមនិយម; នៅភាគខាងត្បូង បន្តធ្វើបដិវត្តន៍ជាតិប្រជាធិបតេយ្យ តស៊ូរំដោះភាគខាងត្បូង ដើម្បីឆ្ពោះទៅរកសន្តិភាព និងការបង្រួបបង្រួមប្រទេសជាតិ។ក្នុងរយៈពេល ១៤ ឆ្នាំ នៃដំណើរការ រដ្ឋសភា នីតិកាលទី ១ បានរៀបចំសម័យប្រជុំចំនួន ១២ លើក ដោយបានអនុម័តរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៤៦ និងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៥៩ រួមជាមួយច្បាប់ចំនួន១៦ និងសេចក្តីសម្រេចសំខាន់ៗ ចំនួន៥០។
លោកប្រធាន ហូជីមិញបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាប្រជាជន នីតិកាលទី ៥ នៅរដ្ឋធានី ហាណូយ ថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៦៩។ រូបថត៖ VNA
ក្នុងដំណាក់កាលនេះ រដ្ឋសភាបានដំណើរការ ស្របតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៥៩ និងច្បាប់ស្តីពី ការរៀបចំរចនាសម្ព័ន្ធរដ្ឋសភា ឆ្នាំ១៩៦០។ នេះជាសម័យកាល ដែលរដ្ឋសភា បានបំពេញភារកិច្ចក្នុងស្ថានភាព ដែលភាគខាងជើងកំពុងកសាងសង្គមនិយម និងធ្វើជាសមរភូមិក្រោយដ៏ធំ សម្រាប់សង្គ្រាមតស៊ូប្រឆាំងអាមេរិក ដើម្បីសង្គ្រោះជាតិ។
ជនជាតិម៉ាន (Man) កំពុងមើលផ្ទាំងគំនូរឃោសនាការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នីតិកាលទី ២ (១៩៦០)។ រូបថត៖ វូទីន – VNA
នៅក្នុងសម័យប្រជុំលើកដំបូង រដ្ឋសភា នីតិកាលទី ៦ បានអនុម័តលើសេចក្តីសម្រេចមួយស្តីពី ការប្តូរឈ្មោះប្រទេសទៅជា សាធារណរដ្ឋសង្គមនិយមវៀតណាម ហើយបានសម្រេចថា រដ្ឋសភាដែលត្រូវបានបោះឆ្នោតជ្រើសរើស ក្នុងការបោះឆ្នោតសកល នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ ១៩៧៦ នឹងក្លាយជារដ្ឋសភា នីតិកាលទី ៦ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងបានសម្រេចនូវការប្តូរឈ្មោះទីក្រុងសាយហ្គន- យ៉ាឌិញ (Sai Gon - Gia Dinh) គឺទីក្រុងហូជីមិញ ។ រូបថត៖ VNA
រដ្ឋសភា នីតិកាលទី ២ ដល់ទី ៥ បានអនុម័តច្បាប់ និងសេចក្តីសម្រេចសំខាន់ៗជាច្រើនស្តីពី សេដ្ឋកិច្ច កិច្ចការបរទេស និងការរៀបចំរចនាសម្ព័ន្ធរដ្ឋបាល ធានានូវកម្លាំង ដើម្បីយកឈ្នះលើសង្គ្រាម រួមចំណែកដល់ជ័យជម្នះនៃការវាយសម្រុក បញ្ចប់បដិវត្តន៍ប្រជាធិបតេយ្យជាតិ និងបង្រួបបង្រួមជាតិ។ ជាពិសេស រដ្ឋសភា នីតិកាលទី ៦ (១៩៧៦ - ១៩៨១) គឺជារដ្ឋសភានៃប្រទេសវៀតណាម ដែលបានបង្រួបបង្រួម ដោយបានសម្រេចប្តូរឈ្មោះប្រទេសទៅជា សាធារណរដ្ឋសង្គមនិយមវៀតណាម កំណត់ទង់ជាតិ សញ្ញាជាតិ ភ្លេងជាតិ ប្តូរឈ្មោះទីក្រុង សាយហ្គន- យ៉ាឌិញ (Sai Gon - Gia Dinh) ជាទីក្រុងហូជីមិញ និងកំណត់យកហាណូយជារដ្ឋធានីនៃប្រទេសវៀតណាម។ ហើយនៅក្នុងសម័យប្រជុំលើកទី ៧ (ខែធ្នូ ឆ្នាំ១៩៨០) រដ្ឋសភាបានអនុម័តរដ្ឋធម្មនុញ្ញថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺរដ្ឋធម្មនុញ្ញឆ្នាំ ១៩៨០។
នេះគឺជាដំណាក់កាល ដែលរដ្ឋសភាត្រូវបានរៀបចំរចនាសម្ព័ន្ធ និងដំណើរការតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៨០ និងច្បាប់ស្តីពីការរៀបចំរចនាសម្ព័ន្ធរដ្ឋសភា និងក្រុមប្រឹក្សារដ្ឋ ឆ្នាំ ១៩៨១។ រដ្ឋសភាត្រូវបានកំណត់ថា ជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន ជាស្ថាប័នអំណាចរដ្ឋខ្ពស់បំផុតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាស្ថាប័នតែមួយគត់ ដែលមានអំណាចបង្កើតរដ្ឋធម្មនុញ្ញ និងនីតិប្បញ្ញត្តិ។ រដ្ឋសភាអនុវត្តសិទ្ធិត្រួតពិនិត្យកំពូល ចំពោះរាល់សកម្មភាពរបស់រដ្ឋ។
រដ្ឋសភានីតិកាលទី៧ (១៩៨១ - ១៩៨៧) និងនីតិកាលទី៨ (១៩៨៧ - ១៩៩២) បានអនុម័តក្រមច្បាប់ចំនួន ២ ច្បាប់ចំនួន ៣៥, សេចក្តីសម្រេចចំនួន ៣៥ និងក្រុមប្រឹក្សារដ្ឋបានប្រកាសឱ្យប្រើប្រាស់នូវអនុក្រឹត្យចំនួន ៥៤។ ជាពិសេស រដ្ឋសភា នីតិកាលទី ៨ គឺជារដ្ឋសភានៃដំណាក់កាលដំបូងនៃបុព្វហេតុផ្លាស់ប្តូថ្មីទូទាំងប្រទេស ដែលមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៦ របស់បក្ស ដាក់ចេញ។ នៅក្នុងសម័យប្រជុំលើកទី១១ (ឆ្នាំ១៩៩២) រដ្ឋសភាបានអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២។
ប្រធានរដ្ឋសភា ង្វៀន ភូត្រុង (Nguyen Phu Trong) អញ្ជើញទៅទស្សនាថ្នាក់រៀនភាសាវៀតណាម នៅទីក្រុង Praha, សាធារណរដ្ឋឆែក (២០០៩)។ រូបថត៖ ទ្រីយុង / VNA
នេះគឺជារយៈពេល ដែលរដ្ឋសភាផ្លាស់ប្តូរថ្មីជាបន្តបន្ទាប់ និងបង្កើនគុណភាពនៃសកម្មភាពរបស់ខ្លួន។ សកម្មភាពរបស់រដ្ឋសភា កាន់តែមានការបើកចំហ និងតម្លាភាព ដោយផ្តោតលើមុខងារសំខាន់ៗ ចំនួនបី៖ នីតបញ្ញត្តិច្បាប់ (ការកសាង និងធ្វើវិសោធនកម្មប្រព័ន្ធច្បាប់) ការត្រួតពិនិត្យ (បង្កើនការត្រួតពិនិត្យកំពូល) និងការធ្វើសេចក្តីសម្រេចសម្រាប់បញ្ហាជាតិសំខាន់ៗ។រដ្ឋសភា នីតិកាលទី ៩ ដល់ទី ១២ បានមានការផ្លាស់ប្តូរយ៉ាងខ្លាំង ក្នុងការងារនីតិបញ្ញត្តិ និងត្រួតពិនិត្យ (ដូចជាការស្តាប់របាយការណ៍ ការបញ្ជូនគណៈប្រតិភូទៅត្រួតពិនិត្យនូវការអនុវត្តច្បាប់ ការផ្តោតលើបញ្ហាបន្ទាន់ ដូចជា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ) និងកិច្ចការបរទេស។
រដ្ឋសភា នីតិកាលទី ១៣ (២០១១-២០១៦) ត្រូវបានកត់សម្គាល់ជាលើកដំបូង ដែលអ្នកបោះឆ្នោតទូទាំងប្រទេសបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា និងការបោះឆ្នោតជ្រើសរើស តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ក្នុងថ្ងៃតែមួយ តាមទ្រង់ទ្រាយធំ។ សមិទ្ធផលដ៏លេចធ្លោបំផុតរបស់រដ្ឋសភា នីតិកាលទី១៣ គឺការអនុម័តពេញលេញ នៃសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៣។ អាណត្តិនេះក៏បានកត់សម្គាល់ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយផងដែរ ព្រោះនោះជាលើកដំបូង ដែលការបោះឆ្នោតទំនុកទុកចិត្ត ត្រូវបានធ្វើឡើងសម្រាប់តំណែង ដែលត្រូវបានជ្រើសតាំង ឬផ្តល់សច្ចាប័ន ដោយរដ្ឋសភា ហើយសមាជិករដ្ឋាភិបាលទាំងអស់ ត្រូវឆ្លើយសំណួរនៅចំពោះមុខរដ្ឋសភា។
លោក ត្រឹន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា ជួបជាមួយលោកនាយករដ្ឋមន្ត្រីចិន Li Qiang ក្នុងឱកាសលោកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម (រដ្ឋធានីហាណូយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤)។ រូបថត៖ យ័នតឹន / VNA
លោក ង្វៀន ស៊ីញហ៊ុង (Nguyen Sinh Hung) ប្រធានរដ្ឋសភា ថ្លែងសុន្ទរកថា នៅក្នុងសន្និសីទប្រធានសភាពិភពលោកលើកទី ៤ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥។ រូបថត៖ ញ៉ាន សាង/VNA
នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងក្នុងស្រុក) នៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ លោក ត្រឹន ថាញ់មិន (Tran Than Man) ប្រធានរដ្ឋសភា បានជួបជាមួយលោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី។ រូបថត៖ ថុងញ៉ឹត – VNA
រដ្ឋសភា នីតិកាលទី ១៤ (២០១៦-២០២១)៖ បានបន្តអនុម័តច្បាប់សំខាន់ៗ ជាច្រើន ដើម្បីអនុវត្តបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ក្នុងឆ្នាំ២០១៣ និងកែលម្អការរចនាសម្ព័ន្ធរដ្ឋ។ ជាពិសេស អាណត្តិនេះបានកត់សម្គាល់ការលោតផ្លោះដ៏សំខាន់មួយ នៃរដ្ឋសភាក្នុងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ដែលបង្ហាញតាមរយៈការរៀបចំសម័យប្រជុំ ដោយប្រើទម្រង់ចម្រុះនៃកិច្ចប្រជុំតាមអ៊ីនធឺណិត និងកិច្ចប្រជុំផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ-១៩។
រដ្ឋសភានីតិកាលទី ១៥ (២០២១-២០២៦)៖ ជ្រើសរើសដោយមានអត្រានៃអ្នកបោះឆ្នោតខ្ពស់បំផុត មិនធ្លាប់មានពីមុនមក (៩៩,៦%)។ ការងារនីតិកម្ម ត្រូវបានអនុវត្តក្រោមស្មារតី "នីតិកម្មម្ចាស់ការ" ដោយសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ក្នុងនោះផ្តោតលើការធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនានា ដើម្បីបម្រើដល់ការងារបង្រួមប្រព័ន្ធនយោបាយ។ គិតមកទល់ពេលនេះ រដ្ឋសភា អាណត្តិទី ១៥ បានរៀបចំសម័យប្រជុំសរុបចំនួន ១៧ លើក ក្នុងនោះមានសម័យប្រជុំវិសាមញ្ញចំនួន ៩ លើក និងសម័យប្រជុំសាមញ្ញចំនួន ៨ លើក។
លោកអគ្គលេខាបក្ស តូឡឹម (To Lam) ថ្លែងសុន្ទរកថានៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ នៃទិវាបោះឆ្នោតសកលលើកដំបូង ដើម្បីជ្រើសរើសរដ្ឋសភាវៀតណាម។ រូបថត៖ យ័នតឹន / VNA
នារសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៥ នៅរដ្ឋធានី ហាណូយ សម័យប្រជុំលើកទី ១០ រដ្ឋសភា នីតិកាលទី ១៥ បានបិទបញ្ចប់។ លោកអគ្គលេខាបក្ស តូឡឹម (To Lam) រួមជាមួយថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ សមាជិករដ្ឋសភា និងភ្ញៀវកិត្តិយស អញ្ជើញចូលរួម ក្នុងសម័យបិទនេះ។ រូបថត៖ យ័នតឹន - VNA
ការរីកចម្រើនរបស់រដ្ឋសភា ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ គឺជាដំណើរការទទួលបន្ត និងការផ្លាស់ប្តូរថ្មី ដោយឥតឈប់ឈរ ដើម្បីបញ្ជាក់ទីតាំងជាស្ថាប័នតំណាងខ្ពស់បំផុតរបស់ប្រជាជន និងជាស្ថាប័នមានអំណាចរដ្ឋខ្ពស់បំផុតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលឆ្លើយតបទៅនឹងតម្រូវការ និងភារកិច្ចនៃដំណាក់កាលបដិវត្តន៍នីមួយៗ របស់ វៀតណាម៕
- ខ្លឹមសារ៖ កាសែតរូបភាពវៀតណាម
- រូបថត៖ ទីភ្នាក់ងារសារព័ត៌មាន (VNA)
- បច្ចេកទេស និងក្រាហ្វិក ហឿងថាវ