អ្នកតែងផ្កា ហា មិញខោយ (Ha Minh Khoi) ជាជនជាតិវៀតណាមដំបូងបង្អស់ បានក្លាយជាសមាជិក AIFD
ចាប់ពីក្មេងប្រុសម្នាក់ ដែលកើតនៅតំបន់ជនបទក្រីក្រ រហូតក្លាយជាសិល្បការិនីតែងផ្កាដំបូងបង្អស់របស់វៀតណាម បានក្លាយជាសមាជិកនៃវិទ្យាស្ថានរចនាតែងផ្កាអាមេរិក (AIFD) ព្រមទាំងជាប់ក្នុងបញ្ជី Forbes 30 Under 30។ រឿងរ៉ាវរបស់ ហា មិញខោយ (Ha Minh Khoi) គឺជាភស្តុតាងបញ្ជាក់ពីថាមពល នៃចំណង់ចំណូលចិត្ត ភាពអត់ធ្មត់ និងការដឹងគុណ។
១. វ័យកុមារភាព របស់ ហា មិញខោយ (Ha Minh Khoi) គឺជាទិដ្ឋភាពមួយ ដែលពោរពេញដោយការលំបាក ប៉ុន្តែក៏សម្បូរទៅដោយពណ៌នៃក្តីស្រឡាញ់ ពីគ្រួសារនិងធម្មជាតិ។ កើតក្នុងគ្រួសារកសិករក្រីក្រ ដែលមានបងប្អូន១០នាក់ នៅបារៀ - វុងតាវ (Ba Ria – Vung Tau) វ័យកុមារភាព របស់ ហា មិញខោយ (Ha Minh Khoi) បានផ្សារភ្ជាប់ជាមួយនឹងការជួយគ្រួសារ តាំងពីអាយុ៨ឆ្នាំ ដូចជា៖ បេះពោត ស៊ីឈ្នួលបេះស្លឹកផ្កាអង្គារសិល្ប៍ឱ្យគេ។
ចំណង់ចំណូលចិត្តរបស់ ខោយ (Khoi) កើតមាននៅពេល ដែលគាត់បានទៅវិហារ ជាមួយអ្នកម្តាយ រួចក៏សូមបានជួយដូនជីតែងផ្កា។ ជាលើកដំបូង បានឃើញផ្សារលក់ផ្កាធំមួយ ប្រការនេះ បានដក់ជាប់ក្នុងចិត្តក្មេងប្រុសរូប នូវចំណាប់អារម្មណ៍យ៉ាងខ្លាំង។ គាត់ចាប់ផ្តើមតែងផ្កាដោយខ្លួនឯង ដោយប្រើស្លឹកឈើក្នុងសួន ហើយក្តីរីករាយបានផ្ទុះឡើង នៅពេលគាត់បានគេប្រគល់ភារកិច្ច តែងផ្កាសម្រាប់វិហារ ទទួលបានពាក្យសរសើរដោយស្មោះពីមនុស្សគ្រប់គ្នា។ នៅអាយុ១៤ឆ្នាំ ខោយ បានសូមជួយតែងផ្កា នៅហាងមួយក្នុងស្រុក តែមួយឆ្នាំក្រោយមក នៅអាយុ១៥ឆ្នាំ គាត់ចេះទិញផ្កាមកខ្ចប់តែងលក់ដោយខ្លួនឯង ហើយទទួលបានមតិវិជ្ជមាន ពីអតិថិជនដំបូងរបស់គាត់។


ផ្លូវសិក្សារបស់ខោយ (Khoi) មិនសូវរលូនទេ។ ខោយ (Khoi) ធ្លាប់ប្រឡងធ្លាក់សាកលវិទ្យាល័យវិចិត្រសិល្បៈ ដោយសារខ្វះកន្លះពិន្ទុ នេះជាការវិបត្តិផ្លូវចិត្តមួយយ៉ាងខ្លាំង ប៉ុន្តែបែរជាបើកទ្វារថ្មីដោយចៃដន្យ។ គាត់បានវេចសម្ពាយទៅទីក្រុងសាយហ្គន ទាំងរៀនផង ទាំងធ្វើជាជំនួយការផង នៅហាងផ្កាប្រណីតមួយ។ ត្រឹមតែពីរខែបន្តបន្ទាប់ ផ្តើមពីអ្នកជំនួយការដោយចំណង់ចំណូលចិត្ត និងខិតខំប្រឹងប្រែងជាណាស់ណាបង្អស់ គាត់បានក្លាយជាអ្នកតែងផ្កាមួយរូប។ ព្រឹត្តិការណ៍នេះ បានបញ្ជាក់ពីទេពកោសល្យពីកំណើត និងការតាំងចិត្តដ៏មុតមាំរបស់គាត់ ចំពោះអាជីពតែងផ្កា។
២. យកឈ្នះលើការបរាជ័យក្នុងសិក្សា ខោយ មិនអនុញ្ញាតឱ្យខ្លួនឯង លិចលង់ក្នុងវិប្បដិសារីឡើយ តែនោះជាឱកាសសម្រាប់ខ្លួនឯងរស់ពេញលេញ ជាមួយចំណង់ចំណូលចិត្ត។ ជំនួសឱ្យការសិក្សាតាមផ្លូវសាកលវិទ្យាល័យបែបប្រពៃណី គាត់ផ្តោតលើការងាររៀនសូត្រជាក់ស្តែង ស្វែងរកឱកាសសិក្សា និងបង្កើនចំណេះដឹងនៅបរទេស។
បញ្ហាប្រឈមមួយក្នុងបញ្ហាប្រឈមធំបំផុត គឺការចូលរួម AIFD – សមាគមរចនាតែងផ្កាអាមេរិកដ៏ល្បីល្បាញ។ គាត់ធ្លាក់ទិដ្ឋាការពីរដងដោយសារឧបសគ្គខាងភាសាអង់គ្លេស។ ទោះជាយ៉ាងណាក៏ដោយ ជំនួសឱ្យការបោះបង់ ខោយ បានចំណាយពេលវេលា៦ខែខិតខំរៀនភាសាអង់គ្លេស ដើម្បីបំពេញតាមតម្រូវការ បន្ទាប់មកទទួលបានជោគជ័យក្នុងការប្រឡងលើកទី៣ នៅឆ្នាំ២០១៦ ក្លាយជាជនជាតិវៀតណាមដំបូងគេដែលទទួលបានកិត្តិនាមនេះ នៅអាយុ២៥ឆ្នាំ។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាចំណុចសំខាន់ផ្ទាល់ខ្លួនប៉ុណ្ណោះទេ នៅទាំងជាការបញ្ជាក់ពីសមត្ថភាព និងទីជំហររបស់ជនជាតិវៀតណាមនៅលើឆាកអន្តរជាតិផងដែរ។
នៅពេលអភិវឌ្ឍអាជីពនៅរដ្ឋធានីហាណូយ ជាទីផ្សារដែលបានវាយតម្លៃថាលំបាក ខោយ ក៏បានប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងខ្លាំង។ ប៉ុន្តែ គាត់មិនបានផ្តោតខ្លាំងលើការប្រៀបធៀបឡើយ តែគាត់បានផ្តោតលើ "ផ្លូវផ្ទាល់ខ្លួនរបស់គាត់" ហើយចាត់ទុកខ្លួនឯង ថាជាគូប្រជែងខ្លាំងបំផុតដែលត្រូវតែយកឈ្នះ ជារៀងរាល់ថ្ងៃ។
៣. ហា មិញខោយ (Ha Minh Khoi) មានគំនិតច្នៃប្រឌិត និងព្រលឹងសិល្បករពិតប្រាកដ តែខាងក្រោយនោះ គឺជាគុណសម្បត្តិថ្លៃថ្លាដែលបង្កើតបានជា "មេធ្មប់" តែងផ្កា ហា មិញខោយ (Ha Minh Khoi)។
ទោះបីជាបាន Forbes វៀតណាម ទទួលស្គាល់នៅក្នុងបញ្ជី Top 30 Under 30 ក៏ដោយ ខោយនៅតែរក្សាសុភាពរាបសារ។ គាត់មិនបានចាត់ទុកវាជា "ផ្លូវកាត់" ឡើយ តែវាជាកម្លាំងចលករ ដើម្បីបន្តបង្កើនសមត្ថភាព។ ខោយ តែងចូលរួមវគ្គសិក្សា និង សិក្ខាសាលានានា នៅប្រទេសម៉ាឡេស៊ី ហូឡង់ បារាំង ជប៉ុន និងអាមេរិក ជាបន្តបន្ទាប់ ព្រមទាំងអានសៀវភៅ អានទស្សនាវដ្តី ដើម្បីធ្វើបច្ចុប្បន្នភាពនិន្នាការ និងបង្កើនចំណេះដឹង។
ទោះបីជាជាសិល្បករធ្នាក់ថ្នមផ្កាក៏ដោយ ខោយ (Khoi) បែរជាមានភាពជាក់ស្តែងក្នុងការរៀបចំផែនការអាជីព។ ខោយ (Khoi) បានបដិសេធដាក់ពាក្យវិនិយោគជាច្រើន ដើម្បីពង្រីកខ្សែសង្វាក់ហាង ពីព្រោះគាត់ជឿថា ការតែងផ្កាត្រូវការអារម្មណ៍ និង ការផ្តោតអារម្មណ៍ខ្ពស់ទៅលើស្នាដៃនីមួយៗ។ គាត់ចង់រក្សា "អត្ត" របស់សិល្បករ ហើយបម្រើអតិថិជន តាមបែបផ្ទាល់ខ្លួន របស់គាត់។
សេចក្តីប្រាថ្នារបស់ ហា មិញខោយ (Ha Minh Khoi) មិនត្រឹមតែ បញ្ឈប់ត្រឹមការបង្កើតស្នាដៃផ្កាដ៏ស្រស់ស្អាតប៉ុណ្ណោះទេ នៅទាំងបូកបញ្ចូលចក្ខុវិស័យទូលាយសម្រាប់វិស័យផ្កាវៀតណាម និងសហគមន៍ទាំងមូលផងដែរ។ ខោយចង់បង្ហាញថា សិល្បៈតែងផ្កា មិនមែនត្រឹមតែជាសិល្បៈតែងផ្កាប៉ុណ្ណោះទេ នៅទាំងជាវិញ្ញាសាសិល្បៈប្រណីតមួយ។
ហា មិញខោយ (Ha Minh Khoi) បានលើកឡើងថា "អាជីពតែងផ្កា នៅវៀតណាម នៅមានភាពអន់ថយគួរសម" ដោយសារកង្វះការប្រឡងប្រជែងជំនាញ និងសាលាបណ្តុះបណ្តាលត្រឹមត្រូវ។ ខោយ កំពុងរៀបចំផែនការ ដើម្បីបំពេញចន្លោះប្រហោងនោះ។ ហា មិញខោយ (Ha Minh Khoi) ជឿជាក់ថា អនាគតវិស័យតែងផ្កាវៀតណាម "នឹងទៅបានឆ្ងាយ" ហើយគាត់ចង់ក្លាយជាផ្នែកមួយនៃជើងដំណើរនោះ៕
អត្ថបទ៖ ថាវវី រូបថត៖ ខាញ់ឡុង/កាសែតរូបភាពវៀតណាម ឯកសារតួអង្គផ្តល់ជូន
ប្រែសម្រួល៖ រីកើង









