អ្នកការទូត លោកស្រី តូន នឺធីនិញ (Ton Nu Thi Ninh)៖ "ទីជំហរវៀតណាមមួយថ្ងៃកាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិ"
ក្រោយរយៈពេល ៨០ឆ្នាំនៃការបង្កើតប្រទេស (១៩៤៥ - ២០២៥) វៀតណាមពីប្រទេសមួយដែលត្រូវគ្របដណ្ដប់ដោយភ្លើងសង្គ្រាម ងើបឡើងក្លាយជាដៃគូទំនុកចិត្ត និងជាសមាជិកមានទំនួលខុសត្រូវជាសកល។ កិច្ចសម្ភាសន៍របស់អ្នកសារព័ត៌មាន នៃកាសែតរូបភាពវៀតណាម ជាមួយអ្នកការទូត លោកស្រី តូន នឺធីនិញ បានបង្ហើបអំពីទស្សនៈស៊ីជម្រៅស្តីពីទីជំហរ និងអនាគតរបស់វៀតណាម នៅលើឆាកអន្តរជាតិ។ល។
អ្នកសារព័ត៌មាន៖ ក្រឡេកមើលទៅដងផ្លូវរយៈពេល៨០ឆ្នាំ ចាប់តាំងពីថ្ងៃបង្កើតប្រទេស តើពេលវេលាណាខ្លះ ដែលធ្វើឱ្យលោកស្រី រំភើប ឬមានមោទកភាពក្នុងនាមជាជនជាតិវៀតណាមម្នាក់?
លោកស្រី តូន នឺធីនិញ៖ ក្នុងដំណើរការអភិវឌ្ឍនៃប្រជាជាតិ មានចំណុចសំខាន់ៗជាច្រើន ក្នុងប្រវត្តិសាស្ត្រដែលបន្សល់ទុកស្លាកស្នាមជ្រៅ នៅក្នុងចិត្តរបស់ជនជាតិវៀតណាមម្នាក់ៗ។ ចំពោះខ្ញុំ ពេលវេលាពិសិដ្ឋ និងរំភើបបំផុត គឺនៅពេលដែលលោកប្រធាន ហូជីមិញ អានសេចក្តីប្រកាសឯករាជ្យ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីលានបាឌិញ - ព្រឹត្តិការណ៍ប្រសូតប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម គូសបញ្ជាក់ការផ្លាស់ប្តូររបស់ប្រជាជាតិ ឈានទៅកាន់យុគសម័យថ្មីមួយ៖ ឯករាជ្យ សេរីភាព ម្ចាស់ការ។
ចំពោះវិស័យការបរទេស ព្រឹត្តិការណ៍នានាដូចជាការចូលជាសមាជិកអង្គការសហប្រជាជាតិរបស់វៀតណាម (ឆ្នាំ១៩៧៧) ការធ្វើធម្មតាទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក (ឆ្នាំ១៩៩៥) ការចូលជាសមាជិកអាស៊ាន (ឆ្នាំ១៩៩៥) និង WTO (ឆ្នាំ២០០៧) គឺជារបត់ប្រវត្តិសាស្ត្រ។ វាមិនត្រឹមតែបង្ហាញពីការធ្វើសមាហរណកម្ម កាន់តែស៊ីជម្រៅប៉ុណ្ណោះទេ នៅទាំងបញ្ជាក់អំពីគោលគំនិតនៃកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ ពហុភាគី និងពិពិធកម្មទំនាក់ទំនងអន្តរជាតិរបស់វៀតណាមផងដែរ។
អ្នកសារព័ត៌មាន៖ តើលោកស្រីវាយតម្លៃបែបណា ចំពោះគោលនយោបាយការបរទេសរបស់វៀតណាម នៅពេលកន្លងមក?
លោកស្រី តូន នឺធីនិញ៖ ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងណាស់ ជាមួយនឹងការប្រើពាក្យពោលជារូបភាព "ដើមឫស្សីវៀតណាម" ដែលអតីតអគ្គលេខាបក្ស ង្វៀន ភូត្រុង បានប្រើដើម្បីពិពណ៌នា អំពីគោលជំហរការបរទេសរបស់ប្រទេស - ទន់ភ្លន់តែរឹងមាំ បត់បែនតែនៅតែរក្សាបានភាពក្លាហាន និងគោលការណ៍។
គោលនយោបាយការបរទេសរបស់វៀតណាម បានកសាងឡើងលើមូលដ្ឋាននៃឯករាជ្យភាព ភាពម្ចាស់ការ សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយមានយុទ្ធសាស្ត្រពហុភាគីភាវូបនីយកម្ម និងភាពចម្រុះនៃទំនាក់ទំនងអន្តរជាតិ។ គោលនយោបាយ "បួនមិន" ក្នុងវិស័យការពារជាតិ បង្ហាញយ៉ាងច្បាស់ ពីជំហរដែលមិនប្រែប្រួលរបស់វៀតណាម គឺ៖ មិនចូលរួមសម្ព័ន្ធភាពយោធា មិនរួមដៃជាមួយប្រទេសណាមួយ ដើម្បីប្រឆាំងនឹងប្រទេសផ្សេង មិនអនុញ្ញាតឱ្យបរទេសដាក់មូលដ្ឋានយោធាលើទឹកដី និងមិនប្រើកម្លាំង ឬគំរាមប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។
ការចូលរួមរបស់វៀតណាម ក្នុងកម្លាំងរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ (UN) តាំងពីឆ្នាំ២០១៤មក គឺជាភស្តុតាងជាក់ស្តែង នៃស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តក្នុងការរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងលើពិភពលោក។ ជាពិសេស ការចូលរួមរបស់កម្លាំងពេទ្យយោធាជាស្ត្រី ក្នុងបេសកកម្មនានា គឺជាទិដ្ឋភាពដ៏ស្រស់ស្អាតមួយ បង្ហាញពីតួនាទីសកម្មរបស់ស្ត្រីវៀតណាមក្នុងសកម្មភាពអន្តរជាតិ។
អ្នកសារព័ត៌មាន៖ ក្នុងអំឡុងពេលដែលលោកស្រីធ្វើការក្នុងវិស័យការទូត តើវៀតណាមបានឆ្លងកាត់ការលំបាកអ្វីខ្លះ ដើម្បីបញ្ជាក់អំពីទីជំហររបស់ខ្លួននៅលើឆាកអន្តរជាតិ?
លោកស្រី តូន នឺធីនិញ៖ ទសវត្សរ៍ឆ្នាំ១៩៩០ គឺជាដំណាក់កាលដែលមានឧបសគ្គច្រើន។ មុនឆ្នាំ១៩៩៥ វៀតណាមនៅតែប្រឈមនឹងការរើសអើង ការសង្ស័យជាច្រើន មកពីបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ។ ក៏ប៉ុន្តែ ការធ្វើធម្មតាទំនាក់ទំនងជាមួយចិន (ឆ្នាំ១៩៩១) បន្ទាប់មកជាមួយនឹងសហរដ្ឋអាមេរិក (ឆ្នាំ១៩៩៥) បានបង្កើតរបត់ប្រវត្តិសាស្ត្រ បើកទូលាយលំហថ្មី សម្រាប់ការទូតវៀតណាម។
ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នៅឆ្នាំ២០០៧ បានបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការធ្វើសមាហរណកម្មស៊ីជម្រៅ។ សមិទ្ធិផលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគមិនត្រឹមតែនាំមកនូវផលប្រយោជន៍សម្ភារៈប៉ុណ្ណោះទេ នៅទាំងជួយវៀតណាមលើកកម្ពស់រូបភាព និងទីជំហររបស់ខ្លួន នៅលើឆាកអន្តរជាតិផងដែរ។
* លោកស្រី តូន នឺធីនិញ មានបទពិសោធន៍ ៤០ ឆ្នាំក្នុងវិស័យការទូត និងកិច្ចការបរទេស។
- ដំណាក់កាល ២០០០ - ២០០៣ លោកស្រីធ្លាប់កាន់តំណែងជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅបែលហ្សិក និងលុចសំបួរ និងនៅក្បែរសហភាពអឺរ៉ុប (EU) ជាទីដែលលោកស្រីបានផ្តួចផ្តើមសកម្មភាពការទូតវប្បធម៌ជាច្រើន។
- ចាប់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៧ ក្នុងតួនាទីជាអនុប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភា លោកស្រីបានចូលរួមក្នុងបញ្ហាអំពីសិទ្ធិមនុស្ស ក៏ដូចជាផលវិបាកនៃសារធាតុពុល Dioxin និងជំរុញដំណើរការ ធ្វើឱ្យទំនាក់ទំនង មានលក្ខណៈធម្មតា ជាមួយ សហគមន៍ជនជាតិវៀតណាម នៅបរទេស។
- លោកស្រីបានទទួលគ្រឿងឥស្សរិយយសជាច្រើន ទាំងក្នុង និងក្រៅប្រទេស រួមមាន៖ គ្រឿងឥស្សរិយយសពលកម្មលេខ១ នៃរដ្ឋាភិបាលវៀតណាម (២០០៨) គ្រឿងឥស្សរិយយស ឡេហ្សីយុង ដឺណ័រ (Légion d'honneur) នៃរដ្ឋាភិបាលបារាំង (១៩៩៨ និង ២០១៣ ថ្នាក់មេបញ្ជាការ) និងគ្រឿងឥស្សរិយយស Leopold II នៃរដ្ឋាភិបាលបែលហ្សិក (២០០៣)។
- បច្ចុប្បន្ន លោកស្រីជាប្រធានមូលនិធិសន្តិភាព និងការអភិវឌ្ឍទីក្រុងហូជីមិញ (HPDF) ដែលមានគោលបំណងកៀរគរការចូលរួម និងការរួមចំណែកពីសហគមន៍ និងដៃគូក្នុង និងក្រៅប្រទេស ដើម្បីបម្រើបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ទីក្រុងហូជីមិញ និងប្រទេសជាតិ។
អ្នកសារព័ត៌មាន៖ តាមលោកស្រី វៀតណាមបច្ចុប្បន្នកំពុងបានមើលឃើញយ៉ាងដូចម្តេច នៅក្នុងក្រសែភ្នែកមិត្តភក្តិអន្តរជាតិ?
លោកស្រី តូន នឺធីនិញ៖ វៀតណាមបច្ចុប្បន្ន បានវាយតម្លៃជាប្រទេស ដែលមានស្ថិរភាពនយោបាយ ថាមពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសកម្មក្នុងទំនាក់ទំនងកិច្ចការបរទេស។ រូបភាពវៀតណាមលែងជាប់ទាក់ទងនឹងសង្គ្រាមទៀតហើយ គឺជា "ផ្កាយកំពុងរះ" នៅក្នុងតំបន់ទ្វីបអាស៊ី។
វៀតណាមកំពុងបង្កើតទីជំហរតំណភ្ជាប់ដ៏សំខាន់ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ជាទិសដៅវិនិយោគទាក់ទាញ ជាដៃគូសន្ទនាដែលមានទំនួលខុសត្រូវ និងគួរឱ្យទុកចិត្ត។ ភាពរាក់ទាក់ បើកចំហ និងបើកទូលាយចក្ខុវិស័យនៃប្រជាជនវៀតណាម ក៏ជាកត្តាដែលបង្កើតមនោសញ្ចេតនាល្អ និងទំនុកចិត្តពីមិត្តភក្តិអន្តរជាតិផងដែរ។
អ្នកសារព័ត៌មាន៖ ជាមួយនឹងស្ថានភាពពិភពលោក កំពុងប្រែប្រួល តើវៀតណាមចាំបាច់ត្រូវកែសម្រួលអ្វីខ្លះ ក្នុងគោលនយោបាយការបរទេស ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព?
លោកស្រី តូន នឺធីនិញ៖ ពិភពលោកកំពុងឃើញការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ និងស្មុគស្មាញជាច្រើន ដែលតម្រូវឱ្យយើងបន្តភាពបត់បែនតែប្រកាន់ខ្ជាប់នូវគោលការណ៍។ វៀតណាមត្រូវបន្តគោលជំហរការបរទេសឯករាជ្យ ភាពម្ចាស់ការ បន្តធ្វើសកម្មភាពយ៉ាងសកម្ម និងចូលរួមយ៉ាងសកម្មក្នុងយន្តការពហុភាគី និងតំបន់ ដើម្បីលើកកម្ពស់តួនាទី និងសំឡេងនៅក្នុងបញ្ហាពិភពលោក។
ខ្ញុំយល់ថា ការចូលរួមក្នុងអាស៊ានតាំងពីឆ្នាំ១៩៩៥ គឺជាជំហានយុទ្ធសាស្ត្រមួយ ដែលបង្កើតបានជាជំហររឹងមាំ និងម្ចាស់ការជាងមុន បើកចំហរលំហកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយ ក្នុងវិស័យជាច្រើន។ នាពេលអនាគត យើងត្រូវបន្តអះអាងពីតួនាទី ជាអ្នកដឹកនាំក្នុងការកសាងក្នុងតំបន់ រួមចំណែកដល់ការពង្រឹង និងលើកកម្ពស់យន្តការពិភពលោក ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
អ្នកសារព័ត៌មាន៖ តើលោកស្រីយល់យ៉ាងណាដែរ អំពីតួនាទីរបស់វៀតណាមក្នុងអង្គការអន្តរជាតិ?
លោកស្រី តូន នឺធីនិញ៖ វៀតណាមបានបង្ហាញពីសមត្ថភាព និងការទទួលខុសត្រូវ តាមរយៈការចូលរួមក្នុងអង្គការអន្តរជាតិសំខាន់ៗ។ ការទទួលតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចំនួនពីរដង បង្ហាញពីការជឿទុកចិត្តពីអន្តរជាតិសម្រាប់វៀតណាម។
ខ្ញុំសង្ឃឹមថា ក្នុងពេលអនាគត វៀតណាមនឹងមានតំណាងច្រើនថែមទៀត នៅក្នុងស្ថាប័នជំនាញនៃអង្គការសហប្រជាជាតិ យូណេស្កូ (UNESCO) ឬអង្គការអន្តរជាតិដទៃទៀត។ នេះជាឱកាសសម្រាប់វៀតណាម មិនត្រឹមតែរួមចំណែកលើគោលនយោបាយប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីសមត្ថភាពធនធានមនុស្ស ភាពក្លាហាន និងប្រាជ្ញាវៀតណាមលើឆាកសកលលោក។
អ្នកសារព័ត៌មាន៖ ក្រឡេកមើលទៅអនាគត២០ឆ្នាំខាងមុខ ឆ្ពោះទៅកាន់ចំណុចសំខាន់១០០ឆ្នាំ នៃការបង្កើតប្រទេស (ឆ្នាំ២០៤៥) តើលោកស្រីរំពឹងអ្វីសម្រាប់ប្រទេសជាតិ?
លោកស្រី តូន នឺធីនិញ៖ ខ្ញុំរំពឹងថា វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍដែលមានប្រាក់ចំណូលខ្ពស់។ ក្នុងវិស័យការបរទេស ខ្ញុំចង់ឱ្យយើងបន្តរក្សាអត្តសញ្ញាណពិសេស នៅក្នុងគោលនយោបាយការទូត ដែលមានភាពទន់ភ្លន់ បត់បែន និងខ្ជាប់ខ្ជួនក្នុងគោលការណ៍។
ជាពិសេស ខ្ញុំរំពឹងថាបច្ឆាជនជំនាន់ក្រោយនឹងដើរតួនាទីឈានមុខ ក្នុងកិច្ចការបរទេសសតវត្សទី២១ - មានភាពស្វាហាប់ វិជ្ជាជីវៈ និងធ្វើសមាហរណកម្មពេញលេញ ដោយនាំវៀតណាមក្លាយជាគំរូវិជ្ជមាន ក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
អ្នកសារព័ត៌មាន៖ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកស្រី!
អត្ថបទ៖ សើនងៀ រូបថត៖ ឡេមិញ ឯកសារផ្ដល់ដោយម្ចាស់រូបភាព
ប្រែសម្រួល៖ រីកើង




















