អ្នក "បញ្ឆេះភ្លើង" ឱ្យភាពយន្តវៀតណាម
ទោះបីជាមិនសូវបង្ហាញខ្លួនច្រើននៅចំពោះមុខកាមេរ៉ាក៏ដោយ តែលោកស្រីបណ្ឌិតង៉ោ ផឿងឡាន (Ngo Phuong Lan) នៅតែជាអ្នកឈរជើងរឹងមាំពីក្រោយឆាក ដោយស្ងៀមស្ងាត់ "បញ្ឆេះភ្លើង" ឱ្យភាពយន្តវៀតណាម ក្នុងដំណើរសមាហរណកម្មជាមួយពិភពលោក។ ថ្មីៗនេះ លោកស្រីបានក្រសួងវប្បធម៌ នៃសាធារណរដ្ឋបារាំង ប្រគល់គ្រឿងឥស្សរិយយសអក្សរសិល្ប៍ និងសិល្បៈថ្នាក់នាយទាហាន។ នេះជាគ្រឿងឥស្សរិយយសមួយក្នុងចំណោមគ្រឿងឥស្សរិយយសដ៏មានកិត្តិយស ដើម្បីលើកតម្កើងបុគ្គល ដែលមានការចូលរួមចំណែកពិសេស ក្នុងវិស័យវប្បធម៌ សិល្បៈ និងជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការវប្បធម៌អន្តរជាតិ។
កើតក្នុងគ្រួសារដែលមានប្រពៃណីសិល្បៈ ឪពុកជាសិល្បករប្រជាជន ង៉ោ ម៉ាញឡឹន (Ngo Manh Lan) ជាអ្នកបង្កើតគ្រឹះមួយរូបសម្រាប់វិស័យគំនូរជីវចលវៀតណាម អ្នកម្តាយជាតារាសម្តែង សិល្បការិនីប្រជាជន ផាម ង៉ុកឡាន (Pham Ngoc Lan) ដូច្នេះ ភាពយន្តបានក្លាយជាចំណង់ចំណូលចិត្ត និងឧត្តមគតិនៃជីវិតរបស់លោកស្រី ង៉ោ ផឿងឡាន (Ngo Phuong Lan) តាំងពីកុមារភាពមក។
នៅវ័យអាយុ ២០ ឆ្នាំ លោកស្រីបានចាកចេញពីរដ្ឋធានីហាណូយ ទៅសិក្សានៅសាកលវិទ្យាល័យភាពយន្តជាតិ VGIK (ទីក្រុងម៉ូស្គូ សហភាពសូវៀត)។
ត្រឡប់មកប្រទេសវៀតណាមវិញ លោកស្រីបម្រើការងារនៅនាយកដ្ឋានភាពយន្ត (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) គាត់ក៏បានលះបង់អស់ពីចិត្ត ដើម្បីការអភិវឌ្ឍវិស័យភាពយន្តក្នុងស្រុក។ បន្ទាប់មក ក្នុងតួនាទីជាអគ្គនាយកនាយកដ្ឋានភាពយន្ត លោកស្រីបាននាំយកជំនោរខ្យល់អាកាសថ្មីមួយមកបញ្ចូលក្នុងវិស័យភាពយន្ត ក្នុងបរិបទដែលវិស័យនេះមានការផ្លាស់ប្តូរជាច្រើន ដោយមានការចូលរួមខ្លាំងឡើងៗពីឯកជន។
មិនត្រឹមតែជាអ្នកគ្រប់គ្រងប៉ុណ្ណោះទេ លោកស្រីនៅជាអ្នករិះគន់ និងជាអ្នកស្រាវជ្រាវ ជាមួយនឹងស្នាដៃសិក្សាដែលមានតម្លៃ លេចធ្លោ ជាពិសេសគឺនិក្ខេបបទថ្នាក់បណ្ឌិត "លក្ខណៈទំនើប និងលក្ខណៈជាតិនិយមក្នុងភាពយន្តវៀតណាម" ដែលជាព្រឹត្តិការណ៍សំខាន់ក្នុងដំណើរការនាំយកភាពយន្តវៀតណាម ឱ្យកាន់តែជិតស្និទ្ធជាមួយសាធារណជនអន្តរជាតិ។
បន្ទាប់ពីចូលនិវត្តន៍ លោកស្រីបានបង្កើតសមាគមជំរុញ និងអភិវឌ្ឍភាពយន្តវៀតណាម ក្នុងតួនាទីជាស្ពានតភ្ជាប់រវាងស្ថាប័នគ្រប់គ្រង និងអ្នកជំនាញ ព្រមទាំងលើកទឹកចិត្តខេត្តក្រុងនានា ឱ្យក្លាយជាទីតាំងថតភាពយន្ត និងថតរូបភាព ដោយបង្កើតគោលនយោបាយទាក់ទាញថ្មីៗ។
នៅឆ្នាំ២០២៣ លោកស្រីបានបង្កើតមហោស្រពភាពយន្តអាស៊ីដាណាំង ជាមហោស្រពភាពយន្តប្រចាំឆ្នាំដំបូងបង្អស់របស់វៀតណាម (DANAFF)។ នៅរដូវកាលទីពីរ លោកស្រីបានរៀបចំសិក្ខាសាលាជំនាញរួមជាមួយកម្មវិធីបញ្ចាំងភាពយន្តពិសេស ដើម្បីលើកតម្កើងទំនាក់ទំនងរវាងភាពយន្តបារាំង និងភាពយន្តវៀតណាម។
"គ្រឿងឥស្សរិយយសដ៏ថ្លៃថ្លានេះ គឺដើម្បីលើកតម្កើងដំណើរអស្ចារ្យនៃស្ត្រីម្នាក់ ដែលបានជំនះគ្រប់ដែនកំណត់ និងឧបសគ្គ លះបង់អស់ពីចិត្តដើម្បីភាពយន្ត។ លោកស្រី ជានិមិត្តរូបដ៏រស់រវើក សម្រាប់ទំនាក់ទំនងរឹងមាំ រវាងប្រទេសវៀតណាម និងបារាំង"។ លោកស្រី Rachida Dati - រដ្ឋមន្ត្រីក្រសួងវប្បធម៌ នៃសាធារណរដ្ឋបារាំង
អត្ថបទ៖ ង៉ឹនហា រូបថត៖ ត្រឹន ថាញយ៉ាង& ឯកសារ
ប្រែសម្រួល៖ រីកើង









