អស្ចារ្យផ្សារ ង៉ៀនឡន (Nghien Loan)

អស្ចារ្យផ្សារ ង៉ៀនឡន (Nghien Loan)

ចំពោះ​ប្រទេស​ដែលមាន​ខឿន​កសិកម្ម​ស្រូវជើង​ទឹក​ តាំងពីយូរយារមកដូច​ជា​វៀតណាម​ ក្របី និង​ គោ​ ជា​សត្វ​ចិញ្ចឹម​ដែល​មាន​សារៈ​សំខាន់បំផុត​​។ ហេតុនេះ​ តាំង​ពី​អតីតកាល បុព្វបុរសបាន​​បង្កើត​មាន​ផ្សារ​ក្របី​ គោ ​ល្បី​ឈ្មោះ​ដូចជា​៖ ផ្សារ​អូ - U (ខេត្ត​ងែអាន - Nghe An) ផ្សារ​បាន​ - Ban (ខេត្ត​ថាញ​ហ្វ័រ- Thanh Hoa​) បាក់ហា - Bac Ha កាយ​កូវ​ - Cai Cau (ខេត្ត​ឡាវ​កាយ​- Lao Cai) ត្រាលិញ​ - Tra Linh (ខេត្ត​កាវ​បាំង- Cao Bang​)។ល។ ក៏ប៉ុន្តែ​ ផ្សារ​ក្របី​ង៉ៀន​ឡន​(Nghien Loan)(ស្រុក​ផា​ណាំ​​ - Pac Nam ខេត្ត​បាក់កាន- Bac Kan​)​ ជាផ្សារ​ពិសេស​បំផុត​ ពីព្រោះ​នៅ​រក្សាបាន​លក្ខណៈ​វប្បធម៌​ពិសេស​ និងជា​ផ្សារ​មាន​ក្របី​គោ​ ត្រូវបាន​លក់​នៅពេល​ប្រជុំ​ផ្សារ​ច្រើន​​បំផុតក្នុង​​ទូទាំង​ប្រទេស​។​

ផ្សារ​ក្របី​ គោ ​ឃុំ​ង៉ៀន​ឡន​ (Nghien Loan) ស្រុក​ផាក​ណាំ​ (Pac nam) ខេត្ត​បាក់កាន​ (Bac Kan) ស្ថិត​នៅ​​ជ្រលង​ភ្នំ​មួយ ​ចំណុះ​ភូមិ​ឌិញ (Dinh) និង ភូមិ​ខូយ​អ៊ូន​ (Khuoi Un) នៅ​ចម្ងាយ​ពី​ផ្លូវ​ខេត្ត​២៥៨B ប្រហែល​៥០០ម៉ែត្រ​ ដូចនេះ​ងាយ​ស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរទៅ​មក​ ប្រមូល​​ទំនិញ ជួញ​ដូរ​ និង​ដឹក​ជញ្ជូន​។

 

នេះ​ជា​ផ្សារ​ក្របី​ គោ ម៉ូយ​សំខាន់​នៅ​ខេត្ត​បាក់កាន (Bac Kan) និងទូទាំង​តំបន់​ភូមិ​ភាគ​ខាង​ជើ​ង។​ ​ភាគច្រើនក្របី​ គោ នៅទីនេះបាន​លក់​ក្នុងផ្សារ​នេះ នឹង​បាន​នាំ​យកទៅ​តាម​ខេត្ត​ ក្រុង​ដូចជា​ ខេត្ត​ថៃ​ង្វៀន (Thai Nguyen) ក្រុង​​ហាណូយ​ ខេត្ត​ណាម​ដិញ (Nam Dinh)  ខេត្ត​ឡាង​សើន (Lang Son)​។ល។ រដូវ​ខែ​១២ ផ្សារ​កុះករ​បំផុត​ ពីព្រោះគេទិញក្របីគោសម្រាប់​ធ្វើ​សាច់​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំថ្មី​​ មានពេលខ្លះ​ចំនួន​ក្របី​គោ​ដែល​បាន​លក់ដូរ​ឡើង​ដល់​រាប់​ពាន់ក្បាល។​


សកម្មភាព​លក់ទិញ​នៅ​ផ្សារ​ប្រព្រឹត្តទៅ​ដោយ​សាមញ្ញ​ អ្នកលក់​ចេញ​តម្លៃ អ្នក​ទិញ​មានសិទ្ធិ​​តថ្លៃ​តាម​ចិត្ត​ រហូតដល់​គូភាគី​យល់ព្រម​ រាប់​លុយ​ និង​ដឹក​ក្របីទៅ​។ លោក​តា​ ម៉ា​កៀនលឺវ​ (Ma Kien Luu) មកពី​ខេត្ត​កាវ​បាង​ (Cao Bang) រៀប​រាប់ថា៖ ​ខ្ញុំ​តែង​តែមកផ្សារ​នេះ ដើម្បី​ទិញ​ក្របី​ និង​គោ​។ នៅទីនេះ​លក់ទិញ​ងាយ ​និង​រហ័ស​។ អ្នក​ស្រុក​​ស្មោះត្រង់ មិន​និយាយ​កាត់ថ្លៃ​ណាស់ណាទេ​។ ពេលប្រជុំ​ផ្សារ​ម្តងៗ​ ខ្ញុំ​សុទ្ធតែ​ទិញ​បាន​ក្របី​ និង​គោ​ពី​៩ - ១០ក្បាល។ រៀង​រាល់ខែ ​ខ្ញុំ​ទិញក្របី និង​​គោ​នៅ​ផ្សារ​នេះ ប្រហែល​​១០០ក្បាល​។​

 

 

នៅ​ផ្សារ​ង៉ៀន​ឡន​ (Nghien Loan) ក្របី និង​​គោបច្ចុប្បន្ន​​បាន​ថ្លៃ ក្របី​ធំ​ធាត់ អាយុ​៣​-៤ឆ្នាំ អាច​លក់បាន​ដោយ​តម្លៃ​ជិត​៤០លាន​ដុង​។ យោង​តាម​ក្របី​តូច​ធំ​​នឹង​មាន​តម្លៃ​ផ្សេង​គ្នា​ ដូច​កូន​ក្របីអាយុ​១ឆ្នាំ មាន​តម្លៃ​ជាង​១០លាន​ដុង​។ តាម​ធម្មតា ​អ្នកស្រុក​ទៅ​ផ្សារ​ ដើម្បី​ទិញ​កូន​គោ កូន​ក្របី​ ឬក្របី​គោ​ស្គម​ យកទៅ​​បំប៉ន​ទុក​សម្រាប់​លក់​យក​ចំណេញ​នៅពេល​ប្រជុំផ្សារ​​​ខាងមុខ​។ ប៉ុន្តែ​ក៏មាន​មនុស្ស​ខ្លះ​ មកផ្សារ​នេះដើម្បី​ជ្រើស​ទិញ​ក្របី​គោ​សម្រាប់ធ្វើ​ស្រែ​ និងតពូជ​ដែរ។ លោកតា ​យឿង ​វ៉ាន់​គី (Duong Van Ky) ជនជាតិ​ម៉ុង​ (Mong) នៅ​ភូមិ​ណាផាយ​ (Na Phay) ឃុំ​ង៉ៀនឡន​ (Nghien Loan) ​រៀបរាប់​៖ ពីរ​នាក់ប្តីប្រពន្ធ​ខ្ញុំ​ មកផ្សារនេះដើម្បី​គោមេ​។ ផ្ទះ​ខ្ញុំ​មាន​គោ​៥ក្បាល​ហើយ​ ប៉ុន្តែ​ខ្ញុំ​ចង់ទិញ​បន្ថែម​មួយក្បាល​ទៀត​ សម្រាប់​កើត​កូន​។ ខ្ញុំ​ទើប​លក់​គោបាមួយក្បាល​ជាង​២០លាន​ដុង​ ដូចនេះ​ទើបមាន​ប្រាក់ទិញ​កូន​ថ្មី​។​

 

 

លោកតា​ ​ង្វៀន វ៉ាន់ វិច​​ (Nguyen Van Vich) ភូមិ​លោម​មែវ​ (Lom Meo) ឃុំ​ជូ​ហឿង​ (Chu Huong) ស្រុក​បា​បែ​ (Ba Be) ធ្វើ​ដំណើរ​ជិត​២០គីឡូម៉ែត្រ​ ដើម្បី​លក់គោ​៥ក្បាល​។ គោ​​ធំ​បំផុត​ អាយុ​៤ឆ្នាំ មាន​តម្លៃ​១៦,៥លាន​ដុង​ គោ​តូច​បំផុត ​ជា​កូន​គោអាយុ​បាន​១ឆ្នាំ មាន​តម្លៃ​៨លាន​ដុង​។ លោក​តា វិច (Vich)​ រៀប​រាប់ថា៖ ខ្ញុំជា​អ្នកប្រកប​របរ​លក់គោ​ នៅ​ពេល​ប្រជុំ​ផ្សារ​​គាត់តែង​ដឹក​គោ​ពី​៥ - ៦ក្បាល​ទៅ​ផ្សារ​ ខ្ញុំ​ចេះតែ​ទិញ​ពី​អ្នកស្រុក​ រួច​នាំ​យកទៅ​ផ្សារ​លក់។ សំណាង​ចំណេញ​បាន​១លានដុង​​ ២លានដុង​ក្នុងមួយក្បាល ជួន​មាន​ចំណេញពី​២០០.០០០ដុង​ - ៣០០.០០០​ដុង​ក្នុងមួយ​ក្បាល​ក៏លក់ដែរ​។​


នៅ​ផ្សារ​នេះ មាន​ក្របី​ស្គម​ជា​ច្រើន​ ក្របី​ទាំង​នេះ​តែង​បាន​គ្រួសារអ្នក​មាន​ និងឈ្មួញ​ជ្រើសទិញ​ ​យកទៅបំប៉ន​សាច់​ បន្ទាប់មក​យកទៅ​លក់​។ លោក​តា​ ឡឿង​ វ៉ាន់​ធ្វឹត​ (Luong Van Thuat) នៅ​ឃុំ​ខាងនិញ (KhangNinh) ស្រុក​បាបែ​ (Ba Be) ចំណាយ​ជិត​៦០លានដុង​ ទិញ​ក្របី​៣ក្បាល​ មាន​រាង​​ធំ​តែ​ស្គម​។  លោក​ធ្វឹត (Thuat)​ ឱ្យ​ដឹងថា៖ ខ្ញុំ​មាន​វាល​ព្រលែង​ ទិញ​យកទៅ​ចិញ្ចឹម​ប្រហែល​១ - ២ខែ យកទៅ​ផ្សារ​លក់​វិញ​ ក៏ចំណេញ​បាន​រាប់លាន​ដុង​ក្នុង​១ក្បាល​ដែរ​៕​

 

 

  • អត្ថបទ​៖ ដូក្វាង​តឹន​ហ្វាង​ ហ្វាង​យ៉ាង​
  • រូបថត៖ ដូក្វាង​តឹន​ហ្វាង​ ហ្វាង​យ៉ាង
  • បច្ចេកទេស​ ក្រាហ្វិក​៖ ត្រាង​ញ៉ុង​
  • ប្រែសម្រួល៖ រីកើង

 

 


Top