ស្ពានតំណភ្ជាប់របរសិប្បកម្មរាប់រយមុខ នៅភឿងបាច់ងេ (Phuong Bach Nghe)
ជាមួយនឹងគោលបំណង់ចង់អភិរក្ស និងពង្រីកតម្លៃផលិតផលរបស់ភូមិសិប្បកម្មវៀតណាម ភឿងបាច់ងេ (Phuong Bach Nghe) បានបើកដោយលោក ងគ្វីឌឹក (Ngo Quy Duc)។ ចាប់ពីខែមិថុនា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ននេះ ភឿងបាច់ងេ (Phuong Bach Nghe)បានរៀបចំការតាំងពិព័រណ៍ឯកទេសជាច្រើនសម្រាប់ប្រជាជនមកទស្សនា និងស្វែងយល់ ដើម្បីយល់បន្ថែមអំពីតម្លៃវប្បធម៌ ដែលបង្កប់ក្នុងផលិតផលមួយៗ របស់ភូមិសិប្បកម្ម វៀតណាម។
បញ្ចប់ការសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាន ប៉ុន្តែលោក ងគ្វីឌឹក (Ngo Quy Duc) បានយល់ដឹងអំពីការតភ្ជាប់យ៉ាងជិតស្និទ្ធជាមួយបេតិកភណ្ឌវប្បធម៌របស់ប្រជាជាតិ។ ក្នុងប៉ុន្មានដំណើរទស្សនកិច្ចទៅកាន់ភូមិសិប្បកម្មមួយចំនួន លោក គ្វី (Quy) បានមើលឃើញដោយផ្ទាល់ភ្នែកនូវស្នាដៃដ៏ប៉ិនប្រសប់របស់សិប្បករដែលធ្វើផលិតផលដោយដៃ។
នេះហាក់ដូចជាជំរុញទឹកចិត្តគាត់ក្នុងដំណើរការអភិរក្ស និងពង្រីកតម្លៃប្រពៃណីដ៏ល្អរបស់ភូមិសិប្បកម្មវៀតណាម។ បន្ទាប់ពីរយៈពេល ១៧ ឆ្នាំនៃការផ្សាភ្ជាប់ជាមួយភូមិសិប្បកម្មប្រពៃណី លោក ងគ្វីឌឹក (Ngo Quy Duc) មានគំនិតចង់កសាង ភឿងបាច់ងេ (Phuong Bach Nghe) ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលស្រាវជ្រាវ អភិវឌ្ឍ និងអនុវត្ត ដើម្បីបង្កើតផលិតផលវប្បធម៌សម្រាប់ភូមិសិប្បកម្មវៀតណាម។
លោក ឌឹក (Duc) បានចែករំលែកថា៖ “មុខរបរសិប្បកម្មគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងខឿនវប្បធម៌វៀតណាម ។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ តាមនិន្នាការនៃឧស្សាហូបនីយកម្ម ភូមិសិប្បកម្មជាច្រើនកំពុងត្រូវរលាយសូន្យទៅ ដូច្នេះខ្ញុំគិតថាការរក្សាភាពថ្លៃថ្នូរនៃផលិតផលត្រូវមានការយកចិត្តទុកដាក់។ មូលហេតុដែលខ្ញុំជ្រើសរើសឈ្មោះ បាច់ងេ (Bach Nghe) ព្រោះឈ្មោះនេះក៏សមស្របនឹងមុខរបររាប់រយមុខផ្សេងទៀត ដូច្នេះហើយនៅពេល ដែលភ្ញៀវមកទស្សនា និងទទួលបទពិសោធន៍ក្នុងការធ្វើផលិតផលដោយដៃនេះ ពួកគេនឹងស្វែងយល់កាន់តែស៊ីជម្រៅអំពីភូមិសិប្បកម្មប្រពៃណី។ នោះក៏ជាមធ្យោបាយលឿនបំផុត ដើម្បីនាំផលិតផលធ្វើដោយដៃត្រឡប់មកកាន់ជីវិតប្រជាជនវៀតណាមវិញ»។
ដើម្បីជួយភ្ញៀវ ដែលបានមកទស្សនាហើយយល់ដោយស៊ីជម្រៅអំពីផលិតផលក្នុងភូមិសិប្បកម្មនីមួយៗ ភឿងបាច់ងេ (Phuong Bach Nghe) រៀបចំការដាក់តាំងតាមប្រធានបទសម្រាប់ភូមិសិប្បកម្មនីមួយៗជារៀងរាល់ខែ។ លើសពនេះ មិនត្រឹមតែអនុវត្តការងារដាក់តាំងប៉ុណ្ណោះទេ ភឿងបាច់ងេ (Phuong Bach Nghe) នៅទាំងផ្តោតទៅលើបទពិសោធន៍ក្នុងការផលិតផលិតផល ដើម្បីឲ្យប្រជាជនអាចស្វែងរកនូវតំណភ្ជាប់ជាមួយវប្បធម៌វៀតណាម តាមរយៈផលិតផលធ្វើដោយដៃនីមួយៗតៀតផង។ តាមរយៈនោះ យើងនឹងរួមគ្នាសរសេរបន្តនូវជំពូកថ្មីស្ដីអំពីភូមិសិប្បកម្មប្រពៃណី។
ចាប់តាំងពីដាក់ឲ្យដំណើរការមក ភឿងបាច់ងេ (Phuong Bach Nghe) បានរៀបចំសិក្ខាសាលាដូចជា "បន្ទះឈើឆ្លាក់អក្សរ ថាញលៀវ (Thanh Lieu) - ដំណើររស់រានឡើងវិញនូវភូមិសិប្បកម្មមួយ" ដោយការជួបប្រាស្រ័យរវាងសិប្បករភូមិ ថាញលៀវ (Thanh Lieu) និងភ្ញៀវទស្សនា និងការរៀបចំវិធីឆ្លាក់បន្ទះឈើ ដើម្បីភ្ញៀវគ្រប់រូបយល់អំពីបច្ចេកទេសពិសេសនេះ។ លើសពីនេះ លោក ឌឹក (Duc) ក៏បានរៀបចំដំណើរការទសន្សារោងជាង ក្នុងភឿងបាច់ងេ (Phuong Bach Nghe) ដូចជាសកម្មភាពអន្តរកម្មនៃការដាក់តាំងអំពីសេរ៉ាមិច ម្រ័ក្សណ៍ខ្មុក និងការដោតផ្កា។
កាលពីខែសីហា ខណៈពេលបុណ្យទ្រុងធូជិតឈានចូលមកដល់ ភឿងបាច់ងេ (Phuong Bach Nghe) បានរៀបចំសិក្ខាសាលាមួយ "កែលម្អតុក្កតាសម្រាប់កុមារក្នុងបុណ្យទ្រុងធូដោយគំនិតរចនាថ្មី" ទទួលបានការចូលរួមពីយុវជនជាច្រើន។ នៅភឿងបាច់ងេ (Phuong Bach Nghe) បានដាក់តាំងផលិតផលដែលទាក់ទងជាមួយពិធីបុណ្យសែននំព្រះខែ ក្នុងការចងចាំអំពីកុមារភាពរបស់មនុស្សគ្រប់រូប។ នោះគឺជាលោកបណ្ឌីក្រដាស ចង្កៀងគោម ... ជាមួយនឹងកន្លែងដាក់តាំងពោរពេញទៅដោយវប្បធម៌វៀតណាម។
ខុសពីទីតាំងបរិយកាសវប្បធម៌ផ្សេងទៀត ភឿងបាច់ងេ (Phuong Bach Nghe) បានសហការជាមួយអាជីវកម្ម និងអ្នកជំនាញក្នុងវិស័យជាច្រើន ដើម្បីកសាងកិច្ចសហប្រតិបត្តិការអំពីការតភ្ជាប់នៅក្នុងប្រធានបទភូមិសិប្បកម្មនីមួយៗដែលបានរៀបចំឡើង។
លោក ងគ្វីឌឹក (Ngo Quy Duc) បានចែករំលែកថា “ការភ្ជាប់ទំនាក់ទំនងជាមួយអាជីវកម្មក្នុងដំណើរការអនុវត្តនឹងជំរុញការអភិវឌ្ឍផលិតផលរបស់ភូមិសិប្បកម្មទៅកាន់សហគមន៍ ដើម្បីឲ្យមនុស្សគ្រប់គ្នាអាចសរសេរជំពូកថ្មីសម្រាប់ភូមិសិប្បកម្មប្រពៃណី”។
អត្ថបទ៖ ងឹនហា - រូបថត៖ វៀតគឿង/កាសែតរូបភាពវៀតណាម និងឯកសារ
ប្រែសម្រួលដោយង្វៀនយ៉ាង