សាស្រ្តាចារ្យ បណ្ឌិត Furuta Motoo៖ ពីអ្នកវៀតណាមវិទ្យា ក្លាយជាអ្នកឈានមុខ សម្រាប់សាកលវិទ្យាល័យសកល

សាស្រ្តាចារ្យ បណ្ឌិត Furuta Motoo៖ ពីអ្នកវៀតណាមវិទ្យា ក្លាយជាអ្នកឈានមុខ សម្រាប់សាកលវិទ្យាល័យសកល

បានផ្សារភ្ជាប់ជាមួយប្រទេសវៀតណាមអស់រយៈពេលជាងកន្លះសតវត្សរ៍ សាស្រ្តាចារ្យ បណ្ឌិត Furuta Motoo សាកលវិទ្យាធិការនៃសាលា​សាកលវិទ្យាល័យ​វៀតណាម - ជប៉ុន (VJU) សាកលវិទ្យាល័យជាតិហាណូយ មិនត្រឹមតែបាន​​ស្គាល់ជាអ្នកវៀតណាម​វិទ្យាដ៏ចំណានម្នាក​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​​ជាអ្នកត្រួសត្រាយផ្លូវក្នុងការកសាងគំរូសាកលវិទ្យាល័យលំដាប់អន្តរជាតិ។ ផ្តើម​ពីក្តីស្រឡាញ់ចំពោះមនុស្ស និងវប្បធម៌វៀតណាម លោកបានរួមចំណែកតំណភ្ជាប់​ចំណេះដឹងរបស់ប្រជាជាតិទាំងពីរ បើកទិសដៅថ្មីសម្រាប់ការអប់រំ​​បរិញ្ញា​​វៀតណាមក្នុងយុគសម័យសមាហរណកម្មសកលលោក

សាស្ត្រាចារ្យ បណ្ឌិត Furuta Motoo បាន​វាយ​ស្គរប្រកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សាថ្មី ២០២៥ - ២០២៦ យ៉ាងឱឡារិក។
សាស្ត្រាចារ្យ បណ្ឌិត Furuta Motoo បានថ្លែងសុន្ទរកថា​ស្វាគមន៍និស្សិត។

អ្នកសារព័ត៌មាន៖ ក្នុងនាមជាជនបរទេសដំបូង ដែលកាន់តំណែងជាសាកលវិទ្យាធិការ​នៃសាលា​សាកលវិទ្យាល័យសាធារណៈរបស់វៀតណាម តើលោកចាប់ផ្តើមការងារ នៅ VJU យ៉ាងដូចម្តេច?

សាស្រ្តាចារ្យ បណ្ឌិត Furuta Motoo ក្នុងនាមជាអ្នក​​​ដែលបានផ្សារភ្ជាប់​នឹង​ប្រទេស​​វៀតណាមអស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំយល់ថាការអប់រំកម្រិតបរិញ្ញាបត្រនៅ វៀតណាម មានភាព​ខ្លាំងក្លា ក្នុងការបណ្តុះបណ្តាលជំនាញឯកទេស ប៉ុន្តែនៅមានកម្រិតក្នុងការជួយនិស្សិតអភិវឌ្ឍការគិតជាសកល និងសមត្ថភាពសម្របខ្លួន។ ដូច្នេះ VJU ជ្រើស​រើស​ទ្រឹស្តី​​អប់រំសេរី (liberal education) ដោយផ្តោតលើការអភិវឌ្ឍសមត្ថភាពគិត បំណិន​សហប្រតិបត្តិការអន្តរជាតិ និងស្មារតីច្នៃប្រតិដ្ឋ​​របស់និស្សិត។

 

 

សាស្រ្តាចារ្យបណ្ឌិត Furuta Motoo កើតនៅឆ្នាំ១៩៤៩ បានបញ្ចប់​​បរិញ្ញាបត្រនៅ​សាកលវិទ្យាល័យតូក្យូ (Tokyo University) ក្នុងឆ្នាំ១៩៧៤ ទទួលសញ្ញាបត្របណ្ឌិត នៅឆ្នាំ១៩៩០ បច្ចុប្បន្នជា​សាកលវិទ្យាធិការ ​​នៃសាលា​សកលវិទ្យាល័យវៀតណាម - ជប៉ុន (សាកលវិទ្យាល័យជាតិហាណូយ) ប្រធានសមាគមមិត្តភាពវៀតណាម - ជប៉ុន និងប្រធានសមាគមជប៉ុនសិក្សាស្រាវជ្រាវវៀតណាម។

ក្នុងនាមជា អ្នកវៀតណាមវិទ្យា លោកមានស្នាដៃស្រាវជ្រាវជាច្រើនទាក់ទងនឹង​​ប្រវត្តិសាស្រ្ត និងនយោបាយវៀតណាមសម័យទំនើប។ លោកធ្លាប់កាន់តំណែងជា នាយក​​វិទ្យាស្ថានបរិញ្ញាបត្រ​ជាន់ខ្ពស់​​វប្បធម៌ទូទៅ សាកលវិទ្យាធិការ​នៃសាលា​វិជ្ជាទូទៅ និងជានាយករងអចិន្ត្រៃយ៍ នៃសាកលវិទ្យាល័យតូក្យូ (ប្រទេសជប៉ុន)។

លោកគឺជាជនបរទេសដំបូងគេ ដែលបានទទួលពានរង្វាន់រដ្ឋ ផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានិងថ្មីៗនេះ គឺពានរង្វាន់បាវសឺន (Bao Son) ឆ្នាំ២០២៥ដែលជាការកត់សម្គាល់​​​ការផ្សារភ្ជាប់ អស់រយៈពេលជាងកន្លះសតវត្សរ៍ជាមួយប្រទេសវៀតណាម។

 


លោកសាកលវិទ្យាធិការ Furuta Motoo បាន​ភ្ជាប់​ទំនាក់ទំនង ជាមួយ​សាកលវិទ្យាល័យវៀតណាម-ជប៉ុន (VJU) អស់​រយៈពេលជាង ១០ ឆ្នាំហើយ។
 

 អ្នកសារព័ត៌មាន៖ តើលោកវាយតម្លៃយ៉ាងដូចម្តេច ចំពោះការអប់រំនៅវៀតណាម​ នាពេលបច្ចុប្បន្ន ក្នុងបរិបទនៃការធ្វើសមាហរណកម្មសកល?

សាស្រ្តាចារ្យបណ្ឌិត Furuta Motoo ប្រជាជនវៀតណាម​ចូល​ចិត្ត​រៀន​សូត្រ​ និងមានមូលដ្ឋានអប់រំយូរអង្វែង។ បច្ចុប្បន្ន ការអប់រំ​កម្រិត​បរិញ្ញាបត្រ​​កំពុងផ្លាស់ប្តូរយ៉ាង​​ខ្លាំងក្លា ជាមួយនឹងស្មារតីកំណែទម្រង់ និងនវានុវត្តន៍។ ក្នុងទិដ្ឋភាពមួយចំនួន សាលា​សាកលវិទ្យាល័យវៀតណាមបានឈាន​​មុខទាំង​ប្រទេសជប៉ុនទៅទៀត ក្នុងការសម្រប​​ខ្លួនយ៉ាងឆាប់រហ័ស​​ទៅនឹងនិន្នាការ​​សកល។ ខ្ញុំជឿថា វៀតណាមនឹងឆាប់ក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់​​​និស្សិតអន្តរជាតិ។

 

សាស្ត្រាចារ្យ បណ្ឌិត Furuta Motoo នៅក្នុងកិច្ចប្រជុំពិភាក្សា អំពីទិសដៅ ៥ ឆ្នាំ​ខាង​មុខ របស់ VJU ជាមួយ​គណៈ​ប្រតិភូ​ការងារ នៃ​​រដ្ឋាភិបាលជប៉ុន ដែលបានមកទស្សនកិច្ចសាលា។

អ្នកសារព័ត៌មាន៖ ឯកទេសជប៉ុនវិទ្យា​បានចាត់ទុកជា កូនស្មារតីរបស់លោក នៅ VJU។ តើកម្មវិធីនេះ បានសម្រេចលទ្ធផលគួរឱ្យកត់សម្គាល់អ្វីខ្លះ?

សាស្រ្តាចារ្យ បណ្ឌិត Furuta Motoo បច្ចុប្បន្ន ឯកទេសជប៉ុនវិទ្យា ​គឺជាកម្មវិធីដែលមាននិស្សិតច្រើនបំផុត ក្នុងចំណោមកម្មវិធីបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រទាំង៩ របស់ VJU។ យើងខ្ញុំ​អនុវត្តការបណ្តុះបណ្តាលពេញលេញទាំងបីកម្រិតគឺ បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ជាមួយនឹងទិសដៅស្រាវជ្រាវអំពីប្រទេសជប៉ុនសម័យទំនើប ក្នុង​​ទំនាក់ទំនង​​ជាមួយវៀតណាម ព្រមទាំងយកចិត្តទុកដាក់ពិសេសទៅលើសមត្ថភាពភាសាជប៉ុន និងការយល់ដឹង​​អំពីវប្បធម៌ទ្វេភាគី។ គុណភាពនៃការបណ្តុះបណ្តាល​​​របស់កម្មវិធីនេះ បច្ចុប្បន្នគឺប្រហាក់ប្រហែលនឹងអង្គភាពដែលមានប្រពៃណីរាប់​​សិបឆ្នាំ​​នៅក្នុងវិស័យនេះ។

 

សាស្ត្រាចារ្យ បណ្ឌិត Furuta Motoo បានទទួលស្វាគមន៍គណៈប្រតិភូជប៉ុនយ៉ាងស្និទ្ធស្នាលនៅក្នុងពិធីបើកបវេសនកាល។
 

អ្នកសារព័ត៌មាន៖ តើលោកបានតម្រង់ទិសអ្វីខ្លះ ដើម្បីឱ្យ VJU ក្លាយជាគោលដៅរបស់ និស្សិតអន្តរជាតិ?

សាស្រ្តាចារ្យ បណ្ឌិត Furuta Motoo បេសកកម្មរបស់ VJU គឺដើម្បីបណ្តុះបណ្តាលធនធានមនុស្សសកល តាមរយៈកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន។ ក្នុងរយៈពេល ១០ឆ្នាំកន្លងមក ប្រហែល ១៥%នៃនិស្សិតថ្នាក់អនុបណ្ឌិតរបស់សាលាបានមកពីជាង ១០ប្រទេសនៅអាស៊ី និងអាហ្វ្រិក។ យើងនឹងបន្តពង្រីក​​បណ្តាញកិច្ចសហប្រតិបត្តិការអន្តរជាតិ ធ្វើឱ្យ VJU ក្លាយជាបរិយាកាសសិក្សាពហុវប្បធម៌នៃតំបន់។

 

លោកសាកលវិទ្យាធិការ Furuta Motoo រួមជាមួយសាស្ត្រាចារ្យ និងគ្រូបង្រៀន​នៃ​សាកលវិទ្យាល័យ​ជាតិ។
 

អ្នកសារព័ត៌មាន៖ ក្នុងថ្ងៃបើកវគ្គឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ លោកចង់ផ្ញើសារអ្វីទៅកាន់​​​និស្សិតវៀតណាម?

សាស្រ្តាចារ្យ បណ្ឌិត Furuta Motoo ខ្ញុំតែងតែមានមោទនភាពចំពោះ​​​និស្សិតវៀតណាម - ដែលជាមនុស្សឆ្លាត ឧស្សាហ៍ព្យាយាម និងពោរពេញដោយមហិច្ឆតា។ ខ្ញុំសូមជូន​​ពរឱ្យប្អូន​ទាំងអស់បន្តរៀនសូត្រ ច្នៃប្រតិដ្ឋ​ និងត្រៀមខ្លួនជាស្រេច​​ដើម្បីក្លាយជាពលរដ្ឋសកល រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ និងតំបន់។

រួមជាមួយនឹងបេសកកម្មនៃ​សកលវិទ្យាល័យវៀតណាម - ជប៉ុន ខ្ញុំមាន​បំណង​រួមចំណែកបណ្តុះបណ្តាលធនធានមនុស្សសកល តាមរយៈកិច្ចសហប្រតិបត្តិការ រវាងវៀតណាម និងជប៉ុន - អ្នក​ដែលមិនត្រឹមតែមានចំណេះដឹង និងជំនាញប៉ុណ្ណោះទេ ថែមទាំងមានស្មារតីបើកចំហ គោរពពហុវប្បធម៌ និងមានមហិច្ឆតាក្នុងការឈានទៅរកអនាគតរួមនៃ​មនុស្សជាតិ

 

 
សាស្ត្រាចារ្យ បណ្ឌិត Furuta Motoo រួមជាមួយ​និស្សិត​នៃសាកលវិទ្យាល័យ​វៀតណាម -​ ជប៉ុន (VJU)។

 អ្នកសារព័ត៌មាន៖ សូមថ្លែងអំណរគុណលោកយ៉ាងជ្រាលជ្រៅ!

អនុវត្ត​៖ ប៊ីចវឹន  រូបថត៖ វៀតគឿង​/កាសែតរូបភាពវៀតណាម​

ប្រែសម្រួល៖ រីកើង​


Top