សារមន្ទីរកុលាលភាជន៍បុរាណទន្លេហឿង (Huong)៖ ទីតាំងរក្សាតម្លៃវប្បធម៌ពិសេសក្រុងហ្វេ

សារមន្ទីរកុលាលភាជន៍បុរាណទន្លេហឿង (Huong)៖ ទីតាំងរក្សាតម្លៃវប្បធម៌ពិសេសក្រុងហ្វេ

ស្ថិតនៅ​ក្នុង​អគារឧទ្យានឡាន​វៀន(Lan Vien)​ (លេខ​១២០ ង្វៀន​ ភុក​ង្វៀន​ - Nguyen Phuc Nguyen ទីក្រុង​ហ្វេ) សារមន្ទីរ​កុលាលភាជន៍​បុរាណទន្លេហឿង​ (Huong) របស់​សាស្ត្រាចារ្យ​ បណ្ឌិត ថៃ គីម​ឡាន​ (Thai Kim Lan) ជា​សារមន្ទីរមួយ​ពិសេស​ប្រមូលផ្តុំ ​និងតាំង​បង្ហាញ​វត្ថុតាង​ជិត​៥.០០០គ្រឿង​ រួមមាន​កុលាលភាជន៍ ​ដែលបាន​ស្រង់មក​ពី​បាតទន្លេហឿង​ (Huong)​​ មានតំណាល​តាំងពី​យុគសម័យ​​សាហ្វិញ​ (​អាយុកាលប្រមាណ​២.៥០០ - ​៣.០០០ឆ្នាំ​)។ នេះ​ក៏​ជា​សារមន្ទីរ​ឯកជន​​ដំបូង​បង្អស់ ​ហើយមានតែមួយ​គត់នាបច្ចុប្បន្ននៅ​ប្រទេសវៀតណាម​ ដែល​តាំង​បង្ហាញ​​​​នូវកុលាលភាជន៍​បុរាណ​ ដែលបាន​រកឃើញ​​នៅ​បាតទន្លេហឿង​ (Huong)​។​

សារមន្ទីរ​កុលាលភាជន៍​ទន្លេហឿង (Huong) ​​ជា​សមទ្ធិផល​របស់​អតីត​វិចិត្រសិល្បៈ ​ថៃ ង្វៀន​បា​ (Thai Nguyen Ba) និង សាស្រ្តាចារ្យ​ បណ្ឌិត​ ថៃ គីមឡាន​ (Thai Kim Lan) ក្រោយ​រយៈពេលជិត​៤០ឆ្នាំ ធ្វើការប្រមូល​ផ្តុំ​ រក្សាទុក​វត្ថុតាង​កុលាលភាជន៍​ទន្លេហឿង (Huong) ​នៅ​ក្រុងហ្វេ​។ សាស្ត្រាចារ្យ​ បណ្ឌិត​ ថៃ គីម​ឡាន​ (Thai Kim Lan) រៀប​រាប់ថា៖ កាលពីអតិត ​​​ខ្លួនខ្ញុំធ្លាប់មាន​បំណង​ចង់​បង្កើត​សកលវិទ្យាល័យ​ឯកជន​មួយ​ ប៉ុន្តែ​​មិនបាន​សម្រេច​ ឥឡូវ​​បង្កើត​សារមន្ទីរឯកជន​​​នេះ​ ក៏អាច​ចាត់ទុកថា​​ដូចជា​ សាលាមតេយ្យ​ មួយ​ អំពី​ប្រវត្តិសាស្រ្ត​ និង វប្បធម៌​វៀតណាម​ សម្រាប់​ទុកជា​ទីកន្លែង​​​បញ្ញើ​ និងប្រគល់អ្វីមួយ ​សម្រាប់អ្នក​​ជំនាន់​ក្រោយ​ ដូចនេះខ្ញុំក៏ពេញ​ចិត្ត និង​អស់ពីចិត្ត​​ទៅហើយ​។​

ជាមួយ​​​ផ្ទៃដី​ប្រហែល ​៧០០ ​ម៉ែត្រការេ​ សារមន្ទីរ ​​ជា​ទីកន្លែង​រក្សា​​វត្ថុតាង​​ជាង​៥.០០០​គ្រឿង​ ក្នុងនោះ​​ភាគច្រើន​គឺ​កុលាលភាជន៍​បុរាណ​ បាន​ស្រង់​​មកពីបាត​ទន្លេហឿង​ (Huong) មាន​អាយុកាលចំណាស់​ តាំង​ពី​​​កុលាលភាជន៍​​ចម្ប៉ា​ កុលាលភាជន៍​​សាហ្វិញ បុរេប្រវត្តិ​ បឋមប្រវត្តិ​ រហូត​ដល់​​​​រាជការ​​ឡេដំបូង (Le So)​។ល។ គ្រឿងប្រើប្រាស់ប្រចាំ​ថ្ងៃ​ដូច​ជា​ ពាង​ ក្រឡ ថូ​ ចាន​ ចានទៀប​មានជើង​ ថូ​​កំបោល​ ធ្វើដោយ​​វត្ថុធាតុ​ផ្សេងៗ​គ្នា​​ ដូចជា​​ដី​ដុត​ កុលាលភាជន៍​កាចា​ បាន​តាំង​បង្ហាញ​​ដ៏សម្បូរបែប​​​នៅ​សារមន្ទីរ​។


សារ​មន្ទីរ​កុលាលភាជន៍​ទន្លេហឿង (Huong) ដាក់ឱ្យ​​ដំណើរការ​ ជាចំណែក​​​​បន្ថែមមួយ​សម្រាប់​​​ការ​ជ្រើសរើសនៃ​​ភ្ញៀវ​ទេសចរ ​ពេល​ធ្វើ​ដំណើរមកដល់​​ក្រុងហ្វេ​។ នោះ​អាច​ជា​ទីកន្លែង​ ​សម្រាប់​អ្នកស្រុកហ្វេ​​ស្វែងយល់​ បទពិសោធន៍​ និង​​មោទនភាព ​អំពី​តំបន់ដែន​ដី​របស់​ខ្លួន​។ ប្រហែល​​ដោយ​ទឹក​ចិត្ត​ស្រឡាញ់​​ចំពោះ​ក្រុងហ្វេ​ ដូចនេះ​សារមន្ទីរ​​កុលាលភាជន៍​​ទន្លេហឿង​ (Huong) ឥឡូវនេះ​មិនត្រឹម​​តែ​ជា​សារមន្ទីរ​សាមញ្ញា​​មួយប៉ុណ្ណោះទេ​ នៅទាំង​ជា​ទីកន្លែង​​ណាត់​វប្បធម៌​ សម្រាប់​​ម្ចាស់​វា​​ ធ្វើ​ជា​​ទីកន្លែង​ទទួល​រាប់​អាន​ ចែក​រំលែក​រឿង​រ៉ាវ​ គោល​គំនិត​​ដ៏ចំណាប់​ អំពី​​វប្បធម៌ប្រពៃណី​ ជាមួយ​អ្នក​​ដែល​ចូល​ចិត្ត​ស្រឡាញ់​​ក្រុង​ហ្វេ​ ដែលអញ្ជើញ​មកពី​​គ្រប់​ទិសទី​៕​




ទីតាំង​​នៅ​ក្បែរ​ទន្លេហឿង​ (Huong) និង វត្ត​ធៀន​ម៉ូ​ (Thien Mu) ដូចនេះ​​ដង​ផ្លូវ​ធ្វើ​ដំណើរ​​ទៅ​ដល់​សារមន្ទីរ​កុលាលភាជន៍​ទន្លេហឿង (Huong) ​ក៏​ងាយ​​​​ស្វែងរក​ផងដែរ​។​

តម្លៃ​សំបុត្រ​៖ ១២០.០០០ដុង​/ម្នាក់។​

អ្នក​ក្រុង​ហ្វេ ​និង ​សិស្ស និស្សិត​៖ ៦០.០០០ដុង​/ម្នាក់។

កុមារអាយុ​​ក្រោម​១០ឆ្នាំ ​ឥតគិត​ថ្លៃ​។

ម៉ោង​បើក​ទ្វារ​៖

សារមន្ទីរ​បើកទ្វារពី​​ម៉ោង​៨ព្រឹក​ដល់ម៉ោង​៥រសៀល​ នៅ​ថ្ងៃសៅរ៍ ​និងថ្ងៃអាទិត្យ​រៀង​រាល់សប្តាហ៍​​។

ចំពោះ​​ក្រុម​ភ្ញៀវ​ទេសចរ ​ចាប់ពី​៥នាក់រហូត​ដល់​២០នាក់ ចង់​​ទស្សនា​នៅ​ថ្ងៃផ្សេងៗ​ក្នុង​​សប្តាហ៍​ អាច​​ចុះបញ្ជី​​មុន ​តាម​រយៈ​អ៊ីម៉ែល៖ gomcosonghuong@gmail.com

អត្ថបទ​ និង រូបថត៖ កុង​ដាត និង ឯកសារ​សារមន្ទីរ​កុលាលភាជន៍បុរាណទន្លេហឿង​ (Huong) /កាសែតរូបភាពវៀតណាម​ 

ប្រែសម្រួល៖ រីកើង​

Top