សរសេរបន្តរឿងរ៉ាវបេតិកភណ្ឌ គំនូរប្រជាប្រិយដុងហូ
បន្ទាប់ពីរបរគូរគំនូរប្រជាប្រិយដុងហូ
បានអង្គការ UNESCO
ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវការការពារជាបន្ទាន់
យុវជនវៀតណាមជាច្រើន កំពុងស្វែងរកវិធីនាំយកចរន្តគំនូរប្រពៃណីនេះ បញ្ចូលទៅក្នុងជីវភាពរស់នៅនាសហសម័យ
តាមរយៈបទពិសោធន៍ច្នៃប្រឌិត ដើម្បីឱ្យបេតិកភណ្ឌនេះ បន្តត្រូវបានរៀបរាប់ដោយភាសានៃជំនាន់បច្ចុប្បន្ន។
មិនចាប់ផ្តើមដោយលំហពិព័រណ៍ដ៏ស្ងប់ស្ងាត់ ឬការអត្ថាធិប្បាយវែងអន្លាយនោះទេ កម្មវិធី "ព្រលឹងលើក្រដាសធម្មជាតិ" បានបើកឆាកឡើង ជាមួយនឹងល្ខោនតន្ត្រីមួយ ដែលនាំទស្សនិកជនត្រឡប់ទៅកាន់ភូមិគំនូរដុងហូ។ នៅលើឆាក ដំណាក់កាលនីមួយៗ នៃការធ្វើក្រដាសដៀប (Diep - ក្រដាសប្រពៃណីធ្វើពីសំបកឈើលាយម្សៅខ្យង) ការលាយពណ៌ពីរុក្ខជាតិ ចម្លាក់លើក្តារឈើ និងការបោះពុម្ពគំនូរ បានសម្តែងឡើងវិញតាមរយៈភាសាសិល្បៈទំនើប ជួយឱ្យអ្នកទស្សនាមានអារម្មណ៍ និងយល់ដឹងពីដំណើរអត់ធ្មត់របស់សិល្បករប្រពៃណី ក្នុងការថែរក្សារបរនេះដោយឆ្លងកាត់ច្រើនជំនាន់។
នោះក៏ជាចំណុចលេចធ្លោ នៃគម្រោង "កំណត់ត្រាគំនូរដុងហូ" ដែលអនុវត្តដោយនិស្សិតថ្នាក់ K12CC8 នៃមហាវិទ្យាល័យកិច្ចការតរុណវ័យនិងយុវជន នៃវិទ្យាស្ថានតរុណវ័យនិងយុវជនវៀតណាម។ ជំនួសឱ្យការត្រឹមតែណែនាំអំពីបេតិកភណ្ឌដ៏ល្បីល្បាញមួយរបស់តំបន់ភាគខាងជើង គម្រោងនេះ បានជ្រើសរើសវិធីអនុញ្ញាតឱ្យយុវជនឈានជើងចូលទៅក្នុងពិភពនៃគំនូរដុងហូដោយផ្ទាល់ ប៉ះផ្ទាល់តម្លៃប្រពៃណី តាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគាត់។
ចំណុចតំណរវាងអតីតកាល និង បច្ចុប្បន្នកាល បានបង្ហាញយ៉ាងច្បាស់ តាមរយៈជំនួប រវាងសិល្បករឆ្នើមង្វៀន ដាំងតឹម (Nguyen Dang Tam) និងយុវតី ង្វៀនថាវមី (Nguyen Thao My)។ មនុស្សពីរជំជំនាន់ បានចែករំលែករឿងរ៉ាវ អំពីដំណើរការផ្ទេរចំណេះដឹង ការថែរក្សារបរ និងសេចក្តីស្រឡាញ់ ចំពោះគំនូរដុងហូ ដោយបញ្ជូនសារថា ការអភិរក្សបេតិកភណ្ឌ មិនមែនជាការទទួលខុសត្រូវរបស់សិល្បករប្រពៃណីតែម្នាក់នោះទេ ប៉ុន្តែត្រូវការរួមដៃគ្នា ពីសំណាក់យុវជនជំនាន់ក្រោយ។
មិនត្រឹមតែបានស្តាប់ប៉ុណ្ណោះទេ អ្នកចូលរួមថែមទាំងបានអនុវត្តផ្ទាល់ក្រោមការណែនាំរបស់សិល្បករប្រពៃណី។ ចាប់តាំងពីការលាបពណ៌លើក្តារចម្លាក់ ការប្រគំពណ៌ដោយប្រើវត្ថុធាតុដើមធម្មជាតិ រហូតដល់ការបោះពុម្ពគំនូរ លើផ្ទាំងក្រដាស ដំណាក់កាលនីមួយៗ សុទ្ធតែជួយឱ្យយុវជនយល់ថា នៅពីក្រោយផ្ទាំងគំនូរដ៏សាមញ្ញមួយ គឺជាភាពប៉ិនប្រសប់ ការអត់ធ្មត់ និងចំណេះដឹងប្រជាប្រិយ ដែលត្រូវបានសន្សំទុកជាច្រើនសតវត្សមកហើយ។
សកម្មភាពមួយ ក្នុងចំណោមសកម្មភាព ដែលទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង គឺតំបន់បទពិសោធន៍ "ដើរតួជាតួអង្គក្នុងបេតិកភណ្ឌ"។ ដោយមានការគាំទ្រពីបញ្ញាសិប្បនិម្មិត (AI) អ្នកចូលរួមអាចផ្លាស់ប្តូរខ្លួន ទៅជាតួអង្គនៅក្នុងគំនូរដុងហូបាន។ វិធីសាស្រ្តថ្មីនេះ បង្កើតឱ្យមានអន្តរកម្មយ៉ាងជិតស្និទ្ធ ព្រមទាំងបើកលទ្ធភាពក្នុងការនាំយកបេតិកភណ្ឌទៅកាន់យុវជន តាមរយៈបច្ចេកវិទ្យាឌីជីថល។
លោកស្រី ផាន
ង្វៀនតឹមអាញ់ (Phan
Nguyen Tam Anh) ប្រធានគណៈកម្មការរៀបចំគម្រោងបានមានប្រសាសន៍ថា៖
“ប្រការដែលសំខាន់បំផុត គឺជួយឱ្យយុវជនស្វែងរកឃើញ "ចំណុចប៉ះ" ជាមួយបេតិកភណ្ឌ។
យើងខ្ញុំជឿជាក់ថា បេតិកភណ្ឌ នឹងមានវត្តមានពិតប្រាកដ លុះត្រាតែ នៅតែមានមនុស្សចង់ប៉ះពាល់វា។
"ព្រលឹងលើក្រដាសធម្មជាតិ" មិនត្រឹមតែជាឈ្មោះកម្មវិធីប៉ុណ្ណោះទេ
ប៉ុន្តែវាក៏ជាការប្តេជ្ញាចិត្តរបស់យុវជន ក្នុងការថែរក្សាតម្លៃប្រពៃណី
ព្រមទាំងមិនឈប់ឈរក្នុងការធ្វើឱ្យថ្មីនូវវិធីសាស្រ្ត ដើម្បីឱ្យស្របនឹងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ”។
បន្ទាប់ពីរបរគូរគំនូរប្រជាប្រិយដុងហូ បានអង្គការ UNESCO ចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ដែលត្រូវការការពារជាបន្ទាន់នៅចុងឆ្នាំ២០២៥ គំនិតផ្តួចផ្តើមនានាដូចជា "កំណត់ត្រាគំនូរដុងហូ" បានបង្ហាញឱ្យឃើញថា បេតិកភណ្ឌ មិនត្រឹមតែត្រូវបានថែរក្សានៅក្នុងលំហអភិរក្សប៉ុណ្ណោះទេ នៅថែមទាំងអាចបន្តរស់ក្នុងជីវភាពរស់នៅនាសហសម័យ តាមរយៈការច្នៃប្រឌិតរបស់ជំនាន់វ័យក្មេង។ នៅពេលដែលតម្លៃប្រពៃណីបានរៀបរាប់ ដោយភាសានៃសម័យកាលថ្មី រឿងរ៉ាវអំពីគំនូរដុងហូ នឹងនៅតែបានបន្តសរសេរ ដើម្បីឱ្យបេតិកភណ្ឌនេះ បន្តដើរទន្ទឹមគ្នាជាមួយអនាគតកាល៕
អត្ថបទ និងរូបថត៖ ត្រឹន ថាញ់យ៉ាង
ប្រែសម្រួល៖ រីកើង
















