សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិអេដេ (E De)

សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិអេដេ (E De)

ជនជាតិ អេដេ (E De)  គឺជាសហគមន៍មួយក្នុងចំណោមសហគមន៍ ៥៤ ជនជាតិបងប្អូនរបស់ប្រទេសវៀតណាម។ ក្រៅពីទេវកថា វីរកថា និងឧបករណ៍តន្ត្រីល្បីៗ សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិអេដេ (E De) ក៏​ជាលក្ខណៈពិសេសមួយរបស់ប្រជាជននៅទីនេះផងដែរ។

កីត្បាញក្រណាត់ជនជាតិ ធ្វើពីឫស្សី និងឈើ។ នេះ​ជា​ឧបករណ៍​តម្បាញ ដែល​បាន​ប្រើប្រាស់ដោយជើង និង​​ដៃ។

នៅក្នុងវប្បធម៌របស់ជនជាតិអេដេ (E De)  បុរស និងស្ត្រីមានសម្លៀកបំពាក់ប្រពៃណីរៀងៗខ្លួន ប៉ុន្តែនៅតែរក្សាបាននូវភាពស្រស់ស្អាតរួមរបស់ជនជាតិ។ តាមប្រពៃណី សម្លៀកបំពាក់របស់ជនជាតិអេដេ (E De) ភាគច្រើនមានពណ៌ខ្មៅ ឬពណ៌ក្រនៀវ។

សម្លៀកបំពាក់ប្រពៃណីរបស់ស្ត្រី អេដេ (E De) គឺសំពត់បត់ និងអាវពាក់ពីក្បាល​។ អាវរបស់ស្ត្រី អេដេ (E De) មានការរចនាពិសេសណាស់ ត្រូវ​បានកាត់​ទទឹងពី​ស្មា​ឆ្វេង​ទៅ​ស្មា​ស្តាំ ហើយ​ត្រូវ​បាន​ពាក់​ពីក្បាលចុះ។ នៅពេលពាក់ អាវនេះរឹបទៅនឹងដងខ្លួនរបស់នារីៗ ហើយមាន​ប្រវែងដល់ចង្កេះ។ ដៃអាវខ្លី និងតូចចង្អៀតបន្តិច កអាវខ្ពស់ និងធំ ដើម្បីងាយស្រួលពាក់។ នៅលើផ្ទៃ មានពណ៌ក្រនៀវ អាវត្រូវបានតុបតែងដោយគែម រួមផ្សំជាមួយនឹងក្បាច់លំនាំតូចៗ ដោយ​សរសៃពណ៌ក្រហម ស និងលឿងនៅកអាវ ស្មា ដៃ គែមដៃអាវ និងជាយអាវ។

 ក្បាច់រចនាលើសម្លៀកបំពាក់របស់ជនជាតិ អេដេ​ (E De)  
ក្បាច់រចនាលើសម្លៀកបំពាក់របស់ជនជាតិ អេដេ​ (E De)  

ស្ត្រី អេដេ (E De)  ពាក់សំពត់បត់ ដែលផ្ទាំងក្រណាត់​រុំព័ទ្ធជុំវិញចង្កេះជាច្រើនជាន់ ហើយត្រូវបានចងភ្ជាប់គ្នាដោយខ្សែ។ នៅពេលស្លៀក ជាយសំពត់អាចវែងដល់កែងជើង បង្កើតបានជាភាពថ្លៃថ្នូរ។ ក្បាច់រចនាលើសំពត់របស់ស្ត្រី អេដេ (E De) ក៏ជាគែមរួមផ្សំជាមួយនឹងសរសៃអំបោះពណ៌ក្រហម លឿង ខៀវ និងស បង្កើតជាចំណុចលេចធ្លោ។

ចំណែកឯសម្លៀកបំពាក់របស់បុរសអេដេ (E De) ស្លៀកវ័ណ្ឌកន្ទប និងអាវក្រណាត់។ អាវរបស់បុរសធំ និងវែងជាងអាវ​របស់ស្ត្រី។ កអាវត្រូវបានកាត់ជារាងមូល ហើយមាននិន្នាការធ្លាក់ទៅមុខបន្តិច បានកាត់តាមបន្ទាត់មួយនៅខាងមុខទ្រូង។ អាវ​ដៃវែង ផាយ​អាវ​ខាង​ក្រោយ​វែង​ជា​ផាយ​អាវ​ខាង​មុខ

នៅលើផ្ទៃតួអាវ មានពណ៌ងងឹត ដៃអាវ កអាវ កន្លែងកាត់ជាយអាវបានតុបតែងដោយគែមពណ៌ក្រហម ស។ ជាពិសេស កណ្ដាលអាវមានបន្ទះឆ្នូតទទឹងខាងក្នុងរាងចតុកោណកែង។ នេះគឺជាប្រភេទអាវ ដែលពេញនិយមបំផុតរបស់បុរសជនជាតិ អេដេ (E De)។ ក្រៅពីនេះ ក៏មានអាវដៃខ្លីដល់កែងដៃ ឬគ្មានដៃ។ 

បុរស ជនជាតិ អេដេ (E De) ស្លៀកវ័ណ្ឌកន្ទប ដើម្បីបិទបាំងពាក់កណ្តាលផ្នែកខាងក្រោមនៃរាងកាយរបស់ពួកគេ។ ជាធម្មតា វ័ណ្ឌកន្ទបមានទទឹងប្រហែល ៣០ សង់ទីម៉ែត្រ។ អាស្រ័យលើពិធីបុណ្យ វ័ណ្ឌកន្ទប មានប្រវែងខុសៗគ្នា។

រហូតមកដល់បច្ចុប្បន្ន ជនជាតិ អេដេ (E De) មានគ្រប់សមាសភាព ប្រភេទសម្លៀកបំពាក់ និងរចនាបថសោភ័ណភាព ដែលជាគំរូដ៏លេចធ្លោសម្រាប់ជនជាតិភាគតិចនៅតំបន់ តីង្វៀន (Tay Nguyen) ៕

ប្រជាជន អេដេ​ (E De)   ពាក់សំលៀកបំពាក់ប្រពៃណីក្នុងពិធីបុណ្យបួងសួងសុខភាពដំរីនៅខេត្ត ដាក់ឡាក់ (Dak Lak)

អត្ថបទ៖ ង៉ឹន​ហា រូបថត៖កុង​ដាត / VNP ប្រែសម្រួល​ដោយង្វៀន​យ៉ាង

 


Top