សម្រស់ពណ៌មាស តាមកុក (Tam Coc)

សម្រស់ពណ៌មាស តាមកុក (Tam Coc)


សំឡឹង​ពី​ទីខ្ពស់​ឃើញ​វាល​ស្រែ​ដូច​ជា​សំពត់​មួយ​ឈុត​ វែង​អន្លាយ​​​នៅ​ក្បែរ​ដង​ភ្នំ​។​

តាម​កុក​ - បិច​ដុង​ (Tam Coc – Bich Dong) ​ចំណុះ​ភូមិ​សាស្រ្ត​ ឃុំ​និញហាយ (Ninh Hai) ស្រុក​ហ្វ័រ​លឺ (Hoa Lu) ខេត្ត​និញ​ប៊ិញ (Ninh Binh) នៅ​​ចម្ងាយ​ពី​មជ្ឈមណ្ឌល​​ទីក្រុង​និញ​ប៊ិញ (Ninh Binh) ​​ប្រហែល​៧គីឡូម៉ែត្រ​។ តាមកុក (Tam Coc) ​មាន​ន័យ​ថា​​ល្អាង​៣​ រួម​មាន​៖ ល្អាង​កា (Ca) ល្អាង​ហាយ (Hai) និង​ល្អាង​បា (Ba) ជាមួយនឹង​ដង​ស្ទឹង ​ងោដុង​ (Ngo Dong) ស្ងប់​ស្ងាត់​អណ្តែតរសាត់​​ខ្លួនហូត​​​កាត់​​កណ្តាលព្រៃ​​ភ្នំ​។ ដើម្បីទស្សនាបាន​សម្រស់​តាម​កុក (Tam Coc) ​ភ្ញៀវ​ទេសចរ​​ត្រូវ​​ចំណាយ​រយៈ​ពេលធ្វើដំណើរ​ពី​​​២​ទៅ​ដល់​៣ម៉ោង​ ដោយ​អង្គុយ​ទូក​រសាត់​​​បណ្តោយ​តាម​​​ដង​ស្ទឹង ​ងោ​ដុង​ (Ngo Dong) លិច​អណ្តែត​ស្រពិច​ស្រពិល​ក្បែរ​​ជញ្ជាំង​ភ្នំ​​។​

 តាម​កុក (Tam Coc) នៅ​រដូវកាល​​ណា​ក៏ស្អាត​ទាំងអស់​ ជាពិសេស​​រដូវ​ប្រាំង​ជា​ពេល​​ដែល​តាមកុក (Tam Coc) ​មាន​សម្រស់ស្រស់​ស្អាតបំផុត​ ដណ្តប់ទៅដោយ​ពណ៌មាស​ភ្លឺ​ផ្លេក​នៃវាល​ស្រែស្រូវ​ទុំ​ វែង​អន្លាយ​តាម​ដង​ស្ទឹង ​ងោដុង​ (Ngo Dong)​។ ក្រោម​​រស្មី​ចែង​ចាំង​នា​​​រដូវ​ប្រាំង​ តាមកុក (Tam Coc) ​រំលេច​សម្រស់​​ប្រៀប​ដូច​ឋាន​​សួគ៌​។ សម្រស់​​ព្រំ​វាល​ស្រែស្រូវ​ទុំ​ ព្រៃភ្នំ ពពក​លាយ​​ចម្រុះបន្ទាបពីលើ​​ ធ្វើ​ឱ្យ​ទីនេះដូចជា​​ផ្ទាំងគំនូរ​ធម្មជាតិ​ ពោរពេញទៅ​សម្រស់​ពណ៌​​ឆើត​ឆាយ​។​

 

ជាពិសេស​ ឆ្នាំនេះ ភ្ញៀវទេសចរ​អញ្ជើញ​មកទស្សនា​តាមកុក​ (Tam Coc) នឹង​បាន​គយគន់​វាល​ស្រែ ដែល​មាន​លក្ខណៈ​រូប​ទង់​ ឆ្លាក់​​អក្សរអណ្តែត “សម្រស់​ពណ៌​មាស​​តាមកុក (Tam Coc)”​​។ នេះ​ជា​វាលស្រែ​ស្រូវ​សិល្បៈ​ដំបូង ​នៅ​ភូមិ​ភាគ​ខាង​ជើង​ ជា​ការ​​រួមគ្នា​​ព្រួត​ដៃ​​សាងឡើង ​រវាង​សហគ្រាស​​និង​រដ្ឋអំណាច​ ព្រម​ជាមួយ​នឹ​ង​​ប្រជាជន​មូលដ្ឋាន​ បានបញ្ចូល​ព្រលឹងមកលើ​​ដើម​​ធុញ្ញជាតិ​ បង្កើត​ជា​ស្នាដៃ​សិល្បៈ​ពិសេស​ ជាចំណាប់​អារម្មណ៍​បំផុសគំនិត​មួយ​ ដែល​គ្មាន​ព្រំដែន​​សម្រាប់​អ្នក​​ថតរូប​ ពេល​អញ្ជើញ​​ទៅដល់​តាមកុក (Tam Coc) ​ជាដោយ​ឡែក​ និង​ដែនដី​ព្រៃភ្នំ​​​ខេត្ត​និញ​ប៊ិញ (Ninh Binh) ​ដ៏មនោរម្យ​ជា​ទូទៅ​។​

 

រូបភាព​ដង​ស្ទឹង​ងោដុង​ (Ngo Dong) ដូចជា​សំពត់​ស្រទន់​ល្វិត​ល្វន់​ បតបែន​ដណ្តប់លើ​វាល​ស្រែស្រូវ​ទុំ​ពណ៌មាស​ ក្រសោប​​​ស្រវា​​ឱបដង​​ភ្នំ ​នៅ​តាម​កុក​ (Tam Coc) ជាទី​តែង​​ខាប់យក​​ព្រលឹងអ្នក​​ទេសចរ ដែល​​អញ្ជើញ​មក​ទស្សនា​​និង​ស្វែង​យល់​។​

កន្លង​ទៅ​​ ពេល​ជំងឺ​កូវិដ​ - ១៩ បាន​គ្រប់គ្រង​ ខេត្ត​និញ​ប៊ិញ​ (Ninh Binh) បាន​​រៀប​ចំ​​សប្តាហ៍​ទេសចរណ៍​​ក្រោម​ប្រធាន​បទ​ “សម្រស់​ពណ៌មាស​​តាម​កុក​ (Tam Coc) - ត្រាង​អាន (Trang An)” រួម​មាន​សកម្មភាព​ទាក់ទាញ​ដូចជា៖ ​វិថី​ថ្មើរ​ជើង​ ទីផ្សារ​ម្ហូង​អាហារតាម​កុក​ ដំណើរ​ទេសចរណ៍​ថតរូបនា​​រដូវ​ស្រូវ​ទុំ​តាម​កុក​ កម្មវិធី​សិក្សាស្វែងយល់​ ឧទ្ទេសនាម​ផលិតផល​ទេសចរណ៍​ខេត្ត​និញ​ប៊ិញ​ (Ninh Binh) តាំងពិព័រណ៍​សិល្បៈ​ក្រោម​ប្រធាន​បទ​ “រដូវ​ពណ៌​មាស​តាមកុក​ (Tam Coc) - ត្រាងអាន (Trang An)” កម្មវិធី​សម្តែង​​អាយ៉ង​ទឹក​ ចម្រៀង​ចែវ​ ចម្រៀង​សឹម​ និង​ទំនុក​​ចម្រៀង​ភូមិភាគ​ទាំង៣។​ល។​

ខេត្ត​និញ​ប៊ិញ (Ninh Binh) ​ខិត​ខំ​នាំ​យក​សប្តាហ៍​ទេសចរណ៍​ “សម្រស់​ពណ៌មាស​តាមកុក​ (Tam Coc) - ត្រាង​អាន (Trang An)” ឱ្យ​ក្លាយ​ជា​ព្រឹត្តិការណ៍​​ទេសចរណ៍​ប្រចាំឆ្នាំ​​ និង​​ផលិតផល​ទេសចរណ៍​ពិសេស​​ទាក់ទាញ់ ​របស់​មូលដ្ឋាន​៕​ 

ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​និង​អន្តរជាតិ​ ទស្សនា​រដូវពណ៌​​មាស​តាម​កុក​ (Tam Coc) ជា​​ពេលវេលា​ស្អាតបំផុត​​ក្នុង​ឆ្នាំ​។ លើដង​ស្ទឹង​ ភ្ញៀវទេសចរនឹង​​បាន​គយ​គន់​វាល​ស្រែ​ស្រូវ​ទុំ​ដោយ​ផ្ទាល់​ភ្នែក​ ស្រោប​យក​បរិយកាស​ស្រស់ថ្លា ព្រមទាំង​បាន​ក្រេប​ក្លិនលម្អង​​ស្រូ​វទុំ​។​

អនុវត្ត​៖ កុង​ដាត​/កាសែតរូបភាព​វៀតណាម​

ប្រែសម្រួល​៖ រីកើង​



Top